លោក​ ហ៊ុន សែន បញ្ជា​ឲ្យ​មាន​ការ​បង្ក្រាប​លើ​​ល្បែង​ស៊ីសង​​នៅ​មូល​ដ្ឋាន

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីថ្ងសទី ៤ ខែសីហា ឆ្នាំ ២០២២។ (Photo by HANDOUT / RUSSIAN FOREIGN MINISTRY / AFP)

លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ព្រមាន​ដកមន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏ដូច​ជា​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ ចេញ​ពី​មុខ​តំណែងភ្លាម ប្រសិន​បើ​នៅ​តែ​អសកម្ម ឬ​មិន​អាច​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ ដូច​ជា​ជល់មាន់ កន្ទុយ​លេខ​ ឬ​ហៅថា​ឆ្នោត​វៀត​ណាម​ ក្នុង​មូល​ដ្ឋាន​នីមួយៗ​នោះ។

អ្នក​តាម​ដាន​សង្គម​យល់​ថា កម្ពុជា​មិន​គួរ​មាន​ការ​ចេញ​អាជ្ញា​បណ្ណ សម្រាប់​ប្រតិបត្តិការ​ល្បែងស៊ីសងនៅ​តាម​មូលដ្ឋាន​ទេ ព្រោះ​ទង្វើ​នេះ​ជានិច្ចកាល​បង្ក​ការ​ខូច​ខាតសេដ្ឋកិច្ច​គ្រួសារ​របស់ប្រជា​ពលរដ្ឋ​ និង​បង្ក​បញ្ហា​សង្គម​ផ្សេងៗ​ជា​ច្រើនទៀត ហើយ​មួយវិញ​ទៀត​ កុំ​ឱ្យ​បទ​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​គ្មាន​ប្រសិទ្ធ​ភាព។

នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​លោក​ សន ជ័យ យល់ថា ​កម្ពុជា​មិនគួរ​ទាញ​យក​ប្រយោជន៍​សេដ្ឋកិច្ចពី​អាជីវ​កម្ម​ល្បែងស្របច្បាប់ ដែល​អនុញ្ញាត​ឱ្យមាន​នៅតាម​មូលដ្ឋាន​ទេ ព្រោះល្បែង​ជាប្រភព​ចោរកម្ម ចោរ​លួច និង​បង្ក​ផលប៉ះ​ពាល់ដល់​សន្តិ​សុខ​សង្គម​ ហើយ​ក៏​ជា​ប្រភព​នៃ​ភាព​ក្រីក្រ ជម្លោះ​ក្នុង​គ្រួសារ​ដែល​ប៉ះពាល់​ដល់​សហគមន៍។ ដូច្នេះ​លោក​ថា ល្បែង​ស៊ីសង​ដែល​នៅ​ក្រៅ​កាស៊ីណូ​គ្រប់​រូបភាព មិន​ថា​ល្បែង​ស្រប​ច្បាប់ ឬ​ល្បែង​ខុសច្បាប់ គឺមិន​គួរឱ្យមាន​នោះទេ។

លោក​ថ្លែង​ថា៖ «កាល​ដែល[​រដ្ឋាភិបាល]​ប្រមើល​ថា​ចង់​បាន​ចំណូល​សេដ្ឋកិច្ច​ពីល្បែង​ខ្ញុំ​គិតថា​ វា​មិន​មែន​ជារឿង​មួយ​សាកសម​សម្រាប់ស្ថានភាព​បច្ចុប្បន្ន​នោះទេ ដោយ​សារ​តែល្បែង​មាន​ផលខាត​ច្រើន ជាង​ការ​បាន​ផលចំណេញ​មក​វិញ»។

ចំណែក​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព លោក យង់ គិមអេង កត់​សម្គាល់​ថា មូលហេតុ​ដែល​អាជ្ញាធរ​មិន​បង្ក្រាបល្បែង​ស៊ី​សង​កន្លង​មក​ គឺ​អាច​មក​ពីផល​ប្រយោជន៍​ផ្ទាល់​ខ្លួន ​ដែល​ទទួល​បាន​ពី​កន្លែង​ល្បែង​ស៊ីសង​ខុសច្បាប់​នោះ ហើយ​ខ្លះ​អាច​មក​ពី​កន្លែង​ល្បែង​មាន​ខ្នង​កាងពី​ក្រោយ​ធំ និង​ម្យ៉ាង​ទៀត​ប្រហែល​ជា​អាជ្ញាធរ​មូលដ្ឋានមិនបាន​គិត​ដល់​បញ្ហានេះ ព្រោះ​គ្មាន​បទបញ្ជា​ពី​ថ្នាក់​លើ។

បើតាម​លោក ​យង់ គិមអេង​ រដ្ឋាភិបាល​គួរ​តែ​ដក​អាជ្ញាបណ្ណ​ឆ្នោត​ឡូតូ​ដែល​ស្រប​ច្បាប់​ និង​ត្រូវ​តាម​ដាន​ត្រួត​ពិនិត្យ​សកម្មភាព​មន្ត្រី​មូលដ្ឋាន​ឱ្យ​បាន​ដិត​ដល់ ហើយ​ដាក់​ទោស​លើ​មន្ត្រីណា​ ដែល​ហ៊ាន​ឆ្លៀត​ធ្វើ​សកម្មភាព​ទាញយក​ផលប្រយោជន៍ពី​ល្បែង​ស៊ីសង​នេះ។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទ​នេះ​ថា៖​ «បើសិន​ជា​បទ​បញ្ជា​ថ្នាក់​លើ​ឱ្យ​បង្ក្រាប​បន​ល្បែង​ ហើយ​ថ្នាក់លើ​បែរ​ជា​ចេញ​អាជ្ញា​បណ្ណ​ឱ្យ​លេង​ល្បែង​ស្រប​ច្បាប់​ដែរ តើ​បញ្ហា​នេះវា​ប្រទាំង​ប្រទើស​គ្នាយ៉ាង​ម៉េច? ...បើសិន​ជា​មាន​ការ​បង្ក្រាប​លក្ខណៈ​គ្រួសារ​តូច​តាច បនល្បែង​កំប៉ិក​កំប៉ុក​ហូរហែ​ទៅ ដល់ពេល​ពួកហ្នឹង​លេង​មិនបាន​ ប្រាកដ​ជា​មកកន្លែង​ឡូតូ​ស្រប​ច្បាប់​ហ្នឹង​ហើយ។ អ៊ីចឹង​ កន្លែង​ហ្នឹង យើង​សួរ​ថា ប្រសិទ្ធភាព​នៃការ​បង្ក្រាប​នៅ​កន្លែង​ណា?»។

កាលពី​ថ្ងៃទី ១៧ ខែ​កញ្ញា​នេះ ​លោក ​ហ៊ុន សែន បាន​បង្ហោះ​សារជា​សំឡេង​ដែល​មាន​រយៈពេល​ជាង​ ២១​ នាទី​ នៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់​លោក​ ដោយ​បាន​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​កាន់មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ឱ្យ​បង្ក្រាប​ឱ្យ​អស់នូវ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ខណៈសកម្មភាព​បើកល្បែងស៊ីសង​ ដែល​ជ្រក​ក្រោម​ស្លាក​ល្បែង​ឡូតូ​ និងមាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់ បាន​រីករាល​ដាលនៅ​តាម​ហាង​កាហ្វេ​ និង​ហាង​គុយទាវ​ជាដើម។ ​លោកក៏​បាន​បញ្ជា​អាជ្ញាធរ​ឱ្យបិទ​ហាង​រក​ស៊ី​ណា ​ដែល​នៅតែបន្ត​បើកល្បែង​ស៊ី​សង​ទាំងនោះ​ឱ្យ​បាន​ជា​ដាច់​ខាត ប្រសិន​បើ​រក​ឃើញនោះ។

លោក​ ហ៊ុន សែន ​ថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ កន្លែង​លេង​ល្បែង​មួយ​ចំនួន មិន​មែន​មន្ត្រី​មូលដ្ឋាន​មិន​ដឹង​នោះ​ទេ​ ទាំង​កម្លាំង​នគរ​បាល ឬ​អាវុធហត្ថ​ ឬមន្ត្រី​រដ្ឋ​បាល​របស់​យើង។ ​ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​ អស់​លោក​មាន​ឆន្ទៈ​ធ្វើ​ ឬ​មិន​ធ្វើ​ ឬ​ក៏​កន្លែង​នោះ​ជា​ទី​កន្លែង​រក​ប្រាក់​របស់​អស់​លោក។ ​នេះ​ជា​ចំណុច​ ដែលខ្ញុំគួរ​តែត្រូវ​និយាយ​ដោយ​ត្រង់ៗ ទៅ​កាន់​អស់​លោក​តែ​ម្តង»។

​លោក​បាន​សង្កត់​ធ្ងន់​ថា៖​ «ខ្ញុំ​មិន​ញញើត​ដៃ​ជា​មួយ​ការ​ដកចោល​ [ដក]​ចេញ​ពី​មុខ​តំណែង​ ជាមួយ​អភិ​បាល​ខេត្ត​ ឬអភិ​បាល​រង​ ឬ​អភិបាល​ស្រុក​ ឬក៏ឋានៈ​នាយ​ទាហាន នគរ​បាល អាវុធ​ហត្ថ​ ចាប់​ពី​ស័ក្កិ​ប្រាំ​ឡើង​លើ ខ្ញុំ​នឹង​ចេញ​អនុក្រឹត្យ​ដើម្បី​បញ្ចប់​ភារកិច្ច​ចោល​តែ​ម្តង»។

សាស្ត្រា​ចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ​ឯម សុវណ្ណារ៉ា ជឿថា​ បើ​សិន​រដ្ឋាភិបាលពិតជា​អាចលុប​បំបាត់​ល្បែង​ស៊ី​សង​ខុសច្បាប់​នៅតាម​មូល​ដ្ឋាន​បាន​ពិត​មែន នោះ​រដ្ឋាភិបាល​និងគណបក្ស​ប្រជាជន​កម្ពុជា​ នឹង​អាច​ទទួល​បានការ​គាំទ្រ និង​អាច​ទាក់​ទាញ​ទឹក​ចិត្ត​ប្រជា​ពលរដ្ឋ​បាន​មួយ​កម្រិត​បន្ថែមទៀត។ តែផ្ទុយ​ទៅវិញ​ បើ​រដ្ឋ​ដោះ​ស្រាយ​មិន​បាន គ្រាន់​តែ​ដាក់ចេញ​បទ​បញ្ជា​និង​គោលការណ៍​ច្បាប់​ តែ​ការ​អនុវត្ត​ផ្ទុយ​នោះ ​វាក៏​បណ្តាល​ឱ្យ​គណបក្ស​ប្រជាជន​របស់លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កំពុង​ដឹក​នាំ​ប្រទេស​ អាច​បាត់​បង់​ប្រជា​ប្រិយភាព​របស់​ខ្លួន​វិញ​ផង​ដែរ។

គួរ​បញ្ជាក់​ផងដែរ​ថា​ រដ្ឋា​ភិបាល​កម្ពុជា បានបង្កើត​ក្រុម​ការងារ​បង្ក្រាប​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ ​ដោយ​បាន​ចេញ​សេចក្តី​សម្រេច ​កាល​ពីថ្ងៃ​ទី ១៦ ​ខែ​កញ្ញា​នេះ ​ចាត់​តាំង​លោក សុខ​ ផល រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ​ជា​ប្រធាន​ក្នុង​ការ​ធ្វើ​ការងារ​នេះ។

បើ​តាម​សេចក្តី​សម្រេច​របស់​រដ្ឋាភិបាល​ គឺ​ក្រុម​ការងារ​បង្ក្រាបល្បែង​ស៊ី​សង​ខុស​ច្បាប់​នេះ ត្រូវ​រៀប​ចំ​ផែន​ការ​ វិធានការ​ គោលការណ៍​ណែនាំ​ ដើម្បី​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​អនុវត្ត​បង្ក្រាប​នូវ​រាល់​ការ​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ និង​បទ​ល្មើស​ផ្សេង​ទៀត​ ពាក់​ព័ន្ធនឹង​សកម្មភាពជួញដូរ​មនុស្ស។

វីអូអេ​មិន​ទាន់​សុំ​ការ​អត្ថាធិប្បាយ​ពី​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ​ លោក សុខ​ ផល ​ដែលជា​ប្រធានដឹក​នាំ​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​នេះ តាម​ទូរស័ព្ទបាន​នៅ​ឡើយ​ទេនៅថ្ងៃ​ចន្ទ​នេះ។

ទោះ​ជា​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ​ លោក​ សាន សុខ​សីហា ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ក្នុង​រយៈពេល​ពីរថ្ងៃ គឺថ្ងៃសៅរ៍ និ​ងអាទិត្យ​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រមាណ ​៧០​ នាក់ ​ទាក់​ទង​ការ​បង្ក្រាប​ល្បែង​ស៊ីសង​នេះ ដែល​រួម​មាន​កន្លែង​ចាក់ឆ្នោត​វៀតណាម និង​កន្លែងចាក់​បាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជាដើម។

​លោក​ថ្លែងថា៖ «រយៈពេល​ពីរ​ថ្ងៃ ​យើង​អនុវត្ត​ពេញគឺ​ថ្ងៃ​ ១៧ និង​ ១៨ ​ថ្ងៃ ​យើងអនុវត្ត​បង្ក្រាប​បាន​ ៣៦ ​ករណី មាន​ន័យ​ថា​ ៣៦​ ទីតាំង ឃាត់​មនុស្ស​បាន​ ៧០​ នាក់ ក្នុង​នោះ​មាន​ស្ត្រី​ ៣៥ ​នាក់​ដែរ»។

ដោយ​ឡែក ​អនុប្រធាន​គណបក្សភ្លើងទៀន លោក ស៊ុន ឆ័យ ​យល់​ឃើញ​ថា រដ្ឋាភិបាល គួរ​តែ​ដក​អាជ្ញា​បណ្ណ​ឆ្នោត ឬល្បែង​ឡូតូ​ជា​ដើម​ឱ្យ​អស់​ពីមូល​ដ្ឋាន ​ព្រោះ​វា​មាន​ការ​ច្របូក​ច្របល់​គ្នា ហើយ​ការ​ណ៍នេះ គឺ​ងាយ​ស្រួល​ដល់​អាជ្ញាធរ​ក្នុង​ការ​បង្ក្រាប និង​ណែនាំ​ប្រជា​ពលរដ្ឋ​កុំ​ឱ្យ​លេង​ល្បែង​ស៊ីសង​ ដែលធ្វើ​ឱ្យប៉ះពាល់សេដ្ឋកិច្ច​ប្រជា​ពលរដ្ឋ​នេះ។

លោក​ថ្លែង​បន្ថែមថា អាជ្ញាធរ​មាន​សមត្ថកិច្ចត្រូវ​តែ​មាន​ការ​ដាក់​ពិន័យ​តាម​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ លើ​មន្ត្រីទទួល​បន្ទុក​បង្ក្រាប​បន​ល្បែងស៊ីសង​នេះ​ និង​ត្រូវ​ជ្រើស​រើស​តែង​តាំង​មន្ត្រី​ណា​ដែល​មាន​ចំណេះ​ដឹង​ពិត​ប្រាកដ​ ដើម្បីដោះ​ស្រាយ​បញ្ហា​ប្រឈមនានា​ឱ្យបា​ន​យូរ​អង្វែង៕