លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យអភិបាលរាជធានីភ្នំពេញត្រៀមរថយន្តក្រុងជាង៣០០គ្រឿង ដើម្បីដឹកកម្មករ-កម្មការិនី ទៅស្រុកកំណើតរបស់ពួកគេ ដើម្បីអាចបោះឆ្នោតបាន ដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ។
នៅក្នុងសារជាសំឡេងមួយ លោក ហ៊ុន សែន បញ្ជាក់ថាការដឹកជញ្ជូននេះ មិនមែនជាការទិញដូរសន្លឹកឆ្នោតនោះទេ ព្រោះវាមិនមានការរើសអើងនយោបាយ។
លោក ហ៊ុន សែន ថ្លែងថា៖ «ដូច្នេះវាមិនមែនជាការសូកប៉ាន់ និងធ្វើការសូកប៉ាន់សម្រាប់ដោះដូរជាមួយនឹងសន្លឹកឆ្នោតនោះទេ ទីពីរខ្ញុំសូមស្នើឱ្យមានការរៀបរយបានច្បាស់លាស់សម្រាប់ខេត្តណា តម្រូវការប៉ុន្មាន វាខុសគ្នាពីស្ថានភាពកាលពីពេលចូលឆ្នាំ ពេលចូលឆ្នាំយើងបានផ្ដល់នូវរថយន្ដយ៉ាងច្រើន សម្រាប់ផ្លូវទៅខេត្តសៀមរាប»។
លោកនាយករដ្ឋមន្រ្តីក៏ស្នើឱ្យក្រសួងការងារ និងរដ្ឋបាលរាជធានីភ្នំពេញ រៀបចំការដឹកជញ្ជូនទៅវិញទៅមកឱ្យបានល្អប្រសើរបំផុត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថាគ.ជ.ប ប្រាប់វីអូអេនៅថ្ងៃពុធនេះថាការដែលរដ្ឋាភិបាលបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរសម្រាប់ប្រជាពលរដ្ឋ ទោះបីជាយកថវិកា ឬមិនយកក្តី មិនមែនជាការទិញទឹកចិត្តនោះទេ ដោយសាររដ្ឋាភិបាលត្រូវតែគិតគូរសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា៖«ទោះបីយកថវិកាក្ដី មិនយកថវិកាក្ដីនោះគឺជាដែនសមត្ថកិច្ចរបស់អាជ្ញាធរដែនដីដែនសមត្ថកិច្ចរបស់រដ្ឋបាល ក្នុងការគិតគូរដល់ជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា អ៊ីចឹងចំណុចនេះមិនមានពាក់ព័ន្ធដល់បោះឆ្នោតនោះទេ ពាក់ព័ន្ធត្រង់ដែលថាបង្កលក្ខណៈឱ្យមានជីវិភាពនិងការរស់នៅឱ្យកាន់តែល្អប្រសើរឡើង»។
លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្រ្វែល ដែលឃ្លាំមើលការបោះឆ្នោត យល់ថាជាការល្អដែលរដ្ឋាភិបាលអាចបំពេញកិច្ចការងារក្នុងនាមជាស្ថាប័នតំណាងរបស់ប្រជាពលរដ្ឋ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ដោយមិនមានការរើសអើងនិន្នាការនយោបាយណាមួយ។
លោកប្រាប់វីអអូថា៖ «ឧទាហរណ៍ការរើសអើងនៅក្នុងការដឹកជញ្ជូនហ្នឹងទាល់តែអ្នកគាំទ្រគណបក្សនេះ ឬអ្នកគាំទ្រគណបក្សនោះ អាហ្នឹងបានជាបញ្ហា ពាក់ព័ន្ធជាមួយរឿងការរើសអើងខាងផ្នែកនយោបាយ។តែប្រសិនបើ ជាការបើជាទូទៅ អាហ្នឹងវាជារឿងមួយល្អសម្រាប់ការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋផងដែរ»។
គួរបញ្ជាក់ថារដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យមន្រ្តីរាជការ និងកម្មករនិយោជិតបានឈប់សម្រាកពីការងារចំនួន៣ថ្ងៃ ដោយរាប់ចាប់តាំង ពីថ្ងៃទី២២ដល់២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត១២៥រូបខាងមុខ មិនមានវត្តមានគណបក្សជំទាស់ដ៏ធំ គឺគណបក្សភ្លើងទៀនឡើយ។ គណបក្សប្រជាជនកម្ពុជាត្រូវបានមើលឃើញថានឹងឈ្នះការបោះឆ្នោតមួយនេះ ដោយសារពុំមានគូប្រកួតប្រជែងដ៏មានសក្តានុពល។ មេដឹកនាំគណបក្សជំទាស់ដែលនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានអំពាវនាវឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលដោយសម្ងាត់ បើទោះពួកគេត្រូវទៅបោះឆ្នោតក៏ដោយ៕