ថ្លែងក្នុងពិធីចុះសួរសុខទុក្ខកុមារពិការគ-ថ្លង់ និងកុមារកំព្រាមកពីមណ្ឌលនានា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា បច្ចុប្បន្ន សេដ្ឋកិច្ចកម្ពុជាបានបន្ដកើនឡើងទៅមុខជាលំដាប់ ជាហេតុធ្វើឲ្យសហគមន៍អន្ដរជាតិព្រមានដកប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីយកទៅជួយដល់ប្រទេសក្រីក្រដែលមានសេដ្ឋកិច្ចអន់ថយជាងកម្ពុជា។
លោកបញ្ជាក់ថា៖
«ដំណាក់កាលសេដ្ឋកិច្ចរបស់កម្ពុជា ជាដំណាក់កាលនៃការផ្ទេរពីការដែលគេផ្ដល់ជំនួយ ទៅកាន់ដែលគេដកថយ ដើម្បីឲ្យយើងចាប់ផ្តើមទទួលខុសត្រូវហើយ។ មិនមែនគ្រាន់តែបញ្ហាស្ថិតនៅក្នុងវិស័យទាក់ទិននឹងអង្គការក្រៅរដ្ឋាភិបាលទេ។ ទាក់ទងជាមួយនឹងជំនួយបរទេស ក៏ដូចគ្នាដែរ គឺលក្ខខណ្ឌសេដ្ឋកិច្ចរបស់កម្ពុជាកើនឡើង តម្រូវឲ្យគេដកថយ ព្រោះតែគ្រប់លក្ខខណ្ឌ ហើយ គេដកថយជំនួយនោះដើម្បីយកទៅប្រគល់ទៅឲ្យប្រទេសដទៃ ដែលមិនមានលក្ខខណ្ឌអនុគ្រោះដូចយើង»។
លោក ហ៊ុន សែន លើកឡើងបែបនេះ ខណៈដែលសហភាពអឺរ៉ុបកំពុងពិចារណាព្យួរប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម «គ្រប់មុខទំនិញលើកលែងសព្វាវុធ (Everything But Arms)» ឬហៅកាត់ថា EBA ដែលសហភាពអឺរ៉ុបផ្ដល់ការអនុគ្រោះពន្ធសម្រាប់នាំទំនិញកម្ពុជាចូលទីផ្សារអឺរ៉ុប ដែលជាទីផ្សារដ៏ធំជាងគេបំផុតសម្រាប់ទំនិញកម្ពុជា។ ការសម្រេចពិចារណារបស់សហភាពអឺរ៉ុប ធ្វើឡើងក្រោយពេលមានការចោទប្រកាន់ អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ រួមនឹងការរំលាយគណបក្សជំទាស់ជាដើម។
យ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្រ្តីដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះបន្ថែមថា រដ្ឋាភិបាលរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយក នូវការទទួលខុសត្រូវផ្សេងៗពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចនិងការអបរំជាដើម ប្រសិនបើកម្ពុជានឹងត្រូវបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធណាមួយ។
បើទោះបីជាលោកនាយករដ្ឋមន្រ្តីនៅពេលនេះ ថ្លែងពីការត្រៀមខ្លួនរួចជាស្រេចក្តី ក៏ប៉ុន្តែកាលពីពាក់កណ្តាលខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយបានស្នើដល់សហភាពអឺរ៉ុបគិតពិចារណាឡើងវិញ ចំពោះការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាការគំរាមដោយឈរលើហេតុផលមួយចំនួននោះ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះតាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា សិទ្ធិរបស់កម្ពុជានៅក្នុងការទទួលបាន EBA នឹងបញ្ចប់ក្នុងរយៈពេលបីឆ្នាំ បន្ទាប់ពីកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ទៅតាមការឲ្យនិយមន័យរបស់អង្គការសហប្រជាជាតិ។ លោកបន្ថែមថា ករណីនេះនឹងត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅឆ្នាំ២០២៤ ឬ២០២៥ ហើយកម្ពុជាអាចទទួលបាន EBA រហូតដល់ឆ្នាំ ២០២៧ ឬ២០២៨។
លោក George Edgar បន្ថែមថា សម្រាប់បច្ចុប្បន្ន ស្ថានភាពប្រព័ន្ធអនុគ្រោះពន្ធ EBA គឺកំពុងស្ថិតនៅក្នុងលក្ខខណ្ឌធម្មតានៅឡើយ ប៉ុន្តែលោកថា ប្រព័ន្ធអនុគ្រោះពន្ធនេះនឹងត្រូវដកមុនការកំណត់ ប្រសិនបើមានការរកឃើញពីស្ថានភាពអាក្រក់ពាក់ព័ន្ធនឹងសិទ្ធិមនុស្សនៅកម្ពុជា។
លោកបញ្ជាក់ថា៖ «រាល់ការដកចេញនូវប្រព័ន្ធអនុគ្រោះពន្ធណាមួយ គឺជាលទ្ធផលនៃដំណើរការនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងសិទ្ធិមនុស្ស និងលក្ខខណ្ឌពាក់ព័ន្ធនឹងសិទ្ធិពលកម្ម ដែលនឹងត្រូវធ្វើឡើងជាមុន»។
ប្រព័ន្ធអនុគ្រោះពន្ធ ក្រោមកម្មវិធីគ្រប់មុខទំនិញលើកលែងគ្រឿងសព្វាវុធ (EBA) ត្រូវបានសហភាពអឺរ៉ុប បង្កើតឡើងកាលពីឆ្នាំ២០០១ ដោយមានការព្រមព្រៀងថា ត្រូវគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន។ តាមរយៈប្រព័ន្ធអនុគ្រោះពន្ធនេះ កម្ពុជាបានផលចំណេញពីការរួចពន្ធទំនិញ នាំចេញទៅទីផ្សារអឺរ៉ុប ជិត៧រយលានដុល្លារ ក្នុងមួយឆ្នាំៗ។
កម្មករជិត ១លាននាក់នៅកម្ពុជា ពឹងផ្អែកលើវិស័យវាយនភណ្ឌ និងផលិតផលផ្សេងទៀត ដែលរកចំណូលជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែការនាំចេញផលិតផលទៅទីផ្សារអឺរ៉ុប។ វិស័យឧស្សាហកម្មនេះ គឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យចំនួន៤ ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម សំណង់ និងទេសចរណ៍។
ក្រុមសហជីព អ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករជាច្រើនបានលើកឡើងជាបន្តបន្ទាប់ពីការព្រួយបារម្ភនិងផលប៉ះពាល់ថា កម្ពុជាអាចប្រឈមនឹងវិបត្តិយ៉ាងធ្ងន់ធ្ងរ ប្រសិនបើប្រព័ន្ធអនុគ្រោះពន្ធត្រូវបានដកចេញពីកម្ពុជា។ ពួកគេក៏បានស្នើឲ្យមានការចរចារវាងភាគីរដ្ឋាភិបាល និងគណៈកម្មការសហភាពអឺរ៉ុប នៅមុនពេលមានការដកប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាអាវុធ» ជាផ្លូវការ។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយ ប្រាប់ VOA ថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺគ្រាន់តែជាការថ្លែងដើម្បីសម្រួលដល់ស្ថានការណ៍សង្គម ខណៈដែលការព្រមានដកការអនុគ្រោះពន្ធកំពុងតែត្រូវបានបន្តនីតិវិធីទៅមុខ។ លោកបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរតែអនុវត្តតាមការស្នើរបស់សហគមន៍អន្តរជាតិ ក្នុងការធ្វើឲ្យប្រសើរឡើងនូវលទ្ធិប្រជាធិបតេយ្យ និងស្ថានភាពសិទ្ធិមនុស្ស ដូចទៅនឹងការព្រមព្រៀងទទួលយកការអនុគ្រោះពន្ធពីដំបូង។
លោកមានប្រសាសន៍ថា៖
«យើងធ្វើតាមការទាមទាររបស់គេទៅ។ ហ្អានេះជាកាតព្វកិច្ច និងកិច្ចព្រមព្រៀងទេតើ។ គេឲ្យការអនុគ្រោះពន្ធហ្នឹងអាស្រ័យហ្នឹងយើងគោរពសិទ្ធិមនុស្ស អនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងអនុវត្តនីតិរដ្ឋ»។
ក្រៅពីអ្នកឃ្លាំមើលសង្គម និងអ្នកធ្វើការការពារសិទ្ធិកម្មករ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា (GMAC) ដែលតំណាងឲ្យក្រុមអ្នកនាំចេញសម្លៀកបំពាក់នៅប្រទេសកម្ពុជា ក៏បានឲ្យដឹងពីការបារម្ភរបស់ខ្លួន ចំពោះការប្រកាសរបស់សហភាពអឺរ៉ុប ដែលបានបញ្ជាក់ឲ្យដឹងពីការព្យួរទុកជាបណ្តោះអាសន្ននៃគំនិតផ្តួចផ្តើម EBA នេះ។
ចំណែកធនាគារពិភពលោកក៏បានព្រមាននាពេលកន្លងទៅថា សេដ្ឋកិច្ចកម្ពុជានឹងត្រូវប្រឈមនឹងហានិភ័យធំមួយ ក្នុងករណីមានការសើរើឡើងវិញនៃការអនុគ្រោះពន្ធដល់ទំនិញកម្ពុជា និងការធ្លាក់ស្រុតចុះរបស់សេដ្ឋកិច្ចប្រទេសចិន។
ការព្រមានរបស់សហភាពអឺរ៉ុបក្នុងការដកប្រព័ន្ធអនុគ្រោះពន្ធនេះ ធ្វើឡើងបន្ទាប់ពីគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឈ្នះយកអាសនៈទាំងអស់ចំនួន១២៥ កាលពីការបោះឆ្នោតជាតិខែកក្កដា ក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិ និងហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្សចំនួន១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ចំណែកការបង្ក្រាបលើសង្គមស៊ីវិល ការរឹតត្បិតលើសារព័ត៌មានឯករាជ្យ ព្រមទាំងការរឹតត្បិតក្រុមសំឡេងប្រឆាំង ក៏ជាផ្នែកមួយដែលធ្វើឲ្យមានការព្រមានដាក់ទណ្ឌកម្ម និងរិះគន់ផងដែរ៕