លោក ហ៊ុន សែន​ ថាដាច់ខាត​មិន​ឲ្យមាន​បដិវត្តន៍​ពណ៌នៅ​កម្ពុជា

រូបឯកសារ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) លោក​ ហ៊ុន សែន ថ្លែង​សុន្ទរកថា​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំសង្កាត់​ថ្ងៃ​ចុងក្រោយ នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។ (AP)

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​នៅចំពោះ​មុខ​ក្រុមមន្ត្រី​កងទ័ព​និង​នគរបាល​ជាន់​ខ្ពស់​កម្ពុជា​ថា​បដិវត្តន៍​ពណ៌​នៅ​តែ​បន្ត​មាន​នៅ​លើ​ពិភពលោក​និង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង និងថាដើម្បី​ឈ្នះ​បដិវត្តន៍​ពណ៌បាន​គឺ​មាន​«វិធី​តែ​មួយ​គត់គឺ​កាន់​កម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ជាប់​»។

​ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យប្រើ​ប្រាស់​ជាផ្លូវ​ការ​អគារ​រដ្ឋបាល​និង​សាល​ប្រជុំ​ទីស្តីការ​ក្រសួង​ការពារ​ជាតិ​ថ្មីក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ពុធ​នេះ​លោក​ហ៊ុន សែន​ បាន​អំពាវនាវ​ឲ្យ​យោធា​និង​កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ក្នុង​ប្រទេសរក្សា​អព្យាក្រឹតភាព​ចំពោះ​គណបក្ស​នយោបាយ​ទូទៅ​តែ​មិនត្រូវរក្សា​អព្យាក្រឹត​ភាព​ចំពោះ​រដ្ឋា​ភិ​បាល​ហើយ​ត្រូវធ្វើ​អន្តរាគមន៍​ជា​បន្ទាន់​នៅ​ពេល​រដ្ឋាភិបាល​ប្រឈម​នឹង​ការ​ប៉ុនប៉ងផ្តួល​រំលំ​។

លោក​បាន​ថ្លែង​ថា៖ «យើង​ត្រូវ​អព្យាក្រឹត្យ​ចំពោះ​មុខ​បណ្តា​បក្ស​នយោបាយ​ទាំង​អស់ ដូចៗ​គ្នា​។ យើង​ការពារ​ឲ្យ​ដូចៗ​គ្នា។ ឧទាហរណ៍​ថា កម្លាំង​នគរបាល​ត្រូវ​ការពារ​នូវ​ការ​ជួបជុំ​ណាមួយ​របស់​បក្ស​នយោបាយ​ក្នុង​ការ​ឃោសនា​បោះឆ្នោត ឬ​ក្នុង​កិច្ចការ​របស់​គេ​ត្រូវ​ការ​ពារ​ឲ្យ​។ បក្ស​កាន់​អំណាច​ក៏​យើង​ការពារ​បក្ស​មិនមែន​កាន់​អំណាច​ក៏​យើង​ការពារ​។ ក៏​ប៉ុន្តែ​រវាង​រដ្ឋាភិបាល​ជាមួយ​និង​បណ្តា​បក្ស​នយោបាយ រាប់​តែ​បក្ស​កាន់​អំណាច​គឺ អត់​មាន​ត្រូវ​អព្យាក្រឹត្យ​ជាមួយ​ទេ»។

នៅ​ក្នុង​សំណុំរឿង​បដិវត្តន៍​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ពន្យល់​ថាគន្លឹះ​សំខាន់​ដែលមេដឹកនាំ​បដិវត្តន៍ចង់​បាន​គឺ​ស្ថិត​នៅ​លើ​អព្យាក្រឹតភាព​កងកម្លាំង​ប្រដាប់​អាវុធ។ លោក​ក៏បាន​ព្រមាន​ខ្លាំង​ៗដក​តំណែង​មេដឹកនាំ​យោធា​ឬ​កងកម្លាំង​ប្រដាប់​អាវុធ​ណា​ដែល​មិន​គោរព​តាម​បញ្ជា​ឲ្យ​ចេញ​ទប់ស្កាត់​សកម្មភាព​បដិវត្តន៍​ពណ៌។​

លោក​បាន​បន្ត​ថា៖ «ដរាប​ណា​ខ្ញុំ​មិន​ទាន់​ដក​ខ្លួន​ចេញ​ពី​នាយករដ្ឋមន្រ្តី​ទេ​ខ្ញុំ​នៅ​តែ​មាន​សិទ្ធិ​បញ្ជា​កងទ័ព​។ កង​ទ័ព​នគរបាល​ និយាយ​រួម​កម្លាំង​ទាំងអស់ ដែល​ចំណុះ​នីតិប្រតិបត្តិ​គឺ​ខ្ញុំ​បញ្ជា​ទាំងអស់។ មិន​ស្តាប់​គឺ​ ដក​ចេញ​តែ​ប៉ុណ្ណឹង។ ហ្អែង​ធ្វើ​ខុស​ មាន​រឿង​ទៀត​។ អញ្ចឹង​ត្រូវ​ចាំ។ កុំ​មក​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​មក​ចាប់​ហ៊ុន សែន​ស្អីៗ​ អី​ណា។ ចាប់​មក​អញ្ជើញ​មក មក​ចាប់​មក»។

ដំណាល​គ្នា​នោះដែរ លោក​ហ៊ុន សែន ​បាន​រិះគន់​យ៉ាង​ចាស់​ដៃ​ទៅ​នឹង​ការ​លើកឡើង​របស់​អ្នក​វិភាគមួយ​រូប​និងដែល​បាន​ផ្តល់​ការ​អត្ថាធិប្បាយ​ជាមួយប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ភារកិច្ច​របស់​យោធា​ក្នុង​ការ​តម្រូវ​ឲ្យការពារ​មេដឹក​នាំ​នៅ​ក្នុង​ប្រទេស​ហើយ​មិន​រក្សា​អព្យាក្រឹត​ភាព​ក្នុង​កិច្ចការ​នយោបាយ​។

លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​និយាយ​ចំឈ្មោះ​អ្នកវិភាគ​រូបនោះ​ទេ​ប៉ុន្តែ​ទំនង​ជា​លោក​សំដៅ​លើ​ការ​លើកឡើង​របស់​អ្នក​វិភាគ​នយោបាយ​លោក សេង សារី​ ដែល​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​និយាយ​ជាមួយវិទ្យុ​អាស៊ីសេរីថា គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​គណបក្ស​ដឹកនាំ​ប្រទេស​គ្រប់គ្រង​លើ​មេទ័ព​និង​កងកម្លាំង​ប្រដាប់​អាវុធ​ទាំងអស់​ហើយ​សមាជិក​កងកម្លាំង​ប្រដាប់​អាវុធ​សុទ្ធសឹង​មក​ពី​គណបក្ស​នេះ​ដែល​ការណ៍​នេះ​គឺ​ផ្ទុយ​ពី​ច្បាប់​ដែល​ថា កងទ័ព​ជា​កម្លាំង​អព្យាក្រឹត្យ​ការពារជាតិ​ មិនមែន​ការពារ​គណបក្ស​នយោបាយ​នោះ​ទេ។​

ពាក្យ​បដិវត្តន៍​ពណ៌​ត្រូវបាន​មេដឹកនាំ​កម្ពុជា​និង​ក្រុមមន្ត្រី​រដ្ឋាភិបាល​បាន​លើក​ឡើងជា​ញឹកញាប់ស្រប​ពេល​គណបក្ស​សង្រ្គោះ​ជាតិ​ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ចោល​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដែល​ចោទ​គណ​បក្ស​និង​មេដឹកនាំ​នោះ​គឺ​លោក​កឹម សុខា​ ថា បាន​រៀប​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាលដោយ​មាន​អាមេរិក​នៅ​ពី​ក្រោយ។​ប៉ុន្តែ​ ទាំង​លោក​កឹម សុខា​និង​សហរដ្ឋ​អាមេរិកបាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ។

កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ២០១៧​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​ផ្សាយ​សៀវភៅ «ស» រៀបរាប់​ថា កម្ពុជា​កំពុង​កើត​មាន​នូវ​បដិវត្តន៍​ពណ៌​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជា​៣០០ ​បាន​ចូលរួម​ក្នុង​បដិវត្តន៍​ពណ៌​នោះ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​លោក​ហ៊ុន សែន ដែល​ជាប្រធាន​គណបក្ស​កាន់​អំណាចផង​និង​ជា​នាយក​រដ្ឋមន្ត្រី​ផង​នាពេល​បច្ចុប្បន្ន​នេះ​។

តុលាការ​កំពូល​បាន​សម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី​១៦ខែ​វិច្ឆិកា នៅ​ឆ្នាំ​២០១៧ដោយ​ចោទ​ពី​បទ​ក្បត់ជាតិ​ឃុបឃិត​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​រៀបចំ​ធ្វើបដិវត្តន៍​ពណ៌ ហើយ​បាន​ហាមឃាត់​មន្ត្រី​ចំនួន​១១៨​នាក់មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល៥ឆ្នាំ។ អ្នក​តំណាងរាស្ត្រ​ចំនួន​៥៥​នាក់ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ជាង​៥០០០នាក់ ​ត្រូវ​បាត់​បង់​តំណែង។

ដោយឡែក​អ្នកវិភាគ​នយោបាយ​លោក​ឡៅ ម៉ុងហៃ​ បានផ្តល់​ការពន្យល់​ថា​បដិវត្តន៍​ពណ៌​គឺ​ជា​ការ​ហៅ​តាម​អារម្មណ៍​ការ​ប្រើ​ប្រាស់​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​សេរីភាព​ខាង​សារពត៌មាន​សេរីភាព​ខាងការ​បោះ​ពុម្ព​ផ្សាយ​សេរីភាព​ខាង​ការ​ប្រជុំ​ដូច​មាន​ធានា​នៅ​ក្នង​មាត្រា​៤១​នៃ​រដ្ឋធម្មនុញ្ញ​ដែល​អ្នក​ហៅ​យល់​ថា​ប៉ះពាល់​ដល់អំណាច​របស់គេ​ហើយមិន​ចង់ឲ្យ​គេ​ប្រើប្រាស់​សិទ្ធិមនុស្ស​ទាំងនេះ​ទេ។

លោកប្រាប់​វីអូអេ​បន្ថែមថា​តាមដឹង​ច្បាប់​ព្រហ្មទណ្ឌ​អត់​បាន​កំណត់​ថា អំពើ​ធ្វើ​បដិវត្តិ​ពណ៌​ជា​បទល្មើស​ព្រហ្ម​ទណ្ឌ​និងអត់​បាន​ឲ្យ​និយម​ន័យ​បដិវត្តន៍​ពណ៌​នោះ​ទេ​។

លោក​លើកឡើង​ក្នុងន័យដើម​ថា៖ «មកទល់​ពេលនេះ​អ្នក​ដែល​បាន​ប្រើ​ប្រាស់​សេរីភាព​ណាមួយ​ខាងលើ​និង​ដែល​អ្នក​នយោបាយ​មាន​អំណាច​ចាត់​ទុក​ថា​បាន​ធ្វើបដិវត្តន៍​ពណ៌​ច្រើន​តែ​ត្រូវ​បាន​ចាប់​ខ្លួន»។​

លោក​បន្ត​ថា​អ្នក​ទាំងនោះ​ត្រូវបាន​ចោទ​ប្រកាន់​ពីបទល្មើស​ដែល​មាន​ចែង​ក្នុង​មាត្រា៤៩៤ គឺ​«បទញុះញុង​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទ៍»​ជាពិសេស​ក្នុង​មាត្រា​៤៩៥​នៃក្រម​ព្រហ្ម​ទណ្ឌ​ដែល​កំណត់​បទ​ល្មើស​នេះ​ថា​ជា​»អំពើញុះញុង​ដោយផ្ទាល់​ឲ្យប្រព្រឹត្ត​បទឧក្រិដ្ឋ​ឬប្រព្រឹត្ត​អំពើ​បង្កឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ។

បើតាម​លោក​ឡៅ​ម៉ុង​ហៃការ​បង្កើត​និង​ការ​យក​បទ​ល្មើស​ព្រហ្មទណ្ឌ​ទៅរឹត​ត្បិត​បង្ក្រាប​ការ​ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ណាមួយ​ខាងលើ គឺបំពាន​ទៅ​លើ​ច្បាប់​សិទ្ធិ​ដែល​ហាម​ឃាត់​មិនមាន​ការ​រឹត​ត្បិត​បង្ក្រាប​ការ​ប្រើ​ប្រាស់​សេរីភាព​ទាំង​នោះ​សូម្បី​តែ​ការ​ប្រើ​ប្រាស់​ទាំង​នោះ​ប៉ះ​ពាល់​ដល់​អ្នក​នយោបាយ​មាន​អំណាច​ក៏​ដោយ​៕