លោកនាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្វើការវាយតបចំពោះអ្នករិះគន់ដែលថា កម្ពុជាមានទំនោរទៅកាន់ប្រទេសចិនដោយមានទស្សនកិច្ចរបស់លោក ហោ ណាំហុង ទៅកាន់ប្រទេសចិនភ្លាមៗក្រោយទស្សនកិច្ចរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក។ លោក ហ៊ុន សែន ក៏បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលកម្ពុជាទាក់ទិននិងសមុទ្រចិនខាងត្បូងផងដែរ។
នាព្រឹកថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានប្រតិកម្មធ្ងន់ៗតបនឹងការរិះគន់របស់អ្នកវិភាគដែលថា កម្ពុជាមានភាពលម្អៀងទៅកាន់ប្រទេសចិន ជាជាងសហរដ្ឋអាមេរិក ក្នុងគោលនយោបាយទំនាក់ទំនងការបរទេសរបស់ប្រទេសកម្ពុជា។
លោកនាយករដ្ឋមន្ត្រីដែលកាន់អំណាចជាង៣០ឆ្នាំនឹងធ្លាប់ជារដ្ឋមន្ត្រីនៃក្រសួងការបរទេសផងនោះ បានបញ្ជាក់ចំៗជាសារធារណៈក្នុងពិធីចែកសញ្ញាប័ត្រមួយនាថ្ងៃសុក្រនេះថា កម្ពុជាមានគោលនយោបាយការបរទេស អព្យាក្រឹតនិងចង់ចងមិត្តភាពជាមួយប្រទេសនានាលើពិភពលោក ដោយមិនរើសអើងអ្វីនោះទេ។
«ខ្ញុំសូមបញ្ជាក់ថា នយោបាយការបរទេសឯករាជ្យ អធិបតេយ្យភាពរបស់កម្ពុជា មិនតម្រូវឲ្យសុំយោបល់អ្នកណាទាំងអស់។ ហើយរឿងនេះគឺជារឿងដែលខ្ញុំព្រះករុណាខ្ញុំ ធ្លាប់ធ្វើរដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំតំាងពីអ្នកវិភាគឯករាជ្យខ្លះ ដែលតាំងខ្លួនជាអ្នកវិភាគឯករាជ្យនៅស្រាតខោរត់លេងនៅឡើយនោះទេ»។
លោក ហ៊ុន សែន បន្ថែមថា គោលនយោបាយបរទេសរបស់ប្រទេសកម្ពុជាគឺមិនត្រូវការរើសយកប្រទេសណាមួយ ហើយចោលប្រទេសណានោះទេ។ ហើយវាក៏គ្មានភាពចាំបាច់ក្នុងការលាតត្រដាងគោលនយោបាយការបរទេសរបស់ខ្លួននោះទេ។
ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺធ្វើឡើងបន្ទាប់ពីមាន ការរិះគន់លើដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រី ហោ ណាំហុង ទៅកាន់ប្រទេសចិនភ្លាមៗក្រោយពេលមានដំណើរទស្សនកិច្ចដ៏កម្រមួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) កាលពីចុងខែមករាកន្លងមកនេះ។ លោករដ្ឋមន្ត្រីការបរទេស ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានមុនពេលដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកទៅកាន់ក្រុងប៉េកាំងថា កិច្ចប្រជុំទ្វេភាគីនេះនឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជានិងចិនឲ្យកើនឡើងដល់ ៥.០០០លានដុល្លារនៅឆ្នាំខាងមុខ។ ហើយចិនក៏មានបំណងជួយឲ្យជីវភាពប្រជាជនខ្មែរនៅជនបទឲ្យមានជីវភាពប្រសើរផងដែរ។
Your browser doesn’t support HTML5
ក្រោយកិច្ចប្រជុំជាមួយលោក ហោ ណាំហុង និងលោកយ៉ាង ជាឈី (Yang Jiechi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក Liu Zhenmin អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន បានប្រាប់បណ្តាញព័ត៌មានរដ្ឋរបស់ចិន Xinhua ថា កម្ពុជាចិនបានឯកភាពក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងដោយផ្អែកលើគោលការណ៍សន្តិភាពតាមរយៈកិច្ចចរចារវាងប្រទេសដែលស្ថិតក្នុងជម្លោះ។ ចិននិងប្រទេសអាស៊ានត្រូវធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន បានសង្កត់ធ្ងន់ពីគោលជំហររបស់កម្ពុជានាព្រឹកថ្ងៃសុក្រថា លោកក៏បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងដំណោះស្រាយជម្លោះសមុទ្រចិនខាងត្បូងផងដែរ ក្នុងជំនួបរវាងលោកនិងលោក ចន ឃែរី កាលពីចុងខែកន្លងទៅ។ លោកថា ប្រទេសក្នុងជម្លោះរួមទាំងចិននិងប្រទេសអាស៊ានមួយចំនួន រួមទាំងប្រទេសវៀតណាម និងហ្វីលីពីន គួរតែដោះស្រាយទំនាស់ដោយខ្លួនឯង ដូចប្រទេសកម្ពុជានិងថៃដែលធ្លាប់មានវិវាទរឿងព្រំដែននោះ។
«ខ្ញុំនិយាយជាមួយ Kerry ថា៖ យើងអត់ត្រូវយកសាំងទៅចាក់លើភ្លើងនោះទេ អារឿងសមុទ្រចិនខាងត្បូងនេះ ត្រូវខិតខំដោះស្រាយធ្វើម៉េចឲ្យប្រទេសដែលជាប់ពាក់ព័ន្ធហ្នឹងគេដោះស្រាយជាមួយនឹងគ្នាទើបវាល្អព្រោះអាស៊ាន ទោះជាមាន COC ក៏ដោយ ក៏អាស៊ានគ្មានសិទ្ធិទៅវាស់ដីចែកឲ្យអ្នកណានោះទេ។ វៀតណាមចិនដោះជាមួយគ្នាទៅ ចិនហ្វីលីពីនដោះជាមួយគ្នាទៅ វៀតណាមហ្វីលីពីនដោះជាមួយគ្នាទៅ ព្រោះនៅគងនិងគ្នាទាំងអស់នឹងគ្មាននរណាទៅវាស់ដីឲ្យទេ ដូចកម្ពុជាជាមួយថៃអញ្ចឹង គ្មាននរណាគេមក មានតែកម្ពុជាដោះជាមួយនឹងថៃនឹង»។
ប្រទេសកម្ពុជាធ្លាប់ទទួលការរិះគន់ចំពោះការបរាជ័យ ក្នុងការជំរុញឲ្យមានការអនុវត្តក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) នាកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ២០១២ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងសុន្ទរកថាជាសាធារណៈនាថ្ងៃសុក្រនេះ លោក ហ៊ុន សែន ក៏បានទាមទារឲ្យ ប្រទេសដែលធ្លាប់តិះដៀលកម្ពុជានោះធ្វើការសុំទោសកម្ពុជា ដោយហេតុថា ប្រទេសនានាដែលធ្វើជាប្រធានអាស៊ានក៏មិនអាចសម្រេចបំណងនេះផងដែរ។
បញ្ហាសមុទ្រចិនខាងត្បូង បានឡើងកម្តៅសារជាថ្មីនាដើមខែមករាកន្លងមកនេះក្រោយពេលដែលប្រទេសចិនធ្វើការសាកល្បងចុះចតយន្តហោះលើកដំបូងលើកោះសិប្បនិម្មិតដែលខ្លួនសាងសង់ក្នុងតំបន់ប្រជុំកោះស្ព្រែតលី (Spratlys) ដែលមានជម្លោះ។
គេដឹងថា បញ្ហាសមុទ្រចិនខាងត្បូងនឹងអាចជាប្រធានបទដ៏ក្តៅដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ាន នឹងសហរដ្ឋអាមេរិក ដែលគ្រោងនឹងធ្វើឡើងចាប់ថ្ងៃទី១៥ដល់ថ្ងៃទី១៦ខាងមុខនេះនាក្រុងលំហែកាយ Sunnylands រដ្ឋកាលីហ្វ័រញ៉ា៕