លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបញ្ជាឲ្យពន្លឿនចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងដីធ្លីផ្សេងទៀត ឲ្យចប់សព្វគ្រប់នៅឆ្នាំ ២០២៣ ខណៈលោកបានវាយប្រហារអ្នកដែលរិះគន់រដ្ឋាភិបាលរបស់លោក ពាក់ព័ន្ធនឹងរឿងកាប់ព្រៃឈើ ដោយព្រមានយកដីរបស់ក្រុមអ្នករិះគន់ទាំងនោះ។
លោក ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ហ៊ុន សែន ឲ្យដឹងថា រដ្ឋាភិបាលរបស់លោកបានចុះបញ្ជីដីធ្លីបានប្រមាណ ៦ លាន ៧ សែនបណ្ណរហូតមកដល់ពេលនេះ ដែលស្មើប្រមាណ ៩៦,២% នៃចំនួនក្បាលដីប៉ាន់ស្មានប្រមាណ ៧ លានក្បាលដី។ លោកទទូចឲ្យពន្លឿនការងារចុះបញ្ជីក្បាលដីនេះឲ្យបានចប់សព្វគ្រប់នៅក្នុងឆ្នាំ ២០២៣ ដូចដែលក្រសួងរៀបចំដែនដីបានប្តេជ្ញា។
លោក ហ៊ុន សែន បានបញ្ជាឲ្យពន្លឿនចុះបញ្ជីដីធ្លី រួមទាំងដីរដ្ឋ ដីសាធារណៈរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច និងដីសហគមន៍ជនជាតិដើមភាគតិច ដើម្បីធានាសុវត្ថិភាពកាន់កាប់ដីធ្លីនៅក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ចំណុចសេសសល់របស់យើង វានៅមិនច្រើនទេ។ វានៅតិចណាស់។ ប៉ុន្តែកន្លែងខ្លះពន្យារនូវការធ្វើរឿងនេះ ទោះបីការចុះបញ្ជី ឬធ្វើកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធក្តី ជាលក្ខណៈដាច់ដោយដុំក្តី គឺហាក់ដូចជានៅទ្រឹង ឬធ្វើដែរ ក៏ប៉ុន្តែធ្វើដោយមិនមានការជំរុញ [គឺ]មិនមានសន្ទុះ ដែលធ្វើឲ្យប្រជាជនរង់ចាំរឿងនេះ»។
លោក ហ៊ុន សែន បន្ថែមថា ការកាប់ព្រៃឈើក្នុងប្រទេសកម្ពុជា គឺដើម្បីយកដីមកបំពេញតម្រូវការរស់នៅរបស់ប្រជាពលរដ្ឋ ដោយសារតែមានកំណើនប្រជាជន។ លោកក៏បានប្រតិកម្មទៅនឹងអ្នករិះគន់រឿងកាប់ព្រៃឈើយ៉ាងដូច្នេះថា៖
«អ៊ីចឹងអាអ្នកជេរ វាចេះតែជេរ។ អាតម្រូវការរបស់យើងចេះតែមានតម្រូវការ។ អ៊ីចឹងបានខ្ញុំថា ពេលខ្លះត្រូវតែលេងពួកអាអ្នកជេរហ្នឹងដែរ ចាប់អ្ហែងឲ្យជាប់ … ដីអ្ហែងនៅកន្លែងណា អើអ្ហែងជេរអញ អញយកដីហ្នឹងវិញ។ ដីអត់យកទៅណាទេ យកមកដាក់រដ្ឋវិញ ដើម្បីឲ្យអ្ហែងដឹងថា អ្ហែងជេរហ្នឹងវាខុស»។
លោក ហ៊ុន សែន ក៏ជំរុញឲ្យដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ ដោយធានាថា មានក្រុមការងារដោះស្រាយវិវាទ ដោយមិនលម្អៀងទៅភាគីណាមួយ។
លោក អៀង វុទ្ធី នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា ដែលធ្វើការជាមួយសហគមន៍ជនជាតិដើមភាគតិច ប្រាប់វីអូអេថា សហគមន៍ជនជាតិដើមភាគតិចមានជម្លោះរ៉ាំរ៉ៃជាមួយក្រុមហ៊ុន ដែលទទួលបានដីសម្បទានសេដ្ឋកិច្ច ដោយសារភាពមិនច្បាស់លាស់នៃការកាន់កាប់ដីធ្លី ដូចជាវិវាទដីធ្លីរវាងក្រុមហ៊ុនវៀតណាមហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai ឬ HAGL) ដែលទទួលបានដីសម្បទានរាប់ម៉ឺនហិកតាពីរដ្ឋាភិបាលជាមួយជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី។ លោកបន្ថែមថា ការចុះបញ្ជីដីកម្មសិទ្ធិរបស់ជនជាតិដើមភាគតិចក្នុងប្រទេសកម្ពុជាមានមិនដល់ ៤០ នោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងយើងទទូចសុំឲ្យក្រសួងសាមី ជាពិសេសក្រសួងដែលពាក់ព័ន្ធដូចជាក្រសួងដែនដី និងក្រសួងដទៃទៀត ខាងកសិកម្មហ្នឹង គឺធ្វើការពន្លឿននូវនីតិវិធី គឺដើម្បីធ្វើការដោះស្រាយបញ្ហាវិវាទដីធ្លីហ្នឹងជូនប្រជាពលរដ្ឋឲ្យបានកាន់តែឆាប់កាន់តែល្អ»។
ក្រសួងមហាផ្ទៃបានទទួលស្គាល់សហគមន៍ជនជាតិដើមភាគតិចនីតិបុគ្គល សរុបចំនួន ១៥២ សហគមន៍នៅទូទាំងប្រទេស គិតត្រឹមខែមិថុនា ឆ្នាំ ២០២១។ នេះបើតាមរបាយការណ៍អំពីស្ថានភាពប្រជាសាស្រ្ត និងសង្គម សេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិចនៅកម្ពុជា ដែលរៀបចំដោយក្រសួងផែនការ និងក្រសួងអភិវឌ្ឍន៍ជនបទ ចេញផ្សាយកាលពីឆ្នាំ ២០២១។ ដោយឡែកក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចជាសមូហភាពនៅទូទាំងប្រទេសសរុបចំនួន ៣៣ សហគមន៍ ស្មើនឹង ៨៥៦ បណ្ណ លើផ្ទៃដីទំហំសរុបប្រមាណ ៣៤.០០០ហិកតា ស្មើនឹង ៣.២៣៥ គ្រួសារ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០។
គួរបញ្ជាក់ថា នៅក្នុងកិច្ចសម្ភាសន៍ជាវីដេអូមួយកាលពីខែកញ្ញា ឆ្នាំ ២០១៥ ជាមួយផលិតករភាពយន្តអាមេរិកម្នាក់ឈ្មោះ Robert H. Lieberman លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដោយស្មោះត្រង់ថា បញ្ហាដីធ្លីគឺជាការសោកស្តាយធំបំផុតរបស់លោក ដោយលោកថា រដ្ឋាភិបាលគួរតែផ្តល់កម្មសិទ្ធិដីធ្លីឲ្យប្រជាពលរដ្ឋបានលឿនជាងនេះ៕