ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន​បន្ទោស​លោក​ផៃ ស៊ីផាន​ថា​នាំ​ពាក្យ​ខុស​លើ​ការ​ផ្ទេរ​តំណែង​​លោក​សុខ អាន


រូបភាពឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាចូលរួមក្នុងពិធីបូជាសពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែមីនា នៅសួនច្បារបុទុមវត្តី។ (ស៊ុន ណារិន/VOA)
រូបភាពឯកសារ៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយាចូលរួមក្នុងពិធីបូជាសពរបស់លោក សុខ អាន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែមីនា នៅសួនច្បារបុទុមវត្តី។ (ស៊ុន ណារិន/VOA)

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ស្តី​បន្ទោស​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​​គណៈរដ្ឋមន្ត្រី​​ដែល​បាន​និយាយ​ក្រោយ​មរណភាព​របស់​លោក សុខ អាន ថា​ តំណែង​ប្រមាណ​​ជាង​​១០​​​របស់​លោក សុខ អាន ​ត្រូវ​បាន​​ផ្ទេរ​ឲ្យ​លោក ប៊ិន ឈិន ​ដែល​ទើប​ត្រូវ​បាន​តែង​តាំង​​​​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន បាន​ប្រតិកម្ម​ថា លោក ផៃ ស៊ីផាន ​និយាយ​ខុស និង​បាន​ស្តីបន្ទោស​ថាលោក​ធ្វើ​ជា​អ្នក​នាំពាក្យ​កុំ​ចង់​ល្បី ក្រោយពី​លោក ​ផៃ ស៊ីផាន បានផ្តល់បទ​សម្ភាសន៍មួយ​ទាក់ទង​នឹង​ការ​ផ្ទេរតំណែង​ធំៗ​របស់​លោក សុខ អាន។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ស្តី​បន្ទោស​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រីដែល​បាន​និយាយ​ក្រោយ​មរណភាព​របស់​លោក សុខ អាន ថា​ តំណែង​ប្រមាណជាង១០​របស់​លោក សុខ អាន ​ត្រូវ​បានផ្ទេរ​ឲ្យ​លោក ប៊ិន ឈិន ​ដែល​ទើប​ត្រូវ​បាន​តែង​តាំងជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី។

​លោក សុខ អាន ជា​អតីត​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី និង​មាន​តួនាទី​ធំៗ​ជា​ច្រើន​ទៀត​ក្នុង​ជួរ​រដ្ឋាភិបាល​ បាន​ទទួល​មរណភាព​កាល​ពី​ពាក់​កណ្តាល​ខែ​មីនា​នេះ។ ក្រោយ​មរណភាព​របស់​លោក សុខ អាន បាន​ប៉ុន្មាន​ថ្ងៃ លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​បាន​ប្រាប់​អ្នក​សារព័ត៌មាន The Cambodia Daily ​ថា​ តំណែង​ធំៗ​ទាំង​អស់​របស់​លោក សុខ អាន នឹង​ត្រូវ​ប្រគល់​ឲ្យ​លោក ប៊ិន ឈិន តែ​ម្នាក់​ ដើម្បីបន្ត​ការងារ

រូបភាពឯកសារ៖​ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធានមក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)
រូបភាពឯកសារ៖​ លោក ប៊ិន ឈិន (កណ្តាល) សហ​ប្រធាន​ក្រុម​ការងារ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​មក​ពី​គណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក គួយ ប៊ុនរឿន (ស្តាំ) សហ​ប្រធានមក​ពី​គណ​បក្ស​សង្គ្រោះជាតិ ឈរ​នៅ​ក្នុង​អំឡុង​ការ​បើក​សិក្ខាសាលា​មួយ​ស្តី​អំពី​សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​បោះឆ្នោត​ នៅ​មន្ទីរ​រដ្ឋសភាជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៩ ខែ​មីនា ឆ្នាំ​២០១៥។ (នៅ វណ្ណារិន/VOA)

​ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​គរុ​និស្សិត​ និង​សិស្ស​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ប្រតិកម្ម​នឹង​ការ​ចុះ​ផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធនឹង​ការ​កាន់​តំណែង​រដ្ឋបាលសំខាន់ៗ​របស់​លោក សុខ អាន។ លោក ហ៊ុន សែន អះអាង​ថា តំណែង​រដ្ឋបាល​ដែល​លោក សុខ អាន ទទួល​បន្ទុក​កន្លង​មក មិន​មែន​ធ្លាក់​ទៅ​លើ​លោក ប៊ិន ឈិន ដែល​ជា​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុកទីស្តីការ​គណៈរដ្ឋមន្ត្រី​ទាំង​អស់ ដូច​ការ​បកស្រាយ​របស់​លោក ផៃ ស៊ីផាន នោះ​ទេ។

លោក ហ៊ុន សែន​ បញ្ជាក់​ថា លោក ផៃ ស៊ីផាន មាន​គុណសម្បត្តិ​ច្រើន តែ​លោក​ថា លោក​សោកស្តាយ​ចំពោះ​ការ​អត្ថាធិប្បាយ​ដែល​ខុស​ពី​ការ​ពិត​នាំ​ឲ្យ​មាន​ការ​យល់​ច្រឡំ ចំពោះ​តួនាទី​របស់​លោក សុខ អាន។

លោក​បញ្ជាក់​ប្រាប់ VOA ​ថា៖

«ថ្ងៃ​នេះ ខេមបូឌា​ដេលី ចុះ​ផ្សាយ​ថា មិន​មាន​អ្វី​ថ្មី​ឡើយ ខណៈ​ការងារ​ទាំង​អស់​របស់លោក សុខ អាន ត្រូវ​បាន​ប្រគល់​ឲ្យ​លោក​ ប៊ិន ឈិន ហើយ​ត្រូវ​បាន​ដក​ស្រង់​សម្តី​របស់​ឯកឧត្តម​ ផៃ ស៊ីផាន។ ខ្ញុំ​មិន​ដឹង​ថា​ ឯកឧត្តម ផៃ ស៊ីផាន បាន​ពី​ត្រង់​ណា​មក? អ៊ីចឹង​បាន​ថា ធ្វើ​អ្នក​នាំ​ពាក្យ​កុំ​ចង់​ល្បី មេ​ស៊ី​សង​នៅ​ឯណេះ»។

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា ស្ថាប័ន​មួយ​ចំនួន​ដែល​លោក សុខ អាន ធ្លាប់​បាន​កាន់កាប់​ ត្រូវ​បាន​រំសាយ ហើយ​ថា ស្ថាប័ន​មួយ​ចំនួន​ដែល​នៅ​សល់ដូច​ជា អាជ្ញាធរ​ជាតិអប្សរា និង​អាជ្ញាធរ​ព្រះវិហារ ត្រូវ​បាន​លោក​ប្រកាស​ដាក់​ឲ្យ​នៅ​ក្រោម​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ហើយ​គណៈកម្មការ​គ្រប់គ្រង​ផ្លូវដែក ត្រូវ​ប្រគល់​ជូន​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។

លោក ហ៊ុន សែន បន្ថែម​ថា ស្ថាប័ន​ពាក់ព័ន្ធនឹង​ការ​កាត់​ទោស​ខ្មែរ​ក្រហម រួម​ទាំង​សាលា​រាជបណ្ឌិត្យសភា​កម្ពុជា និង​អាកាសចរ​ស៊ីវិល ត្រូវ​ប្រគល់​ឲ្យ​លោក ប៊ិន ឈិន រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។ ចំណែកលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ត្រូវ​ទៅ​ធ្វើ​ជា​ប្រធាន​កាយរឹទ្ធិ​ជាតិ​កម្ពុជា។ ស្ថាប័ន​គណៈ​វិស្វកម្ម ត្រូវ​ប្រគល់​ជូន​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាលវិជ្ជាជីវៈ។ សាលា​ភូមិន្ទ​រដ្ឋបាល ត្រូវ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​មុខងារ​សាធារណៈ​ហើយសាលា​វិជ្ជាជីវៈ​តុលាការ ​ត្រូវ​ប្រគល់​ឲ្យ​ក្រសួង​យុត្តិធម៌។

​លោក ហ៊ុន សែន បញ្ជាក់​ថា​ លោក​បាន​ពិភាក្សា​ចំពោះ​ការ​ផ្លាស់​ប្តូរ​តួនាទី​នេះ​ជាមួយ​លោក សុខ អាន មុន​ពេល​ដែល​លោក​ទទួល​មរណភាព។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ប្រាប់ VOA នា​រសៀលថ្ងៃ​ពុធនេះ​ថា ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​ផ្តល់​ឱវាទធម្មតា​ ដើម្បី​ឲ្យអ្នកនាំពាក្យ​ទាំង​អស់​ពង្រឹង​គុណភាព​ក្នុង​ការ​ផ្តល់​ព័ត៌មាន។

​លោក​បញ្ជាក់​ថា៖

«ខ្ញុំ​ជឿជាក់​ថា​ អ្នក​ផ្សាយ​យល់ច្រឡំ គេ​ផ្សាយ​មិន​អស់​ពី​អ្វី​ដែល​ខ្ញុំ​បាន​ប្រាប់​គេ។ ខ្ញុំ​មិន​និយាយ​តតាំង​អី​ទេ គឺ​គ្រាន់​តែ​ជា​យើង​ទទួល​ឱវាទ ជា​ការ​ណែនាំ​របស់​សម្តេច​នាយករដ្ឋមន្រ្តី​ មិន​ត្រឹម​តែ​ខ្ញុំ​អ្នក​នាំពាក្យ សូម្បី​តែ​អ្នក​សារព័ត៌មាន ឬ​អ្នកធ្វើព័ត៌មាន​ គឺ​មិន​ឲ្យ​ក្លាយជា​ចៅក្រម​ដើរ​តួ​ខុស​តួនាទី»។

ឆ្លើយ​ទៅនឹង​សំណួរ​របស់ ​VOA​ ​ដែលបាន​សួរថា តើ​លោក​បាន​ពិត​ជា​បាន​ផ្តល់​សម្ភាសន៍​ទៅ​ឲ្យសារព័ត៌មាន​ពាក់ព័ន្ធ​នឹងការផ្ទេរ​តំណែង​របស់​លោក សុខ អាន ខុសមែន ឬ​យ៉ាង​ណា លោក ផៃ ស៊ីផាន បាន​ឆ្លើយ​ថា លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។

លោក មាស នី អ្នក​វិភាគ​ពីការ​អភិវឌ្ឍ​សង្គម ​លើក​ឡើង​ថា អ្នក​នាំ​ពាក្យរបស់​រដ្ឋាភិបាល​ត្រូវ​មាន​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ផ្តល់​ព័ត៌មាន ដើម្បី​ជៀសវាងការ​បាត់​បង់​ទំនុក​ចិត្តពី​ប្រជាពលរដ្ឋ និង​ជៀសវាងផល​ប៉ះពាល់​ដល់កិត្តិយស​សង្គម។

អ្នក​វិភាគ​រូប​នេះ​មាន​ប្រសាសន៍​ប្រាប់​ VOA ​ថា៖​

«រឿង​ខ្លះ​បើ​គ្រាន់​តែ​ចេញ​សេចក្តី​ប្រកាស​ទៅ​វា​មិន​មាន​ប៉ះពាល់​ដល់​បញ្ហាកិត្តិ​យស ឬ​ក៏​បញ្ហា​សង្គម​ធំៗ​ទេ អាហ្នឹង​វា​អត់​អីទេ។ ប៉ុន្តែ​ប្រសិន​បើ​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​ទៅ​ នាំ​ពាក្យ​ និយាយ​ទៅ​ខុស ​ហើយ​វា​ប៉ះពាល់​ដល់​កិត្តិនាម​របស់សង្គម ឬ​អ្នក​នយោបាយ​ណា​មួយ​នោះ អាហ្នឹង​វា​ជា​បញ្ហា​ដែល​យើង​ថា ​គួរ​ឲ្យ​សោក​ស្តាយ បើ​សិន​ជាមាន​រឿង​បែប​ហ្នឹងកើត​ឡើង»។

បើ​តាម​លោក ហ៊ុន សែន រដ្ឋាភិបាល​នឹង​រៀបចំ​កែទម្រង់ព្រះរាជក្រឹត្យ និង​អនុក្រឹត្យ ដើម្បីកែប្រែ​ស្ថាប័ន​ខាង​លើ​ឲ្យ​ស្រប​តាម​ច្បាប់៕

XS
SM
MD
LG