លោក ហ៊ុន សែន ស្នើ​អាជ្ញាធរ​ខេត្ត​ឲ្យ​ពិចារណា​ផ្អាក​ពិធី​មង្គលការ​និង​ការ​ជួបជុំ​មនុស្ស​ច្រើន

ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​​ ខណៈ​កម្ពុជា​កំពុង​ប្រឈម​ការ​រាតត្បាត​នៃ​ជំងឺកូវីដ១៩​ នៅ​ភ្នំពេញ ថ្ងៃទី១០ ខែមីនា​ ឆ្នាំ២០២១។​ (ហ៊ាន​ សុជាតា/វីអូអេ)

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ចេញ​បទ​បញ្ជា​ថ្មី​មួយ​ដោយ​បង្គាប់​ឲ្យ​អភិបាល​ខេត្ត​នានា​ពិនិត្យ​លទ្ធភាព​បិទ​ឬ​ផ្អាក​ការ​ជួបជុំ​មនុស្ស​ម្នា​ច្រើន ដែល​រួម​ទាំង​ពិធី​មង្គលការ​ផងដែរ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ១៩។

លោក ហ៊ុន សែន ស្នើ​ដូច​នេះ​ក្នុង​សារ​ជា​សំឡេង​ដែល​បាន​បង្ហោះ​តាម​ទំព័រ Facebook របស់​លោក​កាលពី​ថ្ងៃ​ទី ១៥ ខែ​មីនា។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​បាន​សង្កេត​ឃើញ​ថា រាល់​ការ​រៀប​អាពាហ៍ពិពាហ៍​តែង​កើតឡើង​នូវ​ហានិភ័យ។ ...ដូច្នេះ​បញ្ហា​នេះ​ជា​បញ្ហា​ដែល​សុំ​ឲ្យ​បណ្តា​ខេត្ត​ធ្វើការ​ពិចារណា​អំពី​ការ​បិទ ការ​ផ្អាក ការ​រៀបចំ​ណា​មួយ​តាម​សេចក្តី​សម្រេច​របស់​ខេត្ត»។

បទ​បញ្ជា​ថ្មី​ចុង​ក្រោយ​បង្អស់​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​មាន​របាយការណ៍​អំពី​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​ចំណោម​អ្នក​ចូលរួម​ពិធី​មង្គលការ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​តាកែវ ដែល​នៅ​ទីនោះ​អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ផ្អាក​ពិធី​មង្គលការ ពិធី​ជប់លៀង និង​ការ​ជួបជុំ​មនុស្ស​ច្រើន​រយៈពេល​ពីរ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី ១៥ ខែ​មីនា​តទៅ។

រាប់​ចាប់​ពី​ការ​ផ្ទុះ​ការ​ឆ្លង​ក្នុង​សហគមន៍​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ​មក មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ សរុប​ទាក់ទិន​នឹង​ព្រឹត្តិការណ៍​នេះ​ចំនួន ៨១០ នាក់ ដែល​ក្នុង​នោះ​មាន​អ្នក​ស្លាប់​ម្នាក់​ផងដែរ។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ក្រសួង​សុខាភិបាល​កម្ពុជា។

គិត​ត្រឹម​ថ្ងៃ​ចន្ទ​ម្សិលមិញ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ទូទាំង​ប្រទេស​ចំនួន ១.៣២៥ នាក់ និង​អ្នក​ជា​សះស្បើយ​ចំនួន ៧៣០ នាក់ ចាប់តាំង​ពី​មាន​ការ​ឆ្លង​ជំងឺ​នេះ​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​មក៕