លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នាព្រឹកថ្ងៃច័ន្ទនេះ បានប្រកាសឲ្យពលរដ្ឋ និងមន្ត្រីពាក់ព័ន្ធចូលរួមការពារអភិរក្សធនធានធម្មជាតិ និងព្រៃឈើកម្ពុជា ដែលកំពុងតែជួបគ្រោះមហន្តរាយនោះ។ លោកនាយករដ្ឋមន្ត្រី ដែលកាន់អំណាចជាង៣០ឆ្នាំ ក៏បានដាក់បទបញ្ជាមិនឲ្យអាជ្ញាធររារាំងយុទ្ធនាការនានារបស់សកម្មជនបរិស្ថានផងដែរ។
ការអះអាងរបស់លោកនាយករដ្ឋមន្ត្រីរូបនេះគឺធ្វើឡើងក្នុងវេទិកាជាតិមួយស្តីពី«ការការពារនិងអភិរក្សធនធានធម្មជាតិ» ដែលធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ វេទិកាជាតិដ៏កម្រលើកទី១នេះបានបើកឱកាសឲ្យមន្ត្រី ពលរដ្ឋ តំណាងអង្គការនានា សួរដេញដោលនឹងលើកសំណើដោយផ្ទាល់អំពីវិធានការការពារធនធានធម្មជាតិ និងព្រៃឈើកម្ពុជា។ ក្នុងវេទិកានាព្រឹកថ្ងៃច័ន្ទនេះ លោកហ៊ុន សែន ដ៏មានឥទ្ធិពលក៏បានទទួលកំហុសចំពោះការចាត់វិធានការយឺតយ៉ាវរបស់លោកក្នុងការការពារបរិស្ថាននិងព្រៃឈើកម្ពុជា។
«ខ្ញុំត្រូវការប្រជាពលរដ្ឋចូលរួម ហើយខ្ញុំត្រូវការស្តាប់ពាក្យពិត ហើយខ្ញុំត្រូវការនូវការការពារអ្វីដែលយើងត្រូវការការពារកន្លងទៅនេះ។ ពិតមែនតែព្រះអង្គប៊ុត ប៊ុនតិញ ថាមិនទាន់ហួសពេល តែដល់ពេល។ តែខ្ញុំព្រះគរុណាខ្ញុំមានវិប្បដិសារីលើបញ្ហាហ្នឹង»។
ក្នុងវេទិកាដ៏កម្រដែលរៀបចំឡើងដោយក្រសួងបរិស្ថាននេះក៏មានការចូលរួមពីអង្គទូតក្នុងប្រទេសកម្ពុជា អ្នកការពារបរិស្ថាន សកម្មជនបរិស្ថាន ដូចជា ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ និងសកម្មនយោបាយគឺនាងធី សុវណ្ណថា ដែរ។
ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ ដែលគេស្គាល់ថា ជាព្រះសង្ឃការពារព្រៃឈើនិងបរិស្ថានដ៏សកម្មមួយអង្គ ក៏បានត្អូញត្អែរអំពីការរារាំងរបស់អាជ្ញាធរមិនឲ្យចូលព្រៃដើម្បីការពារព្រៃឈើ ទប់ស្កាត់ការឈូសឆាយដីព្រៃឈើ ការរឹបអូស ការកាប់ព្រៃឈើនានា និងការដាំកូនឈើឡើងវិញផងដែរ។ ការរារាំងសកម្មជនបរិស្ថានបែបនេះបានរងការរិះគន់យ៉ាងខ្លាំងពីប្រជាពលរដ្ឋកម្ពុជា និងអង្គការបរិស្ថានផងដែរ។
«អ្វីដែលបិណ្ឌបាតទៅកាន់ញ៉ូមនាយករដ្ឋមន្ត្រីថ្ងៃនេះ គឺតែតូចមួយទេ ចម្រើនពរ គឺសុំធ្វើយ៉ាងណាឲ្យតែអាជ្ញាធរថ្នាក់មូលដ្ឋានចូលរួមសហការ។ មិនបាច់ធ្វើអីទេ។ មិនបាច់ដាក់អីទេ មិនបាច់ដាក់អង្ករដាក់អីទេ ព្រោះពួកអាត្មា តែទៅមានញោមប្រគេនស្រេចហើយ។ ញោមនេះប្រហុកមួយកញ្ចប់ យាយហ្នឹងបាយមួយកញ្ចប់ទៅគឺវាស្រេចបាត់ហើយ អត់បាច់អីទេ។ ប៉ុន្តែអ្វីដែលចាំបាច់បំផុតគឺការសហការល្អ យើងអាចទៅធ្វើកិច្ចការ។ ដ៏រាបណាការសហការនៅតែមានកម្រិតដូចឥឡូវនេះ បេសកកម្មនៃការការពារព្រៃរបស់យើងនៅតែបរាជ័យដដែល។ យើអត់ចង់ឃើញហ្អេ ព្រោះវាដល់ពេលហើយ ចម្រើនពរ»។
នៅក្នុងវេទិកាដដែល អ្នកការពារបរិស្ថានផ្សេងៗទៀត ដូចជាលោកតឹក វណ្ណារ៉ា នាយកប្រតិបត្តិនៃវេទិកាមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា (NGO Forum) បានស្នើសុំឲ្យមានការកែទម្រង់ចំនួន១៦ចំណុច រួមទាំងការការពារបរិស្ថាន និងការគ្រប់គ្រងព្រៃឈើកម្ពុជាឲ្យបានគងវង្សផងដែរ។
ឆ្លើយតបចំពោះការលើកឡើងនានាក្នុងវេទិកានោះ និងដោយមានការបកស្រាយបំភ្លឺផងដែរ លោកនាយករដ្ឋមន្ត្រីបានយល់ព្រមទៅនឹងវិធានការការពារព្រៃឈើ ការនេសាទខុសច្បាប់ ហើយស្នើឲ្យមានការកែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួន ក្រៅពីបញ្ជាឲ្យអាជ្ញាធរសហការជាមួយក្រុមសង្គមស៊ីវិលនិងសកម្មជន ដែលធ្វើសកម្មភាពការពារបរិស្ថាន។
«បើយោងទៅលើអ្វីដែលព្រះតេជព្រះគុណបានមានសង្ឃដីកា បានន័យថាមិនត្រឹមតែមិនសហការនោះទេ តែថែមទាំងរារាំងទៀតផង ហើយរឿងនេះអស់លោកតាមខេត្ត និងមូលដ្ឋាននានាសូមស្តាប់ឱ្យបាន ការធ្វើសកម្មភាពនានា ដែលមិនបំផ្លាញសន្តិសុខជាតិ។ ប៉ុន្តែផ្ទុយទៅវិញ វាបាននាំមកនូវការរីកលូតលាស់នៃប្រទេសជាតិ ដែលគួរត្រូវបានលើកទឹកចិត្ត»។
លោកហ៊ុន សែន បន្ថែមថា លោកអាចបំពាក់អាវុធដល់អាជ្ញាធរនានាដើម្បីទប់ទល់នឹងជនល្មើសដែលមានអាវុធ បន្ថែមពីលើការធ្វើគោលនយោបាយថ្នាក់ជាតិ និងបែងចែកមុខងារហើយនឹងការទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងមុន។ លោកនាយករដ្ឋមន្ត្រីក៏បានសន្យាផ្តល់អំណាចដល់អាជ្ញាធរមូលដ្ឋានដើម្បីចាត់វិធានការគ្រប់គ្រងធនធានធម្មជាតិ។
«អ្វីដែលកើតឡើងនាថ្ងៃនេះគឺមានតម្លៃស្មើនឹងការសម្រេចរបស់គណៈរដ្ឋមន្ត្រីដែលចាំបាច់ត្រូវចេញស.ជ.ណ.ដើម្បីគ្រប់តួអង្គ គ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត។ នេះជាចំណុចដែលយើងត្រូវតែកំណត់នូវឋានានុក្រមនៃក្តីសម្រេច បើមិនដូច្នោះទេ អ្វីដែលយើងនិយាយនៅទីនេះ វាគ្រាន់តែជាការនិយាយឲ្យពិរោះស្តាប់តែប៉ុណ្ណោះ។ ប៉ុន្តែយើងមិនបានអនុវត្តពិតប្រាកដនោះទេ។ នេះជាកំណែទម្រង់មួយ ដែលរាជរដ្ឋាភិបាលកម្ពុជាបើកឱកាសឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យចូលរួមមតិ»។
ក្នុងវេទិកានោះទៀត ក៏មានការច្រៀងបទសម្រស់តាតៃដោយនាងស៊ុន ស្រីពេជ្រ ផងដែរ ដើម្បីបន្ធូរបរិយាកាស និងវេទិការយៈពេលជាង៤ម៉ោង ដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានយករឿងរ៉ាវជាច្រើនដើម្បីដាក់ចេញជាគោលនយោបាយ និងវិធានការមុនការបោះឆ្នោតផងដែរ។
យ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលព្រៃឈើ បាននិយាយថា ការកាប់បំផ្លាញព្រៃឈើប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើឲ្យមានការរិចរិលព្រៃឈើ ដែលគេជឿថា ធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ។
ថ្លែងប្រាប់ VOA ក្រោយពីវេទិកានោះ ព្រះតេជព្រះគុណប៊ុត ប៊ុនតិញ មានសង្ឃដីកាថា ព្រះអង្គនឹងរង់ចាំមើលថា តើលោកនាយករដ្ឋមន្ត្រីនឹងអាចធ្វើបានប៉ុណ្ណា ហើយមានប្រសិទ្ធភាពប៉ុណ្ណាផងដែរ។
«វាជាពេលវេលា យើងមិនទាន់និយាយពីរឿងជឿទេ ក៏ប៉ុន្តែវាជាពេលវេលា។ បើសិនជាការដែលផ្តល់ឱកាសហើយយើងមិនបានធ្វើ វាបាត់បង់ហើយ ចម្រើនពរ។ គេប្រើភាសាមួយថា ពេលវេលាដ៏ត្រឹមត្រូវ ហើយដែលអាចរួមគ្នាធ្វើការត្រូវបាន បើសិនជាយើងគ្រាន់តែនិយាយ ហើយថា រូបរួមគ្នាគឺវាអត់ន័យទេ។ ដូច្នេះអាត្មាដូចជាមានជំនឿថា ជាពេលវេលាសមរម្យ ហើយអាចធ្វើបានហើយ។ បើរង់ចាំពេលឲ្យហួសពីនេះទៀតគឺអត់ធ្វើអីចេញទេ ព្រោះវាយឺតពេល។ ដូចអាត្មាបានលើកពីខាងដើមមកហើយថា វាមិនទាន់យឺតពេលពេកទេ តែដល់ពេល ហើយបើដល់ពេលហើយមិនធ្វើហួសពេល អាហ្នឹងកុំយំ»។
ក៏ប៉ុន្តែលោកហ៊ុន សែន បានអះអាងពីការប្តេជ្ញាចិត្តក្នុងការសហការព្រមគ្នានឹងថែទាំអភិរក្សព្រៃឈើឲ្យបានស្ថិតស្ថិរ និងឲ្យមានកំណើនគម្របព្រៃឈើនៅកម្ពុជាឡើងវិញហើយនឹងបញ្ជៀសការរិះគន់ក្នុងរយៈពេល១០ឆ្នាំទៅមុខទៀត៕