លោក ហ៊ុន សែន បញ្ជា​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាប់​ខ្លួន​ពួក​ឧទ្ទាម​​បញ្ជូន​ឱ្យ​វៀតណាម​វិញ

កងកម្លាំងប្រដាប់អាវុធវៀតណាមត្រូវបានចាត់តាំងដើម្បីតាមចាប់ខ្លួនជនដៃដល់ដែលបានវាយប្រហារទីស្នាក់ការរដ្ឋាភិបាលវៀតណាម នៅខេត្តដាក់ឡាក់ (Dak Lak) ក្នុងប្រទេសវៀតណាម។

ប្រមុខ​រដ្ឋាភិបាល​ខ្មែរ ​លោក​ ហ៊ុន សែន ​នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​កម្ពុជា​ក្នុង​ខេត្ត​មណ្ឌលគិរី​ដែល​ស្ថិត​នៅ​គៀក​នឹង​ខេត្ត​ដាក់ឡាក់(Dak Lak) ប្រទេស​វៀតណាម​តាម​ឆែក​ឆេរ​រក​ និង​ចាប់​ខ្លួន​ក្រុម​ប្រយុទ្ធ​ដែល​លោក​ថា​ ជា​ពួក​ឧទ្ទាម​«បាក់ទ័ព» បញ្ជូន​ទៅ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ទី​ក្រុង​ហាណូយ​វិញ​ ដោយ​ថា​ កម្ពុជា​មិន​អាច​ក្លាយ​ជា​កន្លែង​ជ្រក​កោន​ដើម្បី​សុវត្ថិភាពសម្រាប់​ជន​ឧទ្ទាម​ទាំង​នោះ​ទេ។

បទបញ្ជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន សែន​ ធ្វើឡើងក្នុង​ពិធី​ជួប​សំណេះសំណាល​ និង​សួរ​សុខ​ទុក្ខ​កម្មករ​រោង​ចក្រក្នុង​ខេត្ត​កំពង់​ចាម ទី​ដែល​លោកថ្លែងថា​ ​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​ឧទ្ទាម​នៅ​វៀតណាម​ ហើយ​លោក​ដាក់​ការ​សង្ស័យ​ថា មេក្រុម​ឧទ្ទាម​ទាំង​នោះ​ មាន​ទំនាក់​ទំនង​នឹងប្រភព​នៅកម្ពុជា​ ដូច្នេះ​ហើយ​អាជ្ញាធរ​នៅភាគី​កម្ពុជា​ត្រូវ​តាម​ចាប់​ខ្លួន​ពួក​ឧទ្ទាម​ទាំងនោះ​ឱ្យ​បាន​ ដែល​ជាផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​និង​ប្រទេស​ជិត​ខាងក្នុងកិច្ចការ​សន្តិសុខ។

លោក​ ហ៊ុន សែន ​ថ្លែង​ថា៖​ «អ៊ីចឹង​ទេ​ សូម​កំណត់​ឱ្យ​ច្បាស់​ណាស់​ កងទ័ពទោះបី​រាយ​ប៉ុន្មាន​ក៏​ដោយ ​វា​មិន​គ្រប់គ្រាន់​ទេ​ រាប់​រយ​គីឡូ​ម៉ែត្រ​ អ៊ីចឹង​ពេល​យប់​វា​លួច​ឆ្លង​ដែន​មក​រស់នៅ​តាម​ភូមិ​ អ៊ីចឹង​សុំ​បញ្ជា​ឱ្យ​ខេត្ត​រតនគិរី​ មណ្ឌលគិរី​ ត្រួត​ពិនិត្យ​តាម​ភូមិ​ ឲ្យ​ជាក់​លាក់​ប្រយ័ត្ន​មក​ដេក​ នៅ​ស៊ី​បាយ​ក្នុងភូមិ​ តាម​ភូមិ​នៅ​ឯណោះ​ទៅ​ ត្រូវ​ធ្វើ​រឿង​ហ្នឹង​ ឱ្យ​ច្បាស់​ខ្ញុំ​ជឿ​ថា​ គឺ​ចេញ​ពី​កម្ពុជា​ដែល​ផ្គត់ផ្គង់​សេវាកម្ម​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ ព្រោះ​រឿង​នេះ​វា​ធ្លាប់​មាន​ពី​មុន​មក​ហើយ​ ដែល​មុន​នេះ​ ឡើង​ទៅ​នៅ​រតនគិរី​ មណ្ឌលគិរី​ដែល​បង្កើត​ឱ្យ​ មាន​ជន​ភៀស​ខ្លួន​ឆ្នាំ ២០០៣​ ២០០៤ ២០០៥ មួយ​រយៈ​កន្លង​ទៅ​»។

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ ៩ នាក់​ត្រូវ​បាន​សម្លាប់​ និង​ ៣៩ នាក់​ត្រូវ​បាន​ឃុំ​ខ្លួន​ដោយ​សារតែ​ភាព​ចលាចល​នៅ​ក្នុង​ខេត្ត​ដាក់ឡាក់ (Dak Lak) ដែល​ជា​ទីលំនៅ​របស់​មនុស្ស​ចំនួន​ ៣០ ក្រុម​ដែល​គេ​ស្គាល់​ជា​រួម​ថា​ ជាជន​ជាតិ​ម៉ុងតាញ៉ា Montagnards ឬ ដេហ្គា Dega ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​មិថុនា​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រុមកាន់​សាសនា​និកាយ​កាតូលិក​ (UCA)កាល​ថ្ងៃ​ទី​ ១៤ ខែ​មិថុនា។

ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​ឱ្យ​ដឹង​ទៀត​ថា​ ប្រភព​ផ្លូវការ​ពី​ភាគី​វៀតណាម​បាន​អះអាង​ថា​ មនុស្ស​ប្រមាណ​ ៤០ នាក់ ​ដែល​ស្លៀកពាក់​ឯកសណ្ឋាន​កងទ័ព​សម្រាប់​ការប្រយុទ្ធ​ បាន​បើក​វាយ​ប្រហារ​លើ​ស្ថានីយ​ប៉ូលិស​ ២ កន្លែង ​ឃុំ​ចំនួន​ពីរ​របស់​ខេត្ត​ដាក់ឡាក់​ Dak Lak គឺ​ឃុំអ៊ែទាវ (Ea Tieu) និង​ឃុំ​អ៊ែកាទូ (Ea Ktur)។

នៅ​ព្រឹក​ថ្ងៃ​សុក្រ​ដដែល​នេះ​ លោក ​ហ៊ុន សែន ក៏​បាន​ព្រមាន​ថា បើ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ណា​មួយ​ក្នុង​នោះ​មាន​ទីភា្នក់ងារ​របស់​អង្គការ​សហប្រជាជាតិ​មាន​ការ​ពាក់ព័ន្ធ​ ក្នុង​ការជួយ​ទៅ​ដល់​ពួកឧទ្ទាម​ទាំង​អស់​នោះ​ លោក​នឹង​ចេញបញ្ជា​ឱ្យបិទ​ការិយាល័យ​របស់​ពួកគេ​ដែល​មាន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។

លោក​ ហ៊ុន សែន បញ្ជាក់​ទៀត​ថា៖ «អ៊ីចឹង​ខ្ញុំ​សូម​ព្រមាន​ចំពោះ​អង្គការ​អន្តរជាតិៗ​ ដែល​ធ្វើ​សកម្មភាព​ក្នុង​ទឹក​ដី​កម្ពុជា​ ត្រូវ​គេច​ពី​ឧក្រិដ្ឋកម្ម​ដែល​ពួកនេះ​បាន​ធ្វើ​ បើសិន​ជា​ពួក​អ្នក​ឯង​ទទួល​ស្មើ​នឹង​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​លើ​ប្រជា​ជន​វៀតណាម​ គឺ​ខ្ញុំ​សូម​ដាស់តឿន​ចំពោះ​អ្នក​ឯង​ ហើយ​យើង​អាច​នឹង​បិទ​នូវ​ការិយាល័យ​អ្នក​ទាំង​អស់​នេះ​ នៅ​ទីក្រុង​ភ្នំពេញ​ ដោយ​សារតែ​បំពាន​ទៅ​លើ​អ្វី​ដែល​ជា​ក្រឹត្យក្រម​នៃ​ទំនាក់​ទំនង​រវាង​រដ្ឋ​ និង​អង្គការ​អន្តរជាតិ​នានា»។

វីអូអេ​ពុំ​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គស្នងការ​រងនគរបាល​ជាតិ​ លោក ឆៃ ស៊ីណារិទ្ធ​ និង​ភាគី​ខាង​វៀតណាម​ បាន​នៅ​ឡើយ​ទេ​ គិត​ត្រឹម​រសៀល​ថ្ងៃ​សុក្រ​នេះ។

ចំណែក​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មិនទាន់​ឆ្លើយ​តប​សំណួរ​របស់​វីអូអេ​ ដែល​ផ្ញើ​តាម​សារ​អ៊ីមែល​នៅ​ថ្ងៃសុក្រ​នេះ
​នៅ​ឡើយ​ទេ។

ដោយឡែក​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ​លោក ​អំ សំអាត ប្រាប់​វីអូអេថា​ ការ​លើក​ឡើង​របស់​លោក​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន គឺ​មិន​មែន​ជា​រឿង​ថ្មី​នោះ​ឡើយ​ ដែល​បញ្ជា​ឱ្យ​ចាប់​ខ្លួន​ជន​ល្មើស​ ឬ​ពួកឧទ្ទាម​ដែលចូល​មក​កម្ពុជា​ដោយ​ខុស​ច្បាប់​ ហើយ​បញ្ជូន​ទៅ​ប្រទេស​នោះ​វិញ​នោះ។

លោក​បន្ថែម​ថា៖«ទាក់​ទង​នឹង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដូច​អត់​មាន​អី​ព្រួយ​បារម្ភ​ទេ ព្រោះ​យើង​ធ្វើ​ការផ្អែក​ទៅ​លើ​គោលការណ៍​របស់​អង្គការ​ ក៏​ដូច​ជា​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​តែ​ប៉ុណ្ណឹង។ អ៊ីចឹង​ចំពោះ​រឿង​ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ខាង​វៀតណាម​រឿង​អី យើង​ជា​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ស្រុក​ នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ មិន​អី​ទៅ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុម​ទាំងអស់​ហ្នឹង​ទេ​ គឺ​យើង​ធ្វើ​ការ​ទៅ​លើ​គោលការណ៍​របស់​អង្គការ​របស់​យើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែ​ប៉ុណ្ណឹង​ទេ»។​

ជន​ជាតិ​ដេហ្គា​ត្រូវ​បាន​ចាត់​ទុក​ថា​ ជា​ផ្នែក​មួយ​នៃ​ក្រុម​កុល​សម្ព័ន្ធ​ភ្នំ​ម៉ុងតាញ៉ា​ ដែល​បាន​ចូលរួម​ច្បាំង​ជាមួយ​សហរដ្ឋ​អាមេរិក​ និង​កងទ័ព​សម្ព័ន្ធ​មិត្ត​អំឡុង​ពេល​មាន​សង្គ្រាម​នៅ​វៀត​ណាម។ ពួកគេ​ជា​ច្រើន​ដែល​បាន​ផ្លាស់ប្តូរ​ជំនឿ​សាសនា​មក​កាន់​សាសនា​គ្រិស្ត​កំពុង​តវ៉ា​នឹង​គោល​នយោបាយ​គាបសង្កត់​ជា​ច្រើន​ ដូច​ជា​ការធ្វើ​ទុក្ខបុក​ម្នេញ​ខាង​ជំនឿ​សាសនា​ និង​ការ​ដណ្តើម​ដីធ្លី​ពី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ប្រទេស​វៀតណាម។

អំឡុង​ពេល​មាន​ភាព​ច្របូក​ច្របល់ ​ជនជាតិ​ម៉ុងតាញ៉ា​ជា​ញឹកញាប់​ បាន​ស្វែង​រក​កន្លែង​លាក់​ខ្លួន​ដើម្បី​សុវត្ថិភាព​នៅ​ប្រទេស​ជិត​ខាង​វៀតណាម​ គឺ​កម្ពុជា​ដែល​កំពុង​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា​។ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ក្រុម​អ្នក​កាន់​សាសនា​និកាយ​កាតូលិក​ (UCA)៕