លោក​ហ៊ុន ​សែន​ត្រូវ​តែង​តាំង​ជា​ប្រធាន​បក្ស​ស្តីទី

លោក ហេង សំរិន ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​រដ្ឋសភា​ជាតិ ថ្លែង​​នៅ​ក្នុង​សមាជ​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​៣០ ខែ​មករា ឆ្នាំ​២០១៥ ដោយ​មាន​វត្តមាន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន អនុប្រធាន​គណបក្ស។

ថ្វីបើ​លោក ​ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ព្រឹទ្ធសភា​មាន​សុខភាព​ទន់​ខ្សោយ​និង​អវត្តមាន​ច្រើន​ដោយ​ត្រូវ​ចូល​សម្រាក​ព្យាបាល​ជំងឺនៅ​មន្ទីរ​ពេទ្យ​ជា​ញឹកញាប់​នា​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ​ប៉ុន្តែ​គណបក្ស​កាន់​អំណាច​មួយ​នេះ​នៅ​តែ​មិន​មាន​គម្រោង​ប្តូរ​ប្រធាន​ថ្មី​ទេ។​

គណបក្ស​កាន់​អំណាច​នេះ​បាន​តែងតាំង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​ឱ្យ​ធ្វើ​ជា​ប្រធាន​ស្តីទីខណៈ​ពេល​ដែល​លោក​ជា​ ស៊ីម ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​អស់​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​នៅ​ក្នុង​ប្រទេស​វៀតណាម។​

លោក​ ឈឹម ផលវរុន ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទើប​ទទួល​បាន​ការ​ចាត់​តាំង​ថ្មីៗ​នេះ​មាន​ប្រសាសន៍​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សម្រេច​តែង​តាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ជា​ប្រធាន​គណបក្ស​ស្តីទីដើម្បី​ឱ្យ​គ្រប់​គ្រង​ការ​ងារ​ជំនួស​លោក ជា ស៊ីម​មួយ​រយៈ​សិន។​

លោក​មាន​ប្រសាសន៍​ថា​យើង​មិន​ទាន់​មាន​ការ​គិត​គូរ​ទេ​ពី​ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​គោរព​នូវ​គុណធម៌ ​វីរភាព ​របស់​ថ្នាក់​ដឹកនាំ​ដូច្នេះ​យើង​អត់​មាន​អ្វី​ដែល​ត្រូវ​គិត​គូរ​ជាមុន​ចំពោះ​ឥស្សរជន​ដឹក​នាំ​ដែល​លោក​នៅ​មាន​ជីវិត​នៅ​ឡើយ។​

លោក​បាន​បញ្ជាក់​ថា៖ «យើង​មិន​ទាន់​គិត​គូរ​ដល់​រឿង​ហ្នឹង​ទេ។​ អាហ្នឹង​វា​មិន​ខុស​អ្វី​ដូច​ជា​ឪពុក​ម្តាយ​និង​កូន​ ខ្មែរ​យើង​វា​មាន​ប្រពៃណី​ហ្នឹង។​អញ្ចឹង​គ្រាន់​តែ​ជា​អនុវត្ត​ជាក់​ស្តែង​គឺ​សម្តេច​ប្រមុខ​រដ្ឋាភិបាល​គាត់​ជា​ប្រធាន​ស្តី​ទី​ ប៉ុន្តែ​ជា​ផ្លូវ​ការ​គឺ​សម្តេច​ជា​ស៊ីម​ ជា​ប្រធាន​ផ្លូវ​ការ របស់​គណបក្ស»។​

សូម​ទស្សនា​បទ​សម្ភាសន៍​អំពី​នយោបាយ​ផ្ទៃ​ក្នុង​របស់​គណបក្ស​ប្រជាជន​កម្ពុជា៖

Your browser doesn’t support HTML5

អ្នកនិពន្ធ​ Hun Sen's Cambodia៖ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទំនាស់​ផ្ទៃក្នុង​តិចតួច​ តែ​សាមគ្គី​គ្នា

​លោក ជា ស៊ីម អាយុ៨៣ឆ្នាំ ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភា បានធ្លាក់ខ្លួនឈឺជាយូរមកហើយដោយសារវ័យចាស់ជរារបស់លោក។

លោក​ត្រូវ​បាន​គណបក្ស​និង​ក្រុម​គ្រួសារ​បាន​បញ្ជូន​ទៅ​ព្យាបាល​ប្រទេស​វៀតណាម​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​មក​ហើយបន្ទាប់​ពី​លោក​បាន​ទៅ​ពិនិត្យ​ជំងឺ​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​ដូច​ជា​នៅ​ប្រទេស​សិង្ហបុរីជាដើម។​

លោក​ យឹម លាង​ ប្រធាន​អង្គរក្ស​ ​លោក ជា ស៊ីម​ មាន​ប្រសាសន៍​ប្រាប់​ VOA ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​ពី​ប្រទេស​ វៀតណាម​ថា​លោក​ ជា ស៊ីម​ មាន​សុខភាព​ល្អ​ឡើង​វិញ​ហើយ ​ហើយ​គ្រោង​នឹង​បញ្ជូន​មក​កម្ពុជា​នៅ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន។

លោក​ យឹម លាង​ មិន​បាន​ប្រាប់​អំពី​ស្ថានភាព​ជំងឺ​ថា​ស្ថាន​ភាព​ធូរ​ស្រាយ​នោះ​បាន​ដល់​កម្រិត​ណា​ទេ​ក៏ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា​មាន​សភាព​ល្អ​ជាង​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បាន​បង្ហាញ​មុខ​តាំង​ពី​ខួប​លើក​ទី​៣៦​ ឆ្នាំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​រំលឹក​ថា​ជា​ថ្ងៃ​ជ័យ​ជម្នះ​ថ្ងៃ៧​ ខែមករា។ ​ហើយ​ក្រោយ​មក​នៅ​ពេល​ដែល​គណបក្ស​នេះ​ធ្វើ​មហា​សន្និបាត​កាល​ពី​ចុងខែមករាក៏លោកមិន​មាន​វត្តមាន​ដែរ។​

មាន​មេដឹក​នាំជាន់​ខ្ពស់សំខាន់ៗ​ចំនួន​ពីរ​នាក់​បាន​ធ្លាក់​ខ្លួន​ឈឺ​យ៉ាង​ទម្ងន់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក ជា ស៊ីម ​និង​ លោក​ ប៉ែន សុវណ្ណ​ អតីត​នាយក​រដ្ឋមន្ត្រី​ក្នុង​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។​

លោក​ ប៉ែន សុវណ្ណ​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​កំពង់​ស្ពឺ​ ​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯក​ជន​មួយបន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​ពីព្យាបាល​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​សិង្ហបុរី។​

លោក​ ប៉ែន សុវណ្ណ​ អាយុ​ ៧៩​ ឆ្នាំ​ ​មាន​ជំងឺ​ ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​កាល​ពី​កាល​ពី​ថ្ងៃ​ទី​១៧​ខែមករា​នៅ​ គេហដ្ឋាន​របស់​លោក​ក្នុង​ខេត្ត​តាកែវ។ ​បន្ទាប់​ពី​បានវិល​ត្រឡប់​ពីព្យាបាល​នៅ​ប្រទេស​សិង្ហបុរី ​លោក​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​និង​និយាយ​មិន​ទាន់​បាន​នៅ​ឡើយ។​ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ៕