លោក​ហ៊ុន​ ​សែន​ ចម្អក​លោក​សម រង្ស៊ី​ រឿង​ជំរុញ​ឱ្យ​សមាជិក​បក្ស​កាន់​អំណាច​ទម្លាក់​លោក​ពី​អំណាច

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃគ្នាជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ ស្របពេលលោកឧបនាយករដ្ឋមន្ត្រី ស ខេង ឈរកណ្តាល នៅមុខព្រឹទ្ធសភាជាតិ បន្ទាប់ពីកិច្ចប្រជុំមួយ​ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២។

លោក ​ហ៊ុន សែន​ ​បាន​ចម្អក​និង​ប្រាប់​ទៅកាន់​សមាជិក​បក្ស​របស់​លោក​ឲ្យ​រក្សា​ភាព​ស្ងាត់ស្ងៀម បន្ទាប់​ពី​បាន​ឮ​ការ​បំផុស​បំផុល​របស់​លោក​ សម រង្ស៊ី​ នៅ​ក្នុង​បាតុកម្ម​ភ្លើង​ទៀន​នៅ​ក្នុង​ប្រ​ទេស​កូរ៉េខាងត្បូង​ ឲ្យ​​លោក​ ស ខេង​ ធ្វើ​រដ្ឋ​ប្រហារ​លោក​ ហ៊ុន សែន​។

លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ នៅថ្ងៃ​ចន្ទ​នេះ​ ​បាន​ចម្អក​ និង​ឆ្លើយ​តប​យ៉ាង​ធ្ងន់ៗ​ចំពោះ​ការ​ជំរុញ​របស់​លោក​ ​សម រង្ស៊ី ​ឲ្យ​លោក​ ​ស ខេង​ ​ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា ​ត្រៀម​កម្លាំង​កម្ចាត់​ ​លោក ​ហ៊ុន​ ​សែន​ ​មុន​ពេល​ដែល​លោក​ ហ៊ុន សែន​ ​កម្ចាត់​លោក។

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​អគារ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​ត​ភ្ជាប់​ទៅ​ផ្លូវ​ជាតិ​លេខ៥ កាលពី​ព្រឹក​ថ្ងៃទី​ ​២២​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​លោក​ ​ហ៊ុន​ ​សែន​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ លោកបាន​ពិភាក្សា​ជាមួយ​លោក​ ​ស ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​រួច​ហើយ​ថា​ នឹង​មិន​ឆ្លើយ​តប​ជាមួយ​នឹង​ការ​បំផុស​បំផុល​របស់​លោក​ ​សម រង្ស៊ី​ មេដឹកនាំ​ក្រុម​ជំទាស់​ដែល​កំពុង​រស់នៅ​ក្រៅ​ប្រទេស​នេះ​ឡើយ។

​ទោះ​យ៉ាង​ណា​ ​លោក​ ​ហ៊ុន សែន​ ​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖​

«វា​មិន​ដែល​ម៉ែ​អាណា​ ​ទីមួយ​ឱ្យ​គេ​ធ្វើ​បក្ស​ប្រហារ​ ​ព្រោះ​អនុប្រធាន​បក្ស​ទម្លាក់​ប្រធាន​បក្ស​ ​មិន​បក្ស​ប្រហារ?​ ​ប៉ុន្តែ​អា​ធ្ងន់​ជាង​គេ​ ​ឧបនាយក​រដ្ឋមន្ត្រី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​នាយក​រដ្ឋមន្ត្រី​ ​មានន័យ​ថា​ មិន​រដ្ឋប្រហារ! ណា! រួច​ចេះតែ​ប្រើ​គេ​ទៅ​រួច​ហ្អាស់​ ​ចេះ​និយាយ​ទៅ​កើត​ហ្អាស់​ ​អាច​ថាទៅ​រួច​ ​ប៉ុន្តែ​ឥឡូវ​ ​សូម​ឱ្យ​ទាំងអស់​គ្នា​ ​ស្ងាត់ស្ងៀម​ ​ជាមួយ​ពួក​អា​គេ​បាញ់​ហ្នឹង»។

​លោក​ ​ហ៊ុន សែន​ ដែល​ជា​មេបក្ស​កាន់​អំណាចបាន​ធ្វើ​ការ​ចម្អក​ធ្ងន់ៗ​បែប​នេះ​ បន្ទាប់​ពី​ ​លោក​ ​សម រង្ស៊ី​ ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​អំឡុង​សន្និសីទស្តី​ពី​សន្តិភាព​ ​និង​សិទ្ធិមនុស្ស​នៅ​អាស៊ី​ ​ដែល​រៀបចំ​ដោយ​អង្គការ​វេទិកា​សិទ្ធិមនុស្ស​និង​សន្តិភាព​អាស៊ី ​(Asia​ ​Human​ ​Rights​ ​Peace​ ​Forum)​ ​ក្នុង​ទីក្រុង​ក្វាងជូ ប្រទេស​កូរ៉េ​ខាងត្បូង​ ​កាល​ពី​ថ្ងៃសៅរ៍​សប្តាហ៍​កន្លង​ទៅ​ ​ដោយ​បាន​បំផុស​បំផុល​ឲ្យ​ ​លោក​ ​ស ខេង​ ​ឧបនាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​កម្ពុជា​ធ្វើ​រដ្ឋ​ប្រហារ។​

​នេះ​មិនមែន​ជា​លើក​ដំបូង​ឡើយ​ដែល​លោក​ ​សម រង្ស៊ី​ ​មេដឹកនាំ​ក្រុម​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​បរទេស​បាន​ធ្វើការ​បំផុស​បំផុល​ថ្នាក់​ដឹកនាំ​ក្នុង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​កាន់​អំណាច​ឲ្យ​មាន​ជម្លោះ​ផ្ទៃ​ក្នុង។

​កាលពី​ខែ​ដើម​ខែ​មេសា​កន្លងទៅ​ ​លោក​ ​សម រង្ស៊ី​ ​បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​គណបក្ស​សង្រ្គោះ​ជាតិ​តាម​រយៈ​វីដេអូ​ ដែល​ត្រូវ​បាន​បង្ហោះ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​របស់​លោក ដែល​បាន​ដាក់​ចំណង​ជើង​ថា​ ​«តើន​រណា​ហ៊ាន​វាយមុន?» ក្នុង​នោះ​លោក​ ​សម រង្ស៊ី​ ​ថា​ បក្ស​សង្រ្គោះ​ជាតិ​នឹង​គាំទ្រ​អ្នក​ដែល​ហ៊ាន​ទម្លាក់​លោក​ ហ៊ុន សែន។

​លោក​ សម រង្ស៊ី​ បញ្ជាក់​យ៉ាង​ដូច្នេះ៖​

«ដូច​ក្រុម​ស​ ​ខេង​ ​ឥឡូវ​ក្រុមហ៊ុន​ ​សែន​ ​មើល​មុខ​គ្នា​អត់​ចំ​ ​យើង​ត្រូវតែ​ប្រាប់​ពួក​អាហ្នឹង​ ​ថា ​អ្នកណា​ទម្លាក់​ហ៊ុន​ ​សែន​ ​យើង​គាំទ្រ​ ​មិនមែន​ឯកោ​ ​ហើយ​កុំ​ឲ្យ​ហ៊ុន​ ​សែន​ ​វាយ​មុន​ ​វាយ​មុន​ទៅ​ ​យើង​បញ្ចុះ​បញ្ចូល​អ៊ីចឹង​ទៅ​ខ្ញុំ​ជឿ​ថា ​នឹង​មាន​ផ្ទុះ​ហើយ​ពី​ខាង​ក្នុង»។

​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​ ពលករ​និង​អ្នក​គាំទ្រ​ ​លោក​ សម រង្ស៊ី​ ​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ក្នុងបាតុកម្ម​ «ភ្លើងទៀន» ដែល​រៀបចំ​ដោយ​អង្គការ​វេទិកា​សិទ្ធិមនុស្ស​និង​សន្តិភាព​អាស៊ី​ ​Asia​ ​Human​ ​Rights​ ​Peace​ ​Forum។ ថ្លែង​នៅ​ខាង​មុខ​ពលករ​ខ្មែរ​និង​អ្នក​គាំទ្រ​រាប់ពាន់​នាក់​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ លោក​ ​សម រង្ស៊ី​ ​ថា​លោក​នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​ដោយ​ប្រមូល​ផ្តុំ​ពលករ​ខ្មែរ​ និង​អ្នក​គាំទ្រ​លោក​នៅ​ក្រៅ​ប្រទេស​ទាំងឡាយ​ឱ្យ​មក​ចាប់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន។

លោក សម រង្ស៊ី បាន​និយាយ​ថា៖

«យើង​ទៅ ​ខ្ញុំ​ទៅ​ មិនមែន​ឲ្យ​ ហ៊ុន សែន​ ​ចាប់​ខ្ញុំ​ទេ​បងប្អូន​ មិន​មែន​ឲ្យ​ ហ៊ុន សែន​ សម្លាប់​ខ្ញុំ​ទេ​ បង ប្អូន។​ ខ្ញុំ​ទៅ​ជាមួយ​បងប្អូន​ក្មួយៗ​កូរ៉េ ក្មួយៗ​បងប្អូន​ពី​ប្រទេស​ថៃ​ ក្មួយៗ​គ្រប់​ប្រទេស​ដែល​ធ្វើ​ដំណើរ​ជាមួយ​ខ្ញុំ ​យើង​ទៅ​បំផុស​កម្លាំង​ស្នេហា​ជាតិ​ ក្នុង​ប្រទេស​កម្ពុជា។​ ​យើង​ទៅ​ប្រទេស​កម្ពុជា​ទៅ​ចាប់​ហ៊ុន សែន ​ឲ្យ​ប្រជារាស្រ្ត​កាត់​ទោស​ជន​ក្បត់​ជាតិ​ ហ៊ុន សែន»។

ទោះ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​ ហ៊ុន សែន​ ​ហាក់​ដូចជា​មិន​ភ័យ​ខ្លាច​ចំពោះ​ការ​អះអាង​វិល​ត្រឡប់​របស់​លោក​ ​សម រង្ស៊ី​ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កូរ៉េ​នេះ​ឡើយ។

លោក​ ហ៊ុន សែន​ បាន​និយាយ​ថា៖​

​«កុំ​ឆ្លើយ​ជាមួយ​វា!​ ឆ្កែខាំ​ជើង​យើង​ ​យើង​កុំ​យក​មាត់​យើង​ខាំ​ជើង​ឆ្កែ​ ​អាហ្នឹង​និយាយ​មួយ​បែប​ ​ព្រោះ​អានេះ​វា​ស្មើនឹង​សត្វ​ធាតុ​ទៅ​ហើយ! វា​មិន​ដែល​អាណា​ដល់​ថ្នាក់​ប៉ុណ្ណឹង​ពេក!​ ​រួចហើយ​សុទ្ធតែ​ថា​ ​ហ្អើស!​ ​សម្រុកចូល​ ​អញ​រង់ចាំ​តែ​អាសម្រុកចូល​ហ្នឹង! ហ្អ៊ី​ ​អា​ពត​ប៉ុន្មាន​កងពល​វាយ​មិនទាំង​ដួល​ផង​ ​ទី​ចុង​បំផុត​ ​អានេះ​ចង់​មក​ចាប់​ឯង​លេង​ ​ដូច​ស្រួល​ពេក​ទេ​ដឹង‍»!

​ក្នុង​សារ​អេឡិចត្រូនិក​ដែល​ឆ្លើយ​នឹង​សំណួរ​របស់​ ​VOA ​ទាក់ទិន​នឹង​ការ​ទម្លាក់​លោក​ ហ៊ុន សែន​ ​លោក​ សម រង្ស៊ី​ ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​នៅតែ​បង្ហាញ​ការ​ជឿជាក់​ថា​ ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​កាន់​អំណាច​មាន​សមត្ថភាព​អាច​ទម្លាក់​លោក ​ហ៊ុន សែន​ ​ដើម្បី​សង្គ្រោះ​ជាតិ។

លោក​ សម រង្ស៊ី​ បាន​សរសេរ​ជា​ភាសា​អង់គ្លេស​និង​ប្រែសម្រួល​ដោយ​ VOA ​ក្នុង​ន័យ​ដើម​ថា៖​

«ខ្ញុំ​ជឿថា​ លោក​ ​ស ខេង​ ​ម៉ែន សំអន​ ​និង​មន្រ្តី​គណបក្ស​ប្រជាជន​ជាន់ខ្ពស់​ផ្សេងៗ​ទៀត​នឹង​ទម្លាក់ ហ៊ុន សែន​ ដើម្បី​សង្រ្គោះ​គណបក្ស​ប្រជាជន​ និង​ដើម្បី​ឲ្យ​កម្ពុជា​ចៀសផុត​ពី​គ្រោះភ័យ​ ដោយសារ​ការ​បម្រើ​ផល​ប្រយោជន៍​ចិន ​ដោយ​ខ្វាក់ភ្នែក​របស់​ហ៊ុន សែន»។​

យ៉ាង​ណា​ក៏​ដោយ​ ​អ្នក​វិភាគ​នយោបាយ​មួយ​រូប​ ដែល​តែង​តែ​អង្កេត​ស្ថានភាព​នយោបាយ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​គឺ​លោក​ ឡៅ ម៉ុងហៃ​ បាន​និយាយ​ថា​ លោក​ សម រង្ស៊ី​ កំពុង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​បែក​បាក់​ផ្ទៃក្នុង​ នៅ​ក្នុង​គណបក្ស​កាន់អំណាច​គឺ​គណបក្ស​ប្រជាជន ​និង​ព្យាយាមធ្វើ​ឲ្យ​លោក​ ហ៊ុន សែន​ ផ្ទុះ​កំហឹង។

លោក​ ​ឡៅ ម៉ុងហៃ​ បាន​និយាយ​ថា៖​

«អាហ្នឹង​អ្នក​នយោបាយ​បើ​នៅ​ស្ងៀម​ ​អាហ្នឹង​គឺ​ ​ហើយ​អត់មាន​អ្នក​ដឹង​ឮ ក៏​បាត់​ឥទ្ធិពល​ទៅ អាហ្នឹង​អ៊ីចឹង​បាទ។​ ហើយ​សម្តេច​តេជោ​ គឺ​តាំងពី​ដើម​មក ​ពេល​ឆ្លើយ​ឆ្លង​ ​ដែល​គាត់​មិន​ពេញ​ចិត្ត​អីអ៊ីចឹង​ទៅ គឺ​គាត់​តែងតែ​មាន​កំហឹង​ អ៊ីចឹង​ទៅ​ដូច​ខ្មែរ​ថា ​ខឹង​ខុស​ ខឹង​ខាត​ ​គឺ​ការ​ប្រើ​ពាក្យ​អសុរស​ ដែលធ្វើ​ឲ្យ​មាន​ការ​ទិទាន​សម្តី​សំដៅ​របស់​គាត់​ សម្តេច​តេជោ​ហ្នឹង​ទៅ​ថែម​ទៅ​ទៀត​ទៅ»។

អស់​ពេល​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ការ​វាយ​ប្រហារ​គ្នា​តាម​រយៈពាក្យ​សម្តី​បាន​ក្លាយជា​វប្បធម៌​មួយ​រវាង​មេដឹកនាំ​នយោបាយ​កម្ពុជា​ គឺ​រវាង​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ដែល​បាន​ជាប់​ឆ្នោត​កាលពី​ឆ្នាំ​២០១៨​ ជាថ្មី​ម្តងទៀត​អស់​រយៈពេល​ជាង​ ៣០​ឆ្នាំ ​និង​លោក​ សម រង្ស៊ី​ មេដឹកនាំ​គណបក្ស​ជំទាស់​ដែល​កំពុង​រស់នៅ​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​ណា​ក៏​ដោយ​ លោក​ ​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​នយោបាយ​ដដែល​នេះ ​សង្ឃឹម​ថា​ អ្នក​នយោ​បាយ​ទាំង​ឡាយ​នឹង​វិល​មក​រក​ការ​ផ្សះផ្សា​គ្នា​ ដោះ​ស្រាយ​បញ្ហា​រួម​វិញ​ជាជាង​ធ្វើការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក។

​ស្រប​ពេល​ដែល​ ​លោក​ ​សម រង្ស៊ី​ ព្យាយាម​ផ្តោះផ្តង​ពាក្ស​សម្តី​ជាមួយ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រជាជន​កម្ពុជា​ តុលាការ​រាជ​ធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ចន្ទ​នេះ​ បាន​បើក​សវនាការ​លើរូប​លោក​ក្នុង​សំណុំ​រឿង​ ញ៉ុះញ៉ង់​កង​ទ័ព​មិន​ឱ្យ​ស្តាប់​បង្គាប់។​ ​នេះ​គឺ​ជា​បណ្តឹង​មួយ​ក្នុង​ចំណោម​បណ្តឹង​ជាច្រើន​ប្រឆំាង​នឹង​រូប​លោក​ ​សម រង្ស៊ី​ ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ក្រៅ​ប្រទេស៕