វៀតណាមអាចនឹងមានបញ្ហាជាមួយកម្ពុជា ក្នុងករណីដែលរដ្ឋអំណាចប្រទេសសង្គមនិយមមួយនេះបរាជ័យក្នុងការចាប់ខ្លួនលោក សម រង្ស៊ី បញ្ជូនមកប្រទេសកម្ពុជា។ នេះជាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតនៅថ្ងៃពុធនេះ។
ការថ្លែងអំពាវនាវយ៉ាងដូច្នេះរបស់លោក ហ៊ុន សែន ទៅកាន់រដ្ឋាភិបាលកុម្មុយនីស្តវៀតណាមកើតឡើងបន្ទាប់ពីមេដឹកនាំកម្ពុជារូបនេះថា លោកបានទទួលព័ត៌មានច្បាស់លាស់ពីមនុស្សម្នាក់ ដែលនៅជិតលោក សម រង្ស៊ី ដោយថា មានការរៀបចំផែនការធ្វើដំណើរចូលទៅក្នុងប្រទេសវៀតណាមជាមួយលិខិតឆ្លងដែនសញ្ជាតិបារាំង។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតដែលរៀបចំឡើងកាលពីព្រឹកថ្ងៃពុធដោយមានវត្តមានឯកអគ្គរដ្ឋទូតចិនលោក វ៉ាង វិនធៀន (Wang Wentian) ផងនោះ លោក ហ៊ុន សែន មិនបានបញ្ជាក់ឈ្មោះលោក សម រង្ស៊ី ចំៗនោះទេ។ ប៉ុន្តែគេដឹងថា លោក ហ៊ុន សែន ចង់សំដៅលើលោក សម រង្ស៊ី ព្រោះលោក សម រង្ស៊ី មានសញ្ជាតិបារាំង និងជាគូប្រជែងនយោបាយដ៏លេចធ្លោម្នាក់របស់លោក។
លោក ហ៊ុន សែន ថ្លែង ថា៖ «គេមានផែនការចូលមកម៉ាឡេស៊ី។ ម៉ាឡេស៊ីគេឱ្យចេញ។ គេមានផែនការចូលមកថៃ គេមានផែនការចូលមកវៀតណាមទៀត តាមរយៈប្រើ passport [លិខិតឆ្លងដែន]បារាំង ធ្វើជាអ្នកទេសចរ។ គេបង្កើតនូវស្ថានភាពហ្នឹង ហើយបើសិនចូល ខ្ញុំសូមស្នើចាប់ឱ្យខ្ញុំ ព្រោះមានដីកាចាប់ខ្លួន។ យើងមានទំនាក់ទំនង ទាក់ទងជាមួយបញ្ហាហ្នឹង។ អាហ្នឹងសូមជម្រាបជូនឱ្យហើយ។ យើងមានទំនាក់ទំនងបត្យាប័ន មែនទេ? សហប្រតិបត្តិការខាងផ្លូវច្បាប់ មែនទេ? បើអ៊ីចឹងអាចង្រៃហ្នឹងចូលមក សូមចាប់ឱ្យខ្ញុំ»។
ប្រមុខរដ្ឋាភិបាលខ្មែររូបនេះបន្ថែមថា បើសិនវៀតណាមមិនចាប់ខ្លួនលោក សម រង្ស៊ី ឱ្យកម្ពុជាទេ នោះវៀតណាមនឹងមានបញ្ហាជាមួយកម្ពុជា។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតជុំវិញបញ្ហាដែលវៀតណាមអាចមានជាមួយកម្ពុជានោះទេ ក្នុងសំណុំរឿងចាប់ខ្លួនលោក សម រង្ស៊ី នោះ។
លោកបន្ថែមថា៖ «ហើយអ៊ីចឹងបើថាចូលទៅវៀតណាម [បើ]វៀតណាមមិនព្រមចាប់ឱ្យ[កម្ពុជា] យើងមានបញ្ហាជាមួយគ្នាហើយ។ អាហ្នឹងនិយាយគ្នាឱ្យត្រង់»។
វីអូអេមិនទាន់អាចទាក់ទងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយទេ នៅថ្ងៃពុធនេះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ប្រាប់វីអូអេនៅថ្ងៃពុធនេះថា ប្រទេសកម្ពុជាបានចុះកិច្ចព្រមព្រៀងបត្យាប័នជាមួយប្រទេសវៀតណាម។ ដូច្នេះលោកថា ប្រទេសវៀតណាមនឹងចាត់វិធានការ ប៉ុន្តែចាំមើលសិនថា តើលោក សម រង្ស៊ី ហ៊ានជាន់ទឹកដីវៀតណាម ឬក៏យ៉ាងណាជាមុនសិន។
លោកថ្លែងថា៖ «ឥឡូវយើងកុំអាលថា ឱ្យទណ្ឌិតហ្នឹងដាក់ជើងជាន់ដីវៀតណាមសិន។ ទៅទីក្រុងហូជីមិញ ឬមួយទៅទីក្រុងហាណូយ។ អាហ្នឹងឱ្យច្បាស់ទៅ! អាហ្នឹងទៅកន្លែងណាក៏ដោយឱ្យតែក្នុងទឹកដីវៀតណាម។ អាហ្នឹងអាជ្ញាធរវៀតណាម គេមានតួនាទីភារកិច្ចដើម្បីចាត់វិធានការផ្លូវច្បាប់ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងបត្យាប័ន រវាងប្រទេសទាំង២ហើយ»។
លោកបន្ថែមថា វត្តមានអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះនៅប្រទេសបារាំង អាមេរិក ម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ីគឺគ្រាន់តែជាកាយវិការ និងជាការយកទីកន្លែងទាំងនោះ ប្រើវោហារសាស្ត្រនយោបាយ បោកបញ្ឆោតសកម្មជន ហើយបើសកម្មជនទាំងនោះលង់គំនិតប្រព្រឹត្តតាមការបញ្ឆោតនោះ ពួកគេអាចឱ្យជាប់គុកជំនួសលោក សម រង្ស៊ី។
ច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីបត្យាប័នរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម» ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅខែកក្កដា ឆ្នាំ២០១៤។
សន្ធិសញ្ញានេះមានបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរ ក្នុងការបង្ក្រាបបទល្មើស ដោយឈរលើមូលដ្ឋាន គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក សមភាព និងផលប្រយោជន៍រួមទាំងសងខាង។
លោក សម រង្ស៊ី បានប្រាប់វីអូអេតាមសារអ៊ីមែលនៅថ្ងៃពុធនេះថា លោកកំពុងមានចម្ងល់ថា ហេតុអ្វីរូបលោកនៅដក់ក្នុងការគិតរបស់លោក ហ៊ុន សែន។
លោកបានសរសេរថា៖ «ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាលោក ហ៊ុន សែន តែងតែគិតពីខ្ញុំ។ ផ្ទុយមកវិញ គាត់ [លោក ហ៊ុន សែន] គួរតែផ្តោតទៅលើវិធីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ»។
អ្នកវិភាគនយោបាយលោក សេង សារី កត់សម្គាល់ថា លោក សម រង្ស៊ី នៅមានឥទិ្ធពល និងកម្លាំងនយោបាយខ្លាំងដោយឈរលំដាប់លេខ២ បន្ទាប់ពីលោក ហ៊ុន សែន និងអាចប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋខ្មែរងើបឡើងតវ៉ានឹងរដ្ឋាភិបាលកម្ពុជា ដែលការណ៍នេះ ទើបធ្វើឱ្យលោកនាយករដ្ឋមន្ត្រី ជាញឹកញាប់ មានប្រតិកម្មខ្លាំងៗ នៅពេលដឹងអំពីគម្រោងមាតុភូមិនិវត្តន៍របស់អតីតមេដឹកនាំប្រឆាំងរូបនេះ។
អ្នកវិភាគនយោបាយរូបនេះថ្លែងថា បើមានការចាប់ខ្លួនមែន គឺដោយសារប្រទេសវៀតណាមមានទំនាក់ទំនងជាមួយលោក ហ៊ុន សែន ល្អជាងលោក សម រង្ស៊ី។ ប៉ុន្តែលោកថា ការចាប់ខ្លួនលោក សម រង្ស៊ី នឹងមិនងាយស្រួលនោះទេ ព្រោះវាពាក់ព័ន្ធទំនាក់ទំនងហួសពីកម្ពុជា និងអាចមានភាពស្មុគស្មាញ ដោយហេតុថា លោក សម រង្ស៊ី ប្រើប្រាស់លិខិតឆ្លងដែនបារាំង និងទៅក្នុងនាមអ្នកទេសចរ។
លោកប្រាប់វីអូអេថា៖ «ក្នុងករណីវៀតណាមអនុញ្ញាតឱ្យលោក សម រង្ស៊ី ចូលមកធ្វើទេសចរណ៍ក្នុងនាមជាអ្នកទេសចរនៅវៀតណាម។ វៀតណាមនឹងពិបាកណាស់ក្នុងការរកហេតុផលចាប់លោក សម រង្ស៊ី ដោយសារលោក សម រង្ស៊ី មកក្នុងនាមជាអ្នកទេសចរ ហើយត្រូវបានប្រើប្រាស់ passport ជាជនជាតិបារាំង។ អ៊ីចឹងវាមិនមែនត្រឹមតែរឿងកម្ពុជាជាមួយវៀតណាមទេ។ វានឹងក្លាយទៅជារឿងទំនាក់ទំនង ដោយមានទំនាក់ទំនងដូចសម្លកំពឹស មានភាពរសេមរសាមនៅក្នុងហ្នឹង»។
បើតាមលោក សេង សារី ការធ្វើនយោបាយរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន ដែលជាគូប្រកួតប្រជែងនយោបាយដ៏ស្វិតស្វាញ៣០ឆ្នាំចុងក្រោយនេះ គឺមកដល់ចំណុចមួយដែលភាគីម្ខាងធ្វើនយោបាយបំភ័យ និងបង្កការខឹងសម្បា ចំណែកភាគីម្ខាងទៀតធ្វើនយោបាយបែបសម្លុតដើម្បីឱ្យភាគីម្ខាងខ្លាចរអាក្នុងការធ្វើនយោបាយនៅក្នុងសង្វៀនតែមួយ។
មេដឹកនាំនយោបាយជំទាស់លោក សម រង្ស៊ី បានភៀសខ្លួនចេញពីប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ ដើម្បីគេចពីការប្រឈមមុខនឹងការផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌជាច្រើនករណីក្នុងតុលាការប្រទេសកម្ពុជា។ កាលពីខែមីនា ឆ្នាំ២០២១ លោក សម រង្ស៊ី ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសឱ្យជាប់ពន្ធនាគារ២៥ឆ្នាំពីបទឧបឃាត។ លោក សម រង្ស៊ី ក៏បានរងបណ្តឹងជាច្រើនករណីផ្សេងទៀត រួមទាំងសំណុំរឿងប្រមាថព្រះមហាក្សត្រជាដើម។
អំឡុងពេលនៃការធ្វើដំណើររបស់លោកក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីពេលថ្មីៗនេះ លោក សម រង្ស៊ី បានថ្លែងក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីថា ស្ថានភាពនយោបាយនៅកម្ពុជានឹងមានការប្រែប្រួល នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រៀមផ្ទេរអំណាចទៅកូន។
មេដឹកនាំនយោបាយជំទាស់រូបនោះថា ផែនការផ្ទេរអំណាចនេះនឹងមិនអាចទៅរួចទេ ពីព្រោះលោកយល់ថា ការបោះឆ្នោតនៅខែកក្កដាខាងមុខគឺជាការបោះឆ្នោតមិនតាមឆន្ទៈប្រជាពលរដ្ឋ ដែលនឹងធ្វើឱ្យកូនច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ខ្វះភាពស្របច្បាប់ ហើយនឹងត្រូវទទួលការថ្កោលទោសពីមជ្ឈដ្ឋានអន្តរជាតិថែមទៀតផង៕