លោក​ហ៊ុន​ ​សែន​ ថា​កម្ចី​បំណុល​ពី​ចិន​មិន​ទាន់​ដល់​កម្រិត​ព្រួយ​បារម្ភ​នៅ​ឡើយ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ ​សែន​ បាន​បង្ហាញ​ការ​ជឿជាក់​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ធំ​មួយ​នៅក្នុង​ទីក្រុង​តូក្យូ​ថា ​កម្ពុជា​នឹង​មិន​ធ្លាក់​ចូល​ក្នុង​អន្ទាក់​បំណុល​​ចិន​ឡើយ ខណៈ​​​សហគមន៍​អន្តរជាតិ​ជា​រឿយៗ​បាន​ចោទ​សួរ​ពី​សមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​សង​កម្ចី​ឥណទាន​ក្រៅ​ប្រទេស។

នៅ​ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ម្សិលមិញ​ទាក់ទិន​នឹង​បំណុល​របស់​ចិន​ ​លោក​ហ៊ុន​ ​សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​និយាយ​ថា​ ​កម្ពុជា​មិន​ទាន់​ឈាន​ដល់​កម្រិត​ដែល​ត្រូវ​ព្រួយ​បារម្ភ​នោះ​ទេ។​ ការ​ថ្លែង​របស់​លោក​កើតឡើង ​ខណៈ​មាន​ការ​ព្រួយ​បារម្ភ​ពី​អ្នក​វិភាគ​ថា ​រដ្ឋាភិបាល​កម្ពុជា​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​ប្រាក់​កម្ចី​ពី​រដ្ឋាភិបាល​ចិន។

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​«អនាគត​អាស៊ី»​ ប្រចាំ​ឆ្នាំ​លើក​ទី២៥​ ​ដែល​ធ្វើឡើង​នៅ​ទីក្រុង​តូក្យូ​ ​ប្រទេស​ជប៉ុន​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ហ៊ុន​ ​សែន​ បាន​ច្រាន​ចោល​ការ​ចោទ​សួរ​ដែល​ថា​ កម្ពុជា​អាច​នឹង​ធ្លាក់​ក្នុង​អន្ទាក់​បំណុល​របស់​ចិន​តាម​រយៈ​គម្រោង​ផ្លូវ​ក្រវាត់​ពាណិជ្ជ​កម្ម​ចិន​ ឬ (BRI)​ ​ឬ​ទេ។​

នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​ដែល​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ធំ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ លោក​ហ៊ុន សែន​ បាន​មាន​ប្រសាសន៍​ថា៖

«ខ្ញុំ​អាច​បញ្ជាក់​បាន​ថា​ ​មិន​ដល់​កម្រិត​នោះ​ទេ។ ប៉ុន្តែ​រឿង​ប្រទេស​ដទៃ​ ​មិនមែន​គ្រាន់​តែ​ប្រទេស​ខ្លះ​ជំពាក់​បំណុល​គេ​រហូត​ទៅ​ដល់​ ២០០​ ភាគរយ​ ​៣០០ ​ភាគរយ​ ​ឬ​៥០០ ​ភាគរយ​នៃផលិត​ផល​សរុប​ក្នុងស្រុក​ ​GDP​ ​ប៉ុន្តែ​មិន​មែន​បាន​ជំពាក់​ចិន​ឯ​ណា។​ ​វា​មិន​មែន​ជា​អន្ទាក់​របស់​ចិន​ទេ។​ ​ប្រទេស​ខ្លះ​អត់​ទាំង​ជំពាក់​ចិន​ផង​ ​ប៉ុន្តែ​ជំពាក់​តាំងពី​មុន​ពេល​ដែល​ចិន​មាន​នយោបាយ​ផ្លូវ​នឹង​ខ្សែ​ក្រវាត់​ឯ​ណោះ»។​

លោក​បាន​លើក​ឡើង​បន្ថែម​ពី​លទ្ធភាព​ក្នុង​ការ​រក្សា​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ក្នុង​ការ​ខ្ចី​បំណុល​ឥណទាន​ពី​ប្រទេស​ដទៃ​ ​និង​ការ​គោរព​របស់​ប្រទេស​ចិន​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​ប្រាក់​កម្ចី។

លោក​បាន​មាន​ប្រសាសន៍​ថា៖

«យើង​រក្សា​បាន​នូវ​អធិប​តេយ្យ​របស់​យើង​នៅ​ក្នុង​ការ​ខ្ចី​ គឺ​យើង​ខ្ញុំ​ខ្ចី​ទៅ​តាម​គម្រោង​ដែល​យើង​ខ្ញុំ​ត្រូវ​ការ​ប៉ុណ្ណោះ​ ​ហើយ​ចិន​គោរព​នូវ​ការ​សម្រេច​របស់​យើង។ ​នេះ​គឺ​ជា​ចំណុច​ទីមួយ​ដែល​ខ្ញុំ​សូម​គូស​បញ្ជាក់​ថា​ ​ចិន​មិន​បា​នប​ង្ខំ​ឲ្យ​យើង​ធ្វើ​នេះ ​ឬ​ធ្វើ​នោះ​ទេ។ ប៉ុន្តែ​ចិន​បាន​គោរព​នូវ​ការ​សម្រេច​ចិត្ត​របស់​យើង​ ​តើ​ប្រើប្រាស់​ឥណទាន​ដែល​យើង​ខ្ចី​នេះ​យក​ទៅ​ធ្វើ​អ្វី»។

កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​មាន​ទំនោរ​ទៅ​ខាង​ប្រទេស​ចិន​ខ្លាំង​នៅ​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ​ដោយ​សារ​ប្រទេស​ចិន​តែងតែ​ផ្តល់​ឥណទាន​ដល់​កម្ពុជា​ដោយ​មិន​ដាក់​លក្ខខណ្ឌ​ ឬ​មិន​តម្រូវ​ឲ្យ​កម្ពុជា​ធ្វើតាម​ក្រឹត្យក្រម​ដូច​ប្រទេស​មហា​អំណាច​ផ្សេង​ទៀត​នោះ​ទេ។​

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ កម្ចី​ឥណទាន​ពី​ប្រទេស​ចិន​សរុប​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៨​ មាន​ចំនួន​ជាង៤ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ​ស្មើ​នឹង​ ៤០ ​ភាគរយ​នៃ​កម្ចី​សរុប​ ​ដែល​ជា​តួលេខ​ធំ​ជាង​កម្ចី​ពី​ប្រទេស​ផ្សេង​ទៀត។​

ទោះ​ជា​កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​សង​ចំ​ណុល​ឥណទាន​ក្នុង​រយៈពេល​យូរ​ ​លោក​បណ្ឌិត​មាស នី​ ​អ្នក​វិភាគ​នយោបាយ​កម្ពុជា​ ​និង​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម​បាន​ប្រាប់​ ​VOA​ ​ថា​ ​បំណុល​ទាំង​នេះ​នឹង​អាច​ធ្លាក់​ទៅ​លើ​យុវជន​ជំនាន់​ក្រោយ​ ​បើសិន​ជា​កម្ពុជា​ជួប​ប្រទះ​នឹង​វិបត្តិ​សេដ្ឋ​កិច្ច ​ឬ​វិបត្តិ​នយោបាយ​ណា​មួយ​នៅ​ក្នុង​ពេល​អនាគត។​

លោក​បាន​និយាយ​ថា៖​

«បើ​និយាយ​អំពី​កម្រិត​នៃ​ខ្ចី យើង​ទទួល​ស្គាល់​ថា​ ​យើង​មិន​ទាន់​ដល់​មែន​ ​ក៏​ប៉ុន្តែ​អាស្រ័យ​ទៅលើ​ការ​ដឹកនាំ​ប្រទេស​ដែរ។ បើ​សិន​ជា​ប្រទេស​របស់​យើង​នេះ​ឈាន​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយ​ធ្ងន់ធ្ងរ​រហូត​ដល់​ ឧទាហរណ៍​ បើ​មាន​សង្គ្រាម​ស៊ីវិល​កើត​ឡើង​ ​ឬ​ក៏​មាន​វិបត្តិ​នយោបាយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​យើង​មិន​ទៅ​មុខ យើង​អាហ្នឹង​ ការ​សង​របស់​យើង​នឹង​មាន​បញ្ហា​ ​ឬ​ក៏​យើង​មិន​អាច​សង​បាន​ ​ហើយ​យើង​ទុក​ឲ្យ​យុវជន​ជំនាន់​ក្រោយៗ​ទៀត​សង​ជំនួស​បាទ»។​

យោង​តាម​ព្រឹត្តិប័ត្រ​ស្ថិតិ​បំណុល​សាធារណៈ​របស់​កម្ពុជា​រៀបចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​ ​ប្រទេស​កម្ពុជា​ជំពាក់​បំណុល​ក្រៅ​ប្រទេស​ចំនួន​សរុប​ជាង​ ១១​ពាន់​លាន​ដុល្លារ​អាមេរិក ​គិត​ត្រឹម​ដំណាច់​ឆ្នាំ ២០១៨៕