លោក ​ហ៊ុន សែន​ បដិសេធ​មិន​អត្ថាធិប្បាយ​លម្អិត​អំពី​ការ​ជំរុញ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ពី​សំណាក់​សហ​រដ្ឋ​អាមេរិក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden និង​នាយករដ្ឋមន្ត្រីកម្ពុជា​លោក ហ៊ុន សែន ចូលរួ​ម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​​-សហរដ្ឋ​អាមេរិក នៅ​ក្នុង​អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ២០២២។ ASEAN2022 Phnom Penh Media Center via REUTERS

​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​អាទិត្យ ​បាន​បដិសេធ​មិន​ឆ្លើយ​តប​សំណួរ​អ្នក​សារ​ព័ត៌​មានមួយ​រូប​ ដែល​បា​ន​ចោទសួរ​ទាក់​ទង​សេច​ក្តី​ប្រកាស​ព័ត៌​មាន​របស់​សេតវិមាន​សហ​រដ្ឋ​អាមេរិក​ស្តីពី​ជំនួប​របស់​លោក​ជាមួយ​ប្រធានាធិបតី​អាមេរិក ដែល​មាន​ការ​ជំរុញ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ​និងបើក​លម្ហ​សេរីភាព​ស៊ីវិល​ និង​នយោបាយ។​

កាលពី​ថ្ងៃ​ទី១៣ ​ខែ​វិច្ឆិកា លោក Joe Biden ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​បាន​ជួប​ទ្វេភាគី​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​គ្រា​ដែល​លោក ​Biden​ បាន​មក​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។ ​ក្រោយ​ពី​ជំនួប​នេះ ​សេតវិមាន​អាមេរិក​បានចេញ​សេចក្តី​ប្រកាស​ព័ត៌​មាន​មួយ ​ដោយ​បញ្ជាក់​ថា លោក​ Biden​ បាន​ជំរុញ​ឱ្យកម្ពុជា​ដោះ​លែង​សកម្ម​ជន ​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន ​ក្នុង​នោះ​មាន​កញ្ញា​ សេង ធារី ​មេធាវី​សញ្ជាតិ​ខ្មែរ​អាមេរិកាំង​ ​និង​បើក​ចំហ​សេរី​ភាព​ស៊ីវិល ​និង​នយោបាយ​ នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២៣​ខាង​មុខ។ ​លោក​ប្រធានាធិបតី​បាន​លើក​ឡើង​អំពី​ការ​ព្រួយ​បារម្ភ​ទាក់​ទង​នឹង​ស្ថានភាព​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម ​និង​សង្កត់​ធ្ងន់​ពី​សារៈ​សំខាន់​នៃ​តម្លាភាព​ពេញ​លេញ​អំពី​សកម្ម​ភាព​របស់​យោធា​ចិន​នៅ​មូលដ្ឋាន​កងទ័ព​ជើង​ទឹករាម​ផង​ដែរ។ ​

​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​ថ្ងៃ​អាទិត្យ ​លោកនាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​បដិសេធសំណួរ​របស់អ្នក​សារព័ត៌​មានម្នាក់​ដែល​សួរ​អំពី​ការ​ជំរុញ​ការ​បើក​លម្ហ​សេរីភាព​ស៊ីវិល​ និង​នយោបាយ​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក។​

លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងជំនួបទ្វេភាគី ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២២។

លោក ​ហ៊ុន សែន ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ដែល​ចោទ​ជា​សំណួរ​ឱ្យទៅ​សួរ​សហ​រដ្ឋ​អាមេ​រិក​វិញ។​ លោក​បញ្ជាក់​ថា​ ក្នុង​ជំនួប​រវាង​លោក ​និង​លោកJoe Biden ​ប្រធានាធិបតី​អាមេរិក ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​ជា​ទូទៅ​ ដែល​រួមមានការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​របស់​កម្ពុជា​នៅឆ្នាំ​ក្រោយជា​ដើម។ ​

​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​ស្ដីពី​លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០​ និង៤១ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ ​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ប្រតិកម្មតប​ថា៖ ​«ទាក់​ទង​អាមេ​រិក​ប្រកាស​អី ​ អាហ្នឹង​ទៅ​សួរ​អាមេរិក​ខ្លួន​ឯ​ង​ទៅ! ​សួរ​អាមេរិក​ខ្លួន​ឯង​ទៅ!​ ខ្ញុំ​អត់​ឆ្លើយ​ទេ ​ ព្រោះ​ខ្ញុំ​អត់​ដឹង​ថា​ អាមេរិក​និយាយ​ពីអី​ផង​ ព្រោះ ​Joe Biden ​គាត់​អត់​និយាយ​អី​ជា​មួយ​ខ្ញុំ​ច្រើន​ទេ។ ...​ស្ថានទូត​អាមេរិក​មា​ន! ​សួរ​ទៅ!​ ​Email ​ទៅ!​ ​សួរ​អាមេរិក​ទៅ។ ​កុំមក​សួរ​ខ្ញុំ ​ព្រោះ​ខ្ញុំ​ដឹង​តែ​ធ្វើ​កិច្ច​ការ​ងារ​ប្រទេស​ខ្ញុំ​តែ​ប៉ុណ្ណឹង»។​

​លោក​បន្ត​ថា៖ ​«ហើយ​ខ្ញុំ​ក៏​បាន​ប្រាប់​នៅពេល​គាត់​និយាយ​ពី​បញ្ហា​នេះ បញ្ហានោះ។​ ក្នុង​ពេល​សន្ទនា​ជា​មួយ​គ្នា​ ​ខ្ញុំ​ក៏​បាន​លើក ​គាត់​ក៏​និយាយ​ពី​ដំណើរ​ការ​បោះ​ឆ្នោ​តឆ្នាំ​ក្រោយ។​ ខ្ញុំ​ក៏​បាន​និយាយ​ពី​ដំណើរ​ការ​បោះឆ្នោត​ជា​ហូរ​ហែ ​ហើយ​អំពី​ការ​ព្យាករ​ទុក​នៅ​ឆ្នាំ​ក្រោយ​នេះ​វា​យ៉ាង​ម៉េច។ ​បន្ថែម​ពី​លើ​នេះ​ យើង​ក៏មាន​និយាយ​ពី​បញ្ហា​នេះ​ បញ្ហា​នោះ​ទៀត។​ វា​មិន​មែន​គ្រាន់តែ​ជា​បញ្ហា​ដាច់​ដោយ​ឡែក​...។ ​ Joe Biden ​មក​នេះ មិន​មែន​និយាយរឿង​ផ្ទៃ​ក្នុង​កម្ពុជា​ទេ ​មក​និយាយ​ពី​បញ្ហា​សកល។​ អា​នេះ​ខ្ញុំ​គ្រាន់​បញ្ជាក់​ជូន​ប៉ុណ្ណឹង»។​

អ្នក​សារ​ព័ត៌មាន​របស់​វិទ្យុ​សំឡេង​សហ​រដ្ឋ​អាមេរិក ​និង​វីអូឌី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​សន្និសីទ​សារ​ព័ត៌មាន​របស់​លោក​ ហ៊ុន សែន​ ឡើយ ​ក្រោម​ហេតុ​ផល​ថា​ ស្ថាប័ន​សារ​ព័ត៌មាន​ទាំង​ពីរ​ត្រូវ​បាន​មន្រ្តី​ថ្នាក់​លើ​មិន​អនុញ្ញាត​ឲ្យ​ទទួល​កាត​ដើម្បី​ចូលរួម​ក្នុង​សន្និសីទ​ ដូច​អ្នក​សារព័ត៌មាន​ផ្សេង​ទៀត​ រួម​ទាំង​អ្នក​សារ​ព័ត៌មាន​បរទេស​ផង​ដែរ។​

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ លោក ​ស៊ឹង សែនករុណា ​ថ្លែង​ថា ​ក​ម្ពុជា​គួរតែ​បញ្ជាក់​ការណ៍​ពិត​ឱ្យ​ប្រជាជន​បាន​ដឹង​ដើម្បី​ធានា​ថា​ កម្ពុជា​ពិត​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​លទ្ធិ​ប្រជា​ធិបតេយ្យ ​ ហើយ​ត្រូវពិចារណា​រាល់​ការ​លើក​ឡើង​របស់​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក ​ក្នុង​ការ​បើក​លម្ហ​លទ្ធិ​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​ឡើង​វិញ​ដើម្បី​ជា​ផល​ប្រយោជន៍​រួម​របស់​កម្ពុជា។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​គួរតែ​កម្ពុជា​មាន​ការ​នូវ​អ្វី​ដែល​ជា​ការ​ថ្លែង​លើក​ឡើង។ ​ហើយ​បញ្ហា​ទាំង​អស់​នេះ​ ​បើ​កាល​ណា​យើង​មាន​ការ​ជជែក​ពិភាក្សា​ ហើយ​សូម្បី​ការណ៍​ពិត​មួយ​ យើង​មិនអាច​បង្ហាញ​សាធារណ​ជន​បាន!​ ហើយ​សម្រាប់ការ​លើកឡើង​ទាំង​អស់នេះ​ ​សម្រាប់​ខ្ញុំ ​ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ ព្រោះ​ការ​លើក​ឡើង​ទាំង​អស់​នេះ​ក្នុង​នាម​ជា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​ គេ​មិន​ចេះ​តែ​លើក​មក​និយាយ​ចោល​នោះ​ទេ។ ​អ៊ីចឹង​យើង​ខ្លាច​ថា ​ការ​លើក​ឡើង​ហ្នឹង​ ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ ហើយ​យើង​បែរ​ជា​ច្រាន​ចោល ​ហើយ​មិន​មាន​ការ​បញ្ជាក់​ឱ្យ​មាន​ភាព​ច្បាស់​លាស់»។​

គួរ​បញ្ជាក់​ថា​ កាលពី​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក ​លោក​ Antony Blinken ​ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ កាល​ពី​ដើម​ខែ​សីហា ​ឆ្នាំ​២០២២​ លោក​ក៏​បាន​ស្នើឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​កញ្ញា​ សេង ធារី ​និង​បើក​លម្ហ​សេរីភាព​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕