លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានបញ្ជាឱ្យអភិបាលខេត្តទាំងអស់ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់លើអ្នកទន្រ្ទានដីព្រៃ ដោយកុំខ្វល់ថា ការបោះឆ្នោតជាតិខិតជិតមកដល់ ហើយមិនហ៊ានចាត់វិធានការ។
លោក ហ៊ុន សែន ថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រ។ លោកបានបញ្ជាឱ្យរដ្ឋមន្រ្ដីពាក់ព័ន្ធទាំងអស់ចុះត្រួតពិនិត្យចាត់វិធានការផ្លូវច្បាប់ និងដាក់ទោសទណ្ឌជនខិលខូចទាំងឡាយណាដែលប្រព្រឹត្តបទល្មើសព្រៃឈើ ដោយមិនយោគយល់ ដោយកុំបារម្ភខ្លាចបាត់សន្លឹកឆ្នោតសម្រាប់គណបក្សកាន់អំណាចឲ្យសោះ។
ការព្រមានរបស់លោក ហ៊ុន សែន កើតឡើង ក្រោយលោកទទួលបានសារពីអភិបាលខេត្តពោធិ៍សាត់ និងបណ្ដាអភិបាលខេត្តមួយចំនួនអំពីស្ថានភាពការកាប់ទន្រ្ទានដីព្រៃកាន់តែអាក្រក់ទៅៗ។
លោក ហ៊ុន សែន ថ្លែងថា៖ «ឥឡូវនេះ កាប់ [ព្រៃឈើ] ច្រើននៅខេត្តពោធិ៍សាត់ បើតាមខ្ញុំដឹង ព្រោះខ្ញុំទៅបីខែមុន កាលខែមីនាខ្ញុំទៅមើល ចៅហ្វាយខេត្តបានប្រាប់ពីរឿងនេះ។
យប់មិញចៅហ្វាយខេត្តបានបញ្ជូនព័ត៌មានមក រួចហើយក៏មានខេត្តមួយចំនួនបានជូនព័ត៌មានថា ឥឡូវមានអាក្រុមកាប់ដីហ្មង។ បើកាលណាយើងទៅធ្វើសកម្មភាពគឺគេនឹងថតយកទៅបំផ្លាញយើងក្នុងពេលឃោសនាបោះឆ្នោត។ បាន! ខ្ញុំអត់ទេ បញ្ឈប់សកម្មភាពជាបន្ទាន់។ អ្នកណាក៏ដោយ ទោះបីក្រក៏ដោយ មានក៏ដោយ នេះជាដីរបស់រដ្ឋ។ នេះជាព្រៃឈើរបស់ជាតិ មិនអាចទៅធ្វើតាពីសតាពាសទេ»។
លោក ហ៊ុន សែន ក៏ព្រមានដកក្របខណ្ឌមន្រ្ដីខិលខូចណា ដែលប្រព្រឹត្តបទល្មើសព្រៃឈើថា៖ «ហើយមន្រ្ដីនានា បើសិនជាមានការពាក់ព័ន្ធក្នុងរឿងនេះ សូមកុំបន្ទាស ហ៊ុន សែន។ យើងមិនអាចទុកឱ្យនៅក្របខណ្ឌរដ្ឋ ឬក្របខណ្ឌយោធា ឬក្របខណ្ឌនគរបាល ឬក្របខណ្ឌ និយាយរួមក្របខណ្ឌដែលស៊ីប្រាក់ខែរដ្ឋ បានទេ»។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បាននៅឡើយទេ។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គីមហុង ប្រាប់វីអូអេថា លោកសាទរចំពោះការលើកឡើងរបស់នាយករដ្ឋមន្រ្តី។ ទន្ទឹមនឹងនេះ លោកក៏ជំរុញឱ្យមន្ត្រីថ្នាក់ក្រោមជាតិទាំងអស់ត្រូវចូលរួមអនុវត្តជាប្រចាំនូវវិធានការនេះ ដើម្បីទប់ស្កាត់ការឱ្យមានប្រសិទ្ធភាពចំពោះការកាប់បំផ្លាញព្រៃឈើ។
លោកបញ្ជាក់ថា៖ «ជារួម យន្តការច្បាប់យើងមានច្រើនហើយ ប៉ុន្តែអ្វីដែលយើងមានការព្រួយបារម្ភគឺការអនុវត្តរបស់មន្ត្រីថ្នាក់ក្រោមជាតិមិនទាន់ល្អប្រសើរ ហើយនឹងខ្វះការចូលរួមពីសហគមន៍ និងមានការចោទប្រកាន់ផ្សេងៗហ្នឹង ដែលធ្វើឱ្យមនុស្សដែលមានទឹកចិត្តចង់ចូលរួមការការពារធនធានធម្មជាតិ គាត់បាក់ទឹកចិត្ត គាត់អស់ចិត្ត គាត់អត់សប្បាយចិត្ត ជាឱកាសមួយដែលជនខិលខូចយកពេលវេលាហ្នឹងទៅទន្ទ្រានយកដីរដ្ឋ និងការកាប់បំផ្លាញព្រៃឈើហ្នឹង បាទ»។
ចំណែកសមាជិកនៃបណ្ដាញសមាគមព្រៃឡង់ ក្នុងខេត្តព្រះវិហារវិញ លោក ខឹម សុឃី ប្រាប់វីអូអេថា ការលើកឡើងរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ជារឿងត្រឹមត្រូវ ខណៈលោករិះគន់ការអនុវត្តច្បាប់របស់មន្រ្ដីថ្នាក់ក្រោម ហាក់មិនមានប្រសិទ្ធភាព។
លោកថ្លែងថា៖ «ប្រសិនជាអនុវត្តទៅតាមប្រសាសន៍ ឬទៅតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមួយប្រាវៗ ឃើញថា បានមួយប្រាវហ្នឹងទេ។ ដល់ពេលមួយរយៈកាលមក ក៏សាបរលាបទៅវិញ។ យើងឃើញមានរឿងហ្នឹងកើតឡើងជាហូរហែមក»។
លោកបន្ថែមថា ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពចំពោះការកាប់បំផ្លាញព្រៃឈើ មន្រ្ដីថ្នាក់ក្រោមត្រូវចុះអនុវត្តតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន រងការរិះគន់ថាមិនទាន់បានការពារគម្របព្រៃឈើឱ្យបានល្អនៅឡើយទេ ដោយមានការកាប់បំផ្លាញព្រៃឈើជាបន្តបន្ទាប់។ កាលពីកន្លងទៅ ក្រុមយុវជនបរិស្ថានមួយចំនួនបានបង្ហាញការមិនពេញចិត្ត និងក្តីបារម្ភដែលរដ្ឋាភិបាលបានកាត់ដីឧទ្យានជាតិគិរីរម្យក្នុងខេត្តកំពង់ស្ពឺ ដីដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ក្នុងខេត្តកំពង់ឆ្នាំង និងដីដែនជម្រកសត្វព្រៃកែវសីម៉ានៅខេត្តមណ្ឌលគិរី ផ្តល់ឱ្យក្រុមហ៊ុនសម្រាប់ការអភិវឌ្ឍគម្រោងទេសចរណ៍ និងគ្រប់គ្រងបែបឯកជន៕