ប៉ុន្មានថ្ងៃក្រោយពីការប្រកាសចង់កែប្រែច្បាប់ស្តីពីគណបក្សនយោបាយ ដែលកំណត់ថា ប្រធានគណបក្សនយោបាយត្រូវតែមានសញ្ជាតិតែមួយដូចប្រធានគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតថ្មីនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បែរជាថ្លែងថា លោកចង់ឃើញប្រធានគណបក្សនយោបាយ ដែលមានសញ្ជាតិពីរ ឬច្រើនជាងនេះ ចូលប្រកួតការបោះឆ្នោតជាមួយគណបក្សប្រជាជនកម្ពុជាទៅវិញ។
លោកថ្លែងយ៉ាងដូច្នេះ នៅឯទីស្នាក់ការកណ្តាលនៃគណបក្សប្រជាជនកម្ពុជាក្នុងពិធីរំឭកខួបលើកទី៣៧នៃថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាវេលាដែលកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជាបានផ្តួលរំលំរបបកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហម ក្រោមការជួយជ្រោមជ្រែងរបស់កងទ័ពវៀតណាម។
លោកមានប្រសាសន៍ទៅកាន់មន្ត្រីរដ្ឋាភិបាល អង្គទូត និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាជាង១.០០០នាក់យ៉ាងដូច្នេះថា៖
«ខ្ញុំក៏សុំគូសបញ្ជាក់ឡើងវិញអំពីការរៀបចំដំណើរការរបស់ប្រទេស ដែលប៉ុន្មានថ្ងៃមុននេះ ខ្ញុំព្រះករុណាខ្ញុំបាននិយាយអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដោយក្នុងនោះបាននិយាយទៅដល់ថា ប្រធានគណបក្សនយោបាយ យើងនឹងពិចារណាអំពីការត្រូវមានសញ្ជាតិតែមួយ។ ប៉ុន្តែឆ្លងកាត់ទៅតាមការត្រិះរិះពិចារណារបស់គណបក្ស ថ្នាក់ដឹកនាំសំខាន់ៗរបស់គណបក្ស ក៏ដូចជាចង់ឲ្យមានការចូលរួមបានយ៉ាងច្រើន គណបក្សប្រជាជនកម្ពុជា សម្រេចប្រកាន់ជំហរបើកឱកាសឲ្យបណ្តាប្រធានគណបក្សនយោបាយ ទោះបីមានសញ្ជាតិមួយ ឬសញ្ជាតិដប់ សូមអញ្ជើញចូលរួមបោះឆ្នោតជាមួយគណបក្សប្រជាជន»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីចុងខែធ្នូ អំពីជំហរចង់ធ្វើច្បាប់កំណត់សញ្ជាតិប្រធានគណបក្សនយោបាយឲ្យស្របទៅនឹងច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចែងថា ប្រធាន និងសមាជិកនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសញ្ជាតិខ្មែរតែមួយគត់។
កាលពីមុនលោកនាយករដ្ឋមន្ត្រីកម្ពុជាដ៏មានឥទ្ធិពលរូបនេះបានថ្លែងពន្យល់អំពីការសម្រេចចិត្តរបស់លោកថា ការកំណត់សញ្ជាតិខ្មែរតែមួយបែបនេះអាចបញ្ចៀសការរត់ចេញរបស់ប្រធានគណបក្សនយោបាយមួយចំនួនពីប្រទេសទៅរកកិច្ចអន្តរាគមន៍ក្រៅប្រទេស បន្ទាប់ពីអ្នកនយោបាយកាន់សញ្ជាតិពីរមួយចំនួនត្រូវបានតុលាការរកឃើញថា មានពិរុទ្ធភាពក្នុងប្រទេសកម្ពុជា។
អ្នកស្រី ធីតា ឃឹះ នាយិកាអង្គការសីលកា ដែលធ្វើការពង្រឹងអភិបាលកិច្ចសាធារណៈ ថ្លែងប្រាប់ VOA ថា ការថ្លែងផ្លាស់ប្តូរជំហរនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ភ្លាមៗនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានការបាត់បង់ជំនឿលើភាពជាអ្នកដឹកនាំរបស់លោក។ តែអ្នកស្រីបានបញ្ជាក់ថា ការប្តូរជំហរនេះនឹងបើកចំហឲ្យអ្នកនយោបាយមានសញ្ជាតិពីរ ឬច្រើនជាងនេះ មានឱកាសប្រឡូកក្នុងកិច្ចការនយោបាយសម្រាប់ការកសាងប្រទេសកម្ពុជាឡើងវិញ។
«ធម្មតាទេ កាលណាដូរលឿនពេក ប្រជាពលរដ្ឋវិលវល់ដែរ ហើយធ្វើឲ្យសំឡេងគាត់ដូចជា បាត់បង់នូវភាពជឿជាក់ប្រជាពលរដ្ឋជឿជាក់។ ប៉ុន្តែអ្វីដែលគាត់បានដូរមកវិញ ខ្ញុំថា វាជាការមួយល្អ ពីព្រោះសង្គមយើង វាត្រូវការមនុស្សមកជួយ ហើយរដ្ឋធម្មនុញ្ញក៏អត់បានរើសអើងទៅលើខ្មែរ ដែលរស់នៅក្រៅក្នុងទេ សញ្ជាតិមួយ សញ្ជាតិពីរទេ។ សំខាន់យើងត្រូវការធនធានមនុស្ស ហើយយើងត្រូវការមនុស្សស្មោះស្ម័គ្រមកជួយធ្វើការ និងជួយបម្រើប្រទេសជាតិ។ មិនមែនអ្នកដែលមានសញ្ជាតិមួយហ្នឹង គឺសុទ្ធតែអ្នកដែលស្មោះស្ម័គ្រ ហើយអ្នកដែលមានសញ្ជាតិពីរសុទ្ធតែជាអ្នកមិនស្មោះស្ម័គ្រ ក៏អត់មានអញ្ចឹងដែរ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ថ្លែងថា គណបក្សសង្គ្រោះជាតិសាទរការប្រកាសរបស់លោក ហ៊ុន សែន ហើយថា ការណ៍នេះនឹងធ្វើឲ្យស្ថានភាពនយោបាយកម្ពុជាត្រឡប់ទៅរកភាពប្រក្រតីវិញ។
«ខ្ញុំអបអរសាទរ ដែលគណបក្សទាំងពីរមានជំហរដូចគ្នាចំពោះរឿងហ្នឹងមួយ ហើយរឿងផ្សេងៗទៀត នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាម៉េច ដើម្បីឲ្យមានការយល់គ្នាទៅវិញទៅមក ដើម្បីឲ្យស្ថានការណ៍នយោបាយហ្នឹងវិលទៅរកភាពប្រក្រតីវិញ»។
កម្ពុជាបានធ្លាក់ដល់ចំណុចនៅក្នុងរបបវាលពិឃាដខ្មែរក្រហមអស់រយៈពេលជាងបីឆ្នាំ គិតពីឆ្នាំ១៩៧៥មកដល់ឆ្នាំ១៩៧៩។ នៅក្នុងដំណាក់កាលនោះ ក្រុមកុម្មុយនិស្តជ្រុលនិយមខ្មែរក្រហមបានកាប់សម្លាប់មិនរើសមុខ មិនថា អ្នកមានសញ្ជាតិមួយ ឬពីរនោះទេ ប្រសិនបើមនុស្សទាំងនោះត្រូវរកឃើញថា បានប្រព្រឹត្តកំហុស ក្បត់នឹងអង្គការ។ មូលហេតុនៃការកាប់សម្លាប់នៅក្នុងរបបនោះនៅស្ថិតជាអាថ៌កំបាំងនៅឡើយ។ កម្ពុជាបានរួចផុតពីក្រុមកម្មុយនិស្តខោអាវខ្មៅនេះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដោយសារការវាយប្រយុទ្ធរំដោះពីកងទ័ពបដិវត្តន៍ប្រជាជនកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។
មានការយល់ឃើញផ្សេងៗគ្នាថា ការចូលរបស់កងទ័ពវៀតណាមមកក្នុងប្រទេសកម្ពុជាគឺជាការឈ្លានពានប្រទេសកម្ពុជា។ រីឯអ្នកខ្លះយល់ថា បើវៀតណាមមិនជួយទេ កម្ពុជាក៏ពុំបានដូចសព្វនេះដែរ។ លោក ហ៊ុន សែន និងមន្ត្រីនៃគណបក្សប្រជាជនកម្ពុជា បានប្រកាសនៅថ្ងៃនេះដែរថា បុគ្គល ឬក្រុមណាមិនគោរព មិនដឹងគុណថ្ងៃ៧មករាគឺជាអ្នកស្រឡាញ់របបខ្មែរក្រហម របស់ សាឡុត ស ឬ ប៉ុល ពត។
តែអ្នកនាំពាក្យគណបក្សប្រឆាំង និយាយថា មានតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះអាចវែកញែកថា តើថ្ងៃនេះជាថ្ងៃត្រូវដឹងគុណចំពោះកងទ័ពវៀតណាម ឬយ៉ាងណានោះ៕