លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះបានដាក់បញ្ជា បន្ទាន់មួយឱ្យមន្ត្រីថ្នាក់ក្រោមកាយយកដីដែលក្រុមហ៊ុនឯកជនមួយចាក់បំពេញសមុទ្រធម្មជាតិ ក្នុងខេត្តព្រះសីហនុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដែលចែកចាយឱ្យអ្នកសារព័ត៌មាន។
ការដាក់បញ្ជាភ្លាមៗរបស់លោក ហ៊ុន សែន ធ្វើឡើងមិនបានប៉ុន្មានថ្ងៃ ក្រោយមានការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ចំពោះការចាក់ដីបំពេញសមុទ្រ ដែលធ្វើឱ្យកខ្វក់ទឹកនិងឆ្នេរសមុទ្រកម្ពុជា។ វីដេអូខ្លីមួយដែលគេចែកចាយតៗគ្នាក្នុងបណ្តាញសង្គមហ្វេសប៊ុកកាលពីចុងសប្តាហ៍កន្លងទៅ បង្ហាញឱ្យឃើញថាឆ្នេរសមុទ្រកម្ពុជាមួយផ្នែកធំនៅតំបន់ព្រែកត្រែងប្រែជាល្អក់និងកខ្វក់ក្រោយការចាក់បំពេញដីក្នុងសមុទ្រនៅក្បែរនោះ។
នៅថ្ងៃអង្គារនេះ ក្រសួងរៀបចំដែនដីបានប្រកាសក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា លោក ជា សុផារ៉ា រដ្ឋមន្ត្រីនៃក្រសួងរៀបចំដែនដី ត្រូវបានចាត់តាំងដោយផ្ទាល់ពីលោក ហ៊ុន សែន ដើម្បីធ្វើដំណើរត្រួតពិនិត្យនិងកាយយកដីដែលបានចាក់បំពេញសមុទ្រមួយកន្លែងស្ថិតក្នុងឆ្នេរព្រែកត្រែង ឃុំ អូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នឹងធ្វើឱ្យឆ្នេរសមុទ្រនោះមានសភាពដូចធម្មជាតិវិញ។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែល ក៏បានព្រមានម្ចាស់ដីនៅតាមបណ្តោយឆ្នេរសមុទ្រផងដែរ ឱ្យ «ចៀសវាងនូវសកម្មភាពចាក់ដីរំលោភចូលឆ្នេរធម្មជាតិ»។
VOA មិនអាចទំនាក់ទំនងមន្ត្រីនៃក្រសួងរៀបចំដែនដី រួមទាំងលោក ជា សុផារ៉ា ដើម្បីសុំក្តីអធិប្បាយបន្ថែមបានទេនៅថ្ងៃអង្គារនេះ។
សារព័ត៌មាន Fresh Newsដែលស្និទ្ធនឹងរដ្ឋាភិបាលរាយការណ៍ថាម្ចាស់ក្រុមហ៊ុនឯកជនដែលចាក់ដីលុបសមុទ្រក្នុងខេត្តព្រះសីហនុ គឺក្រុមហ៊ុន ជឹង សុភាព ហៅយាយភូ ដែលគេស្គាល់ថាជាភរិយារបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។
យ៉ាងណាក៏ដោយមិនទាន់មានចំណាត់ការផ្លូវច្បាប់ណាមួយប្រឆាំងនឹងក្រុមហ៊ុនឯកជនដ៏មានឥទ្ធិពលនេះនៅឡើយទេ ចំពោះការធ្វើសកម្មភាពចាក់បំពេញសមុទ្រនៃខេត្តព្រះសីហនុ ដែលជាតំបន់ឆ្នេរសមុទ្រធម្មជាតិដ៏វែងតែមួយគត់របស់កម្ពុជា៕