លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានបង្ហោះសារលើបណ្តាញសង្គមរបស់លោក ដោយហៅអ្នកដែលណែនាំឲ្យប្រជាពលរដ្ឋកុំទៅចូលរួមបោះឆ្នោតថាជាជនមានបំណងបំផ្លាញលទ្ធិប្រជាធិបតេយ្យ។ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពហិការកុំទៅចូលរួមការបោះឆ្នោតលើកឡើងថា លោក ហ៊ុន សែន ខ្លួនឯងជាអ្នកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈពលរដ្ឋ តាមរយៈការរំលាយគណបក្សសង្គ្រោះជាតិ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានហៅអ្នកដែលណែនាំឲ្យពលរដ្ឋកុំទៅបោះឆ្នោត ថាជា «ជនអគតិ» មានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ ខណៈអង្គការឃ្លាំមើលការបោះឆ្នោតធំមួយនៅកម្ពុជា ប្រកាសមិនចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាខាងមុខ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមានប្រជាពលរដ្ឋជាង៦៩ភាគរយទៅចូលរួមបោះឆ្នោត ខណៈប្រជាពលរដ្ឋក្នុងសហគមន៍អឺរ៉ុប បានទៅបោះឆ្នោតថាមានចំនួនត្រឹម៣០ភាគរយ សហរដ្ឋអាមេរិកមានពលរដ្ឋទៅបោះឆ្នោតចំនួន៤០ភាគរយ។ លោកបន្ថែមថា ចំនួនភាគរយអ្នកចេញទៅបោះឆ្នោតនៅកម្ពុជានេះ ជាការបង្ហាញអំពីការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យពិតប្រាកដក្នុងប្រទេស ដែលលោកថា ខុសពីការលើកឡើងរបស់ជនអគតិមួយចំនួន។ នេះបើយោងតាមសារដែលបានបង្ហោះ ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន នាថ្ងៃពុធ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ បានសរសេរបន្ថែមក្នុងន័យដើមថា៖ «ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនឲ្យទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានអំពាវនាវជាថ្មីទៀតឲ្យប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខទាំងអស់គ្នា និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជារបស់លោក ដើម្បីឲ្យលោកមានឱកាសដឹកនាំប្រទេសជាតិយូរអង្វែងបន្តទៀត។
ការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងខណៈលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិដែលកំពុងស្ថិតនៅបរទេស ប្រកាសអំពាវនាវជាបន្តបន្ទាប់ឲ្យអ្នកគាំទ្រគណបក្សប្រឆាំងធ្វើពហិកាមិនទៅចូលរួមការបោះឆ្នោត។
យ៉ាងណាក៏ដោយលោក សម រង្ស៊ី បានប្រាប់ VOA តាមរយៈសារអេឡិចត្រូវនិច ឬអ៊ីមែលនារសៀលថ្ងៃពុធនេះថា អ្នកដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងបំផ្លាញឆន្ទៈរបស់ប្រជាពលរដ្ឋ គឺជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ខ្លួនឯង។
លោកបញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«លោក ហ៊ុន សែន ខ្លួនឯង បានសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងបានបំផ្លាញឆន្ទៈពលរដ្ឋខ្មែរជាង ៣លាននាក់ រួចទៅហើយ នៅពេលដែលគាត់បានរំលាយគណបក្សសង្គ្រោះជាតិ ហើយសម្រេចរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលគណបក្សគាត់ (CPP) អស់មានគូប្រកួតមែនទែនតែមួយគត់ គឺគណបក្សសង្គ្រោះជាតិនេះតែម្តង»។
គណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយទៅតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយចោទថា គណបក្សនេះបានឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយលោក ហ៊ុន សែន។ ចំណែកមន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨នាក់ ត្រូវបានព្យួរសិទ្ធិធ្វើនយោបាយម្នាក់ៗចំនួន៥ឆ្នាំ។ ខណៈប្រធានបក្សជំទាស់ដ៏ធំនេះ គឺលោក កឹម សុខា រួមទំាង មន្ត្រីនិងសកម្មជនរបស់ខ្លួនជិត ២០នាក់ កំពុងស្ថិតក្នុងការឃុំឃាំងនៅពន្ធនាគារទូទាំងប្រទេសកម្ពុជា។
ការរំលាយគណបក្សសង្គ្រោះជាតិដែលមានអ្នកបោះឆ្នោតគាំទ្រជាង៤០ភាគរយ ឬប្រមាណជាជាង៣លាននាក់ នៅទូទាំងប្រទេសកាលពីការបោះឆ្នោតឆ្នាំ២០១៧ ត្រូវបានស្ថាប័ន និងអង្គការអន្តរជាតិធំៗជាច្រើនរិះគន់ និងបង្ហាញការបារម្ភថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងប្រឈមនឹងភាពខ្ទេចខ្ទី ខណៈស្ថាប័នអន្តរជាតិមួយចំនួនបានអំពាវនាវជាបន្តបន្ទាប់ឲ្យគណបក្សសង្រ្គោះជាតិអាចចូលរួមការបោះឆ្នោតឆ្នាំ២០១៨នេះវិញ ដើម្បីធានាថា ការបោះឆ្នោតនេះប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កាលពីថ្ងៃចន្ទ បានបិទបញ្ចប់នីតិវិធីចុះបញ្ជីឈ្មោះគណបក្សនយោបាយ និងបេក្ខជនសម្រាប់ការឈរឈ្មោះបោះឆ្នោតតំណាងរាស្រ្ត។ ក្រោយការប្រកាសបិទបញ្ចប់ភ្លាមៗ គណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមិនអនុញ្ញាតឲ្យគណបក្សនេះចូលរួមក្នុងការបោះឆ្នោត និងបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរកុំទៅបោះឆ្នោត ក៏ដូចជាស្នើដល់សហគមន៍អន្តរជាតិកុំឲ្យទទួលស្គាល់លទ្ធផលបោះឆ្នោត និងផ្តាច់ជំនួយពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជាដើម។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគ និងជាអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា លើកឡើងថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬការអំពាវនាវឲ្យប្រជាពលរដ្ឋបោះឆ្នោតឲ្យគណបក្សណាមួយ គឺជាការប្រទាញប្រទង់ដើម្បីរកការគាំទ្រក្នុងភាពជាអ្នកនយោបាយប៉ុណ្ណោះ។ លោកបន្ថែមថា កម្ពុជាមិនមានច្បាប់កំណត់ថា ប្រជាពលរដ្ឋត្រូវតែទៅបោះឆ្នោតនោះទេ ដូច្នេះលោកថា ការអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ក៏មិនមែនជាអំពើខុសច្បាប់នោះដែរ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំគិតថាបើច្បាប់មិនមានការហាមឃាត់ អ្នកដែលអាចអំពាវនាវបាន អ្នកនយោបាយហ្នឹងនៅតែអាចមានសិទ្ធិធ្វើបានដែរ ប៉ុន្តែបើសិនក្នុងករណីដែលច្បាប់បោះឆ្នោតបានកម្រិតថា ការបោះឆ្នោតជាកាតព្វកិច្ចរបស់ពលរដ្ឋ អាហ្នឹងខ្ញុំគិតថាពលរដ្ឋគឺត្រូវតែចូលរួមទាំងអស់គ្នា មិនអាចគេចវេសបានទេ។ អញ្ចឹងកាលណាភាពខ្វះចន្លោះហ្នឹង ចរន្តនេះអាចជំរុញឲ្យថ្ងៃខាងមុខ ថ្ងៃអនាគត ច្បាប់បោះឆ្នោតហ្នឹងនឹងអាចមានវិសោធនកម្មខ្លះទៀតហើយ»។
ថ្មីៗនេះ អង្គការខុមហ្វ្រែលដែលតែងសកម្មក្នុងការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា និងជាអង្គការសំខាន់ក្នុងការបង្កើតបន្ទប់ស្ថានការណ៍វាយតម្លៃការបោះឆ្នោតនាពេលកន្លងមក បានប្រកាសមិនចូលរួមឃ្លាំមើលការបោះឆ្នោតអាណត្តិនេះ។
លោក កន សាវាង្ស មន្ត្រីឃ្លាំមើលការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល ប្រាប់ VOA ថា ខុមហ្វ្រែលសម្រេចថាមិនដាក់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោតចុងខែកក្កដា ឆ្នាំ២០១៨នេះ ដោយសារមានសម្ពាធពីរដ្ឋាភិបាលនាពេលកន្លងមកពាក់ព័ន្ធនឹងការចោទប្រកាន់ថា អង្គការឃ្លាំមើលការបោះឆ្នោតមួយចំនួនបានគាំទ្រការធ្វើបដិវត្តពណ៍ដើម្បីផ្តួលរំលំរដ្ឋាភិបាល។ លោកបន្ថែមថា ការចោទប្រកាន់បន្ទប់ស្ថានការណ៍ដែលមានអង្គការជាង៤០ ក្នុងការឃ្លាំមើលការបោះឆ្នោតនាពេលកន្លងមក ថាជាបណ្តុំអង្គការខុសច្បាប់ និងព្រមានបិទអង្គការទាំងនោះ ក៏ជាមូលហេតុសំខាន់មួយទៀតផងដែរ។
លោកបញ្ជាក់ថា៖
«ចំណុចទាំងពីរនេះគឺជាចំណុចមួយដែលធ្វើឲ្យសង្គមស៊ីវិលទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំងទៅនឹងការបង្ហាញ គួបផ្សំជាមួយនឹងការបង្ហាញ ការលើកឡើងដដែលៗរបស់ប្រព័ន្ធព័ត៌មាន ដែលគាំទ្ររដ្ឋាភិបាលហ្នឹង លើកឡើងដដែលៗអំពីសង្គមស៊ីវិលហ្នឹង ធ្វើឲ្យអង្គការសង្គមស៊ីវិលទាំងអស់ដែលចូលរួមការបោះឆ្នោតហ្នឹងមានការព្រួយបារម្ភ»។
ទោះយ៉ាងណាលោកថា លោកមិនអាចបញ្ជាក់ជំហររបស់អង្គការទាំងជាង៤០ផ្សេងទៀតដែលបានចូលរួមបង្កើតបន្ទប់ស្ថានការណ៍ ថានឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនេះ ឬយ៉ាងណានោះទេ ប៉ុន្តែលោកថា អង្គការខុមហ្វ្រែលក៏នឹងមានប្រជាពលរដ្ឋដែលនឹងចាំឃ្លាំមើលដំណើរការនៃការបោះឆ្នោតនេះ។
ក្រោយការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១៧ ប៉ុន្មានថ្ងៃ «បន្ទប់ស្ថានការណ៍» ជាក្រុមអង្គការសង្គមស៊ីវិលប្រមាណ៤០ ចូលរួមឃ្លាំមើលការបោះឆ្នោត បានចេញសេចក្តីថ្លែងការណ៍លើបញ្ហាមួយចំនួន ដែលបានកើតឡើងមុនថ្ងៃបោះឆ្នោត ដូចជាបរិយាកាសដែលមានការគាបសង្កត់ខាងនយោបាយ វិសមភាពហិរញ្ញវត្ថុឃោសនាបោះឆ្នោត និងការប្រើប្រាស់ធនធានរដ្ឋដែលខ្វះសមធម៌ និងតម្លាភាព ទីលានប្រជែងនយោបាយខ្វះសមភាព និងភាពចម្រូងចម្រាសនៃបទបញ្ញត្តិក្នុងក្របខណ្ឌច្បាប់បោះឆ្នោត និងច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់គណបក្សនយោបាយជាដើម។ ក្រោយចេញសេចក្តីថ្លែងការណ៍នោះ រដ្ឋាភិបាលបានចោទថា ក្រុមបន្ទប់ស្ថានការណ៍ជាបណ្តុំអង្គការដែលបង្កើតឡើងដោយខុសច្បាប់ និងត្រូវរងការព្រមានពីក្រសួងមហាផ្ទៃ ហាមមិនឲ្យបន្ទប់ស្ថានការណ៍នេះកើតមានតទៅទៀត។
យ៉ាងណាក៏ដោយ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាជាតិរៀបចំការបោះឆ្នោតលើកឡើងថា ការអំពាវនាវណាមួយមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺជាសកម្មភាពខុសច្បាប់ និងផ្ទុយពីតថភាពសង្គម។ លោកបន្ថែមថា សម្រាប់ការសម្រេចរបស់ក្រុមអង្គការសង្គមស៊ីវិលក្នុងការចូលរួម ឬមិនចូលរួមឃ្លាំមើលការបោះឆ្នោត គឺជាសិទ្ធិរបស់ពួកគេ និងថា អវត្តមានរបស់ក្រុមអង្គការទាំងនោះ នឹងមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។
លោកបញ្ជាក់ថា៖
«បើសិនជាអង្គការសមាគមពីរបី លោកមិនដាក់អ្នកសង្កេតការណ៍ ឧទាហរណ៍ទេ គឺមានអង្គការសមាគមផ្សេងលោកបានដាក់អ្នកសង្កេតការណ៍ អញ្ចឹងរឿងនេះមិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ បានន័យថាអ្វីដែលការរៀបចំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រព្រឹត្តទៅដោយធម្មតា មិនមានអ្វីជាឧបសគ្គ និងមិនមានអ្វីជាការព្រួយបារម្ភដែរ ការបោះឆ្នោតនឹងនៅតែធ្វើទៅតាមការគ្រោងទុក»។
រហូតមកដល់ពេលនេះ មានគណបក្សចំនួន៥បានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជាផ្លូវការ ខណៈគណបក្សចំនួន១៥ កំពុងត្រូវបាន គ.ជ.ប ពិនិត្យដើម្បីសម្រេច។ ចំណែកគណបក្សនយោបាយចំនួន៥ផ្សេងទៀត រួមមាន គណបក្សសិទ្ធិមនុស្ស គណបក្សភ្លើងទៀន គណបក្សអំណាចខ្មែរ គណបក្សមហាសាមគ្គីជាតិខ្មែរ គណបក្សជាតិនិយម ប្រកាសមិនចូលរួមការបោះឆ្នោត។ គណបក្សទាំងនោះបញ្ជាក់ថា ការមិនចូលរួមបោះឆ្នោតគឺដោយសារការបោះឆ្នោតនេះធ្វើឡើងផ្ទុយពីឆន្ទៈរាស្រ្ត ខ្លះទៀតថាជាការរៀបចំឲ្យគណបក្សកាន់អំណាចបន្តការឈ្នះឆ្នោតដោយស្របច្បាប់ ខ្លះទៀតថា ស្ថានភាពនយោបាយកម្ពុជាបច្ចុប្បន្នមិនអំណោយផលជាដើម៕