លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានច្រានចោលជាសាធារណៈអំពីព័ត៌មានដែលថា លោក ស៊ីនហ្ស៊ូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុន បានស្តីបន្ទោសលោកទាក់ទងនឹងជំហរកម្ពុជាចំពោះសាលដីការបស់តុលាការអន្តរជាតិ ដែលកាត់សេចក្តីឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិន ពាក់ព័ន្ធនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅសមុទ្រចិនខាងត្បូងនោះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះនៅខេត្តបាត់ដំបង ក្រោយពេលដែលមានបណ្តាញព័ត៌មានចុះផ្សាយថា លោកត្រូវលោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនស្តីបន្ទោសក្នុងជំនួបទ្វេភាគីនៅក្នុងទីក្រុងអ៊ូឡង់បាទ័រ (Ulaan Baatar) ប្រទេសម៉ុងហ្គោលី ពេលដែលមេដឹកនាំទាំងពីរស្ថិតនៅឯកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប លើកទី១១ កាលពីសប្តាហ៍មុន។
«វាបែរជាមានសារព័ត៌មានមួយនៅភ្នំពេញ វាទៅជាថា Abe ស្តីបន្ទោសឲ្យហ៊ុន សែនណាទៅវិញ! នៅលើលោកនេះ អត់មានអ្នកណាហ៊ានស្តីបន្ទោសឲ្យ ហ៊ុន សែន ទេ។ សូម្បីតែប្រធានាធិបតីអាមេរិក អូប៉ាម៉ា មកខ្មែរ ក៏មិនមែនស្តីឲ្យនាយករដ្ឋមន្ត្រីខ្មែរទេ»។
អត្ថបទកាសែតក្នុងស្រុកមួយ កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដានេះ បានចុះផ្សាយដោយសរសេរក្នុងន័យដើមថា៖ «លោក Shinzo Abe នាយករដ្ឋមន្ត្រីជប៉ុនហាក់រិះគន់ខ្លាំងៗចំពោះជំហររបស់កម្ពុជាលើជម្លោះសមុទ្រចិនខាងត្បូងកាលពីចុងសប្ដាហ៍កន្លងទៅ ដោយលើកឡើងថា សេចក្ដីសម្រេចរបស់តុលាការអន្តរជាតិលើការអះអាងសិទ្ធិកាន់កាប់ទឹកដីដោយប្រទេសចិនគួរតែត្រូវបានគោរព»។
ថ្លែងក្នុងពិធីសម្ពោធគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ដែលគាំទ្រហិរញ្ញវត្ថុដោយរដ្ឋាភិបាលជប៉ុននេះថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានបង្វិលការបកស្រាយទៅឲ្យឯកអគ្គរាជទូតជប៉ុនដែលចូលរួមក្នុងពិធីនោះ ដើម្បីឆ្លើយតបនឹងអត្ថបទដែលលោកថា ខុសនោះ។
«ខ្ញុំមិនមាត់ មិនកអីទេ ទុកឲ្យជប៉ុនឆ្លើយតបចុះ ឆ្លើយតបថា អត្ថបទហ្នឹងត្រឹមត្រូវ ឬអត់។ ខ្ញុំធុញទ្រាន់នឹងអាការត្រូវគេមួរបង្កាច់ណាស់»។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន បានឲ្យដឹងថា ជាទូទៅអ្នកសារព័ត៌មានវិជ្ជាជីវៈស្វាគមន៍ចំពោះការរិះគន់ស្ថាបនាដើម្បីកែលំអកំហុសខ្លួន។ ហើយលោកថា ការជ្រើសរើសយកយុទ្ធសាស្ត្រ«ឆ្លើយតបដោយការមិនឆ្លើយតប»របស់ថ្នាក់ដឹកនាំនេះ គឺដើម្បីចៀសវាងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងជាងមុន។
«កន្លងមកខ្ញុំតែងសង្កេតឃើញអ្នកនយោបាយនៅកម្ពុជាយើងមានវិធីសាស្ត្រច្រើនក្នុងការឆ្លើយតបទៅលើហេតុការណ៍ដែលកើតឡើងគួរឲ្យចាប់អារម្មណ៍នោះគឺ គាត់តែងតែឆ្លើយតបដោយការមិនឆ្លើយតប។ សង្គមប្រជាធិបតេយ្យយើងចង់បានអញ្ចឹង មិនចង់ឲ្យមានការគំរាមកំហែងទេ។ ការឆ្លើយតបបែបលទ្ធិប្រជាធិបតេយ្យ យើងស្វាគមន៍ជានិច្ច»។
ទោះជាយ៉ាងនេះក្តី កាលពីថ្ងៃអង្គារកន្លងទៅ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រតិកម្មភ្លាមៗចំពោះអត្ថបទផ្សាយជាសាធារណៈនេះ។ លោកអះអាងថា ការចុះផ្សាយនេះមានចេតនាបំពានការណ៍ពិត និងបំភាន់សាធារណមតិ ដែលថាកម្ពុជា«កាន់ជើងចិន»នោះ។
ក៏ប៉ុន្តែ លោក Naoaki Kamoshida ជាមន្ត្រីកុងស៊ុលប្រចាំស្ថានទូតជប៉ុន បានបញ្ជាក់ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា នាយករដ្ឋមន្រ្តីជប៉ុនមិនមានបំណងធ្វើការរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ក៏ប៉ុន្តែលោក Abe គ្រាន់តែបញ្ជាក់ពីគោលជំហររបស់ជប៉ុន ដែលថា សាលដីការបស់តុលាការអន្តរជាតិសម្រាប់បណ្តឹងរបស់ប្រទេសហ្វីលីពីន និងប្រទេសចិនទាក់ទងជម្លោះសមុទ្រចិនខាងត្បូងនោះ គឺជាសេចក្តីសម្រេចចុងក្រោយ និងចាំបាច់ត្រូវតែគោរពតាម។ ការបញ្ជាក់ជំហរនេះគឺធ្វើឡើងក្នុងជំនួបជាមួយលោក ហ៊ុន សែន កាលពីថ្ងៃទី១៦កន្លងទៅ នៅឯប្រទេសម៉ុងហ្គោលីនោះ។
VOA បានព្យាយាមផ្ញើអេឡិចត្រូនិច ឬអ៊ីម៉ែលដើម្បីសុំការបកស្រាយពីស្ថាប័នកាសែត The Cambodia Daily តែមកដល់ត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ VOA ពុំទាន់ឃើញមានការឆ្លើយតបនោះទេ។
ប្រទេសកម្ពុជាបានបង្ហាញជំហរមិនគាំទ្រសាលដីកាតុលាការដូចប្រទេសចិន ដែលជាមិត្តជិតដិត និងជាប្រទេសផ្តល់ជំនួយដ៏ធំរបស់កម្ពុជា។ ហើយជារឿយៗ រដ្ឋាភិបាលកម្ពុជាបានអះអាងថា បញ្ហាសមុទ្រចិនខាងត្បូងនេះគួរតែដោះស្រាយរវាងប្រទេសចិន និងបណ្ដារដ្ឋជាភាគីជម្លោះ មិនមែនអាស៊ានទាំងមូលនោះទេ។
កាលពីថ្ងៃទី១២ ខែកក្កដាកន្លងទៅនេះ តុលាការអាជ្ញាកណ្តាលអន្តរជាតិនៅទីក្រុងឡាអេ ប្រទេសហូឡង់ បានចេញសាលដីកាឲ្យប្រទេសហ្វីលីពីនឈ្នះក្តីលើប្រទេសចិនពាក់ព័ន្ធទៅនឹងជម្លោះដណ្តើមកម្មសិទ្ធិនៅក្នុងសមុទ្រចិនខាងត្បូង ដែលប្រទេសហ្វីលីពីនបានប្តឹងប្រឆាំងនឹងចិនកាលពីឆ្នាំ២០១៣។
ក្រៅពីទំនាស់រវាងចិន និងហ្វីលីពីនក្នុងការដណ្តើមគ្នាកាន់កាប់ទឹកដីក្នុងសមុទ្រចិនខាងត្បូងនោះ នៅមានប្រទេសចំនួនបួនផ្សេងទៀតក៏កំពុងប្រទាញប្រទង់គ្នាក្នុងការកាន់កាប់ប្រជុំកោះក្នុងសមុទ្រចិនខាងត្បូងនេះដែរ។ ប្រទេសទាំងនោះ រួមមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ និងវៀតណាម។
ភាពចម្រូងចម្រាស់នៃជម្លោះសមុទ្រចិនខាងត្បូងត្រូវគេដឹងថា បានបង្កភាពតានតឹងរវាងប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ានទាក់ទងនឹងបញ្ហាសន្តិសុខ នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិជាដើម។ ហើយប្រទេសក្នុងតំបន់អាស៊ានទៀតសោត ហាក់ដូចជាគ្មានគោលជំហររួមតែមួយក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងនេះឡើយនោះទេ៕