ការសោកស្តាយ​ធំ​បំផុត​របស់​លោក ហ៊ុន សែន គឺ​ជម្លោះ​ដីធ្លី

រូបឯកសារ៖ ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែមេសា ដោយ​ស្នើ​សុំ​ការ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន លើ​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​កៅស៊ូ។ (ស៊ុន ណារិន/VOA)

ជម្លោះ​ដីធ្លី​ដែល​កើតឡើង​នៅ​ទូទាំង​ប្រទេស បាន​ក្លាយជា​បញ្ហា​រ៉ាំរៃ​មួយ​សម្រាប់​រដ្ឋាភិបាល​ដោះស្រាយ។ នៅ​ក្នុង​វីដេអូ​បទ​សម្ភាសន៍​ជាមួយ​ផលិតករ​ភាពយន្ត​អាមេរិក​ម្នាក់ កាលពី​ឆ្នាំ​២០១៥ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន បាន​ចាត់​ទុក​ជម្លោះ​ដីធ្លី គឺ​ជា​រឿង​សោកស្តាយ​ធំ​បំផុត​សម្រាប់​រូប​លោក។

កាល​ពី​១២​ឆ្នាំ​មុន ​លោក​ ង៉ែត ស៊ីម​ ដែល​ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំ​ជីខ​លើ ​ស្រុក​ស្រែ​អំបិល ​ខេត្ត​កោះកុង ​បាន​បាត់បង់​ដី​ចម្ការ​របស់​លោក​ចំនួន​៥​ហិកតា​ ទៅ​ក្រុមហ៊ុន​ស្ករ​អំពៅ ​ដែល​គ្រប់គ្រង​ដោយ​អ្នក​មាន​អំណាច​ម្នាក់។​

លោក​ ស៊ីម ​អាយុ​៣៦​ឆ្នាំ​ ជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​នាក់​ទៀត ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ រស់​ដោយ​ខុស​ច្បាប់​លើ​ដី​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង​របស់​លោក​ឧកញ៉ា​ លី យ៉ុង​ផាត់​ ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា។ ​ប៉ុន្តែ​ជា​ច្រើន​ឆ្នាំ ​បន្ទាប់​ពី​ជម្លោះ​ដីធ្លី​បាន​កើត​ឡើង ​លោក ​ស៊ីម​ មាន​ប្រសាសន៍​ថា ​លោក​មិន​មាន​ដី​ធ្វើ​ចម្ការ​ ដែល​បាន​បន្សល់​ទុក​ដោយ​ម្តាយ​ឪពុក​របស់​លោក ​ពេល​លោក​បាន​រៀប​ការនោះ​ទេ។​

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖​

«ខ្ញុំ​អត់​ដឹង​ផង ​ព្រោះ​ដី​ខ្ញុំ ​ខ្ញុំ​ធ្វើ​កសិកម្ម​នៅ​ហ្នឹង​ ស្រាប់​តែ​គេ​មក​យក។​ មិន​ដឹង​ធ្វើ​ម៉េច»។​

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​ក្រចេះ តវ៉ា​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែមេសា ដោយ​ស្នើ​សុំ​ការអន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ (ស៊ុន ណារិន/VOA)

សម្រាប់​ប្រជាជន​កម្ពុជា ​ការ​មាន​ដី​សម្រាប់​ធ្វើ​ស្រែ​ចម្ការ​ ជា​ពិសេស​ដំណាំ​ស្រូវ​ គឺ​ជា​រឿង​សំខាន់​មួយ​សម្រាប់​ពួកគេ ​ក្នុង​ការ​ធានា​ស្ថិរភាព​គ្រួសារ។ ​ប្រជាជន​ប្រមាណ​៨៥​ភាគ​រយ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ប្រមាណ​១៦​លាន​នាក់ ​នៅ​តែ​ពឹង​ផ្អែក​លើ​កសិកម្ម​សម្រាប់​ការ​រស់​នៅ​របស់​ពួក​គេ។ ​ជម្លោះ​ដី​ធ្លី​បាន​ក្លាយ​ជា​បញ្ហា​សង្គម​ចម្រូង​ចម្រាស​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ការ​បាត់​បង់ដីធ្លី​កាន់​តែ​ច្រើន​របស់​ប្រជា​ពលរដ្ឋ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ស្វែង​រក​ការ​គាំទ្រ​ដល់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​ដែល​បាន​កាន់​អំណាច​ជាង​៣៣​ឆ្នាំ​មក​ហើយ។ ​រដ្ឋាភិបាល​របស់​លោក​បាន​ផ្តល់​ដី​សម្បទាន​ទៅ​ឲ្យ​អ្នក​វិនិយោគ​ និង​អ្នក​មាន​អំណាច​មួយ​ចំនួន ​ដោយ​រំពឹង​ថា​ នឹង​ទទួល​បាន​ចំណូល​ពី​នេះ។​ ប៉ុន្តែ​វា​បាន​បណ្តាល​ឲ្យ​មាន​ជម្លោះ​ដីធ្លី​យ៉ាង​ច្រើន​នៅ​ក្នុង​ប្រទេស។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជា​វីដេអូ​មួយ​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​២០១៥​ជាមួយ​ផលិតករ​ភាព​យន្ត​អាមេរិក​ម្នាក់​ឈ្មោះ​ Robert H. Lieberman​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន បាន​មាន​ប្រសាសន៍​ដោយ​ស្មោះត្រង់​ថា ​បញ្ហា​ដីធ្លី​គឺ​ជា​ការ​សោកស្តាយ​ធំ​បំផុត​របស់​លោក។​

លោក ​ហ៊ុន សែន​ បាន​ថ្លែង​ថា៖​

«ការ​សោកស្តាយ​ធំ​ជាង​គេ​របស់​ខ្ញុំ ​គឺ​កំណែ​ទម្រង់​ដី​ធ្លី​យឺត​យ៉ាវ​ និង​កំណែ​ទម្រង់​ដី​ធ្លី​ និង​ការ​ដោះស្រាយ​ដីធ្លី ​ដោយ​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ​គឺ​កំណែ​ទម្រង់​ដីធ្លី​នៅ​ក្នុង​ទស​វត្សរ៍​៨០។​ ពេល​នោះ​គួរ​ណាស់​តែ​យើង​ផ្តល់​កម្ម​សិទ្ធិ​ដីធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ​បាន​លឿន​ជាង។ ​ប៉ុន្តែ​យើង​បែរ​ជា​ពន្យារ​ពេល​រហូត​ទៅ​ដល់​១០​ឆ្នាំ»។​

លោក​ ហ៊ុន សែន ​បាន​លើក​ឡើង​បែប​នេះ ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ញូវយ៉ក ​នៅ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​នៅ​អង្គការ​សហ​ប្រជាជាតិ។​

លោក ​ហ៊ុន សែន ​បាន​បញ្ជាក់​បន្ថែម​ថា៖​

«គ្រាន់តែ​បញ្ហា​ថា​ តើ​ត្រូវ​ផ្តល់​កម្ម​សិទ្ធិ​មុន​ឆ្នាំ​១៩៧៥​ ឬ​ត្រូវ​ទទួល​ស្គាល់​កម្ម​សិទ្ធិ​លើ​ការ​កាន់​កាប់​ជាក់ស្តែង​របស់​ប្រជាជន។​ យើង​ត្រូវ​ប្រើប្រាស់​ការ​ពិភាក្សា​រាប់​ឆ្នាំ»។​

របប​ខ្មែរ​ក្រហម​កាប់​សម្លាប់​បាន​បញ្ចប់​ការ​កាន់​កាប់​ដី​ឯកជន​នៅ​ក្នុង​ប្រទេស​ចាប់​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ នៅ​ពេល​របប​មួយ​នេះ​ដួល​រលំក្នុង​ឆ្នាំ​១៩៧៩​ ប្រជាជន​ភាគ​ច្រើន​បាន​ទៅ​រស់​នៅ​ជនបទ​ ហើយ​ភ្លាមៗ ​ពួកគេ​មិន​បារម្ភ​អំពី​ការ​កាន់​កាប់​ដី ​ដោយ​មាន​ប្លង់​កម្ម​សិទ្ធិ​អ្វី​នោះ​ទេ។​ ប៉ុន្តែ​យូរៗ​ទៅ តម្រូវ​ការ​នៃ​ប្រព័ន្ធ​កាន់កាប់​ដី​ស្រប​ច្បាប់​កើត​មាន​ឡើង។​

រូបឯកសារ៖ អ្នក​ស្រី​ ​បូវ​ សោ​ភា​ ​និង​ កញ្ញា​ សុង​ ស្រី​លាភ ដែលជាសកម្មជន​ដីធ្លី​នៅ​សហគមន៍​បឹងកក់​ ស្រែក​រក​យុត្តិធម៌​នៅ​មុខ​តុលាការ​កំពូល​ នៅ​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​។ (ហ៊ុល​ រស្មី​/VOA)

ដោយសារ​ការ​ផ្តល់​ដី​សម្បទាន​របស់​រដ្ឋាភិបាល ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​កាន់​តែ​ច្រើន​ចាប់​ពី​ឆ្នាំ​២០០០​ លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​កម្សោយ​នៃ​ការ​អនុវត្ត​របស់​មន្រ្តី​ថ្នាក់​ក្រោម​បានធ្វើ​ឲ្យ​មាន​បញ្ហា​ជម្លោះ​ដីធ្លី​កើត​ឡើង។​ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​អ្នក​វិនិយោគ​ រហូត​ដល់​ជិត​១ម៉ឺន​ហិកតា ​សម្រាប់​ក្រុមហ៊ុន​មួយ ​ដែល​ពួកគេ​អាច​គ្រប់គ្រង​បាន​រយៈ​ពេល​៩៩​ឆ្នាំ។​ រដ្ឋាភិបាល​បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​សរុប​ប្រមាណ​២៧០​ក្រុមហ៊ុន​ ហើយ​ដី​ប្រមាណ​២លាន​ហិកតាបាន​រង​ផល​ប៉ះពាល់។​

លោក ​វណ្ណ សុផាត ​មន្រ្តី​សម្រប​សម្រួល​ផ្នែក​ដីធ្លី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​លឿន​ពេក ​និង​មិន​មាន​ការ​សិក្សា​ត្រឹមត្រូវ​ នាំ​ឲ្យ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ទូទាំង​ប្រទេស។​

លោក​បាន​ថ្លែង​ប្រាប់​VOA​ថា៖​

«ជា​ការ​កត់​សម្គាល់​របស់​យើង ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង​ វា​មាន​ល្បឿន​លឿន​ពេក ​មាន​ន័យ​ថា ​ចាប់​ផ្តើម​អភិវឌ្ឍ​ ចាប់​ផ្តើម​វិនិយោគ ​ត្រូវ​ការ​ដី​អី​ចឹង​ទៅ!​ ​រាជ​រដ្ឋាភិបាល​សម្រុក​ក្នុង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ហ្នឹង។​ ល្បឿន​នៃ​ការ​ផ្តល់​ ជា​របៀប​លក្ខណៈ​ប្រញាប់​ប្រញាល់​ ដូចជា​តក់​ក្រហល់​អី​ចឹង ​វា​អត់​មាន​ការ​ស្រាវ​ជ្រាវ ​សិក្សា​ស្វែង​យល់​បាន​ជាក់លាក់។ ​អត់​មាន​ដំណើរ​ការ​នីតិវិធី​វាយ​តម្លៃ​លើ​ផល​ប៉ះពាល់​បរិស្ថាន ​និង​សង្គម​ទេ»។​

សម្រាប់​លោក ​ហ៊ុន សែន ​លោក​ចាត់​ទុក​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋ​កិច្ច​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​ដីធ្លី​នេះ​គឺ​ជា​ការ​សោកស្តាយ​របស់​លោក​មួយ។​

លោក​មាន​ប្រសាសន៍​ថា៖​

«ចំណុច​ទី​ពីរ​គឺ​ជា​ចំណុច​ដែល​យើង​សោកស្តាយគឺ​នៅ​ពេល​ដែល​យើង​បានចាប់​ផ្តើម​ផ្តល់​នូវ​សម្បទានដី​ធ្លី​គេ​ហៅ​ថា​ សម្បទាន​ដី​សេដ្ឋកិច្ច ​ក៏បាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​កើត​ឡើង ​ដោយសារ​យើង​ត្រួត​ត្រា​សភាព​ការណ៍​នេះ​មិន​បាន​ដិត​ដល់ ​ជាមួយ​នឹង​មន្រ្តី​ថ្នាក់​ក្រោម​របស់​យើង»។​

កាល​ពី​ឆ្នាំ​២០១២ ​បន្ទាប់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ជា​ច្រើន​ឆ្នាំ ​និង​ការ​តវ៉ា​ជា​ច្រើន​របស់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដីធ្លី ​រដ្ឋាភិបាល​បាន​សម្រេច​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​ និង​កំណត់​រយៈ​ពេល​នៃ​ការ​គ្រប់គ្រង​ដី​សម្បទាន​ទាំង​នោះ​មក​ត្រឹម​រយៈ​ពេល​៥០​ឆ្នាំ​វិញ។ ​បន្ទាប់​មក ​លោក ​ហ៊ុន សែន​ បាន​បង្កើត​កម្មវិធី​វាស់​វែង​ដីធ្លី​ឲ្យ​ប្រជា​ពលរដ្ឋ​ ដោយ​លោក​បាន​ប្រើ​ប្រាស់​និស្សិត​ជា​អ្នក​ធ្វើ​ការងារ​ទាំង​នោះ។​

លោក​ ហ៊ុន សែន ​មាន​ប្រសាសន៍​ថា៖​

«ដូច្នេះ​ហើយ​បាន​ជា​ចាប់​ផ្តើម​ឲ្យ​ខ្ញុំ​មាន​យុទ្ធនាការ​ប្រើប្រាស់​យុទ្ធជន ​យុវជន​ជានិស្សិត​រាប់​ពាន់​នាក់ ​ដើម្បី​ជួយ​វាស់​វែង​ដីធ្លី​ជូន​ប្រជា​ពលរដ្ឋ ​ដកហូត​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ ដើម្បី​ប្រគល់​ឲ្យ​ប្រជា​ពលរដ្ឋ»។​

នៅ​ក្នុង​កិច្ច​សម្ភាសន៍​នោះ ​លោក ​ហ៊ុន សែន ​ក៏​បាន​រំឭក​ថា ​អំឡុង​ទសវត្សរ៍១៩៥០​ ក្រុម​គ្រួសារ​របស់​លោក​មាន​ជម្លោះដី​ធ្លី​នៅ​ក្នុង​ខេត្ត​កំពង់ចាម។ ​លោក​បាន​លើក​ឡើង​ថា ​ក្រុម​ខ្មែរ​អ៊ិសារ៉ាក់ ​ដែល​ជា​ក្រុម​តស៊ូ​ប្រឆាំង​នឹង​បារាំង ​បាន​ចាប់​ជីដូន​របស់​លោក​ដើម្បី​ជម្រិត​ទារ​ប្រាក់។​ វា​បាន​បង្ខំ​ឲ្យ​ក្រុមគ្រួសារ​របស់​លោក​លក់​ដី​ដើម្បី​យក​លុយ​ប្រគល់​ឲ្យ​ ជា​ថ្នូរ​នឹង​ការ​ដោះលែង។ ​លោក​បន្ត​ថា​ ក្រោយ​មក ​ក្រុម​គ្រួសារ​របស់​លោក​បាន​ចាប់​ដី​នៅ​កន្លែង​ផ្សេង​ ដោយ​ខុស​ច្បាប់។​

លោក​មាន​ប្រសាសន៍​ថា៖​

«ពេល​នោះ​គឺពួក​អ៊ិសារ៉ាក់​បាន​ចាប់​ជីដូន​របស់​ខ្ញុំ ​ដើម្បី​ជម្រិត​ទារ​ប្រាក់។ ​ឪពុក​ម្តាយ​ខ្ញុំ ​និង​ក្រុម​គ្រួសារ​បាន​លក់​ដី​យ៉ាង​ច្រើន​ ដើម្បី​បាន​ប្រាក់​ទៅ​លោះ​ជីដូន​របស់​ខ្ញុំ។ ​ស្ថានភាព​នោះ​ហើយដែល​ធ្វើ​ឲ្យ​គ្រួសារ​នេះ​ធ្លាក់​ខ្លួន​ក្រ»។​

«ឈ្នះ​បាន​ដី ​ចាញ់​បាន​លុយ»

បើ​ទោះ​ជា​មាន​ការ​សោកស្តាយ​ទៅ​លើ​ជម្លោះ​ដីធ្លី​ក៏​ដោយ ​លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​ថា ​ប្រជាជន​មួយ​ចំនួន​ដែល​តវ៉ា​រឿង​ដីធ្លី ​បាន​ដើរ​តួ​ធ្វើ​ជា​ជន​រង​គ្រោះ។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា៖​

«រឿង​នេះ​មាន​ចំណុច​ខ្លះ ​ក្រុមហ៊ុន​បាន​ធ្វើ​បំពាន។ ​ប៉ុន្តែ​មាន​ចំណុច​ខ្លះ ​នៅ​កម្ពុជា​ មាន​ចំណុច​អញ្ចេះ។​ ឈ្នះ​បានដី ​ចាញ់​បានលុយ។ ​នៅ​ពេល​ជួន​កាល​ ​មួយ​យប់​ គេ​អាច​កសាង​ផ្ទះ​បាន​២០០​ផ្ទះ។ ​អីចឹង​តើ​លោក​ជឿ​បាន​ថា​ មួយ​យប់ គេ​អាច​កសាង​ផ្ទះ​បាន​២០០​ផ្ទះទេ?​ នេះ​ហើយ​ជា​យុទ្ធវិធី​របស់ក្រុម​មនុស្ស​ខិលខូច​មួយ​ក្រុម​ ដើម្បី​គេ​អាច​បាន​ដី។ ​បើសិន​ជា​ឈ្នះ ​គេ​បាន​ដី ​បើចាញ់​ បាន​លុយ»។​

ក្រុម​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា​ ប្រជាជន​រាប់ពាន់​គ្រួសារ​ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយ​សារ​ការ​ផ្តល់​ដី​សម្បទាន ​ហើយ​រដ្ឋាភិបាល​មិន​បាន​ផ្តល់​សំណង​សមរម្យ​នោះ​ទេ។ ​ប៉ុន្តែ​លោក ​ហ៊ុន សែន ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នេះ​ ដោយអះអាង​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ផ្តល់​សំណង​សមរម្យ​ទៅ​ឲ្យប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​ចង់​បាន​ប្រាក់​បន្ថែម​ទៀត ដោយ​សារ​ដី​ចេះ​តែ​ឡើង​ថ្លៃ។​

លោក​មាន​ប្រសាសន៍​ថា៖​

«បើ​សិន​ជា​យើង​គិត​ឲ្យ​បាន​ដិត​ដល់​ ដី​ឡើង​ថ្លៃ​រហូត។ ​ខ្ញុំ​សូម​ជម្រាប​អញ្ចេះ ​នៅ​ពេល​ដែល​យើង​ចាប់​ផ្តើម​ដោះស្រាយ​គោល​នយោបាយ​ឲ្យ​គេ គេ​ទទួល​យក​នៅ​ពេល​នោះ។​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ដី​វា​ឡើង​ថ្លៃ ​គេ​ក៏​ចាប់ផ្តើម​មក​ទារ​លុយ​បន្ថែម។​ តើ​រឿង​នេះ​ បើសិន​ជា​លោក​វិញ​ លោក​ដោះស្រាយ​យ៉ាង​ម៉េច​ដែរ?​ បើ​សិន​ជា​លោក​ជា​ខ្ញុំ។ ​នៅ​ពេល​ឆ្នាំ​២០០០ ​តម្លៃ​ដី​ធ្លី ​គេ​ដោះស្រាយ​ប៉ុណ្ណឹង។ ​ដល់​ទៅ​ពេល​ឆ្នាំ​២០១៥​ តម្លៃ​ដីធ្លី​ កន្លែង​ហ្នឹង ​វា​ឡើង។ ​អីចឹង​គេ​មក​ទារ​លុយ​ថែម។​ បើ​អីចឹង​គ្រប់​ទី​កន្លែង​យើង​ដើរ​ ​តើ​ចំនួនបែប​នេះ ​លោក​អាច​ទទួល​យក​ទៅ​កើត​ទេ»។​

លោក​ ហ៊ុន សែន ​បាន​បន្ថែម​ថា៖​

«ខ្ញុំ​មិន​មែន​កាន់​ជើង​អ្នក​មាន ​ហើយ​ក៏មិន​មែន​កាន់​ជើង​អ្នក​ក្រ​ដែរ។ ​ក៏​ប៉ុន្តែ​កន្លែង​ខ្លះ​ វា​លំបាក»។​

ការ​បណ្តេញ​ចេញ​នៅ​ក្នុង​ជម្លោះ​ដីធ្លី​កាល​ពី​កន្លង​ទៅ ​មាន​ការ​ប្រឈម​នឹង​ការ​បាញ់​ប្រហារ​ពី​កម្លាំង​ប្រដាប់​អាវុធ​ផង​ដែរ។ ​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១៨ ​កង​កម្លាំង​បាន​បាញ់​ប្រហារ​ទៅ​លើ​អ្នក​តវ៉ា​នៅ​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ នៅ​ក្នុង​ស្រុក​ស្នួល ​ខេត្ត​ក្រចេះ ​ហើយ​បណ្តាល​ឲ្យ​មនុស្ស​៣​នាក់​បាន​រង​របួស​ ដោយ​សារ​គ្រាប់​កាំភ្លើង។ ​ចំណែក​ក្នុង​ឆ្នាំ​២០១៤ ​ក្នុង​ជម្លោះ​ដីធ្លី​មួយ​នៅ​ខេត្ត​ក្រចេះ​ដដែល ​កង​កម្លាំង​ក៏​បាន​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​អ្នក​តវ៉ា ​បណ្តាល​ឲ្យ​ក្មេង​ស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ​បាន​ស្លាប់។​

ទោះ​ជាយ៉ាងណា​ក៏​ដោយ ​លោក ​ហ៊ុន សែន ​បាន​និយាយ​ការ​ពារ​ថា ​រដ្ឋាភិបាល​របស់​លោក​មិន​ដែល​បាន​បណ្តេញ​ប្រជា​ពលរដ្ឋ ​ដែល​រស់​នៅ​លើ​ដី​ស្រប​ច្បាប់​នោះ​ទេ។​

លោក​មាន​ប្រសាសន៍​ថា៖​

«សុំ​ទោស ​លោក​ប្រហែល​ជា​ភាន់​ច្រឡំ!​ ​យើង​មិនដែល​បង្ខំ​អ្នកណា​ចេញ​ពី​ដី​របស់​ខ្លួន​ទេ។ ​អ្នក​ដែល​មក​នៅ​លើ​ដីគេ ​ឬ​មក​នៅ​លើ​ដី​រដ្ឋ ​ដែល​គាត់​មិន​មាន​សិទ្ធិ​ស្រប​ច្បាប់​មក​នៅ​លើ​ដី​ហ្នឹង​ទេ។ ​កន្លែង​នោះ​ហើយ​ដែល​គេ​ត្រូវ​យក​វិញ។​ គេ​ផ្តល់​នូវ​សំណង​មួយ​ចំនួន​ថែម​ទៀត​ផង។​ ហ្នឹង​ហើយ​ដែល​ថា​ ឈ្នះ​បាន​ដី ចាញ់​បាន​លុយ​នោះ»។​

លោក​បញ្ជាក់​បន្ថែម​ថា៖​

«សូម​បញ្ជាក់​ថា ​ខ្ញុំ​មិន​អនុញ្ញាត​ទេ​ចំពោះអ្នកណា​ដែល​ប្រើប្រាស់​ដែល​ប្រើប្រាស់​នូវ​មធ្យោបាយ​មិនស្រប​ច្បាប់​ទៅ​បំពាន​ដី​ប្រជាជន​ដែល​កាន់​កាប់​ដោយ​ស្រប​ច្បាប់​យូរ​មក​ហើយ»។​

ដោះស្រាយ​ជម្លោះ​ដីធ្លី​ដើម្បី​សន្លឹក​ឆ្នោត​

លោក​ ​អំ សំអាត​ ​ប្រធាន​ការិយាល័យ​បចេ្ចកទេស​ស៊ើប​អង្កេត​នៃអង្គការ​លីកាដូ​ មាន​ប្រសាសន៍​ថា ​ជម្លោះ​ដីធ្លី​គឺ​ជា​បញ្ហា​ក្តៅ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​លោក​បន្ត​ថា ​ជួនកាល ​ជម្លោះ​ដីធ្លី​នេះ​មាន​ការ​បណ្តេញ​ចេញ​ដោយ​ហិង្សា ​ហើយ​បាន​ធ្វើ​ឲ្យខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​នៅ​មុន​ការ​បោះឆ្នោត​កាល​ពី​ឆ្នាំ​២០១៣ ​ដែល​គណបក្ស​សង្រ្គោះជាតិ​ទទួល​បានសំឡេង​គាំទ្រ​ច្រើន ស្ទើរ​តែ​ឈ្នះ​ការ​បោះឆ្នោត។​

លោក​បន្ថែម​ថា ​ការ​ចាប់​ខ្លួន ​ការ​ឃុំ​ខ្លួន ​និង​ការ​កាត់​ទោស​អ្នក​មាន​ជម្លោះ​ដីធ្លី បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​រឹត​តែ​ខឹង​នឹង​អាជ្ញាធរ​នៅ​ថ្នាក់​ក្រោម ​និង​រដ្ឋាភិបាល។​

លោក​មាន​ប្រសាសន៍​ថា៖​

«អាហ្នឹង​ដែល​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ហ្នឹង​មាន​ការ​ខឹងសម្បារ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ ខឹង​នឹង​អាជ្ញាធរ​ដែន​ដី។​ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សំឡេង​ឆ្នោត»។​

លោក​បាន​បន្ថែម​ថា៖​

«ចំណុច​ទី​មួយ ​យើង​គិត​ថា ​ជា​ចេតនា​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ ដើម្បី​បញ្ចប់​បញ្ហា​វិបត្តិ​រ៉ាំរ៉ៃ​ហ្នឹង​ផង​ ហើយ​មួយ​ទៀត​ជា​ធម្មតា​ទេ ​តែ​អាជ្ញាធរ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ ​អា​ហ្នឹង​ប្រជា​ពលរដ្ឋ​លោក​នឹង​មើល​ឃើញ​ខ្លួន​គាត់ ​ហើយ​ថា ​គាត់​មាន​បញ្ហា​ហ្នឹង ​អាជ្ញាធរ​ដោះស្រាយ​ជូន​គាត់​អត់»។​

កាល​ពី​ខែ​មិថុនា ​ប្រជា​ពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កោះកុង ​រួមមាន​លោក ​ង៉ែត ស៊ីម ​ផង​ដែរ​ បាន​ឡើង​មក​រាជធានី​ភ្នំពេញ ​ដើម្បី​តវ៉ា​ជា​ច្រើន​ថ្ងៃ ​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សំណង​ដល់​ពួកគេ ​ក្នុង​នោះ​មាន​ដី​ និង​ប្រាក់​មួយ​ចំនួន។​

ដោយសារ​ការ​តវ៉ា​របស់​ពួកគេ​ជា​បន្ត​បន្ទាប់ ​និង​ច្រើន​ថ្ងៃ ​លោក​ ស ខេង ​រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ ​បាន​ណែនាំ​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម ​បង្កើន​ការ​ត្រួត​ពិនិត្យ​ និង​ដោះស្រាយ​ដីធ្លី ​ដើម្បី​បញ្ចៀសកុំ​ឲ្យ​ប្រជាជន​មាន​ប្រមូល​ផ្តុំ ​និង​ដាក់​ញត្តិ​នៅ​ភ្នំពេញ។

មន្រ្តី​ដែល​ធ្វើ​ការ​លើ​បញ្ហា​ដី​ធ្លី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ វណ្ណ សុផាត ​បាន​រិះគន់​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​រដ្ឋាភិបាល។​

លោក​មាន​ប្រសាសន៍​ថា៖​

«អីចឹង​ ខ្ញុំ​ឃើញ​ថា​ រាជ​រដ្ឋាភិបាល​ លោក​ខំ​មែន​នៅ​មុន​បោះ​ឆ្នោត ​ក៏​ប៉ុន្តែ​ការ​ដោះស្រាយ​ដីធ្លី​ហ្នឹង​មិន​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ស្តង់ដារ។​ ការ​ដោះ​ស្រាយ​ហ្នឹង​ត្រូវ​មាន​លក្ខណៈ​ឲ្យ​ច្បាស់​លាស់ ​មាន​ស្តង់ដារ​មួយ​ច្បាស់​លាស់​ហ្នឹង​ ​ វា​អត់​ទេ​ ​ មាន​ន័យថា​ ដោះស្រាយ​ហ្នឹង​ផ្សេងៗ​គ្នា​អីចឹង​ណា៎»។​

លោក​ពន្យល់​បន្ថែម​ថា ​ករណី​ខ្លះ ​ប្រជាជន​ដែល​រង​គ្រោះ​ទទួល​បាន​ទាំង​ថវិកា​ និង​ដី​ជា​សំណង​ ប៉ុន្តែ​ករណី​ខ្លះ​ទទួល​បាន​តែ​ថវិកា​ តែ​មិន​មាន​ដី​នោះ​ទេ។​

នៅ​ថ្ងៃ​យុទ្ធនាការ​បោះឆ្នោត​ដំបូង ​កាល​ពី​ថ្ងៃទី​៧ ​ខែ​កក្កដា​ លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ដែល​នឹង​ឈ្នះ​ការ​បោះឆ្នោត​ដោយ​ងាយ​ស្រួល ​ដោយសារ​មិន​មាន​វត្ត​មាន​គណបក្ស​ប្រឆាំង​ដ៏ធំ​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ បាន​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​លោក​រាប់ពាន់​នាក់​ថា ​រដ្ឋាភិបាល​របស់​លោក​នឹង​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​នៃ​អ្នក​គ្មាន​ដីធ្លី។​

លោក​បាន​ថ្លែង​ថា៖​

«ប្រជាជន​ដែល​គ្មាន​ដី​ធ្លី​នឹង​ត្រូវ​បាន​ផ្តល់​ដី​សម្រាប់​សាងសង់​ផ្ទះ​ និង​ធ្វើ​ចម្ការ តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច»។​

សម្រាប់​លោក ​ង៉ែត ស៊ីម ​ដែល​បាន​ធ្វើ​ដំណើរ​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ ជា​ច្រើន​ដង​មក​ហើយ​នោះ​ បាន​មាន​ប្រសាសន៍​ថា ​លោក​និង​អ្នក​ភូមិ​ផ្សេង​ទៀត ត្រូវ​បាន​ផ្តល់​សំណង​ជា​លុយ​ចំនួន​៣ពាន់​ដុល្លារ ​រហូត​មក​ដល់​ពេល​នេះ ប៉ុន្តែលោក​នៅ​តែ​ទាមទារ​ឲ្យ​មាន​ការ​ផ្តល់​ដី​២​ហិកតា​ដើម្បី​លោក​អាច​ធ្វើ​ចម្ការ​ចិញ្ចឹម​ជីវិត​គ្រួសារ​របស់​លោក។ ​លោក​មាន​ប្រសាសន៍​ថា អា​ជ្ញាធរ​បាន​សន្យា​ថា​ នឹង​ដោះស្រាយ​បញ្ហា​នេះ ​ក្រោយ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩​ ខែ​កក្កដា ​ឆ្នាំ​២០១៨។​

លោក​មាន​ប្រសាសន៍​ថា៖​

«ដល់​តែ​ពេល​យើង​អត់​អីចឹង​ យើង​បាត់​បង់​អស់​ហើយ​បង។​ អា​ហ្នឹង​សង្ឃឹម​តែ​លើ​កម្លាំង​ញើស​ឈាម​របស់​យើង ​ស៊ី​ឈ្នួលគេ​មួយ​ថ្ងៃៗ ​ប្រចាំ​ថ្ងៃ​ហ្នឹង»៕