លោកហ៊ុន សែន​ ប្រើ​ប្រព័ន្ធ​ទំនាក់ទំនង​អេឡិច​ត្រូនិក​ដើម្បី​ទាក់ទាញ​ប្រជាប្រិយភាព

រូបឯកសារ៖ អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប smartphone មួយ​ចុច​មើល​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយរដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា​ក្នុង​ពេល​ទទួល​អាន​អាហារ​ពេល​ព្រឹក​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០១៥។ (REUTERS/Samrang Pring)

កាលពី​ថ្ងៃ​ច័ន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ប្រជាជន​ទាញ​យក​កម្មវិធី​ និង​ចូល​មើល​គេហទំព័រ​របស់​លោក ​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ពី​លោក​បាន​ឆាប់​រហ័ស។

នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ​លោក ហ៊ុន សែន ​បាន​ប្រកាស​អំពី​ការ​សម្រេច​ចិត្ត ​និង​សកម្មភាព​ផ្សេងៗ​របស់​លោក​ជា​សារធារណៈ​តាមរយៈ​គេហទំព័រ​បណ្តាញ​សង្គម​ Facebook។​

កាលពី​ថ្ងៃ​ច័ន្ទ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ប្រកាស​ឲ្យ​ប្រជាជន​ទាញ​យក​កម្មវិធី​ និង​ចូល​មើល​គេហទំព័រ​របស់​លោក ​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​ផ្សេងៗ​ពី​លោក​បាន​ឆាប់​រហ័ស។

នៅ​ក្នុង​ការ​ណែនាំ​អំពី​កម្មវិធី​ទូរស័ព្ទ​ថ្មី​ដែល​គេ​ហៅ​ថា ​App ​ លោក​បាន​សរសេរ​នៅ​លើ​គេហទំព័រ​របស់​លោក​យ៉ាង​ដូច្នេះ​ថា៖​

«ខ្ញុំ​មាន​សេចក្តី​រីករាយ​សូម​ជូន​ដំណឹង​ដល់​ជន​រួម​ជាតិ​ និង​សាធារណជន​ថា​ ក្រៅ​អំពី​ Facebook​ គឺ​ខ្ញុំ​មាន​ Website​ និង​ App ​ផ្ទាល់​ខ្លួន​មួយ​បន្ថែម​ទៀត​ ដែល​ពេល​នេះ​អាច​ទាញ​មក​ទុក​ក្នុង​ទូរស័ព្វ​ដៃ​ (Download) ​សម្រាប់​ទូរស័ព្ទ​ប្រភេទ​ Android។ ​សម្រាប់ ​iOS​ គឺ​នឹង​ដាក់​ឲ្យ​ទាញយក​ (Download)​ នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ»។​

លោក​ក៏​បាន​សរសេរ​បន្ថែម​នៅ​លើ​ទំព័រ​នោះ​ផង​ដែរ​ថា៖​

«សូម​អរគុណ​ជន​រួមជាតិ​ដែល​បាន​ចូលរួម​ថែ​រក្សា​សន្តិភាព​ ដើម្បី​សង្គម​ជាតិ​យើង​កាន់​តែ​ឆាប់​រីក​ចម្រើន​ទៅ​មុខ។ ​សូម​ជួយចែករំលែក​ (Share)​ និង​ ទាញយក​ (Download)​ ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​កាន់​តែ​ងាយ​ស្រួល​ទទួល​ព័ត៌មាន​អំពី​ខ្ញុំ​បាន​ឆាប់​រហ័ស។​ ​‪http://www.samdechhunsen.gov.kh/

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៥ ​គេ​ឃើញ​នាយក​រដ្ឋមន្ត្រី​រូប​នេះ​មាន​ភាព​សកម្ម​នៅ​លើ​បណ្តាញ​សង្គម​ Facebook។ ​លោក​ ហ៊ុន សែន ​បាន​ប្រើ​បណ្តាញ​សង្គម ​Facebook​ របស់​លោក​ដើម្បី​ទាក់ទង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​ធម្ម​តា​ដែល​មាន​ទំព័រ ​Facebook។​

លោក​ សុខ ឦសាន្ត​ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ចំណាយ​ពេល​ខ្លះ​ដើម្បី​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​ប្រជាជន​ដែល​បាន​បញ្ចេញ​យោបល់​នៅ​លើ​គេហទំព័រ​បណ្តាញ​សង្គម​ Facebook​ របស់​លោក​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ផ្សេងៗ។​

«រាល់​ការ​បង្កើត​ទំនាក់ទំនង​អេឡិច​ត្រូនិក​ហ្នឹង​គឺ​ថា ​ចង់​ជិត​ស្និទ្ធ​ជាមួយ​ប្រជាជន ​មហាជន​បាទ!​ អាហ្នឹង​ទីមួយ។ ទី​ពីរ​គឺ​ចង់​ដឹង​ព័ត៌មាន​ពី​ប្រជា​ពលរដ្ឋ​ក្នុង​ការ​រស់នៅ​ក្នុ​សង្គម​ហ្នឹង​ ក្រោម​ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ហ្នឹង ​តើ​មាន​បញ្ហា​អ្វី​ដែល​ប្រជាជន​នៅ​ជួប​ការ​លំបាក​ មាន​កង្វល់​ផ្សេងៗ ​ដើម្បី​លោក​ដឹង​ហើយ​លោក​ដោះ​ស្រាយ។​ អញ្ចឹង​បាន​ជា​ក្រោយ​ពេល​បង្កើត​មក​ ​លោក​ដោះ​ស្រាយ​បាន​ច្រើន​ដែរ​ ដូច​ជា​បញ្ហា​ផ្លូវ​វ៉េងស្រេង។ ​រដ្ឋាភិបាល​ចេញ​លុយ​ ហើយ​យក​មក​វិញ​ទាំង​មូល ​ហើយ​សូម​ប្រជា​ពលរដ្ឋ​ប្រើប្រាស់​ដោយ​មិន​មាន​ការ​បង់ប្រាក់​ដូច​មុន​ទេ»។​

អ្នក​នាំពាក្យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​បន្ត​ថា៖​

«លោក​បាន​ដឹង​អំពី​បញ្ហា​ម៉ូតូ។​ ឥឡូវ​នេះ​លោក​បាន​សម្រួល​ហើយ។ ​ម៉ូតូ​ទាំង​អស់​មិន​បាន​យក​ពន្ធ​ផ្លូវ​ទេ។ ​ហើយ​ប័ណ្ណ​បើកបរ​មិន​បាច់​ទៅ​ប្រឡង​ទេ​គឺ​សម្រួល​ដូរ​ជូន។​ អា​ហ្នឹង​គឺ​ជួយ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ​យើង។ វា​ច្បាស់​ហើយ​ព្រោះ​អា​ហ្នឹង​វា​ជួយ​សម្រួល​ដល់​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជា​ពលរដ្ឋ​យើង»។​

លោក​ សុខ ឦសាន ​មាន​ប្រសាសន៍​បន្ថែម​ថា​ លោក​ ហ៊ុន សែន ​ចំណាយ​ពេល​ខ្លះ​នៅ​លើ​បណ្តាញ ​Facebook ​ដោយ​សារ​លោក​ចង់​បាន​ដំណឹង​ផ្ទាល់​ពី​ប្រជា​ពលរដ្ឋ​បាន​ឆាប់​រហ័ស។ ​ហើយ​លោក​សង្ឃឹម​ថា​ ភាព​ជិត​ស្និទ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ជាមួយ​ប្រជា​ពលរដ្ឋ​តាម​រយៈ​បណ្តាញ​សង្គម​នោះ​អាច​ទាក់ទាញ​ប្រជា​ប្រិយភាព​ពី​ប្រជា​ពលរដ្ឋ​នឹង​ឈាន​ទៅ​ដល់​ការ​ឈ្នះ​ឆ្នោត​នៅ​ក្នុង​អាណត្តិ​ក្រោយ​នេះ។​

«ការ​ធ្វើ​ការ​ខ្លះ​វា​យឺត​យ៉ាវ​ ផ្តល់​ព័ត៌មាន​ដល់​សម្តេច​មិន​ទាន់​ពេល​វេលា។ ​អញ្ចឹង​ទេ ​សម្តេច​ចង់​ពង្រីក​គុណ​សម្បត្តិ​សេវា​សាធារណៈ​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​វា​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត។​ អញ្ចឹង​ទេ ​មិន​មែន​ថា ​មិន​ជឿ​មន្ត្រី​ថ្នាក់​ក្រោម​ទេ»។​

លោក​ស្រី​ ធីតា ឃឹះ​ នាយិកា​អង្គការ​សីលកា​ ដែល​ធ្វើ​ការ​ពង្រឹង​អភិបាល​កិច្ច​សាធារណៈ​ បាន​និយាយ​ថា​ ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ Facebook​ របស់​លោក​ ហ៊ុន សែន ​អាច​ជួយ​ធ្វើ​ឲ្យ​មាន​ភាព​ជិត​ស្និទ្ធ​ និង​ការ​ដោះ​ដូរ​ព័ត៌មានរវាង​ប្រជា​ពលរដ្ឋ​ និង​នាយករដ្ឋ​មន្ត្រី​ មាន​ភាព​ឆាប់​រហ័ស។​

«បើ​សិន​ជា​សារ​របស់​គាត់​បាន​ឆាប់​រហ័ស ​ហើយ​គាត់​ទទួល​សំឡេង​ពី​ប្រជា​ពលរដ្ឋ​វិញ​ដោយ​ឆាប់​រហ័ស ​ហើយ​គាត់​យក​ព័ត៌មានទាំង​អស់​នេះ​ឯង​ទៅ​ពិចារណា​ ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​លើ​គោល​នយោបាយ​ផ្សេងៗ​ ដើម្បី​ជា​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ។ ​ខ្ញុំ​ថា ​មិន​ខុស​ទេ​ ដើម្បី​ឲ្យ​សារ​របស់​គាត់​បាន​ទៅ​ដល់​ប្រជា​ពលរដ្ឋ ​ហើយ​សារ​របស់​ប្រជា​ពលរដ្ឋ​ក៏​បាន​ទៅ​ដល់​គាត់​វិញ​ដែរ​ចា៎»។​

លោក ​សុខ​ ឦសាន ​អ្នក​នាំ​ពាក្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​ ហ៊ុន សែន ​បាន​បង្ហោះ​សកម្មភាព​ផ្សេង​ ដូច​ជា​ការ​ជួប​ជុំ​គ្រួសារ​របស់​លោក​ ដើម្បី​ផ្តល់​ជា​ឧទាហរណ៍​ល្អ​ដល់​ប្រជា​ពលរដ្ឋ​ទូទៅ។ ​ហើយ​លោក​ក៏​បាន​បង្ហោះ​ការ​សម្ពោធ​ស្ពាន ​ឬ​អគារ​ផ្សេងៗ​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​ក្រោមការ​ដឹកនាំ​របស់​លោក​ផង​ដែរ។ ​

មាន​ប្រជាជន​ជិត​២លាន​នាក់​ ដែល​ជា​អ្នក​តាម​ដាន​គេហទំព័រ​បណ្តាញ​សង្គម​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន៕