លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាឲ្យកម្លាំងទាំងអស់ចាត់វិធានការតឹងរ៉ឹងនៅតាមព្រំដែន ដើម្បីធានាថា ពលករខ្មែរមិនរត់គេចពីការយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩។
ការចេញបញ្ជារបស់លោក ហ៊ុន សែន ខណៈក្រសួងសុខាភិបាលកម្ពុជាបានរាយការណ៍ថា ពលករខ្មែរ ១៤ នាក់ ឆ្លងជំងឺកូវីដ១៩ ក្រោយឆ្លងចូលកម្ពុជាពីប្រទេសថៃដែលកំពុងប្រឈមការឆ្លងសហគមន៍ក្នុងប្រទេស។
ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃសុក្រនេះបានប្រកាសថា ពលករខ្មែរជាស្រ្តី ១២ នាក់ទៀត ត្រូវបានធ្វើតេស្តមានផ្ទុកជំងឺកូវីដ១៩ ក្រោយពួកគេឆ្លងពីថៃ។ រហូតមកដល់ពេលនេះ ពលករខ្មែរសរុប ១៤ នាក់ហើយ ដែលឆ្លងជំងឺកូវីដ១៩នេះ បន្ទាប់ពីមានការឆ្លងដំបូងចំនួន ២ ករណី ដែលត្រូវបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍។
ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយ កាលពីព្រឹកថ្ងៃសុក្រ ទី១ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលឲ្យដឹងថា ស្រ្តីទាំងនោះមានអាយុចន្លោះពី ២៤ ឆ្នាំដល់ ៣៩ ឆ្នាំ ដែលជាពលករធ្វើដំណើរមកពីប្រទេសថៃ។ ក្នុងចំណោមអ្នកទាំងនោះ ២ នាក់ជាស្រ្តីមានអាសយដ្ឋានស្នាក់នៅក្នុងខេត្តបាត់ដំបង និង ១០ នាក់ក្នុងខេត្តប៉ៃលិន។ ពួកគេទាំងនោះមកដល់កម្ពុជា ចន្លោះថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងនៅក្នុងសារអាត់សំឡេងមួយដោយបញ្ជាកម្លាំងទាំងអស់នៅតាមព្រំដែនគ្រប់គ្រង «ឲ្យបានហ្មត់ចត់ជាទីបំផុត» នៅតាមច្រកព្រំដែនធំតូចទាំងអស់ ដោយធានាថា ពលករខ្មែរដែលចូលមកកម្ពុជាពីប្រទេសថៃ ត្រូវដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងធ្វើតេស្តសំណាករកជំងឺកូវីដ១៩។
លោកហ៊ុន សែន ថ្លែងថា៖ «ដាច់ខាតមិនឲ្យមានការលួចឆ្លងហើយចូលមកផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើការត្រួតពិនិត្យ មិនបានយកសំណាកនិងធ្វើចត្តាឡីស័កនោះទេ»។
លោក ហ៊ុន សែន បញ្ជាឲ្យកម្លាំងទាំងអស់ផ្អាកដឹកពលករខ្មែរទៅតាមបណ្តាខេត្តនានា ដោយរក្សាទុកពួកគេនៅកន្លែងចត្តាឡីស័កតាមព្រំដែន ដើម្បីបញ្ចៀសការឆ្លងរាលដាលចូលសហគមន៍។ លោកក៏បានបញ្ជាឲ្យក្រសួងសុខាភិបាលផ្គត់ផ្គង់សម្ភារៈនិងថវិកា ហើយក៏បន្ថែមគ្រូពេទ្យនៅតាមព្រំដែនប្រសិនបើចាំបាច់។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «ក្រសួងសុខាភិបាលត្រូវធ្វើសកម្មភាពបន្ទាន់ ដើម្បីនឹងបន្ថែមសម្ភារៈថវិកាសម្រាប់ការធ្វើចត្តាឡីស័ក ក៏ដូចជាការធ្វើតេស្តយកសំណាក។ ហើយបង្កើនល្បឿននៃការធ្វើតេស្តដោយវិទ្យាស្ថានប៉ាស្ទ័រ។ សំខាន់គឺការដឹកជញ្ជូនសំណាក់ពីបណ្តាខេត្តទាំងនោះ មកកាន់វិទ្យាស្ថានប៉ាស្ទ័រ ព្រោះយើងមិនទាន់មានទីកន្លែងធ្វើតេស្តនៅតាមខេត្តនៅឡើយទេ»។
លោកនាយករដ្ឋមន្រ្តីបញ្ជាឲ្យអាជ្ញាធរថ្នាក់ក្រោមត្រូវត្រួតពិនិត្យមើលនៅតាមមូលដ្ឋាន ថាតើមានពលករប៉ុន្មាននាក់ចូលដល់ផ្ទះ ដើម្បីធានាថាមិនមានការគេចខ្លួនរបស់ពួកគេ។ លោកអំពាវនាវឲ្យពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេសថៃ ដើម្បីឲ្យអាជ្ញាធរថៃពិនិត្យព្យាបាលនៅទីនោះ។ លោកអំពាវនាវឲ្យពលករយោគយល់ករណីនេះ។
ប្រទេសថៃកំពុងទប់ទល់នឹងការឆ្លងរាលដាលកូវីដ១៩ ក្នុងសហគមន៍ដែលករណីឆ្លងមានទៅដល់រាប់រយនាក់ជិត ២ សប្តាហ៍កន្លងមកនេះ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ អាជ្ញាធរថៃបានប្រកាសថា ខ្លួនរកឃើញករណីវិជ្ជមានកូវីដ១៩ លើស្ត្រីខ្មែរម្នាក់ដែលត្រូវបានរាយការណ៍ថាលួចឆ្លងដែនចូលទឹកដីថៃ។
ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បណ្ដាខេត្តកម្ពុជាជាប់ព្រំដែនថៃបានប្រុងជើងការតាមបញ្ជារបស់លោក ហ៊ុន សែន ឲ្យមានការយាមកាមត្រៀមទទួលពលករដែលមកពីប្រទេសថៃ ដោយរៀបចំធ្វើតេស្ដរកកូវីដ១៩ និងធ្វើចត្តាឡីស័កនៅទីដ្ឋានដែលអាជ្ញាធររៀបចំឲ្យ។
លោកហ៊ុន សែន បញ្ជាឲ្យចូលតាមច្រកព្រំដែនអន្តរជាតិចំនួន ៣ ប៉ុណ្ណោះ គឺច្រកដូងក្នុងខេត្តបាត់ដំបង ច្រកប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ក្នុងខេត្តឧត្តរមានជ័យ។
លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនដែលទើបចូលកាន់តំណែង ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ថ្លែងប្រាប់ VOA នៅថ្ងៃសុក្រនេះថា ស្ថានភាពនៅពេលនេះ អាចគ្រប់គ្រងបាន ខណៈអ្នកឆ្លងតាមព្រំដែនក្នុងខេត្តរបស់លោកស្រី មានប្រមាណ ៧០ នាក់តែប៉ុណ្ណោះ។ លោកស្រីបន្តថា ករណីពលករខ្មែរជាស្រ្តី ១០ នាក់ដែលរស់នៅក្នុងខេត្តប៉ៃលិនឆ្លងជំងឺកូវីដ១៩ ជាករណីឆ្លងពីប្រទេសថៃ មិនមែនឆ្លងផ្ទាល់ក្នុងខេត្តប៉ៃលិននោះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសូមជម្រាបថា ពាក្យថាឆ្លង អត់មានឆ្លងទេនៅប៉ៃលិន។ គឺចំនួន ១០ នាក់ ដែលមានវិជ្ជមាននោះ ពួកគាត់ជាពលករឆ្លងមកពីប្រទេសថៃ។ អញ្ចឹងគាត់ឆ្លងមកដល់ភ្លាម គឺខាងក្រុមការងារហើយនិងមន្រ្តីសុខាភិបាល បានយកគាត់ទៅគ្រប់គ្រងទៅធ្វើសំណាក។ គាត់ចូលមកតាំងពីថ្ងៃ២៩ [ខែធ្នូ]»។
អភិបាលខេត្តដែលជាអតីតតំណាងរាស្រ្តខេត្តប៉ៃលិនរូបនោះឲ្យដឹងទៀតថា អាជ្ញាធរខេត្តបានត្រៀមសណ្ឋាគារមួយក្នុងខេត្តប៉ៃលិន ឲ្យពលករស្នាក់នៅ ដែលលោកស្រីថា រហូតមកដល់ពេលនេះ មានពលករជាង ៤០ នាក់ កំពុងធ្វើចត្តាឡីស័កនៅទីនោះ។ លោកស្រីបន្តថា អាជ្ញាធរបានត្រៀមខ្លួនរួចជាស្រេចហើយ តាំងពីពេលផ្ទុះជំងឺកូវីដ១៩ ក្នុងប្រទេសថៃដំបូង កាលពីជិត ២ សប្តាហ៍មុន។
លោកស្រីមានប្រសាសន៍ថា៖ «យើងបានគ្រប់គ្រងបានចំពោះពលករដែលគាត់ចូលមកភ្លាម គឺយើងពិនិត្យសុខភាពភ្លាម ហើយដាក់ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ។ ទាល់តែថាច្បាស់ថា គាត់មានសុខភាពល្អមិនមានមេរោគទេ គ្រប់ ១៤ ថ្ងៃ ទើបយើងឲ្យគាត់ត្រឡប់ទៅផ្ទះ»។
លោកស្រីបន្ថែមថា ការដាក់ឲ្យនៅដាច់ដោយឡែកនេះ អាជ្ញាធរក៏បានឧបត្ថម្ភប្រាក់និងផ្គត់ផ្គង់អាហារដល់ពលករផងដែរ។ លោកស្រីអំពាវនាវកុំឲ្យពលកររត់គេចពីចត្តាឡីស័ក ដែលរៀបចំដោយរដ្ឋាភិបាល។
មន្ត្រីសម្របសម្រួលផ្នែកការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថាសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា នេះជាការលំបាកបន្ថែមទៀតដល់ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ទាំងស្របច្បាប់និងមិនស្របច្បាប់ ដោយសារពួកគេមិនបានចេញទៅធ្វើការក្នុងពេលដែលថៃកំពុងមានការឆ្លងសហគមន៍។ លោកលើកទឹកចិត្តឲ្យពលករខ្មែរបន្តស្នាក់នៅក្នុងប្រទេសថៃ ហើយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាសហការជាមួយរដ្ឋាភិបាលថៃ ដើម្បីជួយពលករខ្មែរឲ្យដូចពលករថៃដែរ។
លោកមានប្រសាសន៍ថា៖ «អំពាវនាវឲ្យរាជរដ្ឋាភិបាលហ្នឹងត្រូវស្នើទៅភាគីថៃ ថាធានាយ៉ាងណាឲ្យពលករខ្មែរហ្នឹងទទួលបាននូវសេវាសមស្រប ដូចប្រជាពលរដ្ឋថៃដែរ»។
លោក ឃុន ថារ៉ូ បន្តថា រដ្ឋាភិបាលកម្ពុជាគួរធានាការជួយពលករត្រឡប់មកកម្ពុជាវិញ តាមរយៈបង្កើតកម្មវិធីគោលនយោបាយគាំពារសង្គមរឹងមាំ និងមាននិរន្តភាពដើម្បីកុំឲ្យពលករត្រឡប់ទៅប្រទេសថៃវិញពេលបញ្ចប់វិបត្តិជំងឺកូវីដ១៩ ដែលលោកថា នឹងបន្តអូសបន្លាយយូរទៀត។
លោកបញ្ជាក់ថា៖ «គ្រាន់តែថាមានបញ្ហាឡើងយើងបញ្ចេញតែកញ្ចប់ថវិកាហើយចប់ទៅ ពួកគាត់ប្រឈមដដែលហ្នឹង។ ដូចពលករហ្នឹង កាលណាស្ថានភាពកូវីដវាប្រសើរទៅ ដូចថា[ស្ថានភាពនៅ]ថៃវាប្រសើរទៅ គាត់នៅតែRisk[គ្រោះថ្នាក់]។ គាត់នៅតែប្រថុយប្រថានហានិភ័យទៅថៃដូចតែគ្នា។ អញ្ចឹងមានន័យថា វាអត់មាននិរន្តរភាពទេ។ គាត់មកវិញនេះ វាគ្រាន់តែជាកត្តាខាងក្រៅទេ។ ប៉ុន្តែកត្តាខាងក្នុងរបស់គាត់ហ្នឹង គឺកត្តាសេដ្ឋកិច្ចនិងកត្តាអត់មានការងារធ្វើនៅក្នុងស្រុកហ្នឹងហើយ»។
គួរបញ្ជាក់ថា កម្ពុជាបានប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ ជាលក្ខណៈសហគមន៍លើកដំបូងបង្អស់កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលជាការឆ្លងនាំឲ្យពលរដ្ឋកាន់តែច្រើនព្រួយបារម្ភខ្លាំង។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មានប្រសាសន៍ថា ការឆ្លងនៅក្នុងសហគមន៍នេះបានបញ្ចប់ ដោយសារក្រសួងសុខាភិបាលរកមិនឃើញការឆ្លងបន្តទៀត៕