លោក ហ៊ុន សែន បញ្ជា​ឲ្យ​ចុះ​សួរ​ប្រជា​ពលរដ្ឋ​នៅ​តាម​ព្រំដែន ដែល​អះអាង​ថា បាត់​ដី​ធ្លី

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ប្រារព្ធ​ខួប​ទី​៦៦ ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង នៅ​កណ្ដាល​រាជធានី​ភ្នំពេញ ថ្ងៃទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (REUTERS/Samrang Pring)

លោក ​ឈឹម ផល​វរុណ ​ថ្លែង​ថា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​លោក​ វ៉ា គឹមហុង ​ចុះ​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម​ដើម្បី​ស្វែង​រក​ការណ៍​ពិត។​

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ថ្ងៃ​អង្គារ​នេះ ​បាន​បញ្ជា​ឲ្យ​លោក​ វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ដែល​អះអាង​ថា​ បាត់​ដី​ ដោយ​សារ​ការ​បោះ​បង្គោល​ព្រំដែន ​ដូចជា​នៅ​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ​ដែល​លោក​ រ៉ុង ឈុន ​មេដឹក​នាំ​សហជីព​បាន​ចុះ​ទៅ។​

លោក​ ហ៊ុន សែន​ បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​ជាមួយ​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ដែល​មាន​តំណាង​ពី​គណបក្ស​ដែល​ចូល​រួម​បោះ​ឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​ លោក ​ឈឹម ផល​វរុណ ​ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ ​ដែល​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ។​

លោក ​ឈឹម ផល​វរុណ ​ថ្លែង​ថា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​បញ្ជា​ឲ្យ​លោក​ វ៉ា គឹមហុង ​ចុះ​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា ​និង​វៀតណាម​ដើម្បី​ស្វែង​រក​ការណ៍​ពិត។​

លោក​មាន​ប្រសាសន៍​ថា៖ ​«សម្តេច​បាន​ចេញ​បទ​បញ្ជា​តាម​ការ​លើក​ឡើង​របស់​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់ ​គឺ​បញ្ជា​ទៅ​ឯក​ឧត្តម ​វ៉ា គឹមហុង ​ត្រូវ​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​ដែល​គាត់​អះអាង​ថា​ បាត់​ដី​ អ៊ីចឹង​ទៅ​មើល​ថា​ បាត់​ទីណា។ ​បាត់​មែន ​ឬ​ បាត់​អី? ​អាហ្នឹង​ចុះ​ទៅ​ផ្ទាល់​តែ​ម្តង»។​

លោក​បន្ត​ថា​ រដ្ឋាភិបាល​មិន​មាន​បំណង​លាក់​បាំង​ព័ត៌មាន​អំពី​ការ​បោះ​បង្គោល​ព្រំដែន​អ្វី​នោះ​ទេ​ គ្រាន់​តែ​កន្លែង​ខ្លះ​ស្ថិត​នៅ​ចំណុច​ដែល​កំពុង​ចរចា​ជាមួយ​ប្រទេស​វៀតណាម ​ហើយ​កម្ពុជា​ អាច​ខាត​បង់ ​ប្រសិន​បើ​ផ្សព្វផ្សាយ​ព័ត៌មាន។​

លោក​ថ្លែង​តាម​ការ​លើក​ឡើង​របស់​នាយក​រដ្ឋមន្រ្តី​ថា៖​ «រឿង​ឈឺ​ឆ្អាល​នឹង​ព្រំដែន​ រឿង​ទៅ​មើល​ព្រំ​ដែន​ រឿង​ស្រឡាញ់​ទឹក​ដី ​គឺ​ជា​រឿង​ដ៏​ល្អ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូបមិន​មែន​ជា​រឿង​ខុស​ច្បាប់​ទេ។ ​ ប៉ុន្តែ​អា​អ្វី​ជា​រឿង​អាក្រក់ ​ដែល​យើង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ គឺ​ការ​បំភ្លៃ ​ការ​មួល​បង្កាច់ ​និង​ការ​ញុះញង់​ ដែល​យក​ប្រធាន​បទ​ព្រំដែន​មក​បំភ្លៃ ​មក​បង្កាច់ ​មក​ញុះញង់​ក្នុង​ចេតនា​លាក់​លៀម​ដ៏​អាក្រក់ ​គឺ​ការ​ផ្តួល​រំលំ»។​

បើ​តាម​លោក​ ឈឹម ផល​វរុណ ​«ការ​ញុះ​ញង់​ ការ​បំភ្លៃ​ ជា​បទ​ល្មើស​ជាក់​ស្តែង ​មិន​មែន​ជា​ការ​បញ្ចេញ​មតិ​នោះ​ទេ»។ ​លោក​បន្ត​ថា​ រដ្ឋាភិបាល​ចាប់​ខ្លួន​អ្នក​លើក​ឡើង​អំពី​បញ្ហា​នេះ ​ដើម្បី​«កុំ​ឲ្យ​ប្រជា​ពលរដ្ឋ​ជ្រួល​ច្របល់» ​ហើយ​បង្កើត​ជា​«ការ​តតាំង​ជាតិ​និយម​រវាង​ប្រទេស​និង​ប្រទេស»។​


ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ឲ្យ​ដឹង​ថា ​ក្រៅ​ពី​ការ​បញ្ជា​ឲ្យ​ចុះ​ទៅ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ លោក​ ហ៊ុន សែន​ ក៏​បាន​ណែនាំ​ឲ្យ​បើក​សិក្ខាសាលា​មួយ​ដើម្បី​ឲ្យ​ប្រជា​ពលរដ្ឋ​ សិស្ស ​និស្សិត​ចូល​ស្តាប់ ​និង​សួរ​អំពី​រឿង​ព្រំដែន។​

លោក ​រ៉ុង ឈុន​ មេដឹកនាំ​សហជីព ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​កក្កដា ​ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​ខេត្ត​ត្បូងឃ្មុំ ​ហើយ​បាន​ជួប​ប្រជា​ពលរដ្ឋ ​ដែល​អះអាង​ថា ​ដី​របស់​ពួកគេ​ ត្រូវ​បាន​វៀតណាម​ហាម​មិន​ឲ្យ​ធ្វើ​ស្រែ​ចម្ការ ​ហើយ​ការ​បោះ​បង្គោល​ព្រំដែន​បាន​ចូល​មក​ទឹក​ដី​កម្ពុជា។ ​លោក ​រ៉ុង ឈុន​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ​ស្តីពី​បញ្ហា​វិវាទ​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញា​ក្រែក​ ដែល​មាន​ព្រំ​ប្រទល់​ជាប់​ប្រទេស​វៀតណាម​ផង​ដែរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ រ៉ុង ឈុន​ ចុះ​ថ្ងៃទី​២១​ ខែ​កក្កដា​ មុន​ការ​ចាប់​ខ្លួន​លោកបាន​ឲ្យ​ដឹង​ថា​ ​លោក​បាន​ចុះ​ជួប​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ត្រពាំង​ផ្លុង​ ស្រុក​ពញាក្រែក ​ខេត្ត​ត្បូង​ឃ្មុំ ​ហើយ​ពលរដ្ឋ​អះអាង​ថា ​អ្នក​ភូមិ​ចំនួន​១០៦ ​គ្រួសារ​ ជា​ជន​រងគ្រោះ​ដោយ​សារ​ការ​បាត់​បង់​ដីធ្លី​ទៅ​ខាង​ភាគី​វៀតណាម។​ សេចក្តី​ថ្លែង​ការណ៍​និយាយ​ថា៖​ «ការ​បោះ​បង្គោល​ព្រំដែន​លេខ​១១៤​ ដល់​១១៩​ មាន​ភាព​មិន​ប្រក្រតី​ច្រើន​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​បាត់បង់​ដី»​ ទៅ​ភាគី​វៀតណាម​ជា​ច្រើន​រយ​ហិកតា​នៅ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។​

សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ទៀត​ថា​ បើ​គិត​ពី​បន្ទាត់​ព្រំដែន​ចាស់​មក​ដល់​ការ​បោះ​បង្គោល​ឡាក់ ​និង​បង្គោល​រណប​ថ្មី​ មាន​ការ​ចូល​ប្រហែល​៥០០​ម៉ែត្រ​ មក​ក្នុង​ទឹក​ដី​កម្ពុជា។ ​លោក ​រ៉ុង ឈុន​ ក៏​បាន​ឲ្យ​ដឹង​ថា​ ​អាជ្ញាធរ​វៀតណាម​បាន​ចូល​មក​រុញ​ច្រាន​ពលរដ្ឋ​ខ្មែរ​មិន​ឲ្យ​ដាំ​ដុះ​ក្នុង​ដី​ខ្មែរ​ផង​ដែរ។

ជា​ការ​ឆ្លើយ​តប ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​របស់​រដ្ឋាភិបាល ​បាន​ប្រកាស​ច្រាន​ចោល​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ រ៉ុង ឈុន​ ដោយ​ចោទ​ថា​ ជា​«ព័ត៌មាន​មិន​ពិត ​និង​បំផ្លើស» ​និង​«មាន​ចេតនា​ទុច្ចរិត»។ ​គណៈ​កម្មាធិការ​ ក៏​បាន​លើក​ឡើង​ថា ​លោក​ រ៉ុង ឈុន ​និង​«ជន​អគតិ​មួយ​ចំនួន»​ តែងតែ​បង្កើត​ព័ត៌មាន​ក្លែង​ក្លាយ​ដោយ​មាន​ចេនា​ទុច្ច​រិត ​ដើម្បី​វាយ​ប្រហារ​ដល់​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល។​

ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន​ កាល​ពី​ចុង​ខែ​កក្កដា​ នាំ​ឲ្យ​មាន​ការ​តវ៉ា​ទាមទារ​ឲ្យ​ដោះ​លែង​រូប​លោក​ជា​បន្ត​បន្ទាប់។ ​ការ​តវ៉ា​ក៏​រង​ការ​បង្រ្កាប ​និង​ឃាត់​ខ្លួន​មនុស្ស ​ក្នុង​នោះ​មនុស្ស​៥​នាក់​ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ​និង​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​រហូត​មក​ដល់​ពេល​នេះ។

លោក​ អ៊ុំ សំអាន ​អតីត​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ​និង​ធ្លាប់​ត្រូវ​បាន​ចាប់​ខ្លួន​ដោយសារ​រឿង​ព្រំដែន​កាល​ពី​ឆ្នាំ​២០១៦ ​ថ្លែង​ប្រាប់​ VOA ​ពី​ក្រៅ​ប្រទេស​ថា​ មិន​គួរ​មាន​ការ​ចាប់​ខ្លួន​លោក​ រ៉ុង ឈុន ​មុន​ពេល​មន្រ្តី​គណៈ​កម្មាធិការ​ព្រំដែន ​ចុះ​ជួប​ប្រជា​ពលរដ្ឋ​ទេ ​ដោយ​សារ​លោក ​រ៉ុង ឈុន​ បាន​ជួប​ប្រជា​ពលរដ្ឋ​ដែល​ជា​អ្នក​រង​គ្រោះ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អត់​មាន​យុត្តិធម៌​ទេ។ ​បើ​សិន​ជា​គាត់​មិន​ច្បាស់​អី ​នៅ​ពេល​ដែល​លោក ​រ៉ុង ឈុន ​គាត់​និយាយ​ហ្នឹង​ឲ្យ​លោក​ វ៉ា គឹមហុង ​ចុះ​ទៅ​មើល​ទៅ! ​បើ​សិន​ជា​ឃើញ​លោក ​រ៉ុង ឈុន ​និយាយ​មិន​ត្រូវ​ទេ ​អាហ្នឹង​ចាំ​និយាយ​គ្នា​ទៀត»។​

លោក​ជំរុញ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ការ​បោះ​បង្គោល​ព្រំដែន​ឡើង​វិញ ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​អះអាង​ដូច​លោក​ រ៉ុង ឈុន។ ​ប៉ុន្តែ ​លោក​មិន​មាន​ជំនឿ​ថា ​រដ្ឋាភិបាល​នឹង​ពិនិត្យ​ឡើង​វិញ​នោះ​ទេ ​ដោយសារ​បង្គោល​ព្រំដែន​ត្រូវ​បាន​បោះ​រួច​ទៅ​ហើយ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«បើ​ពិនិត្យ​ឃើញ​តំបន់​ហ្នឹង​បោះ​បង្គោល​មាន​ភាព​មិន​ប្រក្រតី ​ត្រូវ​តែ​សើរើ​ការ​បោះ​បង្គោល​ឡើង​វិញ​ ហើយ​បោះ​បង្គោល​តាម​មរតក​របស់​បារាំង ​កុំ​យក​តាម​មរតក​របស់​យួន​ ព្រោះ​ប្រជា​ពលរដ្ឋ​នៅ​ទីនោះ​បាន​អះអាង​ប្រាប់​លោក​ រ៉ុង ឈុន​ ហើយ​ថា ​ការ​បោះ​បង្គោល​ហ្នឹង​ចូល​ដី​ខ្មែរ​យើង​ជាង​៥០០​ម៉ែត្រ​នៅ​ក្នុង​តំបន់​ហ្នឹង»។​

VOA​ មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​វ៉ា គឹមហុង​ ប្រធាន​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន ​និង​លោកស្រី ​កុយ ពិសី ​អនុ​ប្រធាន​គណៈ​កម្មាធិការ​នេះ​ បាន​នៅ​ឡើយ​ទេ។​

ប្រធាន​គណបក្ស​យុវជន​កម្ពុជា ​លោក​ ពេជ្រ ស្រស់ ​និង​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ពិគ្រោះ​យោបល់​មាន​ប្រសាសន៍​ថា​ ការ​បញ្ជា​របស់​នាយក​រដ្ឋមន្រ្តី​ឲ្យ​ចុះ​ទៅ​សួរ​ប្រជា​ពលរដ្ឋ​ដែល​អះអាង​បាត់​ដី​នោះ​ កើត​ឡើង​ក្រោយ​មាន​ការ​ស្នើ​សុំ​ពី​គណបក្ស​របស់​លោក។ ​លោក​បន្ត​ថា ​លោក​ នឹង​ចុះ​ជាមួយ​លោក​ វ៉ា គឹមហុង​ ទៅ​ជួប​ពលរដ្ឋ​ដែល​អះអាង​ថា​ បាត់​ដី​ក្រោយ​ពី​បោះ​បង្គោល​ព្រំដែន​កម្ពុជា ​និង​វៀតណាម ​នៅ​ខេត្ត​ត្បូងឃ្មុំ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕