តុលាការកំពូលកំពុងពិនិត្យមើលសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ ខណៈវិសោធនកម្មច្បាប់បែងចែកអាសនៈសភា និងថ្នាក់ក្រោមជាតិរបស់បក្សដែលត្រូវបានរំលាយ ត្រូវបានអនុម័តដោយរដ្ឋសភា និងព្រឹទ្ធសភា។ នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក ហ៊ុន សែន បានថ្លែងថា ការរំលាយបក្សសង្រ្គោះជាតិ គឺជៀសមិនបាននោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យម្សិលមិញនេះ បានថ្លែងថា ការរំលាយគណបក្សសង្រ្គោះជាតិ មិនអាចជៀសផុតបាននោះទេ ហើយលោកក៏បានអំពាវនាវឲ្យសមាជិកគណបក្សនៅថ្នាក់ក្រោមជាតិ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ខ្លួននៅដដែល។
ក្នុងពិធីសំណេះសំណាលជាមួយកម្មកររាប់ពាន់នាក់ នៅកោះពេជ្ររាជធានីភ្នំពេញ លោក ហ៊ុន សែន បានថ្លែងថា វាជាកំហុសមេដឹកនាំគណបក្សប្រឆាំង ដែលនាំឲ្យមានការរំលាយគណបក្សនៅពេលខាងមុខ។
លោកមានប្រសាសន៍ថា៖
«កំហុសជាអ្នកសាងដោយមេដឹកនាំ ដែលនាំទៅដល់អន្តរាយបក្សទាំងមូល បក្សទាំងមូល។ ដូចជាម្នាក់នោះ (លោក សម រង្ស៊ី) និយាយពីរឿងឲ្យកងទ័ពបែរកាណុងមករដ្ឋាភិបាល។ អាណុងហើយវាជារឿងធាតុផ្សំកាន់តែច្រើន ហើយជៀសវាងមិនរំលាយ មិនបានទេ»។
លោក ហ៊ុន សែន ចាត់ទុកថា ការថ្លែងបែបនេះ ដែលលោកសំដៅលើលោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ អាចនាំឲ្យមានសង្រ្គាមកើតឡើងនៅកម្ពុជា ដែលលោកតែងតែព្រមានជាបន្តបន្ទាប់។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបានបញ្ចេញវីដេអូឃ្លីបមួយទៀត ដែលលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានថ្លែងកាលពីឆ្នាំ២០១១ ដែលមានការអំពាវនាវឲ្យកងទ័ពប្រឆាំងនឹងរបបដឹកនាំរបស់លោក ហ៊ុន សែន។
លោក ហ៊ុន សែន ដែលបានកាន់អំណាចជាង៣០ឆ្នាំមកហើយ បានអះអាងថា ការរំលាយគណបក្សសង្រ្គោះជាតិ នឹងប៉ះពាល់ដល់មេឃុំ ចៅសង្កាត់ និងក្រុមប្រឹក្សារបស់គណបក្សជាង៥ពាន់នាក់ ទូទាំងប្រទេស ដែលត្រូវបានបោះឆ្នោតជ្រើសរើសកាលពីខែមិថុនា ឆ្នាំ២០១៧។ ជាមួយគ្នានេះដែរ លោកក៏បានអំពាវនាវឲ្យមេឃុំចៅសង្កាត់ ក្រុមប្រឹក្សាទាំងអស់ ចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាតំណែងរបស់ខ្លួន។
លោកបានបញ្ជាក់ថា៖
«ឥឡូវខ្ញុំសូមផ្តាំ មេឃុំចៅសង្កាត់របស់សង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនទៅ បន្តទៅ»។
លោកបានបន្ថែមថា៖
«ជម្រកសុវត្ថិភាព គឺបន្តស្នាក់នៅធ្វើមេឃុំ ធ្វើចៅសង្កាត់ តាមរយៈចូលគណបក្សប្រជាជន។ គណបក្សប្រជាជនធានាអះអាងឲ្យអ្នកធ្វើជាមេឃុំ ចៅសង្កាត់ ឬជំទប់ ឬ សមាជិកក្រុមប្រឹក្សាតទៅទៀត»។
លោក ហ៊ុន សែន បានចាត់ទុកថា នេះជានយោបាយឈ្នះ-ឈ្នះ ដែលលោកធ្លាប់ធ្វើកន្លងមក។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖
«ឥឡូវសង្រ្គោះបក្ស ឬ សង្រ្គោះខ្លួនឯង…ហើយកុំថា ខ្ញុំទិញដូរ។ ខ្ញុំគ្រាន់តែផ្តល់ឱកាស និងបើកទ្វារសម្រាប់បងប្អូន»។
តុលាការកំពូលកំពុងពិនិត្យមើលសំណុំរឿងរំលាយគណបក្សសង្រ្គោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ខណៈលោក កឹម សុខា ប្រធានគណបក្ស ដែលកំពុងជាប់ពន្ធនាគារ ត្រូវបានចោទប្រកាន់ថា ប្រព្រឹត្តអំពើក្បត់ជាតិ ក្នុងគម្រោងផ្ដួលរំលំរដ្ឋាភិបាល ដោយមានសហរដ្ឋអាមេរិកនៅពីក្រោយ។
ខណៈមានពាក្យបណ្តឹងនេះ ក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា បានស្នើទៅរដ្ឋសភាសុំធ្វើវិសោធនកម្មច្បាប់ចំនួនបួនពាក់ព័ន្ធនឹងការបោះឆ្នោត ដែលកំណត់ឲ្យមានការបែងចែកអាសនៈសភា និងអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ក្រុង ស្រុក ខណ្ឌរបស់គណបក្សដែលត្រូវរំលាយទៅឲ្យគណបក្សផ្សេង។
វិសោធនកម្មច្បាប់នេះ ត្រូវបានអនុម័តដោយរដ្ឋសភា និងពិនិត្យមើល និងអនុម័តបន្ត ដោយព្រឹទ្ធសភា យ៉ាងប្រញាប់ប្រញាល់។
គណបក្សប្រឆាំងបានទទួលតំណែងមេឃុំចៅសង្កាត់ចំនួន៤៨៩ ដែលមានកំណើនជាង១០ដង បើប្រៀបធៀបនឹងការបោះឆ្នោតឆ្នាំ២០១២។
ជំទប់ទីមួយនៃឃុំអូររៃ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មកពីគណបក្សសង្រ្គោះជាតិ លោក ម៉ែន សារ៉ន បានថ្លែងថា លោកមិនជឿថា មេដឹកនាំរបស់លោក និងគណបក្សផ្ទាល់ ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិនោះទេ។ លោកបញ្ជាក់ថា កន្លងទៅ គណបក្សតែងតែណែនាំធ្វើយ៉ាងម៉េចឲ្យឈ្នះការបោះឆ្នោតសាកលនៅឆ្នាំ២០១៨។ ទោះជាយ៉ាងណា លោកមានប្រសាសន៍ថា លោកនឹងរង់ចាំចំណាត់ការថ្នាក់លើ។
លោកបានថ្លែងថា៖
«ហ្អេ រំលាយអស់បក្ស ធ្វើម៉េច រំលាយទៅ ខ្ញុំនៅផ្ទះប៉ុណ្ណោះឯង។ ដូចខ្ញុំជម្រាបលោកគ្រូមិញថា ចាំមើលតែថ្ងៃណា គេប្រកាសថា អស់សុពលភាពហើយ វេចសៀវភៅមកផ្ទះ ឈប់ចូលសាលាឃុំ»។
លោកបញ្ជាក់បន្ថែមថា៖
«យើងនៅថ្នាក់ក្រោមជាតិ យើងមិនអាចដោះស្រាយអីចេញទេ ចាំស្ដាប់តែគេប៉ុណ្ណោះទេ។ អារម្មណ៍ក្នុងខ្លួនថា វាមិនគួរឲ្យមានបាក់បែក»។
មេឃុំត្រពាំងចាន់ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង អ្នកស្រី ស្ងួន សាមាន បានថ្លែងប្រាប់ VOAថា ការរំលាយគណបក្សសង្រ្គោះជាតិ និងអាសនៈនៅថ្នាក់ក្រោម នឹងប៉ះពាល់ទឹកចិត្តអ្នកបោះឆ្នោត។ អ្នកស្រីបន្តថា អ្នកស្រីនឹងមិនចុះចូលជាមួយគណបក្សណាមួយនោះទេ។
អ្នកស្រីបានថ្លែងថា៖
«ខ្ញុំអត់ចុះចូលទេណា ព្រោះអីបើចុះចូលយ៉ាងម៉េច បើអាសនៈរបស់ខ្ញុំ ពលរដ្ឋអ្នកឲ្យតំណែង។ ខ្ញុំមិនទៅចូលជាមួយអ្នកណា។ ប្រសិនជាទៅថ្ងៃមុខ គេនឹងរំលាយគណបក្សសង្រ្គោះជាតិ បានន័យថាអាសនៈខ្ញុំ ក៏រលាយ អាសនៈរបស់CPP ក៏រលាយដែរ។ បោះឆ្នោត គេមិនមានគណបក្សមួយទេ ទាល់តែមានការប្រកួតប្រជែងគណបក្សមួយ គណបក្សមួយ ប្រសិនបើរំលាយ(អាសនៈ) គណបក្សខ្ញុំ គណបក្សផ្សេង ក៏រលាយដូចគ្នាដែរ»។
អ្នកស្រីក៏មានជំនឿថា មេដឹកនាំរបស់ខ្លួនមិនមានបំណងផ្តួលរំលំរដ្ឋាភិបាល ឬក្បត់ជាតិដូចការចោទប្រកាន់នោះទេ៕