ឆ្លើយតបនឹងការអំពាវនាវរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក និងការរិះគន់ពីមជ្ឈដ្ឋាននានាចំពោះគម្រោងរំលាយគណបក្សជំទាស់សង្គ្រោះជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃពុធនេះ បានភ្ជាប់ការត្រៀមរំលាយបក្សជំទាស់ដ៏ធំនៅកម្ពុជា ទៅនឹងព្រឹត្តិការណ៍នយោបាយធំៗមួយចំនួនក្នុងពេលអតីត ហើយចោទសហរដ្ឋអាមេរិកថា នៅពីក្រោយព្រឹត្តិការណ៍ទាំងនោះ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករកម្មការិនីមកពីរោងចក្រចំនួន ១០ ក្នុងសង្កាត់កំបូល រាជធានីភ្នំពេញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបទៅនឹងការរិះគន់ចំពោះការចាប់ឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង និងការរិះគន់លើការតាក់តែងសេចក្តីស្នើវិសោធនកម្មច្បាប់នាពេលថ្មីៗ ព្រមទាំងបណ្តឹង ដែលកំពុងឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែនក៏បានចោទជាសំណួរសំដៅទៅកាន់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការផ្តួលរំលំព្រះបាទនរោត្តមសីហនុកាលពីទសវត្សរ៍ទី៧០ ដោយចោទថាព្រះអង្គដឹកនាំប្រទេសផ្តាច់ការ និងការទម្លាក់លោកប្រធានាធិបតី រីឆាដ និចសុន។ លោក ហ៊ុន សែន បញ្ជាក់ថា ទង្វើ និងសកម្មភាពទាំងនោះ សុទ្ធតែធ្វើឡើងដោយសហរដ្ឋអាមេរិក ដោយមិនបានគិតពីឆន្ទៈរាស្រ្ត ប៉ុន្តែលោកថា សហរដ្ឋអាមេរិក មិនដែលអើពើ។
លោកនាយករដ្ឋមន្រ្តី ដែលកាន់អំណាចជាង៣ទសវត្សរ៍រូបនេះមានប្រសាសន៍ថា៖
«សូមផ្ញើសារទៅសម្រាប់អ្នកទាំងឡាយដែលបកស្រាយថា ការផ្តន្ទាទោសចំពោះមេបក្សប្រឆាំងដែលប្រព្រឹត្តអំពើក្បត់ជាតិ និងបក្សនយោបាយ ដែលប្រព្រឹត្តជាប្រព័ន្ធនៃអំពើក្បត់ជាតិដែលត្រូវរំលាយ អាចនឹងត្រូវរំលាយដោយតុលាការថា ក្បត់ឆន្ទៈរាស្រ្ត។ តើអ្នកមានបាននឹកឃើញកាលអ្នកបានផ្តួលរំលំសម្តេចព្រះបាទនរោត្តមសីហនុ ហើយរហូតទៅដល់រំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញនៅកម្ពុជា។ អ្នកមានបានគិតអំពីឆន្ទៈរាស្រ្តទេ?»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានរំឭកពីការកាត់ទោសមេដឹកនាំមួយចំនួនក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ដូចជា កូរ៉េខាងត្បូង និងថៃជាដើម ដោយលោកថា ប្រទេសទាំងនោះក៏មិនបានគិតដល់ឆន្ទៈពលរដ្ឋផងដែរ។
បន្ទាប់ពីរដ្ឋសភាដែលមានតែក្រុមតំណាងរាស្រ្តគណបក្សកាន់អំណាច អនុម័តសេចក្តីស្នើវិសោធនកម្មច្បាប់ចំនួនបួន ដែលកំណត់ពីការបែងចែកអាសនៈរបស់គណបក្សណាមួយដែលត្រូវរំលាយទៅឲ្យគណបក្សនយោបាយផ្សេងទៀត គេឃើញមជ្ឈដ្ឋានទាំងក្នុងប្រទេស និងអន្តរជាតិ ជាពិសេសរដ្ឋាភិបាលសហរដ្ឋអាមេរិកលើកឡើងថា ការរំលាយគណបក្សប្រឆាំង គឺជា ការរំលោភលើឆន្ទៈប្រជាពលរដ្ឋកម្ពុជាជិតពាក់កណ្តាលប្រទេស។
ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃច័ន្ទ បានចេញសេចក្តីថ្លែងការណ៍មួយបង្ហាញពីក្តីបារម្ភចំពោះស្ថានភាពនយោបាយនៅកម្ពុជា ក្រោយពេលរដ្ឋសភាជាតិកម្ពុជាបានអនុម័តវិសោធនកម្មច្បាប់ចំនួនបួន ពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជានិងការបន្តឃុំខ្លួនលោកកឹម សុខា។ សេចក្តីថ្លែងការណ៍នោះបញ្ជាក់ថា ប្រសិនបើការធ្វើវិសោធនកម្មច្បាប់ទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ នោះនឹងដកហូតសិទ្ធិប្រជាពលរដ្ឋរាប់លាននាក់ ដែលបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧។ ក្រសួងការបរទសអាមេរិកក៏បានអំពាវនាវជាថ្មី ឲ្យមានការដោះលែងលោក កឹម សុខា ចេញពីពន្ធនាគារផងដែរ។
លោក David Josar អ្នកនាំពាក្យរងស្ថានទូតអាមេរិកប្រចាំកម្ពុជា បដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទសួររបស់លោក ហ៊ុន សែន នោះទេ តែលោកបានពន្យល់ប្រាប់ VOA តាមរយៈសារអេឡិចត្រូនិច ឬអ៊ីមែលថា អតីតប្រធានាធិបតីអាមេរិក លោក Richard Nixon មិនមែនត្រូវបានដកចេញពីតំណែងទេ ប៉ុន្តែលោកបានលាលែងពីតំណែងនៅខែសីហា ឆ្នាំ១៩៧៤ បន្ទាប់ពីមានការស៊ើបអង្កេតរយៈពេលពីរឆ្នាំ ដោយក្រុមតុលាការ ដើម្បីអនុម័តមាត្រាក្នុងការចោទប្រកាន់។
លោកបន្ថែមក្នុងសម្រង់ន័យដើមថា៖
«ការស៊ើបអង្កេតដែលមានរយៈពេលយូរ និងប្រកបដោយតម្លាភាពនេះ បានបង្ហាញពីភស្តុតាងជាច្រើននៃឧក្រិដ្ឋកម្មដែលបានប្រព្រឹត្ត។ មិនដូចលោក កឹម សុខា ទេ។ លោក Nixon ត្រូវបានលើកលែងទោសក្នុងខែកញ្ញា ឆ្នាំ១៩៧៤ ហើយមិនដែលត្រូវបានជាប់ពន្ធនាគារមួយថ្ងៃឡើយ»។
លោក យឿង សុធារ៉ា មន្រ្តីច្បាប់ និងអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ហៅកាត់ថាខុមហ្វ្រែល លើកឡើងថា កម្ពុជាជាប្រទេសប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងយកសំឡេងប្រជាពលរដ្ឋជាធំ។ លោកបន្ថែមថា ការលើកយកភាពអវិជ្ជមានរបស់បរទេសមកអនុវត្ត ឬប្រៀបធៀបនៅកម្ពុជា នឹងធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំប្រទេស។
លោកបន្ថែមថា រដ្ឋាភិបាលគួរយកគំរូគោលការណ៍នយោបាយល្អពីបរទេស មកអនុវត្តឲ្យស្របតាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ៖
«យើងដឹងស្រាប់ហើយថា គំរូមិនល្អហ្នឹងវាមិនទទួលបានផលចំណេញអីដល់ប្រទេសជាតិទេ។ យើងធ្លាប់ឆ្លងកាត់បទពិសោធន៍ជូរចត់ហើយអំពីរឿងយកទស្សនៈ ឬយកមាគ៌ានយោបាយដែលមិនយកប្រយោជន៍ប្រជាពលរដ្ឋ ឬមិនយកឆន្ទៈប្រជាពលរដ្ឋជាធំហ្នឹង។ ជាពិសេសឆ្នាំ១៩៧៥-១៩៧៩ ហ្នឹងគឺថាយើងជូរចត់មែនទែន»។
ក្រុមអង្គការសង្គមស៊ីវិល ស្ថាប័នជាតិ អន្តរជាតិ ព្រមទាំងអ្នកឃ្លាំមើលស្ថានការណ៍សង្គម និងនយោបាយជាច្រើនបានរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន ដោយនិយាយថា ការត្រៀមរំលាយគណបក្សប្រឆាំងនេះនឹងធ្វើឲ្យដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ឈានទៅរកភាពខ្ទេចខ្ទី និងថា ការរំលាយគណបក្សប្រឆាំងដែលមានអ្នកគាំទ្រជាង ៤០ភាគរយនៅទូទាំងប្រទេសនេះ នឹងជះឥទ្ធិពលដល់ដំណើរការបោះឆ្នោតក្នុងឆ្នាំ ២០១៨ខាងមុខ។
ចាប់តាំងពីស្ថានការណ៍នយោបាយបន្តកើនកម្ដៅ និងការចាប់ខ្លួនលោក កឹម សុខា បញ្ជូនទៅឃុំក្នុងពន្ធនាគារឯខេត្តត្បូងឃ្មុំ ក្បែរទល់ដែនវៀតណាម គេឃើញក្រុមតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិជាងពាក់កណ្តាល និងមន្រ្តីជាន់ខ្ពស់គណបក្សនេះជាច្រើននាក់ផ្សេងទៀត បានចាកចេញពីកម្ពុជាជាបន្តបន្ទាប់។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងស្នាក់នៅសហរដ្ឋអាមេរិក បានបង្ហោះសារលើគណនីហ្វេសប៊ុករបស់លោក នាថ្ងៃទី១៨ ខែតុលា នេះថា ជនផ្តាច់ការអាចរំលាយគណបក្សសង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈប្រជាពលរដ្ឋខ្មែរពាក់កណ្តាលនគរតាមរយៈការ កាឡៃច្បាប់បានឡើយ។
លោកសរសេរបន្ថែមក្នុងន័យដើមថា៖
«ច្បាប់កាឡៃទាំងបួនដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាបានកែច្នៃកាលពីព្រឹកថ្ងៃទី១៦កន្លងមកនេះ មិនអាចយកមកប្រើប្រាស់ដើម្បី «ប្លន់ឆន្ទៈប្រជាពលរដ្ឋ» បានឡើយ។ ឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង ៥៥រូប គឺជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋពាក់កណ្តាលប្រទេសដែលទទួលស្គាល់ពីសហគមន៍អន្តរជាតិ។ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់ផលិតផល ដែលជនផ្តាច់ការនឹងបង្កើតចេញពីច្បាប់កាឡៃទាំងបួន នាពេលខាងមុខនេះឡើយ»។
តាមសេចក្តីស្នើវិសោធនកម្មច្បាប់របស់បក្សកាន់អំណាចដែលរដ្ឋសភាទើបតែអនុម័ត កាលពីថ្ងៃច័ន្ទ នឹងអនុញ្ញាតឲ្យគណបក្សនយោបាយចំនួន៥ ដែលបានឈរឈ្មោះបោះឆ្នោតជាតិកាលពីឆ្នាំ ២០១៣ តែមិនទទួលបានអាសនៈរដ្ឋសភានៅពេលនោះ ទទួលបានអាសនៈសភារបស់បក្សជំទាស់ដែលកំពុងប្រឈមនឹងការរំលាយចោល ក្រោមការចោទប្រកាន់ពីបក្សកាន់អំណាចពាក់ព័ន្ធនឹងអំពើក្បត់ជាតិ។ វិសោធនកម្មនេះធ្វើឡើងស្របពេលដែលតុលាការកំពូលកំពុងចាត់ការបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដែលបានប្តឹងសុំរំលាយគណបក្សសង្គ្រោះជាតិ និងស្របពេលដែលលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទចោទពីអំពើក្បត់ជាតិ។
ទោះជាយ៉ាងណា ក្រុមមន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចបានច្រានចោលការរិះគន់ទាំងឡាយ ដោយលើកឡើងថា កម្ពុជាជាប្រទេសដែលអនុវត្តច្បាប់ និងមានឯករាជ្យ មិនអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេសណាមួយនោះទេ៕