លោក​ហ៊ុន​ សែន​ សរសើរ​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី​របស់​អាមេរិក​ថា​ជា​អ្នក​ជំនួញ​វ័យ​ឆ្លាត

រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែនថ្លែងនៅក្នុងថ្ងៃដាក់ឲ្យដំណើរការមន្ទីរពេទ្យជប៉ុនសាន់រាយស៍នៅថ្ងៃអង្ការ ទី២០ ខែកញ្ញា ឆ្នាំ២០១៦ នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក ​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ ក៏​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ដល់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​នយោបាយ​​ដែល​មិន​ពេញ​ចិត្ត​បេក្ខជន​ប្រធានាធិបតី​លោក​ ដូណាល់​ ត្រាំ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន សែន​ បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​កន្លង​ទៅ​នេះ​ថា លោក​ ដូណាល់​ ត្រាំ​ (Donal Trump)​ ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជារាស្ត្រ​អាមេរិកាំង​ឲ្យ​ធ្វើ​ជា​ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក​ នឹង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ធូរ​ស្បើយ​នៅ​ក្នុង​នយោបាយ​សកលលោក​ ដែល​កំពុង​រង​ការ​គំរាម​កំហែង​ដោយ​វិបត្តិ​នុយក្លេអ៊ែរ​ និង​ខណៈ​ដែល​ទំនាក់​ទំនង​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​រុស្ស៊ី ​នៅ​តែ​មាន​ភាព​តាន​តឹង។

លោក ​ហ៊ុន សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​៣០​ឆ្នាំ​ ក៏​បាន​ថ្លែង​រិះគន់​ខ្លាំងៗ​ដល់​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ និង​អ្នក​នយោបាយដែល​មិន​ពេញ​ចិត្ត​បេក្ខជន​ប្រធានាធិបតី​លោក​ ដូណាល់​ ត្រាំ។

លោក​ថ្លែង​ថា​ លោក​មិន​បាន​រិះគន់​បេក្ខជន​ និង​បេក្ខនារី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​ណាទេ​ ប៉ុន្តែ​បទ​ពិសោធន៍​ជា​អ្នក​កាទូត​របស់​លោក​ បាន​ធ្វើឲ្យ​លោក​មើល​ឃើញ​ថា​ លោក ​ត្រាំ​ នឹង​ឈ្នះ​ការ​បោះឆ្នោត ហើយ​ស្ថានភាព​នយោបាយ​ពិភព​លោក​ នឹង​មាន​ភាព​ប្រសើរ​ជាង​មុន​ ជាពិសេស​បញ្ហា​អាវុធ​នុយក្លេអ៊ែរ។

«ក៏ប៉ុន្តែ​ ខ្ញុំ​គ្រាន់​តែ​យក​ការ​វិភាគ​មួយ​ថា​ វា​នឹង​មាន​ការ​ធូរស្រាល​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​កំពុង​តាន​តឹង​រវាង​មហា​អំណាច​នុយក្លេអ៊ែរ។​ បញ្ហា​កូរ៉េ​ខាង​ជើង​ វា​ជា​រឿង​មួយ​កំពុង​តែ​ស្មុគស្មាញ​ទៅ​ហើយ។​ បញ្ហា​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​វា​ជា​បញ្ហា​ស្មុគស្មាញ​ទៅ​ហើយ»។​

លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ នៅ​ក្នុង​ពេល​លោក​ចូលរួម​សម្ភោធ​រោង​ច្រក​កូកាកូឡា​ ដែល​បាន​ធ្វើ​ឡើង​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ។

នៅ​ក្នុង​ពិធី​សម្ភោធ​រោងចក្រ​ដែល​មាន​តម្លៃ​១០០លាន​ដុល្លារ​នោះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ការពារ​ការ​បង្ក្រាបការ​ធ្វើ​បាតុកម្ម​នៅ​កម្ពុជា​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​ ថា​បាន​ធ្វើ​ឡើង​ដូច​គ្នា​ទៅ​នឹង​អ្វី​ដែល​បាន​កើត​ឡើង​នៅ​សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​កាល​ពី​ខែ​វិច្ឆិកា។

«ដើម្បី​ការពារ​សណ្ដាប់​ធ្នាប់​សម្រាប់​ប្រទេស​មួយ​ រាជរដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ដូចគ្នា។ អញ្ចឹង​បើ​អ្វី​ដែល​បាន​កើត​ឡើង​នៅ​អាមេរិក​កាលពី​ខែ​មុន​ កាល​ពី​ប៉ុន្មាន​ថ្ងៃ​ ប៉ុន្មាន​អាទិត្យ​មុន​វា​អត់​ខុស​ នៅ​កម្ពុជា​វា​ក៏​អត់​ខុស​ដូច​គ្នា​ដែរ»។

​លោក​នាយក​រដ្ឋមន្ត្រី​ ក៏បាន​ស្នើ​ឲ្យ​លោក​ William A.​ Heidt ឯកអគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ផ្ដល់​របាយការណ៍​នានា ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​ចលនា​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​ដែល​លោក​ចាត់​ទុក​ថា​ជា​សកម្មភាព​ឃោរឃៅ។

លោក ​ហ៊ុន​ សែន​ ក៏​បាន​ចាត់​ទុក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហរដ្ឋ​អាមេរិក​ថា​ មាន​ភាព​លំអៀង​ទាក់​ទិន​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​បង្ក្រាប​បាតុកម្ម​ដែល​បាន​កើត​ឡើង​កាល​ពី​ពេល​កន្លង​មក​នោះ។

មន្ត្រី​អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ លោក​ Jay​ Raman​ មិន​ផ្ដល់​ការ​អធិប្បាយ​អំពី​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ចំពោះ​តួនាទី​របស់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ ដូណាល់ ​ត្រាំ ​នៅ​ក្នុង​កិច្ចការ​នយោបាយ​អន្តរជាតិ​នោះ​ទេ។

ប៉ុន្តែ​លោក បាន​ថ្លែង​បញ្ជាក់​តាមសារ​អេឡិចត្រូនិក ​ឬ Email កាល​ពី​ថ្ងៃ​ចន្ទ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ក្រាប​បាតុកម្ម​នៅ​ក្នុង​ន័យ​ដើម​ថា៖

«សហរដ្ឋ​អាមេរិក​មាន​ប្រវត្តិ​នៃ​ការ​តវ៉ា​សង្គម​ជាយូរ​មកហើយ​ ដែល​ការ​តវ៉ា​នោះ​ត្រូវ​បាន​អត់​ឱន​ និង​ការពារ​ដោយ​ក្រុម​អាជ្ញាធរ។​ ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​រាយការណ៍​យ៉ាង​សេរី​ និង​ដោយ​ទូលាយ​ចំពោះ​ការ​តវ៉ា​នានា​ ហើយ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង​ គឺ​ត្រូវ​បាន​រៀប​ចំឡើង​យ៉ាង​ល្អ​ដើម្បី​ដោះស្រាយ​ការ​ចោទ​ប្រកាន់​ទាំងឡាយ​ ទាក់​ទង​នឹង​ការ​មាន​កិរិយា​មិន​ត្រឹមត្រូវ​ពី​ទាំង​ខាង​អ្នក​តវ៉ា​ និង​ប៉ូលិស»។

លោក​បន្ត​ថា​ ទំហំ​នៃ​ការ​តវ៉ា​ ដែល​ធ្វើ​ឡើង​ទាក់​ទង​នឹង​ការ​បោះឆ្នោត​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​នេះ​ គឺ​មិន​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ​ ហើយ​ភាគច្រើន​ការ​តវ៉ា​ទាំងនោះ​គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សន្តិវិធី។

លោក​ថា ការ​ចាប់​ខ្លួន​ត្រូវ​បាន​រាយ​ការណ៍​ ហើយ​ករណី​ទាំង​នេះ​ បាន​នឹង​កំពុង​ត្រូវ​បាន​ដោះស្រាយ​ទៅតាម​នីតិ​វិធី​ច្បាប់។

លោក​បន្ថែម​ថា​ ស្ថានទូត​មិន​បាន​ដឹង​អំពី​ការ​ចោទប្រកាន់​ជា​ដុំ​កំភួន​ណាមួយ​ ពាក់​ព័ន្ធ​ទៅ​នឹង​ឥរិយាបថ​មិន​សមរម្យ​របស់​ប៉ូលិស​ ឬ​ការ​បង្ក្រាប​ទៅលើ​បាតុករ។

ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ដែល​បង្ហាញ​ថា​ លោក​ ដូណាល់​ ត្រាំ បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​សាធារណរដ្ឋ ទទួល​បាន​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ពលរដ្ឋ​អាមេរិកាំង​ស្ទើរ​តែ​ទូទាំង​សហរដ្ឋអាមេរិក​ បាន​ចេញ​ដើរ​តវ៉ា​តាម​ផ្លូវ​មិន​ទទួល​ស្គាល់​លោក​ ត្រាំ​ ជា​ប្រធានាធិបតី។

ចាប់​តាំង​ពី​បាតុកម្ម​បាន​កើត​ឡើង​ សេចក្ដី​រាយការណ៍​នានា​បាន​ឲ្យ​ដឹង​ថា​ ក្រុម​ប៉ូលិស​បាន​ធ្វើការ​បង្ក្រាប​នៅ​ទី​កន្លែង​មួយ​ចំនួន​ ដែល​ក្រុម​បាតុករ​បាន​ប្រើ​អំពើ​ហិង្សា​ ហើយ​មាន​មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ តែ​មិន​ទាន់​មាន​សេចក្ដី​រាយការណ៍​ណា​មួយ​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​ក្រុម​បាតុករ​នោះ​ទេ។

លោក​ អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេសស៊ើប​អង្កេត​នៃ​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ថ្លែង​ថា​ ការ​បង្ក្រាប​បាតុកម្ម​នៅ​សហរដ្ឋ​អាមេរិក​ គឺ​នៅ​ស្រាល​ជាង​ការ​បង្ក្រាប​បាតុកម្ម​នៅ​កម្ពុជា​ ដែល​បាន​កើត​ឡើង​កាលពី​ដើម​ឆ្នាំ​២០១៤។

លោក​ប្រាប់​ VOA​ បន្ថែម​ថា​ ការ​បង្រ្កាប​បាតុកម្មនៅ​សហរដ្ឋ​អាមេរិក​ បាន​កើត​ឡើង​ក្រោយ​ក្រុម​ប៉ូលិស​ និង​បាតុករ​បាត់​បង់​ការ​អត់ធ្មត់​នៅ​ក្នុង​ការ​ចរចា​គ្នា​ នៅ​គ្រា​ក្រុម​បាតុករ​មួយ​ចំនួន​បាន​ប្រើ​អំពើ​ហិង្សា។

​«ប៉ុន្តែ​បើ​យើង​មើល​ការ​បង្ក្រាប​បាតុកម្ម​ ថ្ងៃ​ទី​៣​ ទី​៤​ មករា​ ឆ្នាំ​២០១៤​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ហ្នឹង​ នៅ​ផ្លូវ​វេងស្រេង​ ក៏​មាន​ការ​បាត់​បង់​ដល់​អាយុ​ជីវិត​ ហើយ​និង​ការ​ប្រើ​កាំភ្លើង​គ្រាប់​ពិត។ អា​ហ្នឹង​យើង​ឃើញ​ថា​ វា​ស្ថានភាព​ខុសគ្នា។​ ប៉ុន្តែ​ក្នុង​នាម​យើង​ជា​សង្គម​ស៊ីវិល​ ទោះ​យ៉ាង​ណា​ក៏​ដោយ​ រាល់​ការ​បង្ក្រាប​បាតុកម្ម​ ទោះ​បី​សហរដ្ឋ​អាមេរិក​ ឬ​ប្រទេស​ណា​ក៏​ដោយ​ តែ​មាន​ប្រើ​ប្រាស់​អំពើ​ហិង្សា​ អា​ហ្នឹង​យើង​ចាត់​ទុក​ថា​ វា​ឲ្យ​ប៉ះពាល់​ទៅ​ដល់​សិទ្ធិមនុស្ស​ ឬ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស»។

ក្រោយ​ពី​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​២០១៣ គណបក្ស​ប្រឆាំង ​បាន​ដឹកនាំ​មហា​បាតុកម្ម​ជាច្រើន​ដំណាក់​កាល​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត​ និង​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ចុះ​ចេញ​ពី​តំណែង។

ការ​ធ្វើ​មហា​បាតុកម្ម​របស់​គណបក្ស​ប្រឆាំង​នា​ពេល​កន្លងមក​នោះ​ ត្រូវ​គេ​ដឹង​ថា​ មាន​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​បី​កន្លែង​កើត​ឡើង។ បុរស​ម្នាក់​ជា​កម្មករ​សំណង់​ បាន​ស្លាប់​ ដោយ​សារ​ការ​បាញ់​របស់​ក្រុម​សមត្ថកិច្ច​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ក្រុម​ប្រជា​ពលរដ្ឋ​ ដែល​ជា​អ្នក​ដំណើរ ​និង​បាតុករ​ជា​មួយ​ក្រុម​សមត្ថកិច្ច​នៅ​ចំណុច​ស្ពាន​អាកាស​ សង្កាត់​ច្បារ​អំពៅ​ ខណ្ឌ​មានជ័យ​ ក្រោយ​ពី​មាន​ការ​ស្ទះ​ចរាចរ​អស់​ជាច្រើន​ម៉ោង ​ដោយសារ​ការ​បិទ​ផ្លូវ​របស់​អាជ្ញាធរ។

លោក ​ដូណាល់​ ត្រាំ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ស្រប​ច្បាប់​នៅ​ខែ​មករា​ ឆ្នាំ​២០១៧​ បន្ទាប់​ពី​លោក​ បារ៉ាក់​ អូបាមា​ ​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន​បញ្ចប់​អាណត្តិ​របស់​លោក​នៅ​ក្នុង​ខែ​មករា​ដដែល​នោះ៕