លោកហ៊ុន សែន​ សុំ​កុំ​ឱ្យ​ដក​ការ​អនុគ្រោះ​ពាណិជ្ជកម្ម​ពី​កម្ពុជា​និង​ប្រទេស​ក្រីក្រ

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអឺរ៉ុប និងអាស៊ាន នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។

​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការ​ព្យួរឋានៈ​ពន្ធអនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ ដោយ​សារ​តែ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​ទោស​​អ្នកសារព័ត៌មាន​ឯករាជ្យ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ស្នើ​ឱ្យ​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​និង​ដៃគូ​អភិវឌ្ឍន៍​ បន្ត​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ ហើយ​កុំ​ព្យួរ​ឬ​ដក​ការ​អនុគ្រោះ​នានា ក្នុង​ពេល​ដែល​កម្ពុជា​ខិតខំអភិវឌ្ឍន៍​សេដ្ឋកិច្ច។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង ស្រប​ពេល​ដែល​កម្ពុជាកំពុងតែ​ប្រឈម​មុខ​នឹង​ការ​កាត់​ផ្តាច់​ឋានៈ​អនុគ្រោះពន្ធ​ពី​សហភាព​អឺរ៉ុបផងដែរ​។

ថ្លែងក្នុងកិច្ចប្រជុំ​ត្រួត​ពិនិត្យ​ឡើងវិញ​ជា​សាកលនូវ​ជំនួយ​សម្រាប់​ពាណិជ្ជកម្មលើកទី៧​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ កាលពី​ថ្ងៃពុធ​ លោក​ហ៊ុន សែន​ បាន​បញ្ជាក់ពី​សារៈសំខាន់​នៃការ​បន្ត​ផ្តល់​ការ​ឧបត្ថម្ភ​គាំទ្រ​ថា​ វា​នឹង​ជួយ​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​ប្រទេស​ដទៃ​ទៀត​ ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ឱ្យ​«ចាកចេញពី​ភាព​ក្រីក្រ​បាន​ឆាប់​រហ័ស‍»។

លោក​ហ៊ុន សែន​ បាន​បន្ថែម​ទៀត​ថា​ ក្នុងនោះ​ក៏​មិន​ត្រូវ​ព្យួរភាព​អនុគ្រោះ​ផង​ដែរ៖

«សូម​ធ្វើការ​ពិចារណា​ឱ្យ​បាន​ដិតដល់​មុន​នឹង​ដាក់​វិធានការ​ព្យួរ ឬ​ដកចេញ​នូវ​ភាព​អនុគ្រោះ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច ​ព្រោះ​ការព្យួរ​ឬ​ការ​ដកនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ទាំងនោះ​មិន​អាច​ជួយ​ពិភពលោក​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ និង​មិន​អាច​ជួយ​ពួកគេ​ចេញ​ផុត​ពី​ឋានៈ​ប្រទេស​មាន​ការអភិវឌ្ឍន៍​តិចតួច​បាន​ឡើយ​ ដែល​ចលនា​នេះ​គឺ​ផ្ទុយ​ទាំង​ស្រុង​ទៅ​នឹង​គោលការណ៍​អង្គការ​សហប្រជាជាតិនិង​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក‍»។​

ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក​ ក្នុង​ឆ្នាំ​២០០៤​ក្នុងនាម​ជា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច ហើយ​បច្ចុប្បន្នមាន​មហិច្ឆតា​ប្រែក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ និង​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅឆ្នាំ​២០៥០។

ប៉ុន្តែ​កម្ពុជា​កំពុងតែ​ប្រឈម​នឹង​ការ​ព្យួរឋានៈ​ពន្ធអនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ ដោយ​សារ​តែ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ដោយ​សារ​តែ​ការ​ធ្វើ​ទុក្ខ​ទោសអ្នកសារព័ត៌មាន​ឯករាជ្យ សកម្មជន​សិទ្ធិ​មនុស្ស​ និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង។

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ប្រើប្រាស់​វេទិកា​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី​៣ដល់​៥ខែ​កក្កដា នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ដើម្បីលើកឡើង​ពី​ជោគជ័យ​នានា​ក្រោម​ការដឹកនាំ​ជាង​៣០ឆ្នាំរបស់​លោក​ ដែល​មានការ​កែទម្រង់​បទប្បញត្តិ​និង​វិធានការ​នានាទៅ​តាម​បទប្បញ្ញត្តិ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក និង​តួនាទី​របស់​កម្ពុជានៅ​ស្ថាប័ន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ ដែល​ជួយ​ដល់​ប្រទេស​ក្រីក្រ​ដទៃទៀត​នៅ​តំបន់​អាហ្វ្រិក។ លោក​ហ៊ុន សែន ក៏បាន​លើកឡើង​ពី​ស្ថានភាព​ល្អ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ផងដែរ បើ​ទោះបី​ជា​រង​ការ​រិះគន់​ជា​សាកល​ក៏ដោយ។​

លោក​ហ៊ុន សែន​ បាន​បន្ថែម​ថា៖

«ជាមួយ​នឹង​ការ​ខិតខំ​បំពេញ​ភារកិច្ច​ជា​សមាជិក​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ រាជ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​អនុវត្ត​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​គោលការណ៍​សេរី​ពហុបក្ស ខិតខំ​រក្សា​សន្តិភាព​សន្តិសុខ ស្ថិរភាព​នយោបាយ សណ្តាប់​ធ្នាប់​សង្គម និង​គ្រប់គ្រង​សេដ្ឋកិច្ច​ម៉ាក្រូ​ហិរញ្ញវត្ថុ ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន‍»។​

ក្នុងពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន​ កំពុង​តែ​បំពេញ​បេសកកម្ម​នៅ​ប្រទេស​ស្វីស ក្រុម​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​សហគមន៍​អឺរ៉ុបគ្រោង​នឹង​រៀបចំ​បាតុកម្ម​មួយ​ដើម្បី​ទាមទារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ​ខាងមុខ​នេះ។

កញ្ញា លឹម កណ្ណិការ ប្រធាន​ចលនា​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះជាតិ​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង និង​ជា​អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​ បាន​បញ្ជាក់​ថា៖

«យើង​កំពុង​តែ​រៀបចំ​សកម្មភាព​ច្រើន​ទៀត​មិន​មែន​មានតែ​បាតុកម្ម​ទេ​ ដើម្បី​បង្ហាញ​ថា​ លោក​ហ៊ុន សែន​ កំពុង​រៀបចំ​មិនមែន​ត្រូវ​ទេ​ គឺ​ខុស​ដោយ​ហេតុនេះ​យើង​ខិតខំ សកម្មភាព​ច្រើន​ ដើម្បី​បង្ហាញ​សហភាព​អឺរ៉ុប​កុំ​ទទួល​ស្គាល់​របស់​ដែល​លោក​ហ៊ុន សែន​ ចង់​បាន‍»។​

កញ្ញា​បន្ថែម​ថា​ វា​ជា​ការធម្មតា​ទេ​ដែល​លោក​ហ៊ុន សែន​ ត្រូវ​តែ​ការពារ​សមិទ្ធិផល​របស់​លោក​ ប៉ុន្តែ​សហគមន៍​អន្តរជាតិ​ត្រូវ​ដឹង​ពីអ្វី​ដែល​ជា​ការពិត៖

«លោក​ហ៊ុន សែន​ គាត់​បាន​រៀបចំ​កម្មវិធី​របស់​គាត់​ ពីព្រោះ​គាត់​ជា​អ្នក​ដឹកនាំ​ប្រទេស​កម្ពុជានិង​គាត់​ជា​អ្នក​ដឹកនាំ​សេដ្ឋកិច្ច ដូច្នេះ​គាត់​ត្រូវ​ការពារ​ផលប្រយោជន៍​របស់​គាត់។ អ្នក​ធ្វើ​ការ​នៅ​ WTO គេ​មាន​បេសកកម្ម​របស់​គាត់​ ក៏ប៉ុន្តែ​ប្រសិន​បើ​ជា​យើង​អត់​តវ៉ា អត់​ទាមទារ​ អត់​បង្ហាញ​មុខ​បង្ហាញ​មាត់​ថា​ធ្វើ​បាតុកម្ម មានន័យ​ថា​ មាន​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​ ក៏ប៉ុន្តែ​យើង​បាន​ដឹង​គ្រប់​គ្នា​ថា​អត់​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ទេ​នៅ​ប្រទេស​កម្ពុជា​ អត់​មាន​សេរីភាព​ទេ អត់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ ដូច្នេះ​យើង​ធ្វើ​បាតុកម្ម​ហ្នឹង​ត្រឹមត្រូវ​ ព្រោះ​ប្រសិន​បើ​យើង​ធ្វើ​ហ្នឹង​យើង​បាន​បង្ហាញ​ឱ្យ​គេ​អ្នក​ធ្វើ​ការ​នៅក្នុង WTO ហ្នឹង​ដឹង​ពី​សំឡេង​ពលរដ្ឋ​កម្ពុជា​នៅ​ទូទាំង​អឺរ៉ុប‍»។​

ប្រទេស​កម្ពុជា​នាំចេញ​ក្នុង​ទំហំ​១៣ពាន់លានដុល្លារ​ក្នុង​ឆ្នាំ​២០១៨​ ទៅ​ទីផ្សារ​សំខាន់ៗ​ដែល​មាន​សហភាព​អឺរ៉ុប សហរដ្ឋ​អាមេរិក កាណាដា​និង​ជប៉ុន​ជាដើម៕