លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសយុវជនអានសៀវភៅស្ដីពីការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជីនពីង ក្នុងដឹកនាំប្រទេសចិនដែលជាប្រទេសកុម្មុយនិស្តរាប់ទសវត្សរ៍ ដើម្បីរៀនសូត្រពីចំណុចសំខាន់ៗយកទៅអភិវឌ្ឍសេដ្ឋកិច្ចរបស់សង្គមកម្ពុជា។
នៅព្រឹកថ្ងៃអង្គារនេះ លោក ហ៊ុន សែន បានសម្ពោធផ្សព្វផ្សាយសៀវភៅមានចំណងជើងថា «ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន» ដែលបានប្រែសម្រួលជាភាសាខ្មែរ ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កម្ពុជា និងចិនជាច្រើនរូប នៅវិមានសន្តិភាព។ នេះជារឿងដ៏កម្រដែលលោក ហ៊ុន សែន ចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅ ជាពិសេសសៀវភៅដែលនិយាយពីបរទេស។
VOA មិនទាន់បានដឹងពីចំនួនទំព័រ និងអត្ថន័យក្នុងសៀវភៅដែលមិនទាន់ត្រូវបានដាក់លក់ជាសាធារណៈនេះនៅឡើយទេ។
លោក ជាំង ជៀងកៅ (Jiang Jiauguo) សមាជិកបក្សកុម្មុយនិស្តចិនដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយសៀវភៅស្ដីពីអភិបាលកិច្ចប្រទេសចិនរបស់ប្រធានាធិបតីប្រទេសចិន ស៊ី ជីនពីង លើកឡើងថា សៀវភៅនេះបានចងក្រងនូវអត្ថបទសុន្ទរកថាជាច្រើនរបស់លោក ស៊ី ជីនពីង ដោយបានឆ្លុះបញ្ចាំងពីទស្សនៈចំនួន៣ជាស្នូល។
លោកបញ្ជាក់ថា ទស្សនៈទី១ ជាទស្សនៈដែលលើកតម្កើងតម្លៃប្រជាជនជាចម្បងនិងការបម្រើប្រជាជនដោយស្មោះអស់ពីដួងចិត្ត ដែលលោកថាជាកម្មវត្ថុនៃបក្សកុម្មុយនិស្តចិន។ ទស្សនៈទី២ ឆ្លុះបញ្ចាំងឲ្យឃើញពីការរៀបចំគោលនយោបាយដោយស្មើភាពគ្នា ដោយគុណធម៌សង្គម ដើម្បីឲ្យប្រជាជនទាំងអស់មានជីវភាពសមរម្យដូចគ្នា។ ទស្សនៈទី៣ គឺជាបែបបទអនុវត្តជាក់ស្ដែង តាមរយៈការរៀបចំបង្កើតប្រព័ន្ធអប់រំដោយឥតគិតថ្លៃ ការបង្កើតប្រព័ន្ធធានាវិស័យសុខាភិបាលជាមូលដ្ឋាន និងធានាដល់ការមើលថែមនុស្សចាស់ជាដើម។
លោក ហ៊ុន សែន បានរៀបរាប់ក្នុងពិធីសម្ពោធផ្សព្វផ្សាយនោះថា សៀវភៅនេះគឺជាផ្នែកមួយ បង្ហាញពីអភិបាលកិច្ចនៃប្រទេសចិន និងជាប្រយោជន៍សំខាន់ក្នុងការផ្ដល់ចំណេះដឹងឲ្យកាន់តែស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋនៅកម្ពុជា អំពីគំនិតរបស់ លោក ស៊ី ជីនពីង ជុំវិញអភិបាលកិច្ចរបស់ប្រទេសចិន។
លោកបន្តថា សៀវភៅនេះក៏បានឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ប្រទេសចិនឆ្ពោះទៅរកការកែទម្រង់ស៊ីជម្រៅមួយ និងពីការខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង។
លោក ហ៊ុន សែន បានជំរុញឲ្យប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាអានសៀវភៅនេះដើម្បីរៀនពីចំណុចសំខាន់ៗ សម្រាប់ជាគោលដៅក្នុងជីវិត។
លោកបញ្ជាក់ថា៖ «ខ្ញុំសូមលើកទឹកចិត្តឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ក្មួយៗយុវជន សិស្សនិស្សិតទាំងអស់ សូមយកសៀវភៅ «ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន» នេះទៅអាន ហើយខិតខំចម្រាញ់យកទស្សនៈល្អៗជាធាតុផ្សំ ក្នុងការពង្រឹងអភិបាលកិច្ចល្អ ស្របទៅតាមស្ថានភាព និងបដិការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា»។
ការប្រកាសឲ្យប្រជាពលរដ្ឋរៀនសូត្រតាមសៀវភៅ «ស៊ី ជីនពីង អភិបាលកិច្ចប្រទេសចិន» នេះ ធ្វើឡើងស្របពេលដែលក្រសួងការបរទេសកម្ពុជាចេញផ្សាយឯកសារមួយមានចំណងជើងថា«ប្រាប់ពីការពិត»។
ឯកសារនេះ បានសរសេរវាយប្រហារប្រទេសលោកខាងលិច ដែលធ្វើការដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ ដូចជាសហរដ្ឋអាមេរិក ថាបានធ្វើយុទ្ធនាការបំភ្លៃព័ត៌មាន មួលបង្កាច់អំពីតថភាព និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ក្នុងគោលបំណងបង្ហាញរូបភាពអវិជ្ជមានអំពីកម្ពុជា និងដាក់កំហុសមកលើរដ្ឋាភិបាលកម្ពុជា។
លោក ឈាង វណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាយុទ្ធសាស្ត្រ ប្រាប់ VOA ថា ការដែលលោកនាយករដ្ឋមន្រ្តីចូលរួមក្នុងពិធីផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋរៀនសូត្រពីសៀវភៅដែលសរសេរពាក់ព័ន្ធនឹងការដឹកនាំរបស់ប្រទេសចិន គឺជាការបង្ហាញពីទំនាក់ទំនងពិសេសជាមួយប្រទេសចិន។
លោកបន្ថែមថា ការបង្ហាញនូវទំនាក់ទំនងស្អិតល្មួតជ្រុលជាមួយប្រទេសចិន អាចជាការបង្ហាញថា កម្ពុជាមានចិនជាខ្នងបង្អែក និងមិនបារម្ភពីការដាក់សម្ពាធណាមួយពីអន្តរជាតិ ដែលលោកថា ទង្វើនេះអាចនឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយបណ្ដាប្រទេសផ្សេងទៀត។
លោកមានប្រសាសន៍ថា៖ «ចង់ផ្ដល់សញ្ញាទៅដល់លោកខាងលិចថា ការលូកដៃចូលពីលោកខាងលិចមកបញ្ហានៅក្នុងកម្ពុជា ប្រហែលជាពុំមានឥទ្ធិពល ឬក៏ធ្វើឲ្យមានការប្រែប្រួលអ្វីនៅកម្ពុជាទេ ពីព្រោះកម្ពុជាមានភាគីចិនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់»។
លោក ឈាង វណ្ណារិទ្ធ បន្ថែមថា កម្ពុជាអាចរៀនពីចំណុចវិជ្ជមាននៃការដឹកនាំប្រទេសរបស់ចិនបាន លុះត្រាតែកម្ពុជា មានឆន្ទៈនយោបាយដោយធានាប្រព័ន្ធគ្រប់គ្រងដែលមានប្រសិទ្ធភាព និងមានការចូលរួមពីប្រជាពលរដ្ឋកម្ពុជាខ្លួនឯង។
ទោះជាយ៉ាងណា លោកថា កម្ពុជាគួរតែរៀនពីបណ្ដាប្រទេសអភិវឌ្ឍន៍ផ្សេងទៀតជាច្រើន មិនមែនរៀនតែពីប្រទេសចិននោះទេ។
កាលពីខែតុលា ឆ្នាំ២០១៦ លោក ស៊ី ជីនពីង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារចំនួន៣១ ទាក់ទងនឹងការសាងសង់ផ្លូវ មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្ត្រ វារីអគ្គិសនី និងទំនាក់ទំនងពាណិជ្ជកម្មជាដើម ក្នុងដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជាជាលើកដំបូង ក្នុងនាមជាប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នាពេលនោះ ប្រទេសចិនបានយល់ព្រមលុបបំណុលដែលកម្ពុជាជំពាក់ និងបានជួយដល់វិស័យយោធាកម្ពុជា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា បានខ្ចីលុយប្រទេសចិន ប្រមាណជា៦០លានដុល្លារបន្ថែម។
គិតមកដល់ពាក់កណ្ដាលឆ្នាំ២០១៦ កម្ពុជាជំពាក់បំណុលចិនជិត៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែតុលា ឆ្នាំ២០១៦៕