លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាដល់គ្រប់អាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់ប្រធានគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់បច្ចុប្បន្ននេះ ដោយលើកហេតុផលមនុស្សធម៌និងមិនប្រកាន់និន្នាការគណបក្សនយោបាយ។ នេះបើយោងតាមសារជាសំឡេងរបស់លោក ហ៊ុន សែនដែលថតបញ្ជូនទៅកាន់អាជ្ញាធរខេត្តនានាតាមប្រព័ន្ធសង្គម ហើយដែលវីអូអេ ទទួលបានប៉ុន្មានម៉ោងមុននេះ។
លោក ហ៊ុន សែន បានថ្លែងតាមសារជាសំឡេងយ៉ាងដូច្នេះថា៖ «នៅពេលដែលក្រុមគាត់និងខ្លួនគាត់ចុះទៅចែកអំណោយនៅមូលដ្ឋាន គឺសូមបង្កលក្ខណៈឲ្យគាត់បានធ្វើការចូលរួមជាមួយនឹងប្រជាជនយើង ជាមួយអាជ្ញាធរមូលដ្ឋានយើង ដើម្បីចែកអំណោយជូនប្រជាពលរដ្ឋ។ មិនថាតែឯកឧត្តម កឹម សុខា ទេ គ្រប់គណបក្សនយោបាយបើទោះជាគណបក្សនយោបាយយ៉ាងណាក៏ដោយ គឺនៅពេលដែលយកអំណោយទៅជូនប្រជាពលរដ្ឋ គឺសូមសម្រួលដើម្បីឲ្យពួកគាត់បានជួបជាមួយប្រជាពលរដ្ឋហើយផ្តល់ជំនួយឲ្យប្រជាពលរដ្ឋ»។
បទបញ្ជាដែលត្រូវគេបញ្ជាក់ថាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទំនងជាបញ្ជូនតាមប្រព័ន្ធសង្គមទៅកាន់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាននេះ ធ្វើឡើង ក្រោយពីលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវរំលាយបានចុះជួយនិងចែកអំណោយសង្គ្រោះដល់ពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន រួមទាំងបាត់ដំបងនិងខេត្តពោធិ៍សាត់ ដែលរងគ្រោះធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀង ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។
លោក កឹម សុខា ក៏បានប្រកាសតាមទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃសុក្រនេះដែរ ថាក្រុមការងាររបស់លោក ក៏បានផ្តល់ទឹកប្រាក់ចំនួន៥ពាន់ដុល្លារអាមេរិកដល់រដ្ឋាភិបាលកម្ពុជា «សម្រាប់ចូលរួមការងារសង្គ្រោះផលប៉ះពាល់ដោយទឹកជំនន់នេះ»។
គណបក្សសង្គ្រោះជាតិដែលជាគូប្រជែងដ៏សំខាន់ជាមួយគណបក្សប្រជាជនកម្ពុជារបស់លោកហ៊ុន សែន ត្រូវបានតុលាការកំពូលរំលាយ មុនការបោះឆ្នោតជាតិឆ្នាំ ២០១៨។
ហើយលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ដែលកំពុងត្រូវបានតុលាការក្រុងភ្នំពេញជំនុំជម្រះទោសពីបទក្បត់ជាតិ មិនត្រូវអនុញាតឲ្យធ្វើសកម្មភាពនយោបាយ ធ្វើដំណើរចេញក្រៅប្រទេស ហើយនិងត្រូវសហការជាមួយតុលាការ ពេលលោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យនៅផ្ទះ កាលពីថ្ងៃទី ១០ ខែវិច្ចិកា ឆ្នាំ ២០១៩ ក្រោយពីជាប់ឃុំក្នុងគុករយ:ពេលប្រមាណ ២ ឆ្នាំ៕