លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអាទិត្យ បានអះអាងថាមូលហេតុដែលលោកមិនទៅទទួលវ៉ាក់សាំងបង្ការជំងកូវីដ១៩ ដែលជាជំនួយរបស់អាមេរិក ដោយសារវាមិនមែនជា«ជំនួយទ្វេភាគី»នោះទេ។
លោក ហ៊ុន សែន បានបញ្ជាក់បែបនេះនៅក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់មនុស្សអាយុពី១២ឆ្នាំទៅ១៧ឆ្នាំ ដែលលោកបានអនុញ្ញាតឱ្យចៅប្រុសស្រីរបស់លោកចាក់វ៉ាក់សាំងនេះមុនគេ ដើម្បីបង្ហាញពីភាពទុកចិត្ត។
កាលពីព្រឹកថ្ងៃសុក្រសប្តាហ៍មុន វ៉ាក់សាំងប្រភេទ Johnson&Johnson ប្រមាណ៤៥ម៉ឺនដូស ក្នុងចំណោមវ៉ាក់សាំងជាង១លានដែលជាជំនួយអាមេរិក ត្រូវបានបញ្ជូនមកដល់កម្ពុជា ដែលមានវត្តមានរបស់រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក្នុងពិធីប្រគល់និងទទួលវ៉ាក់សាំងនោះ។
លោក ហ៊ុន សែន បានថ្លែងថា ការដែលលោកមិនទៅទទួលដោយផ្ទាល់ មិនមែនរើសអើងប្រទេសណានោះទេ ប៉ុន្តែលោកថាវ៉ាក់សាំងនេះផ្តល់ដល់កម្ពុជា ក្រោមក្របខណ្ឌកូវ៉ាក់ដែលជាអង្គការពហុភាគី ហើយកម្ពុជាក៏ជាសមាជិកមួយដែរ។
កន្លងទៅ លោក ហ៊ុន សែន ធ្លាប់បានចេញទៅទទួលវ៉ាក់សាំង ដែលផ្តល់ដោយរដ្ឋាភិបាលចិន និងជប៉ុន។
ទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកមិនមានភាពល្អប្រសើរនោះទេ។ ហើយចុងក្រោយនេះ អាមេរិកបានចោទសួរអំពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ ការរំលោភសិទ្ធិមនុស្ស និងលទ្ធភាពនៃវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមក្នុងខេត្តព្រះសីហនុ នាពេលអនាគត។
លោកបញ្ជាក់ថា៖ «អញ្ចឹងសូមបញ្ជាក់កុំឲ្យថាខ្ញុំមានការរើសអើង។ ខ្ញុំអត់រើសអើងទេ។ បើផ្តល់ជំនួយទ្វេភាគីខ្ញុំចេញ តែបើមកតាមពហុភាគី អាហ្នឹងគឺរដ្ឋមន្រ្តីសុខាភិបាលចេញ គឺបានហើយ។ គ្រប់គ្រាន់ហើយ»។
លោក ហ៊ុន សែន បន្ថែមថាលោកនឹងចេញទៅទទួលវ៉ាក់សាំងដែលផ្តល់ដោយចក្រភពអង់គ្លេសដែលនឹងត្រូវបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី៤ ខែសីហាខាងមុខនេះ។
លោក Chad Roedemeier អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបដិសេធមិនផ្ដល់អត្ថាធិប្បាយលើបញ្ហានេះទេ។ ប៉ុន្តែលោកសង្កត់ធ្ងន់ថាវ៉ាក់សាំងរបស់អាមេរិកផ្តល់មកកម្ពុជា មិនមានភ្ជាប់លក្ខខណ្ឌអ្វីនោះទេ៕