លោក ហ៊ុន សែន ថា​គ្មានការ​ពិគ្រោះ​យោបល់​ជាមួយ​វៀតណាមទេ​​ពាក់​ព័ន្ធ​គម្រោង​ព្រែក​ជីកហ្វូណន​តេជោ

រូបឯកសារ៖ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​ថ្លែង​សុន្ទរកថា​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​របស់​ព្រឹទ្ធសភា​​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៤។ (AFP PHOTO / CAMBODIA SENATE)

ក្រោយ​វៀតណាម​បង្ហាញ​ក្តី​បារម្ភ​ម្តង​ហើយ​ម្តងទៀត​ពាក់ព័ន្ធ​ជាមួយ​នឹង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោថា​ វា​អាច​នឹង​បង្ក​ផល​ប៉ះពាល់​ខាង​សន្តិសុខ​នោះ​ អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន​ វាយប្រហារ​ចំៗ​ដោយ​ពាក្យ​សម្តី​ទៅ​កាន់​វៀត​ណាម​ថា​កម្ពុជា​មិន​ចរចា​ជាមួយ​វៀត​ណាម​លើ​រឿង​នេះ​ឡើយ​ ព្រោះ​កម្ពុជា​បាន​ជូន​ដំណឹង​ទៅគណៈកម្មការ​ទន្លេ​មេគង្គ​តាំង​ពី​ឆ្នាំមុន​។ ​

ប្រតិកម្ម​របស់​លោក​ហ៊ុន​ សែន​ដែល​បច្ចុ​ប្បន្ន​ជា​ប្រធានព្រឹទ្ធ​សភា​កើត​ឡើង​ ក្រោយ​បញ្ញវន្ត​ និង​មន្ត្រីវៀត​ណាម​ខ្លះ​ព្យាករ​ថា​ ព្រែក​ជីក​ជីក​ហ្វូណន​តេជោដែល​មាន​តម្លៃ​១ពាន់​៧លាន​ដុល្លារនោះ​ អាច​បង្ក​ផល​ប៉ះពាល់​សន្តិសុខ​ដល់​វៀតណាម​ និងអាច​ជា​ច្រក​ចេញចូល​របស់​កង​ទ័ព​ចិន​។

លោក ហ៊ុន សែន​ បាន​ថ្លែង​នៅក្នុងពិធី​ជួប​ជុំ​ក្រុម​ឧកញ៉ា​មួយ​ កាល​ពីថ្ងៃទី​២៦ ខែមេសា​ ឆ្នាំ​២០២៤ ​ថា​៖ «អ៊ីចឹង​សុទ្ធតែ​ថា​ហៅពិគ្រោះ​យោបល់​ ហៅ​ស្អី​ ឥឡូវ​សួរ​ថាអាកិច្ច​ព្រម​ព្រៀង​ទន្លេមេគង្គ​ហ្នឹង វានៅមាន​សុពលភាព​ទៀត​ឬ​អត់​? បើ​វា​នៅ​មាន​សុពលភាព​ មិន​ចាំ​បាច់​ខ្វល់​ ទៅ​ចរចា​ជាមួយ​នរណា​ទាំង​អស់​។​ ចង់​ទៅ​មើល​អី​ ទៅ​មើល​ឯកសារ​នៅ​ឯ​គណៈ​កម្មការ​ទន្លេ​មេគង្គ​ ហើយ​បើ​ខ្វះ​ខាត​ឯកសារ​អី​ ចង់​សំណូមពរ​មក​ យើង​អាច​ផ្ញើ​ជូន​ឯកសារ​បន្ថែម​»។

​ប្រធាន​ព្រឹទ្ធសភា​រូបនេះ​បញ្ជាក់ថា​៖«ឥឡូវ​កម្ពុជា​បាន​ជូន​ដំណឹង​ទៅ​គណៈកម្មការ​ទន្លេមេគង្គ​តាំង​ពី​ខែ៨ឆ្នាំទៅ​។ ​អ៊ីចឹង​សូម​កុំហៅ​កម្ពុជា​ទៅ​ពិគ្រោះ​យោបល់អី​ជាមួយ​នរណា។​ គេ​សិក្សាគេ​ចេះដឹង​ហើយ​ជាង៤០នាក់​នៃ​អ្នក​បច្ចេកទេស​មកសិក្សា​»។

បើ​តាម​លោក ហ៊ុន សែន ការណ៍​ដែល​លោក​ឆ្លើយតប​ទៅកាន់​វៀតណាម​ជា​សារ​ណៈ​បែប​នេះ​ គឺ​ដោយសារតែ​មេដឹកនាំ​វៀតណាម​បណ្តោយ​ឱ្យមន្ត្រី​របស់ខ្លួន​និយាយ​ចោទ​ប្រកាន់​លើ​គម្រោង​ព្រែក​ជីក​កម្ពុជា​ថាសម្រួល​ដល់​កងទ័ពជើង​ទឹកចិន​ជា​ដើម​។

លោក​ ហ៊ុន សែន ថ្លែង​ថា៖ «​ឥឡូវកាសែត​វៀតណាម​ ស្អីវៀតណាម​គឺផ្សាយ​ ​វាយ​ប្រហារ​លើ​អា​នេះ​ ខ្ញុំត្រូវ​តែ​ឆ្លើយតប​ជា​ជំហរ​ដោយ​សំឡេង​ហ៊ុន សែន តំណាង​ឱ្យ​ជាតិ​ខ្មែរ​ទាំង​មូល​»។

​វីអូអេមិន​ទាន់អាច​សុំការ​អត្ថាធិប្បាយ​ពីស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ​។

ក្រោយ​ការ​ថ្លែង​របស់​លោក​ហ៊ុន សែន មាន​ញត្តិ​គាំទ្រ​ជាច្រើន​ពី​ស្ថាប័ន​រដ្ឋនិង​ឯកជន​ បាន​ផុស​ឡើង​នៅលើ​បណ្តាញ​សង្គម​ដើម្បី​គាំទ្រ​ដល់​គម្រោង​ព្រែកជីក​ហ្វូណ​ន​តេជោ​ដែល​លោកហ៊ុន សែន​ថា នឹង​ប្រើប្រាស់​សម្រាប់ផល​ប្រយោជន៍​សេដ្ឋកិច្ច​សង្គមសុទ្ធ​សាធ​ មិន​មែន​ជួយ​សម្រួល​ដល់​កង​ទ័ព​ជើង​ទឹក​ចិន​ដូច​ការ​ផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អន្តរជាតិ​មួយ​ចំនួន។​

ដោយឡែក​ នៅ​ពេល​មាន​ការ​ផ្តើម​អនុវត្ត​គម្រោង​សាង​សង់​ព្រែកជីក​នេះ​ មាន​សប្បុរស​ជន​ជាច្រើន​ បាន​ឱ្យ​ដឹង​ពីចេតនា​ក្នុង​ផ្តល់​ថវិកា​ដើម្បី​ជំរុញការ​អនុវត្ត​គម្រោង​នេះ​។

កាល​ពីថ្ងៃទី​២៨ ខែមេសា​ ឆ្នាំ​២០២៤ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក​ ហ៊ុន ម៉ាណែត​ បានលើក​ឡើង​ថាមិន​មាន​ការ​បង្កើត​មូលនិធិ​ព្រែកជីក​ហ្វូន​តេជោ​នោះទេ​ និង​ថា​រាល់​គម្រោង​របស់​រដ្ឋាភិបាលគឺ​ត្រូវ​បាន​គិតគូរ​ពី​ហិរញ្ញវត្ថុ​ជាច្រើន​ឆ្នាំ​មក​ហើយ​។

លោក​ថ្លែង​ថា​៖ «រាល់​គម្រោង​យើ​ងបាន​គិតគូរ​ពី​គម្រោង​ហិរញ្ញវត្ថុ​ធានា​ហើយ​រាប់​ឆ្នាំមក​ហើយ។​ យើង​ស្វាគមន៍​ហើយ​អរគុណ​ណាស់​ធំហួស​ទៅ​ហើយ​ ក្នុង​ទឹកចិត្ត​និង​ស្មារតី​គាំទ្រ​ ក្នុង​ស្មារតី​ជាតិនិយម​នេះ​ឯង​ទៅហើយ​។​ នេះ​គឺជា​កម្លាំង​ធំណាស់​ ធំជាង​ថវិកា​១០​ពាន់​លាន​ទៅ​ទៀត​»។

​បើ​តាម​លោក​ ហ៊ុន ម៉ាណែត​ បើ​ទោះ​មិនមាន​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​បរទេស​ក៏​គម្រោង​ព្រែកជី​ក​នេះ​នៅ​តែ​ធ្វើ​ទៅមុខ​ មិន​ថយក្រោយ​ឡើយ​។​

គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជ​កម្ម​(Belt and Road Initiative​ ឬ​ BRI)​ របស់​រដ្ឋាភិបាល​ចិន​ដែល​មាន​ចំណង​មិត្តភាពដែក​ថែប​ជាមួយកម្ពុជា​។ ​គម្រោង​ដ៏​មាន​មហិច្ឆតា​របស់​កម្ពុជា​មួយ​នេះ​ក៏​កំពុង​ត្រូវ​បាន​សារព័ត៌​មាន​អន្តរជាតិ​មួយ​ចំនួន​រាយ​ការណ៍​ថា​ វា​អាច​បង្ក​ជា​ក្តី​បារម្ភ​ផ្នែក​សន្តិសុខ​ដល់​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ ប្រសិន​បើ​វា​ត្រូវ​បាន​រដ្ឋាភិបាល​ទី​ក្រុង​ភ្នំ​ពេញ​ប្រើប្រាស់​លើស​ពី​ក្រប​ខណ្ឌ​ពាណិជ្ជ​កម្ម​។​

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​លោក ឯម សុវណ្ណារ៉ា​ប្រាប់​វីអូអេ​ថា​កម្ពុជា​មិន​មាន​អ្វី​ត្រូវ​ចរចា​ជាមួយ​នឹងភាគីវៀតណាម​ទេ​ ​ពាក់​ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នេះ ព្រោះកម្ពុជា​ធ្វើ​នៅក្នុង​ដែនដី​ និង​អធិបតេយ្យ​របស់ខ្លួន ហើយ​គម្រោង​ដដែលនេះក៏​មិន​ស្ថិត​នៅក្នុង​ក្របខណ្ឌ​របស់​គណៈកម្មការ​ទន្លេ​មេគង្គដែរ។

បើ​តាម​លោក ឯ​ម សុវណ្ណារ៉ា លោក​គាំទ្រ​ឱ្យ​កម្ពុជា​ធ្វើ​គម្រោង​នេះ​ដោយខ្លួន​ឯ​ង ខណៈ​ថា​កម្ពុជា​នៅ​ខ្វះ​ទុន​ច្រើន​។

លោក​ថ្លែង​ថា៖ «ប៉ុន្តែ​បើ​ធ្វើក្នុង​លក្ខណៈ​ខ្លួន​ឯ​ង​ ខ្ញុំគាំទ្រ​ពេញទំហឹង​ ហើយអត់​មាន​អី​ត្រូវ​ចរចា​ជាមួយ​វៀតណាម​ទេ​ អត់​មានទេ​។ហើយ​បើ​សិន​ជា​ចិន​ជួយ​វិនិយោគ​ក្នុង​រូប​ភាព​BOT ធម្មតា​ជា​ប្រទេស​សាមី​យើង​ត្រូវ​មាន​ធានា​ថា​បើ​សិន​គេ​រកស៊ី​៥០ឆ្នាំ​ហ្នឹង វា​អត់​ចំណេញ ​តើ​យើង​មាន​ផ្តល់​ឱ្យ​គេ​ប៉ុន្មាន​ទៀត​ដើម្បី​ឱ្យ​គេ​ប្រមូល​ទុ​ន​ហ្នឹង​បាន​?»។

​បើ​តាម​ផែនការ​មេ​ដែល​រដ្ឋាភិបាល​បាន​រចនា​រួច​ហើយ​នោះ​ ​ព្រែក​ជីក​ដែល​មាន​ប្រវែង​១៨០​គីឡូ​ម៉ែត្រ​នេះ​មាន​ចំណុច​ចាប់​ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេ​មេគង្គ ​ក្នុង​តំបន់​កំពង់ផែ​ស្វយ័ត​ស្រុក​កៀន​ស្វាយ​ ឆ្លង​កាត់​តាម​ព្រែក​តាឯក​នៃ​ទន្លេ​បាសាក់ ​រួច​ចូល​តាម​ព្រែក​តា​ហ៊ីង​នៃ​ទន្លេ​បាសាក់​ ស្រុក​កោះធំ​ និង​បន្ត​រហូត​ដល់​សមុទ្រ​ខេត្ត​កែប។

រដ្ឋាភិបាល​អះអាង​ថា​ ប្រជាជន​សរុប​ប្រមាណ​១,៦​លាន​នាក់​ រស់​នៅ​អម​សង​ខាង​ផ្លូវ​ទឹក​មួយ​នេះ ​ហើយ​ព្រែក​ជីក​មួយ​នេះ​នឹង​បង្កើត​ការងារ​សម្រាប់​ពួក​គេ​ផង​ដែរ៕