លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់អំណាចជាងបីទសវត្សរ៍នៅកម្ពុជា កាលពីព្រឹកថ្ងៃច័ន្ទ ទី២១ ខែមីនានេះ បានរិះគន់ដំណើរការបោះឆ្នោតនៅសហរដ្ឋអាមេរិក និងបេក្ខជនប្រធានាធិបតីលោក Donald Trump និងគណបក្សសាធារណរដ្ឋ។
លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន សែន បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃវឌ្ឍនភាពប្រចាំឆ្នាំ២០១៥នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងទីក្រុងភ្នំពេញ។
«លោកTrump មិនទាន់ឈ្នះឆ្នោតផង។ បើលោក Trump ឈ្នះឆ្នោតនៅអាមេរិក មិនដឹងថាសភាពការយ៉ាងម៉េចទេ។ ឥឡូវនេះបណ្តាបក្សសូម្បីក្នុងគណបក្សសាធារណរដ្ឋចេញទប់ស្កាត់ កុំឲ្យលោក Trump ឈ្នះឆ្នោតហើយឥឡូវ»។
លោក ហ៊ុន សែន បានបន្ថែមថា៖«សភាពការណ៍នៅអាមេរិក ក៏ផ្សេងដែរណា។ឃោសនាលើកនេះមានបញ្ហា។ អាបិទផ្លូវក៏មាន អានិយាយអាក្រក់ៗក៏មាន។ យីអាហ្នឹងផ្លាស់ប្តូរថ្មីរបស់គេ»។
លោក Trump ដែលជាមហាសេដ្ឋីអចលនទ្រព្យ និងជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦នេះ បានទាក់ទាញអ្នកសារព័ត៌មានជាច្រើន ឲ្យសរសេរអត្ថបទអំពីលោក ដោយសារលោកបានបង្ហាញពីគោលជំហរជ្រុលនិយមរបស់លោក ទាក់ទិនបញ្ហាសាសនា និងវិធានការទប់ស្កាត់ជនអន្តោប្រវេសន៍ នៅពេលដែលលោកធ្វើការឃោសនារកសំឡេងឆ្នោតនៅឆ្នាំនេះ។
គោលនយោបាយការបរទេសរបស់លោក Trump ដែលទាក់ទាញការរិះគន់ខ្លាំងបំផុតនោះគឺការហាមឃាត់អ្នកកាន់សាសនាឥស្លាម មិនឲ្យចូលសហរដ្ឋអាមេរិក និងការសាងសង់ជញ្ជាំងខណ្ឌព្រំប្រទល់រវាងសហរដ្ឋអាមេរិក និងប្រទេសម៉ិកស៊ិក។
សកម្មភាពរបស់លោក Trump ក៏នាំឲ្យអ្នកកំប្លែងនយោបាយល្បីៗនៅសហរដ្ឋអាមេរិក ធ្វើការរិះគន់ចំៗទៅលើលោកផងដែរ។
ពាក្យស្លោករបស់លោក Trump ដែលថា «Make America Great Again» ឬមានន័យថា៖«ធ្វើឲ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត» បានធ្វើឲ្យប្រជាប្រិយភាពរបស់លោក មានការកើនឡើងខ្ពស់ជាងគេនៅក្នុងចំណោមបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ។
លោក Trumpគឺជាគូប្រជែងជាមួយនឹងលោកស្រី Hillary Clinton ដែលជាបេក្ខជនប្រធានាធិបតីនាំមុខមកពីគណបក្សប្រជាធិបតេយ្យ។
ទោះជាយ៉ាងនេះក៏ដោយ បេក្ខភាពប្រធានាធិបតីរបស់លោក Trump មិនបានទទួលការគាំទ្រ មិនត្រឹមតែពីប្រធានាធិបតីបច្ចុប្បន្នគឺលោក បារ៉ាក់ អូបាម៉ា ដែលនៅខាងគូបដិបក្ខប៉ុណ្ណោះទេ តែថែមទាំងពីសមាជិករបស់គណបក្សសាធារណរដ្ឋរបស់លោកផ្ទាល់ផងដែរ។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគត បាននិយាយថា គោលនយោបាយរបស់លោកTrump បានធ្វើឲ្យប្រទេសមួយចំនួន ទាំងប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យ និងប្រទេសកុម្មុយនិស្ត មានការព្រួយបារម្ភ។
«អ្វីដែលគាត់លើកឡើងនិយាយដែលជាការនិយមជ្រុលរបស់លោក Donald Trump អាចធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ពិភពលោក ហើយនិងជាការព្រួយបារម្ភ ដូចខ្ញុំថាអញ្ចឹង ជាការព្រួយបារម្ភទាំងអស់គ្នា ព្រោះអីនរណាក៏ខាតដែរ។ អ្នកដែលកាន់អំណាចយូរអង្វែងដូចលោក ហ៊ុន សែន ក៏ព្រួយបារម្ភ។ ខ្ញុំជាអ្នកកាន់លទ្ធិប្រជាធិបតេយ្យក៏ព្រួយបារម្ភដែរ»។
លោក អ៊ូ វីរៈ បានបន្ថែមថា៖
«ចំពោះខ្ញុំ ខ្ញុំស្វាគមន៍។ ខ្ញុំថា ការចាប់អារម្មណ៍របស់គាត់គឺឆ្លុះបញ្ចាំងថា គាត់តាមដានការបោះឆ្នោតមួយដែលអាចមានមិនមែនមានឥទ្ធិពលតែទៅលើស្ថានភាពសហរដ្ឋអាមេរិក នយោបាយសហរដ្ឋអាមេរិកប៉ុណ្ណោះទេ វាអាចមានឥទ្ធិពលលើស្ថានភាពនយោបាយពិភពលោក ជាពិសេសនៅក្នុងតំបន់ក្ដៅ គឺតំបន់អាស៊ីអាគ្នេយ៍របស់យើង និងដល់អញ្ចឹងប្រទេសកម្ពុជា គួរយកចិត្តទុកដាក់អាហ្នឹង»។
លោក Trump គឺជាមហាសេដ្ឋីដែលបណ្ដាញព័ត៌មានសហរដ្ឋអាមេរិកចាប់អារម្មណ៍។
លោកធ្លាប់បាននិយាយជាសាធារណៈថា ប្រសិនបើលោកឈ្នះឆ្នោត នោះលោកនឹងមានវិធានការជាមួយអ្នកសារព័ត៌មាន ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើវិធានការនោះ ជាអ្វីនោះទេ៕