អ្នកសង្កេតការណ៍សង្គមកម្ពុជាបារម្ភថា ការប្រគល់រថយន្តដែលមន្រ្តីមានសមត្ថកិច្ចចាប់បានក្នុងការអនុវត្តការងារ និងការផ្តល់រថយន្តបន្ថែមចំនួន៣គ្រឿងជាអំណោយដែលមានដាក់ឈ្មោះរបស់នាយករដ្ឋមន្រ្តីផ្ទាល់ទៅឲ្យក្រុមហ៊ុនឯកជន អាចធ្វើឲ្យប៉ះពាល់ដល់ការអនុវត្តការងាររបស់សមត្ថកិច្ច។
កាលពីថ្ងៃទី១៣ ខែសីហា ប្រធានមន្ទីរសុខាភិបាលភ្នំពេញបានបញ្ជាឲ្យក្រុមការងារចុះចាប់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់វិទ្យុ ABC របស់អាចារ្យអេ បន្ទាប់ពីបានមន្ត្រីសុខាភិបាលរកឃើញថា រថយន្តនោះត្រូវបានដាក់ឲ្យប្រតិបត្តិការដោយពុំមានការចុះបញ្ជីរថយន្តគិលានសង្គ្រោះ និងគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។ នៅថ្ងៃដដែលលោក ហ៊ុន សែន បានប្រកាសនៅតាមវិទ្យុ ABC អំពីការដកតំណែងលោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលភ្នំពេញ នៅពេលលោកនាយករដ្ឋមន្ត្រីនិយាយទូរស័ព្ទដោយផ្ទាល់ទៅកាន់វិទ្យុ ABC ។ លោក ហ៊ុន សែន ក៏បានសម្រេចឧបត្ថម្ភរថយន្តចំនួន២គ្រឿងជូនដល់វិទ្យុ ABC និងបង្គាប់ឲ្យសាលារាជធានីភ្នំពេញរៀបចំបំពាក់ស្លាកលេខសម្រាប់រថយន្តទាំងនោះដើម្បីប្រគល់ជូនក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ។
ក្រោយការបង្គាប់របស់លោកហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រគល់រថយន្តស៊េរីទំនើបៗចំនួន៣គ្រឿងដែលបានបំពាក់សម្ភារៈនិងស្លាកលេខគ្រប់ទាំងអស់ គិតជាទឹកប្រាក់ប្រមាណជាង១០ម៉ឺនដុល្លារ ជូនអាចារ្យអេ អគ្គនាយកវិទ្យុ ABC។ រថយន្តដែលឧបត្ថម្ភដោយលោកហ៊ុន សែនមានបិទស្លាក«អំណោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា»។
លោក យ៉ង់ គឹមអេង ប្រធាននៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានប្រាប់ VOA ថា ការផ្តល់រថយន្តចំនួន៣គ្រឿងដល់វិទ្យុ ABC គឺជាការសហការគ្នារវាងស្ថាប័នរដ្ឋ និងឯកជន តែលោកថា លោកនាយករដ្ឋមន្រ្តីគួរយកចិត្តទុកដាក់ដល់ស្ថាប័នរដ្ឋដើម្បីពង្រឹងគុណភាពសេវាសាធារណៈ។ លោកបន្ថែមដោយបារម្ភថា អ្នកដែលទទួលបានរថយន្តនេះនឹងអាចយកទៅប្រើប្រាស់ខុសច្បាប់ ហើយសមត្ថកិច្ចអាចនឹងមិនហ៊ានចាប់។
លោកមានប្រសាសន៍ថា៖
«ការដាក់ស្លាក ដាក់ឈ្មោះអ្នកធំៗ អ្នកមានមុខមាត់ក្នុងស្ថាប័នរដ្ឋហ្នឹង ជាទូទៅប្រជាជនគេខ្លាច អ្នកដទៃក៏ខ្លាច ប៉ូលិសអីក៏ខ្លាចដែរ មិនសូវហ៊ានប៉ះពាល់ ហើយសូម្បីអ្នកធ្វើដំណើរអីកាលណាឃើញឡានដែលមានដាក់ស្លាកអំណោយអ្នកនេះ អ្នកនោះនៅក្នុង អ្នកធំ រដ្ឋាភិបាល ធម្មតាគ្នារាងខ្លាចដែរ។ អញ្ចឹងខ្ញុំថា ចំពោះបញ្ហាហ្នឹង បើសិនជាមានការខុសឆ្គងអីថ្ងៃក្រោយទៀត ខ្ញុំបារម្ភថា សមត្ថកិច្ចហ្នឹងមិនហ៊ានប៉ះពាល់ទេ ប្រសិនជាប្រើនៅក្នុងន័យខុស»។
ស្រដៀងគ្នានេះដែរ លោក សន ជ័យ នាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) យល់ថា ការផ្តល់រថយន្តដែលដាក់ឈ្មោះរបស់នាយករដ្ឋមន្រ្តីផ្ទាល់គឺអាចធ្វើឲ្យសមត្ថកិច្ចមិនហ៊ានធ្វើអន្តរាគមន៍ ឬចាត់វិធានការទេ នៅពេលរថយន្តនោះត្រូវគេប្រើប្រព្រឹត្តអំពើខុសច្បាប់ណាមួយ។
លោកបន្ថែមថា៖
«លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គួរតែប្រកាសដែរថា អ្វីៗដែលជាអំណោយរបស់គាត់ហ្នឹងចាំបាច់វាត្រូវស្ថិតនៅក្រោមច្បាប់ ការអនុវត្តច្បាប់ទាំងអស់ បើសិនជាមានបញ្ហាអីមិនប្រក្រតី ឬក៏មើលទៅមានការសង្ស័យ គួរតែបើកឲ្យមានការអង្កេត ឬក៏ការចាត់វិធានការផ្លូវច្បាប់ភ្លាមៗប្រឆាំងនឹងមធ្យោបាយដែលជាអំណោយរបស់គាត់ ហើយដែលមានការសង្ស័យពីសមត្ថកិច្ច ព្រោះកន្លងមកយើងឃើញថា មានរូបភាពស្រដៀងហ្នឹងដែរ ឃើញរថយន្តពាក់ស្លាកលេខខ.ម. ស្លាកលេខន.ប.ខ្លះ ហើយសូម្បីតែឡានសាមុយ Ambulance (រថយន្តសង្គ្រោះបន្ទាន់) ខ្លះហ្នឹងដឹកឈើក្រញូងអីជាដើម»។
VOA មិនអាចទាក់ទងសុំការបំភ្លឺពីលោក លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាលបានទេ។
ចំណែកអគ្គនាយកវិទ្យុ ABC លោក សេង ប៊ុនវេង ហៅអាចារ្យអេក៏មិនអាចទាក់ទងបានដែរ។
ប៉ុន្តែក្នុងពិធីប្រគល់រថយន្តនៅសាលារាជធានីភ្នំពេញ ព្រឹកថ្ងៃអង្គារ លោក ជា ប៊ុនវេង ហៅអាចារ្យអេនិយាយថា លោកមិនអរគុណលោក ហ៊ុន សែន ចំពោះការឲ្យឡាននេះទេ។
លោកបញ្ជាក់ថា៖
«សម្តេចនាយកឲ្យឡានមកហ្នឹងដើម្បីបម្រើផលប្រយោជន៍ការងាររបស់រដ្ឋាភិបាល ដែលរដ្ឋាភិបាលគេមានបណ្តាញរបស់គេស្រេចហើយ។ ប៉ុន្តែវាមានខ្លះដែលវាអាចចន្លោះ ហើយយើងស្រង់យកកន្លែងនោះមកដើម្បីឲ្យវាឥតខ្ចោះក្នុងការបម្រើរដ្ឋាភិបាលរបស់គាត់ មិនមែនរបស់អាចារ្យទេ។ អាចារ្យអេអត់មានតួនាទីទេ។ គាត់គ្រាន់តែប្រើអាចារ្យអេឲ្យទៅធ្វើការដើម្បីគាត់ប៉ុណ្ណោះឯង»។
ការផ្តល់រថយន្តដោយលោកហ៊ុន សែនកើតមានឡើងបន្ទាប់ពីលោកសុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ត្រីរបស់លោកឃាត់រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់វិទ្យុ ABC ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់សម្រាប់ដឹកគ្រឿងភេសជ្ជៈទឹកត្របែកចំនួន១២៨ប្រអប់។ រថយន្តនេះត្រូវបានរាយការណ៍ថា មិនមានពាក់ស្លាកលេខសម្គាល់ មិនបានចុះបញ្ជី និងគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាលដើម្បីធ្វើប្រតិបត្តិការនោះទេ។
បើយោងតាមសេចក្តីរាយការណ៍របស់កាសែត The Cambodia Daily បានឲ្យដឹងថា វិទ្យុ ABC នេះជារបស់លោកសេង ប៊ុនវេង ហៅអាចារ្យអេ។ កាលពីមុនថ្ងៃបោះឆ្នោតឆ្នាំ២០១៣ លោកបានព្រមានថា ឈាមនឹងហូរ ប្រសិនបើគណបក្សប្រឆាំងបានកាន់អំណាច៕