លោក​ហ៊ុនសែន​បដិសេធ​មិន​ចុះ​ចេញ​ពី​តំណែង​ខ្លាច​ខុស​ពី​រដ្ឋ​ធម្មនុញ្ញ

​លោក​ហ៊ុន សែន ​អង្គុយ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចាប់​តាំងពី​ឆ្នាំ​១៩៨៥​មកម្ល៉េះ​ពោល​គឺ​មាន​រយៈ​ពេល​២៩​ឆ្នាំ​មក​ហើយ។

លោក​ហ៊ុន សែន​ បាន​ប្រកាស​សារ​ជាថ្មី​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​តាម​ការទាមទារ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ទេ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ការដ្ឋានស្ពាន​ជ្រៃធំឡុងប៊ិញ ​នៅ​ក្នុង​ស្រុក​កោះធំ ​ខេត្តកណ្តាលដែល​ស្ថិត​នៅ​ចំណុច​ព្រំដែន​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម ​ចម្ងាយជាង​៧០​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​ទី​ក្រុង​ភ្នំពេញ​ លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ​បាន​ព្រមាន​ថា​លោក​ចុះ​ចេញ​ពី​តំណែងទៅ​បាន​លុះ​ណា​តែ​អនុវត្ត​តាម​គោលការណ៍​រដ្ឋ​ធម្មនុញ្ញ។

«ស្អី? ចុះ​ចេញ​ទៅ​អើយ​ស្អី?។ ចាំ​តែ​អើយ​ទៅ។ ទាល់តែយូរណោះ។ ​ចុះ(​ចេញ) ​អី​ក៏ស្រួល​ម្ល៉េះ?។ ​ឡើង​(កាន់​តំណែង​)តាម​រដ្ឋធម្មនុញ្ញ ​ចុះ​(ពី​តំណែង​)តាម​រដ្ឋធម្មនុញ្ញ។​ អត់​និយាយ​ច្រើន។ ​ធ្វើ​ខុស​ពី​ហ្នឹង​មិន​បាន»។​

នេះ​ជា​លើកទីពីរ​ហើយ ​ក្រោយ​ពី​ការបោះឆ្នោត​ដែល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រកាស​មិន​ចុះ​ចេញ​ពី​តំណែង។ ​សេចក្តី​ប្រកាស​នេះ​ធ្វើ​ឡើង​ក្រោយ​ពីមេដឹកនាំ​គណបក្ស​ជំទាស់​បាន​ចុះជួប​សកម្មជន​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ក្នុង​ខេត្ត​សៀមរាប ​ខេត្ត​បន្ទាយ​មានជ័យ​និង​ខេត្ត​បាត់​ដំបង​កាល​ពី​ចុង​សប្តាហ៍​មុន។

​ក្នុង​ដំណើរ​នោះ​មេដឹកនាំ​គណបក្ស​ជំទាស់និង​ក្រុម​អ្នក​គាំទ្រ​បានទាមទារឲ្យ​លោក​ប្រមុខ​រដ្ឋាភិបាល​ចុះ​ចេញ​ពី​តំណែង​ព្រម​ទាំង​ទទូច​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើងវិញ។​

​លោក​ហ៊ុន សែន ​អង្គុយ​ក្នុង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ចាប់​តាំងពី​ឆ្នាំ​១៩៨៥​មកម្ល៉េះ​ពោល​គឺ​មាន​រយៈ​ពេល​២៩​ឆ្នាំ​មក​ហើយ។​ លោក​បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដែល​កាន់​អំណាច​យូរជាង​គេបំផុត​ដ៏​កម្រ​មាន​នៅក្នុង​ពិភព​លោក។

​លោកបាន​ប្តេជ្ញា​ចិត្ត​ដូច្នេះ​នៅចំពោះ​មុខ​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​លោកង្វៀន​ តាន់ យុង។

លោក​ង្វៀន តាន់យុង ​បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​បី​ថ្ងៃ​នៅកម្ពុជា​នៅថ្ងៃ​នេះ​ក្នុងដំណើរ​ទស្សន​កិច្ច​ដែល​ធ្វើ​ឡើង​ប្រាំថ្ងៃប៉ុណ្ណោះ​ក្រោយ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​រំលឹក​ខួប​លើកទី​៣៥​ឆ្នាំ​នៃ​ការ​វាយ​ផ្តួល​របប​ខ្មែរ​ក្រហម​ក្រោម​ជំនួយ​ពី​កងទ័ព​វៀតណាម​រាប់​ម៉ឺន​នាក់។
នៅ​ថ្ងៃ​នេះ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ក៏​បាន​រំលឹក​ពី​គុណ​សម្បត្តិ​របស់​កងទ័ព​វៀតណាម​ឡើង​វិញ​ដែរ។

លោក​ហ៊ុន សែន​ បញ្ជាក់​ពី​ភាព​ស្រប​ច្បាប់​ក្នុង​តំណែង​របស់​ខ្លួន។

«​ខ្ញុំ​ព្រះករុណា​ខ្ញុំ​មាន​ការបោះឆ្នោត​ត្រឹម​ត្រូវ​ពី​សភា ​ពី​សំណាក់​ប្រជាពលរដ្ឋនិង​មាន​ព្រះរាជក្រិត​ត្រឹម​ត្រូវ​ពី​ព្រះ​មហាក្សត្រ​ជាទីសក្ការៈ»។

​លោកយឹម សុវណ្ណ ​តំណាងរាស្ដ្រ​ជាប់ឆ្នោត​និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង​ថា​តំណែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ទេ។

«គាត់ចុះ​ឬ​មិន​ចុះ​តំណែង​នេះ​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​រួចទៅ​ហើយ។សភា​បង្កើត​ឡើង​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​ដោយសារ​ប្រជុំ​មាន​តែ​បក្ស​តែមួយ​ហើយ​ខ្វះ​ចំនួន​តំណាង​រាស្ដ្រ​គឺ ​មាន​តំណាង​រាស្រ្ត​តែ​៦៨​រូប។​ដល់​ទៅ​បង្កើត​រដ្ឋា​ភិបាល​ មិនស្រប​ធម្មនុញ្ញ​ទៀត។​ដូច្នេះ​(​គាត់)​ចុះ​ឬមិនចុះ​គឺ​មិនស្រប​តាម​រដ្ឋ​ធម្ម​នុញ្ញ​រួច​ទៅ​ហើយ»។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ ​អ្នកវិភាគ​ឯករាជ្យ​អធិប្បាយ​ស្រដៀង​គ្នា​នេះ​ដែរ។

«​គ្មានអ្វី​ប្លែក​ទេ​នៅ​ក្នុង​ពិភព​លោកនិង​ក្នុង​ប្រវត្តិសាស្ដ្រ​គឺ​ប្រព័ន្ធ​គ្រប់គ្រង​បែប​ផែន​ដូច្នេះ អ្នកដឹកនាំមាន​របៀប​ដឹកនាំ​ដូច្នេះ​កម្រ​ចុះ​ចេញ​ណាស់។ (គាត់ថា)​ឡើង​តាម​រដ្ឋធម្មនុញ្ញ Okay ​ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​និយាយ​ថា​បោះឆ្នោត(ត្រូវ​តែ)​សេរី​និង​យុត្តិ​ធម៌ ​ចុះ​តើ​សេរី​និង​យុត្តិធម៌ដូចម្តេច​បើមាន​ភាព​មិន​ប្រក្រតី​ជាច្រើន​នោះ»។

ទោះជាយ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បញ្ជាក់​ថា​លោកនឹង​បន្ត​តំណែង​របស់​ខ្លួន​ប្រកប​ដោយ​ការទទួល​ខុសត្រូវ៕