រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រកាសផ្ដល់ជំនួយ២០ម៉ឺនដុល្លារអាមេរិក និងកញ្ចប់បរិក្ខារពេទ្យដល់របបសឹកភូមា ដើម្បីប្រយុទ្ធនឹងកូវីដ១៩។ ប៉ុន្តែការសម្រេចផ្តល់ជំនួយនេះនាំឲ្យមានការរិះគន់ថាអាចនឹងបង្ហាញជារូបភាពនៃការគាំទ្រក្រុមយោធាដែលឆ្មក់យកអំណាចតាមរដ្ឋប្រហារចាប់តាំងពីខែកុម្ភៈមក។
ក្នុងលិខិតមួយផ្ញើជូននាយឧត្តមសេនីយ៍ Min Aung Hlaing លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅមេដឹកនាំរដ្ឋប្រហារភូមាថា«ឯកឧត្តម» និង«ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ» ហើយថាកញ្ចប់ជំនួយនេះធ្វើឡើង«ក្នុងស្មារតីមិត្តភាព និងសាមគ្គីភាពរវាងប្រទេសយើងទាំងពីរ»។
ជំនួយនោះរួមមានទឹកប្រាក់២០ម៉ឺនដុល្លារអាមេរិក ម៉ាស់៣លានម៉ាស់ ឧបករណ៍ធ្វើតេស្ដរហ័សចំនួន៥០ម៉ឺនសម្លៀកបំពាក់សុវត្ថិភាព២ពាន់ឈុត ម៉ាស៊ីនស្វ័យប្រវត្តិផលិតខ្យល់អុកស៊ីហ្ស៊ែន២០០គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម២០គ្រឿង និងម៉ាស៊ីនតាមដានសញ្ញាជីវិត២០គ្រឿង។
លោក ហ៊ុន សែន បន្ថែមនៅក្នុងលិខិតនោះថាកម្ពុជាក៏ចូលរួមទឹកប្រាក់១០ម៉ឺនដុល្លារដាច់ដោយឡែកថែមទៀតដល់កញ្ចប់ជំនួយរួមរបស់អាស៊ាន ដើម្បីជួយកិច្ចការប្រយុទ្ធនឹងកូវីដនៅភូមា។
ហើយកាកបាទក្រហមកម្ពុជាក៏ប្រកាសផ្ដល់ជំនួយ១០ម៉ឺនដុល្លារផ្សេងទៀតដល់កាកបាទក្រហមភូមាផងដែរ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលរបស់កម្ពុជា នឹងដឹកនាំគណៈប្រភិភូនាំយកជំនួយទាំងនេះទៅឱ្យរបបសឹកភូមាដោយផ្ទាល់ដល់រដ្ឋធានីណៃពិដោ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ឆ្នាំ២០២១។ នេះបើតាមលិខិតរបស់លោក ហ៊ុន សែន និងការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាល។
ប្រទេសភូមាដែលត្រូវបានស្ថាប័នយោធា Tamadaw ដឹកនាំដោយនាយឧត្ដមសេនីយ៍ Min Aung Hlaing ក្រសោបយកអំណាចរដ្ឋទៅគ្រប់គ្រង ក្នុងរដ្ឋប្រហារខែកុម្ភៈមក កំពុងរួតរឹតដោយវិនាសកម្មកូវីដ១៩ ចំពេលមានការបង្ក្រាបនយោបាយ និងប្រព័ន្ធសុខាភិបាលទន់ខ្សោយ។
បើតាមស្ថិតិផ្លូវការរបស់ក្រសួងសុខាភិបាលភូមា ដែលគ្រប់គ្រងដោយរបបសឹក គិតត្រឹមថ្ងៃអង្គារភូមារកឃើញការឆ្លងកូវីដសរុបប្រមាណ៣៦ម៉ឺននាក់ និងមានអ្នកស្លាប់ចំនួន១៣.៦២៣នាក់។
អ្នកស្រី មូរ សុខហួរ មេដឹកនាំបក្សជំទាស់របស់កម្ពុជានៅក្រៅប្រទេស បានលើកឡើងថាការផ្ដល់ជំនួយទ្វេភាគីដោយផ្ទាល់ពីរដ្ឋាភិបាលកម្ពុជាទៅរបបសឹកភូមា ដាច់ដោយឡែកពីយន្តការជំនួយរួមរបស់អាស៊ាន ជាប្រការ«គួរឱ្យភ្ញាក់ផ្អើល»។
អ្នកនយោបាយរូបនេះបានប្រាប់វីអូអេពីក្រៅប្រទេសមកថា៖ «យើងអត់ជំទាស់នឹងគោលការណ៍មនុស្សធម៌ទេ ក៏ប៉ុន្តែប្រទេសភូមា យើងត្រូវតែរួមគ្នាថ្កោលទោស នៅលើការណ៍ដែលនេះមិនមែនជា«រដ្ឋាភិបាល»ទេ សព្វថ្ងៃហ្នឹងគឺជា«យោធា»មេយោធាដែលបំផ្លាញលទ្ធិប្រជាធិបតេយ្យ ប្លន់យកអ្វីដែលជាលទ្ធផលនៃការបោះឆ្នោតដោយត្រឹមត្រូវពីពលរដ្ឋ លើសពីនេះទៀតមេយោធានេះ កំពុងតែសម្លាប់ពលរដ្ឋក្នុងកម្រិតគួរឱ្យព្រួយបារម្ភដែលអាចឈានចូលទៅដល់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។
អ្នកស្រី មូរ សុខហួរ បារម្ភថាការបោះដៃពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅមេដឹកនាំរបបសឹកភូមា នាំឱ្យមានចំណោទអំពីជំហរកម្ពុជាលើបញ្ហាភូមា អំឡុងពេលកម្ពុជាដឹកនាំធ្វើប្រធានអាស៊ាននៅឆ្នាំក្រោយ។
អ្នកស្រីបញ្ជាក់ថា៖ «យើងឃើញថាវាជាការណ៍មួយបញ្ជាក់ថាគាត់[លោកហ៊ុនសែន]នៅជាមួយនឹងយោធានិយម»។
ចំណែកអ្នកស្រី អ៊ូ ទេពផល្លីន ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា និយាយថាមិនមានអ្វីខុសឆ្គងទេចំពោះជំនួយមនុស្សធម៌ តែអ្វីដែលខ្លួនបារម្ភគឺវាហាក់បង្ហាញ«ការគាំទ្រ»របស់ទីក្រុងភ្នំពេញទៅដល់របបសឹកភូមាដែលខ្វះភាពស្របច្បាប់ និងមិនមានការទុកចិត្តពីពលរដ្ឋភូមាខ្លួនឯងនោះទេ។
អ្នកស្រីអ៊ូ ទេពផល្លីនធ្លាប់ចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារដោយយោធានៅខាងមុខស្ថានទូតមីយ៉ាន់ម៉ានៅភ្នំពេញកាលពីខែកុម្ភៈកន្លងទៅ។
អ្នកស្រីថ្លែងថា៖ «ការផ្ដល់ឱ្យបែបនេះយើងមើលឃើញថាការផ្ដល់ឱ្យជាទំនាក់ទំនងបែបការទូត ដើម្បីជាប្រយោជន៍ក្នុងការការពារអ្នកដឹកនាំដែលមានចរិតប្រហាក់ប្រហែលគ្នា បើយើងមើលទៅ មានចរិតនិងមហិច្ឆតាប្រហាក់ប្រហែលគ្នា គឺគេព្យាយាមចងសម្ព័ន្ធភាពរវាងគ្នានឹងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក ដើម្បីការពារអំណាចនិងការដឹកនាំរបស់ខ្លួនទៅថ្ងៃអនាគត»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានប្រាប់វីអូអេថាការផ្ដល់ជំនួយទ្វេភាគីដោយផ្ទាល់ទៅរបបសឹកភូមានេះ ដោយសារតែយន្តការផ្ដល់ជំនួយតាមរយៈអាស៊ានមិនទាន់មានការរៀបចំដំណើរការរលូនឆ្លើយតបបានទាន់ពេលវេលានៅឡើយទៅនឹងស្ថានភាពបន្ទាន់នៃកូវីដ។
លោកថ្លែងថា៖ «ជំនួយរបស់យើងហ្នឹងគឺទប់ស្កាត់ប្រឆាំងនឹងកូវីដ១៩ មិនមែនជាជំនួយនយោបាយណាមួយដើម្បីពង្រឹងឥទ្ធិពលក្រុមណាមួយនោះទេ គឺសំដៅទៅតែប្រជាពលរដ្ឋតែម្ដង»។
លោក ផៃ ស៊ីផាន បន្ថែមថា៖ «ហើយមនុស្សចេះតែស្លាប់បន្តបន្ទាប់គ្នាចំពោះមេរោគកូវីដ១៩នេះ តើរង់ចាំថែមមួយថ្ងៃ មានជីវិតមនុស្សប៉ុន្មាននាក់ដែលត្រូវស្លាប់ក្នុងជំងឺហ្នឹង? ដូច្នេះពេលនេះជាការជួយ ជាការសង្គ្រោះបន្ទាន់ដែលមិនមាននិន្នាការនយោបាយណា គ្រាន់តែជាមនុស្សធម៌សុទ្ធសាធ»។
វីអូអេបានផ្ញើសំណួរស្នើសុំសម្ភាស តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយពីក្រុម«រដ្ឋាភិបាលរួបរួមជាតិ» (NUG) ដែលជាអង្គការចាត់តាំងនយោបាយស្រមោល មានភក្ដីភាពនឹងបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ NLD របស់អ្នកស្រី Aung San Suu Kyi ដែលខ្ទាតចេញពីអំណាចនិងស្ថិតក្នុងការឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈមក។
យ៉ាងណាក៏ដោយ លោក Salai Maung Taing San ឬហៅក្រៅ «វេជ្ជបណ្ឌិត Sasa» អ្នកនាំពាក្យ NUG បានឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារថា លោកស្វាគមន៍ជំនួយពីបរទេសដល់ប្រជាជនភូមា ក្នុងការវាយប្រយុទ្ធកូវីដ តែបារម្ភខ្លាចមិនទៅដល់ដៃប្រជាជន។
លោកបញ្ជាក់ថា៖ «បេសកជនពិសេសរបស់អាស៊ានត្រូវធ្វើឱ្យប្រាកដថាជំនួយឆ្លើយតបនឹងវិបត្តិកូវីដ១៩ មានចរិតអព្យាក្រឹត សម្រាប់ជនភូមាគ្រប់រូប និងមិនត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីការគៃបន្លំផ្នែកនយោបាយនិងអំពើហិង្សានោះឡើយ»។
នៅភ្នំពេញ មន្ត្រីស្ថានទូតភូមាដែលស្ថិតនៅខាងក្រុមយោធា ប្រាប់វីអូអេនៅថ្ងៃពុធនេះថាឯកអគ្គរដ្ឋទូត Thit Linn Ohn រវល់ជួបភ្ញៀវមិនអាចផ្ដល់បទសម្ភាសន៍បានទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា យ៉ាងហោចមានមនុស្ស១.០០០នាក់ហើយ បានស្លាប់ដោយអំពើហិង្សានយោបាយក្នុងប្រទេសភូមាចាប់តាំងពីរដ្ឋប្រហារកាលពីដើមខែកុម្ភៈមក៕