នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានថ្លែងអំពីផលរំខានលើសេដ្ឋកិច្ចពិភពលោក ដែលកើតចេញពីសង្គ្រាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើប្រទេសមួយចំនួន ក្នុងនោះមានប្រទេសកូរ៉េខាងជើង។
សង្គ្រាមដែលបង្កឡើងទាំងទទឹងទិសដោយរុស្ស៊ីនៅប្រទេសអ៊ុយក្រែន តាំងពីខែកុម្ភៈ ឆ្នាំ២០២២មិនទាន់បានបញ្ចប់ ហើយផលប៉ះពាល់ផ្សេងៗត្រូវគេសង្កេតឃើញថា បានកើតឡើង រួមមានការកើនឡើងតម្លៃប្រេងឥន្ធនៈ និងបញ្ហាសេដ្ឋកិច្ចសង្គមជាច្រើនទៀត។ ចំណែកប្រទេសកូរ៉េខាងជើង បានបន្តរស់ក្រោមសម្ពាធទណ្ឌកម្មជាច្រើនរបស់អង្គការប្រជាជាតិ ក្នុងនោះគឺទណ្ឌកម្មលើឧស្សាហកម្មនាំចេញ។
ថ្លែងនៅឯពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមួយក្នុងមន្ទីរពេទ្យកាល់ម៉ែត (Calmette) ក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានកត់សម្គាល់ថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ បានបំផ្លាញសេដ្ឋកិច្ចមួយផ្នែករបស់ពិភពលោក តែសង្គ្រាមនៅអ៊ុយក្រែនបានបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរថែមទៀតទៅលើសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ ដោយសារមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់។
បើតាមលោក ហ៊ុន សែន ទាំងប្រទេសដែលដាក់ទណ្ឌកម្មលើប្រទេសមួយទៀត និងប្រទេសដែលរងទណ្ឌកម្ម ហើយនឹងប្រទេសដែលមិនទទួលរងទណ្ឌកម្ម សុទ្ធតែទទួលរងនូវផលប៉ះពាល់ពីការដាក់ទណ្ឌកម្មនោះ។
លោកថ្លែងថា៖ «កូវីដ បានបំផ្លាញសេដ្ឋកិច្ច។ ប៉ុន្តែអ្វីដែលបំផ្លាញធំជាងគេ គឺបញ្ហាសង្គ្រាម ដែលបានកើតរុស្ស៊ី អ៊ុយក្រែន ជាមួយនឹងទណ្ឌកម្មហួសកម្រិត ដែលធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ។ ទណ្ឌកម្ម វាបានបង្កើតនូវបញ្ហា មិនមែនអ្នកស្លាប់ គឺប្រទេសដែលជាប់ទណ្ឌកម្មឯណា! តែអ្នកស្លាប់ គឺប្រទេសដែលដាក់ទណ្ឌកម្មចំពោះគេ ក៏វាស្លាប់ ក៏វាប៉ះពាល់ខ្លួនឯង។ អាយើងអត់ដឹងអីនេះ ក៏វាប៉ះពាល់ដល់ខ្លួនឯងដែរ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកយកករណីនៃការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមកលើប្រទេសកូរ៉េខាងជើង ដែលបានបង្ខំឱ្យអាជីវកម្មផ្សេងៗរបស់ប្រទេសកុម្មុយនិស្តមួយនេះ ត្រូវចាកចេញពីកម្ពុជា។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ អ៊ីចឹងទេ យើងត្រូវតែអនុវត្តជាកាតព្វកិច្ចរបស់យើង ដើម្បីដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង គឺក្រុមហ៊ុនកូរ៉េខាងជើងទាំងអស់ត្រូវចាកចេញពីកម្ពុជា ចាកចេញពីកម្ពុជា ទាំងសារមន្ទី ទាំង restaurant [ភោជនីយដ្ឋាន] និងក្រុមហ៊ុនមួយចំនួន ពលរដ្ឋកូរ៉េខាងជើងទាំងអស់ត្រូវចាកចេញពីកម្ពុជា ចាកចេញពីកម្ពុជា»។
ការអត្ថាធិប្បាយរបស់លោក ហ៊ុន សែន អំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកនេះ ធ្វើឡើង បន្ទាប់ពីការប្រកាសរបស់ធនាគារពិភពលោកកាលពីពេលថ្មីៗនេះដែលថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងឆ្នាំ២០២៣ នឹងស្ទុះឡើងដល់កម្រិត៥,៥ភាគរយ គឺខ្ពស់ជាងកំណើនក្នុងឆ្នាំ២០២២ដែលកម្ពុជាសម្រេចបានក្នុងកម្រិត៥,២ភាគរយ។ ការស្ទុះឡើងវិញនៃសេដ្ឋកិច្ចកម្ពុជានេះ គឺបានមកមួយផ្នែកដោយសារតែថ្លៃទំនិញក្នុងស្រុកមានសភាពធូរស្រាលបន្តិចវិញ ទន្ទឹមគ្នានឹងការរក្សាបានលំនឹងថ្លៃប្រេងឥន្ធនៈ និងទំនិញនៅទូទាំងពិភពលោកផងដែរ។
យ៉ាងណាក៏ដោយ ធនាគារពិភពលោកលើកឡើងក្នុងរបាយការណ៍ថ្មីមួយថា ការអូសបន្លាយនៃការធ្លាក់ចុះនៃតម្រូវការនៅបរទេសនឹងអាចធ្វើឱ្យផ្នែកផលិតកម្មសម្រាប់នាំចេញចុះខ្សោយ ហើយការបន្តរឹតបន្តឹងផ្នែកហិរញ្ញវត្ថុលើសកលលោក អាចបង្កហានិភ័យមួយដល់ផ្នែកហិរញ្ញវត្ថុរបស់កម្ពុជា ដែលមានការពឹងអាស្រ័យខ្លាំងលើទុនមកពីក្រៅសម្រាប់ការវិនិយោគ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមជ្ឈមណ្ឌលពហុឯកទេស នៅមន្ទីរពេទ្យកាល់ម៉ែតកាលពីព្រឹកថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងទៀតថា ខណៈសេដ្ឋកិច្ចពិភពលោកមិនទាន់មានភាពល្អប្រសើរនៅឡើយ កម្ពុជាខ្លួនឯងត្រូវបន្តពង្រឹងកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យរឹងមាំឡើងថែមទៀត៕
លោក ហ៊ុន សែន៖ ទណ្ឌកម្ម«ហួសកម្រិត»ផ្តើមចេញពីសង្គ្រាមនៅអ៊ុយក្រែននាំឱ្យប៉ះពាល់សេដ្ឋកិច្ចសកលនិងកម្ពុជា
ភ្នំពេញ —