នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការមួយដើម្បីសិក្សាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីមួយក្នុងរាជធានីភ្នំពេញ បន្ថែមលើអាកាសយានដ្ឋានដែលមានស្រាប់ក្នុងរាជធានី។ នេះបើយោងតាមសេចក្តីសម្រេចមួយដែល VOA ទទួលបាន។
សេចក្តីសម្រេចរបស់លោក ហ៊ុន សែន ចុះថ្ងៃទី១៨ខែកុម្ភៈ បានបញ្ជាក់ឲ្យដឹងថា គណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលមានក្រុមមន្ត្រីចំនួន២៣នាក់នឹងត្រូវស្ថិតក្រោមការចាត់ចែងរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ប្រការ២នៃសេចក្តីសម្រេចបានបញ្ជាក់នូវភារកិច្ចជាច្រើនរបស់គណៈកម្មការថ្មីនេះ ដែលរួមមានពិនិត្យ និងកំណត់និយាមកាទីតាំងសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សិក្សា វាយតម្លៃថ្លៃដីនៅតំបន់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងក្រុមហ៊ុនដើម្បីដំណើរការអនុវត្តគម្រោងប្រព្រឹត្តទៅដោយជោគជ័យ និងតាមដាន ហើយត្រូវពិនិត្យការអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងហេដ្ឋារចនាសម្ព័ន្ធ។
VOA ព្យាយាមសុំការអធិប្បាយពីលោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងលោកសេង ឡូត អ្នកនាំពាក្យក្រសួងនេះ តែទូរស័ព្ទលោកទាំងពីររោទិ៍ គ្មានអ្នកទទួល។
នៅមុនការសម្រេចប្រកាសបង្កើតគណៈកម្មការសិក្សាគម្រោងសាងសង់អាកាសយានដ្ឋានថ្មីនេះដែលគេគ្រោងទុកថា ត្រូវចំណាយទឹកប្រាក់ប្រមាណ១៥០០លានដុល្លារនោះ លោក ហ៊ុន សែន បានចេញអនុក្រឹត្យមួយកាត់ដីមួយផ្នែកនៃស្រុកកណ្តាលស្ទឹងមកឲ្យក្រុងតាខ្មៅ ដែលគៀកនឹងរាជធានីភ្នំពេញ។
លោក ជា អូន អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុនក្នុងស្រុកឈ្មោះ Overseas Cambodia Investment Corporation (OCIC) នឹងទទួលភារកិច្ចជាអ្នកសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ដែលធំជាងព្រលានយន្តហោះរាជធានីភ្នំពេញបច្ចុប្បន្ន។
អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្តថា ទីតាំងសម្រាប់សាងសង់អាកាសយានដ្ឋានថ្មីនេះទំនងជាស្ថិតក្នុងផ្នែកមួយនៃស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ផ្ទៃដីដែលនឹងត្រូវប្រើប្រាស់សម្រាប់សាងសង់ព្រលានថ្មីនេះមានចំនួនប្រមាណជាង២ពាន់ហិកតា និងមានផ្លូវរត់ប្រវែងប្រមាណ៤ពាន់ម៉ែត្រ។ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសព្វថ្ងៃនៅពោធិ៍ចិនតុងមានទំហំផ្ទៃដីប្រមាណតែ៧រយហិកតាប៉ុណ្ណោះ។
លោក ជា អូន បានបន្ថែមថា កំណើនទេសចរ និងអ្នកធ្វើដំណើរយ៉ាងគំហុកមកកាន់ប្រទេសកម្ពុជាជាផ្នែកសំខាន់មួយដែលតម្រូវឲ្យរដ្ឋាភិបាលសាងសង់អាកាសយានដ្ឋានថ្មីនេះ ដែលមានផ្លូវហោះហើរសងខាងពីរ និងអាចទទួលយន្តហោះធំៗ ធ្វើដំណើរក្នុងរយៈពេល១២ទៅ១៥ម៉ោង។ លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖
«យើងឃើញទាំងអស់គ្នាហើយ កំណើនទេសចរអ្នកដំណើរឡើង១៦ទៅ១៧ភាគរយក្នុងមួយឆ្នាំដែលជាទូទៅក្នុងពិភពលោក វាតែ៦ភាគរយ៥ទៅ៦ភាគរយទេ។ អ៊ីចឹងអាកំណើនភ្ញៀវរបស់យើងនឹងកើនខ្លាំង។ មួយទៀត ព្រលានយើងរាល់ថ្ងៃនេះវា ឥឡូវយើងឡើងពីឆ្នាំទៅមួយនោះគឺយើងឃើញ៩លានឡើង១០លានហើយហ្នឹង! អ៊ីចឹងបើយើងចែកជាពីរទៅ ព្រលានយន្តហោះសៀមរាប និងភ្នំពេញ វា៥លាន៥លានហើយ។ អ៊ីចឹង វាជិតដល់អាកម្រិតមួយ ដែលយើងត្រូវត្រៀមរកកន្លែងថ្មី។ វាចំាបាច់ត្រូវតែធ្វើហើយ»។
ក្នុងលិខិតមួយចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ទំហំទុនវិនិយោគសម្រាប់អាកាសយានដ្ឋានថ្មីនេះសរុបមានតម្លៃ១៥០០លានដុល្លារអាមេរិក ក្រោមនាមករណ៍ក្រុមហ៊ុន Cambodia Airport Investment Co.Ltd.ដែលជាទុនវិនិយោគរួមរវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា OCIC និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ លិខិតដដែលបានបញ្ជាក់ថាក្រុមហ៊ុន OCIC នឹងចេញកម្ចីភាគទុន២៨០លានដុល្លារ ដើមទុនចុះបញ្ជីរួមមាន១២០លានដុល្លារ និង ១១០០លានដុល្លារផ្សេងទៀតជាកម្ចីពីធនាគារបរទេសដែលមិនបញ្ចេញឈ្មោះ។
តែកន្លងមកក្នុងកំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោកនាយករដ្ឋមន្ត្រីចិន Li Keqiang មកកាន់រាជធានីភ្នំពេញ កាលពីដើមខែមករាឆ្នាំ២០១៨ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់កម្ចីដល់គម្រោងអាកាសយានដ្ឋានថ្មីរបស់រាជធានីប្រទេសកម្ពុជាដែរ ដែលក្នុងនោះ ធនាគារអភិវឌ្ឍន៍របស់ចិន CDB ដែលជាធនាគាររដ្ឋ ត្រូវបានប្រកាសឈ្មោះថា ជាអ្នកផ្ដល់កម្ចីដល់គម្រោងថ្មីខាងលើ។
CDB បានប្រកាសថា ខ្លួនជាធនាគារដែលបម្រើឱ្យការផ្ដល់ហិរញ្ញប្បទានលើគម្រោងវិនិយោគនានានៃគំនិតផ្ដួចផ្ដើមផ្លូវក្រវ៉ាត់ពាណិជ្ជកម្ម (BRI) របស់រដ្ឋាភិបាលចិន។
បច្ចុប្បន្ននេះ កម្ពុជាមានព្រលានយន្តហោះចំនួនបី ដែលកំពុងធ្វើប្រតិបត្តិការ។ ព្រលានយន្តហោះទាំងបីនោះគឺព្រលានយន្តហោះនៅរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ៕