លោក ហ៊ុន សែន បញ្ជា​ឲ្យ​រៀបចំ​«​ផែន​ការ​មេ»ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ​និង​ជំរុញ​​ការចាក់​ឲ្យ​បាន​លឿន

រូបឯកសារ៖ បុរសវ័យចំណាស់ម្នាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់​ក្រុមហ៊ុន AstraZeneca នៅមន្ទីរពេទ្យមួយក្នុង​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ចេញ​បញ្ជា​ឲ្យ​បង្កើន​ល្បឿន​ចាក់​វ៉ាក់​សាំងបង្ការ​ជំងឺ​កូវីដ​១៩ និង​បង្កើត«ផែន​ការ​មេ»មួយ​ ខណៈវ៉ាក់​សាំង​ចិន​១​លាន​៥​សែន​ដូស នឹង​មក​ដល់​កម្ពុជា​ក្នុង​ពេល​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​សារ​ជា​សំឡេង​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ ​កាល​ពី​ថ្ងៃ​អង្គារ។

លោក ហ៊ុន សែន បាន​ឲ្យ​ដឹង​ថា​រដ្ឋាភិបាល​មាន​គម្រោង​ចាក់​វ៉ាក់​សាំង​ដល់ប្រជាជន​កម្ពុជា ​ចន្លោះ​ពី១០​លាន​ទៅ​១៣​លាន​នាក់​នៃ​ប្រជាជន​សរុប​ជាង​១៦​លាន​នាក់។ លោក​បន្ថែម​ថា​វ៉ាក់​សាំង​ស៊ីណូ​វ៉ាក់(Sinovac)របស់​ក្រុមហ៊ុន​ចិន​ក្នុងទីក្រុង​ប៉េកាំង ចំនួន​១​លាន​៥​សែន​ដូស ​នឹង​មក​ដល់​កម្ពុជា​ក្នុងពេល​ឆាប់ៗ​ខាង​មុខ ហើយ​រដ្ឋាភិបាល​របស់​លោក ​ក៏​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ផ្សេងៗ​ទៀត​ផង​ដែរ ក្នុង​នោះ​មាន​វ៉ាក់​សាំងអាមេរិក ឈ្មោះ​Johnson & Johnson។

លោក ហ៊ុន សែន ក៏​បាន​បង្កើតគណៈ​កម្មការ​ចំពោះ​កិច្ច​មួយ ដែល​តែងតាំង​លោក​ស្រី ឱ វណ្ណឌីន រដ្ឋ​លេខា​ធិការ​ និង​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​សុខាភិបាល ជា​ប្រធាន​គណៈ​កម្មការ​នេះ។ លោក​ក៏​បាន​បញ្ជា​ឲ្យរៀប​ចំ​«ផែន​ការ​មេ»មួយ​ឲ្យ​បាន​ច្បាស់​លាស់​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ​១៩។

លោក​មាន​ប្រសាសន៍​ថា៖«វ៉ាក់សាំង​ដែល​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ ដែលក្នុង​គម្រោងអាច​នឹង​មក​ដល់​១​លាន៥​សែន​ដូស ហើយ​និង​អាច​លើស​ពី​នោះ​ថែម​ទៀត​នោះ ក៏​ត្រូវ​រៀបចំផែន​ការ​ឲ្យ​បាន​ច្បាស់តម្រង់​ទៅ​ទិស​ណា ហើយ​កម្លាំង​ពេទ្យ​ដែល​ត្រូវ​ចាក់​ ត្រូវ​បណ្តុះ​បណ្តាល​យ៉ាង​ណា ទីកន្លែង​របៀបណា ត្រូវ​រៀបចំ​ផែន​ការ​មេ​ជាក់​លាក់​ ដើម្បី​ដំណើរ​ការ​ឲ្យ​បាន​ល្អ»។

បើ​តាម​លោក ហ៊ុន សែន វ៉ាក់​សាំង​ទាំង​នេះ សម្រាប់​ក្រុម​អាទិភាព​បន្ត​ដែល​លោក​ថា​មាន​គ្រូ​បង្រៀន​ដែល​ស្ថិត​ក្នុង​តំបន់​ហានិភ័យ អ្នក​ធ្វើ​ការ​ក្នុង​ផ្នែក​ពន្ធដារ គយ អគ្គិសនី រដ្ឋាករទឹក កម្មករ​ប្រមូល​សំរាម សហជីព បេឡា​ជាតិ​សន្តិសុខ​សង្គម និង​ផ្នែក​ដោះ​មីន​ជាដើម។

លោក ហ៊ុន សែន ក៏​បានបញ្ជា​ឲ្យ​ចាក់​វ៉ាក់សាំង​នេះ​ឲ្យ​បាន​លឿន​ ខណៈ​កម្ពុជា​កំពុង​ប្រឈមការ​ឆ្លង​សហគមន៍​ទ្រង់ទ្រាយ​ធំ ដែល​មាន​មនុស្សឆ្លង​ជិត​១​ពាន់​នាក់ ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ។

លោក​បន្ថែម​ថា៖ «អញ្ចឹង​ត្រូវ​រៀបចំ​យន្ត​ការ ហើយ​ប្រើ​ប្រាស់​កម្លាំង​សរុបឲ្យ​អស់​លទ្ធភាព ដើម្បី​ជំរុញ​ការ​ចាក់​វ៉ាក់សាំង ក្នុង​ល្បឿន​មួយ​លឿន ដើម្បី​កុំ​ឲ្យ​វ៉ាក់សាំង​ហួស​ឌឺឡេ និង​ឲ្យ​វ៉ាក់សាំង​ដែល​យើង​ទទួល​បាន​ទៅ​ដល់​ប្រជាជន​ឲ្យ​បាន​ឆាប់ ដើម្បី​រួម​ចំណែក​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​កូវីដ​១៩»។

លោក វន់​ ពៅ ប្រធាន​សមាគម​ប្រជាធិប​តេយ្យ​ឯក​រាជ្យ​នៃសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ(IDEA)​ជំរុញ​ឲ្យ​ផ្តល់​អាទិភាព​លើ​ក្រុម​អ្នក​ធ្វើ​ការ​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មានអ្នក​រត់​ម៉ូតូ​ឌុប រ៉ឺម៉ក និង​អ្នក​រើស​អេត​ចាយ ជាដើម ដែលលោក​ថា​ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ ដើម្បី​រក​ចំណូល។ លោក​ក៏​ជំរុញ​ឲ្យ​មាន​ការ​បែង​ចែក​វ៉ាក់សាំង​ឲ្យ​មាន​សមធម៌ និង​យុត្តិធម៌​ផង​ដែរ។ លោក​បន្ត​ថា​ប្រជាពលរដ្ឋ​ចង់​បាន​វ៉ាក់​សាំង​ដែល​មាន​គុណភាព ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក​(WHO)។

លោក​មាន​ប្រសាសន៍​ថា៖ «មិន​ទាល់​ថា​អ្នក​ធំ​ គេ​ចាក់​អា​ល្អ។ អ្នក​មិនមែន​អ្នក​ធំ អ្នក​អី​អញ្ចឹង​ទៅ គេ​ឲ្យ​អា​វ៉ាក់សាំង​ដែល​មិន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក។ ​អញ្ចឹង​យើង​ចង់​ឲ្យ​ការ​បែង​ចែក​វ៉ាក់សាំង​នេះ​ប្រក​ប​ដោយ​ភាព​ស្មើៗ​គ្នា និង​មាន​គុណភាព​ដូចៗ​គ្នា»។

ចាប់​តាំង​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ចំនួន​៦០​ម៉ឺន​ដូស ដែល​អាច​ចាក់​មនុស្ស​ចំនួន​៣០​ម៉ឺន​នាក់។ កម្ពុជា​ក៏​កំពុង​ប្រើ​ប្រាស់​វ៉ាក់​សាំង ​Astra​Zeneca​ ចំនួន​ ៣២.​៤០០០​ដូស ក្រោម​ក្រប​ខណ្ឌ​កូវ៉ាក់​(Covax) ដែល​ជា​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក។

បើ​តាម​លោកស្រី ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល ក្រោម​គម្រោង​កូវ៉ាក់​ វ៉ាក់សាំង​១​លាន​១​សែន​ដូស នឹង​ត្រូវ​ផ្តល់​មក​ឲ្យ​កម្ពុជា​ជា​ដំណាក់​កាល ដែល​កម្ពុជា​ទទួល​បាន​ជាង​៣២​ម៉ឺន​ដូស​រួច​ហើយ​កាល​ពី​ដើម​ខែ​មីនា ហើយ​នៅ​សល់​ផ្សេង​ទៀត មាន​ការ​សន្យា​ថា​នឹង​បញ្ជូន​មក​កម្ពុជា ឲ្យ​បាន​ត្រឹម​ខែ​មិថុនា ឆ្នាំ​២០២១។

លោកស្រី លឹម សូលីន នាយិកា​អង្គការ Oxfam ប្រចាំ​កម្ពុជា បាន​ថ្លែង​ក្នុង​កម្មវិធី​Hello VOAកាល​ពី​សប្តាហ៍​មុន​ថា​លើ​ពិភព​លោក​កំពុង​ប្រឈម​នឹង​កង្វះ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដូច្នេះ​ត្រូវ​មាន​ការ​បែង​ចែក​វ៉ាក់​សាំង​ដោយ​សមធម៌​ផង​ដែរ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ ដែល​មិន​អាច​ផលិត​វ៉ាក់​សាំង​បាន ដូច​កម្ពុជា​ផង​ដែរ។

លោកស្រី​បន្ត​ថា​រដ្ឋាភិបាលក្នុងពិភព​លោកក៏​ត្រូវ​ជំរុញ​ទឹក​ចិត្ត​ដល់​ក្រុម​ហ៊ុន​ផលិត​វ៉ាក់សាំង ឲ្យ​ផ្តល់​វ៉ាក់​សាំង​ដល់​ប្រទេស​ផ្សេងៗដោយ​សមធម៌ ហើយ​កុំ​ដាក់រូប​មន្ត​នៃ​ការ​ផលិតវ៉ាក់សាំង​នេះ ជា​កម្ម​សិទ្ធិ​បញ្ញា។

លោកស្រី​បញ្ជាក់​ថា៖ «បើ​សិន​ជា​ប្រជាជន​កម្ពុជា​យើង ក៏​ដូច​ជា​ប្រជាជន​ទូទាំង​ពិភព​លោក​ មិន​បាន​ទទួល​វ៉ាក់​សាំង​ឲ្យ​បាន​ទាំង​អស់​គ្នា​ទេ ជីវិត​អត់​អាច​ត្រឡប់​ទៅ​ដូច​ដើម​វិញ​បាន​ទេ។ កាល​ណា​ជីវិត​អត់​អាច​ត្រឡប់​ទៅ​ដូច​ដើម សេដ្ឋកិច្ច ក៏​មិន​អាច​ត្រឡប់​ទៅ​ដូច​ដើម​វិញ​ដែរ»។

កាល​ពី​កន្លង​ទៅ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បាន​លើក​ឡើង​ថា​វ៉ាក់សាំង​ AstraZeneca ​គឺ​សម្រាប់ក្រុម​ពលរដ្ឋ​អាទិភាព​ ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ត្រូវ​ចាក់​វ៉ាក់សាំង​របស់​ចិន​ឈ្មោះ​ស៊ីណូ​ហ្វាម(Sinopharm)។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ច័ន្ទ លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល បាន​ឲ្យ​ដឹង​ថា​កម្ពុជា​កំពុង​តែ​ពិចារ​ណា​ទិញ​វ៉ាក់​សាំង​បន្ថែម​ពី​ក្រៅ​ប្រទេស​ ដោយ​ប្រើ​ថវិកា​ដែល​ប្រមូល​បាន​ពី​សប្បុរស​ជន មាន​អ្នក​ជំនួញ និង​ឧកញ៉ា​រក​ស៊ី​ធំៗ ដែល​មាន​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​រហូត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មីនា​នេះ៕