លោក ​ហ៊ុន​ សែន ​ចង់​បាន​យុត្តិធម៌​ដោយ​សុំ​មហាអំណាច​ជួយ​ផ្តល់​ផែនទី

  • នៅ វណ្ណារិន

Para pegulat Sumo menggendong bayi-bayi yang menangis di depan para juri dalam lomba "Baby-cry Sumo" di Kanagawa, Jepang.

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ នៃ​ប្រទេស​កម្ពុជា​ ​បាន​ចំណាយពេល​ជិត​២ម៉ោង​ការពារ ​ចំណាត់ការរបស់​រដ្ឋាភិបាល​លោក​ក្នុង​រឿង​បោះ​បង្គោល​ព្រំ​ដែន​ ជាមួយ​ប្រទេស​ជិត​ខាង​និង​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។​ ​

ការលើក​ឡើង​នេះ​គឺ​មួយ​ថ្ងៃ​ក្រោយ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រីបាន​ផ្ញើ​លិខិតទៅ​កាន់​ប្រទេស​មហា​អំ​ណាច​មួយ​ចំនួនរួម​ទាំង​សហរដ្ឋ​អាមេរិកដោយ​សារ​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ការ​ប្រើ​ប្រាស់​ផែនទី​សម្រាប់​បោះ​បង្គោល​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​ក្រោយ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​មាន​ការ​សង្ស័យ​ពី​ភាព​មិន​ប្រក្រ​តី​នៃ​ផែនទី​និង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន។

ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​មួយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​បាន​អះអាង​ថា​លោក​និង​រដ្ឋា​ភិបាល​របស់​លោក​មិន​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​កម្ពុជា​នោះ​ទេ​ ហើយ​ផែនទី​ដែល​ប្រើ​បោះ​បង្គោល​ព្រំសីមា​នោះ​សោតក៏​យក​តាម​ផែនទី​ Bonne​ ខ្នាត​១​ ភាគ​១០០​.០០០​ ដែល​បាន​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន។​

លោក​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​លោក​បាន​សរសេរ​លិខិត​បី​ផ្សេង​គ្នា​ទៅ​កាន់​លោក​ប្រធានាធិបតី​នៃ​សហ​រដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា​ ប្រ​ធានា​ធិបតីបារាំង​លោក​ Francois Hollande​ និង​លោក​ David Cameron​ នាយក​រដ្ឋមន្ត្រី​នៃ​ចក្រភព​អង់គ្លេស​ដើម្បី​សុំខ្ចីឯកសារ​សំខាន់ៗ​ ទាក់​ទិន​នឹង​ផែន​ទី​ ១​ភាគ​១០០.០០០​និង​អ្នក​ជំនាញ​ដើម្បី​ផ្ទៀងផ្ទាត់​ជាមួយ​ផែនទី​ដែល​កម្ពុជា​កំពុង​ប្រើប្រាស់​សព្វថ្ងៃ។​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា​ ភាព​ស្អាត​ស្អំរបស់​លោក​និង​រដ្ឋ​បាល​លោក​នឹង​អាច​ជ្រះ​ស្រឡះ​បន្ទាប់​ពី​ប្រទេស​មហា​អំណាច​ទាំង​នោះ​បញ្ជូន​ផែនទី​និង​អ្នក​ឯក​ទេស​មកកាន់កម្ពុជា​ហើយ​ជា​ពេល​ដែល​លោក​បើកឱកាស​ឲ្យ​គ្រប់​ភាគី​មក​ធ្វើ​ការ​ពិនិត្យ​ទាំង​អស់គ្នា។​ ​

«វា​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ​ ព្រះ​ករុណា​ខ្ញុំ ឬ​រដ្ឋាភិបាល​កម្ពុជា។​ អញ្ចឹង​ទេ​ត្រូវ​ធ្វើ​រឿង​នេះ​ឲ្យ​ដល់​កោះ​ដល់​ត្រើយ​ មិន​អាច​ទុក​ឲ្យ​គេ​ចោទ​ប្រកាន់​ ទោះ​បី​យើង​ខំប្រាប់​ យើង​ប្រាប់គេ​យ៉ាងម៉េច​ ក៏​គេ​នៅ​តែមិន​ជឿ​ អញ្ចឹង​ទេហៅ​ ​សុំ​ផែនទី​ពី​បរទេស​ គឺ​បារាំង​ដែល​ជា​អ្នក​ផលិត​ ហៅអ្នក​ឯក​ទេស​ ពី​បារាំង​តែម្តង​មក​ពិនិត្យ​ ហើយ​ហៅ​បក្ស​នា​នា​ បក្ស​ប៉ុន្មាន​ក៏​ដោយ​មកៗ ​សូម​អញ្ជើញ»។​

កាល​ពី​ដើម​ខែកក្កដា​នេះ​ លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ ​លោកវ៉ា ​គឹមហុង​ ប្រធាន​គណៈ​កម្មការចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា​ឲ្យ​បង្ហាញ​ផែនទី​រួម​ទំាង២៦​ផ្ទាំង​បន្សល់​ទុក​ពីសម័យ​សង្គម​រាស្ត្រ​និយម​ ​ដែលលោក​ ហ៊ុន សែន​អះអាង​ថា​ជា​អ្នករកឃើញ​និង​រក្សា​ទុក​ក្រោយ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម។​ ក៏​ប៉ុន្តែ​តំណាងរាស្រ្ត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ពីររូប​ គឺលោក​រៀល ខេមរិន្ទ្រ​និង​លោក​ អ៊ុំ​ សំអាន​ ​ដែល​បាន​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន​ពិសេស​នេះ​ បដិសេធ​មិន​ទទួល​ស្គាល់។

លោក​នាយក​រដ្ឋម​ន្ត្រី​ ហ៊ុន សែន​ ​បាន​បញ្ជាក់​ថា​ការ​ស្នើ​សុំផែនទី​ពី​ប្រទេស​មហា​អំណាច​ទាំង​បី​នោះ​ ដោ​យយោង​តាម​ឯក​សារ​សម្ងាត់​ឆ្លង​ឆ្លើយតាម​ទូរសារ​នា​ឆ្នាំ​១៩៦៤​ ​ពី​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​នាទី​ក្រុង​ភ្នំពេញ​និង​ប្រទេស​ចំនួន​បួន​ទាក់​ទិន​នឹង​រឿងព្រំដែន​កម្ពុជា។

យោង​តាម​ឯកសារ​សម្ងាត់តាម​ទូរសារ​ ជា​ភាសារ​អង់គ្លេស​ ដែល​បញ្ចេញ​ដោយ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ឲ្យ​ដឹង​ថា​ ​រដ្ឋលេខា​ធិការ​ក្រសួង​ការ​បរទេស​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​ ១៩៦៤ ​គឺ​ ​លោក​ ​ហួត សម្បតិ្ត​ បាន​ដាក់​ផែនទី​និង​ឯក​សារ​ទាក់​ទិន​នឹង​បន្ទាត់​ព្រំដែន​កម្ពុជា​ទាំង​គោក​និង​ទឹក​ ទៅ​កាន់​ ស្ថាន​ទូត​អាមេរិកនៅ​ភ្នំពេញនិងមហា​អំណាច​ទាំង​បួន។​

លោក​ ហ៊ុន សែន​ យល់​ថា​ប្រទេស​បារាំង​ និង​សហរដ្ឋ​អាមេរិក​មាន​ផែន​ទី​ Bonne​ ​១​ភាគ​ ​១០០.០០០​ ដែល​កម្ពុជា​ធ្លាប់​ផ្ញើ​ទៅ​នោះ។​

កាល​ពី​ដើម​សប្តាហ៍​នេះ​ ​លោក​ អ៊ុំ​ សំអាន​ តំ​ណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ខេត្ត​សៀមរាប​ ​ បាន​ប្រកាស​ពី​គម្រោង​ប្តឹង​ លោក​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ជាតិ​ ដែលបដិសេធ​មិន​ចុះ​ហត្ថលេខា​បញ្ជូន​លិខិត​របស់​អ្នក​តំណាង​រាស្ត្រ​នៃ​គណបក្ស​ជំទាស់​មួយ​ក្រុម​ស្នើ​ឲ្យ​សុំ​រដ្ឋាភិបាល​ផ្អាក​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​រហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៨។​

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​និស្សិត​និង​ព្រះសង្ឃ​ នេះ​ដែរ​ លោក ហ៊ុន សែន​បានថ្លែង​ពី​ការសង្ស័យ​ លើ​គ​ណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​ដៃ​គូសន្ទនា​និង​ចោទ​គណបក្ស​ជំទាស់​ដែល​ប្រើ​លិ្បច​នយោបាយ​ជា​មួយ​នឹង​លោក។

«ឥឡូវ​គេ​ប្រកាស​ចង់ប្តឹង​សម្តេច​ ហេង សំរិន ​ទៅក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ឥឡូវ​មេ​សន្ទនា​ហើយ​កូន​ធ្វើ​អញ្ចឹង​តើ​គិត​ម៉េច​ទៅ? ​នេះ​ជា​សំណួរ​ចោទ​សួរ? វា​ទាម​ទា​នូវ​ការជឿ​ទុក​ចិត្តគ្នា​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម ឥឡូវ​មាន​សញ្ញា​នៃ​ការ​សង្ស័យ​សូម​ផ្តាំ​ទៅ​ឯក​ឧត្តម​សម រង្ស៊ី។ មាន​សញ្ញា​នៃ​ការ​សង្ស័យ​ថា​ឯក​ឧត្តម​សម រង្ស៊ីដើរតួស្លូត​ជាមួយ​ហ៊ុនសែនហើយ​ទុក​ឲ្យ​មនុស្ស​មួយ​ចំនួន​បំផ្លាញ​តាម​រយៈការ​ដើរ​តួកាច នេះ​គឺ​ជា​សញ្ញា​នៃ​ការ​សង្ស័យ»​។​ ​

លោក​បាន​ព្រមាន​ថា​ កុំ​ឲ្យ​អ្ន​កនយោបាយ​ «ឆ្លៀត​យក​ចំណេញ​ផ្នែក​នយោបាយ​ លើ​បញ្ហា​ទល់​ដែន»​។​

ក៏ប៉ុន្តែ​លោក​យ៉ែម​ ប៉ុញ្ញឫទ្ធិ ​តំណាងរាស្ត្រ​និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ប្រាប់​VOA ​ថា ​ក្រុម​តំណាងរាស្ត្រ​និង​គណ​បក្ស​សង្គ្រោះ​ជាតិ​មានការគាំទ្រ​ដល់​ការ​ស្នើ​សុំ​ផែន​ទី​ពី​ប្រ​ទេស​មហា​អំណាច​និង​អង្គការ​សហប្រ​ជាជាតិ។ លោក​បាន​បន្ត​ថា ​រឿង​កិច្ចការ​ប្រទេស​ជាតិ​ធំៗ​គឺ​វា​ខុសពី​កិច្ច​ព្រម​ព្រៀង​នយោ​បាយ​ដែល​ឲ្យ​ឈ្មោះថា​«វប្បធម៌​សន្ទនា‍»​នោះ។​

លោក​យ៉ែម​ ប៉ុញ្ញឫទ្ធិ​បាន​លើក​ឡើង​យ៉ាង​ដូច្នោះ​ថា​ ៖ ​«វាជា​រឿង​មួយ​ដាច់​ដោយ​ឡែក​ពាក្យ​ថា​វប្បធម៌​សន្ទនា​ ជា​វប្បធម៌​មួយ​ដែល​មាន​ជា​យូរយារ​ណាស់​មក​ហើយ​ ក្នុង​នាម​យើង​ជា​ខ្មែរ​តែង​តែ​មាន​ការ​ជជែក​ពិភាក្សា​គ្នា ​ក៏ប៉ុន្តែ​វប្បធម៌​សន្ទនា​មិនមែន​មាន​ន័យ​ថា​យើង​បញ្ឈប់​ប្រព័ន្ធ​គ្រប់​គ្រង​ប្រទេស​ជាតិ​នោះ​ទេ។ ខ្ញុំ​ចង់​បញ្ជាក់​ថា​រឿង​ជាតិ​ធំៗ​ ជា​ពិសេស​ទាក់​ទង​នឹង​បញ្ហា​ព្រំដែន​នោះ​គឺ​ត្រូវ​ការ​ការ​ឯកភាព​ជាតិ​ខ្ពស់​មែន​ទែន»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​កាល​ពី​ខែ​កន្លង​ទៅ​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ក៏​សរសេរ​លិខិត​ផ្ញើ​ទៅ​កាន់​លោក​ បាន គីមូន​ (Ban Ki-moon) អគ្គ​លេខាធិកា​ ​អង្គការ​សហប្រជាជាតិស្នើសុំខ្ចី​ផែនទី​ដើម​ទាំង​អស់​ ខ្នាត​១ភាគ​១០០.០០០​ដែល​បោះពុម្ព​ដោយ​ក្រុម​ភូមិសាស្រ្ត​ឥណ្ឌូចិន​ដើម្បី​បំបាត់​មន្ទិល​សង្ស័យ​ផង​ដែរ។ លោក​ ​ហ៊ុន សែន​ ​បាន​ឲ្យ​ដឹង​ថា​ មកដល់​ពេល​នេះ​អង្គការ​សហ​ប្រជាជាតិ​ ក៏បាន​ព្យាយាម​រក​ផែនទី​ជូន​កម្ពុជា​ផង​ដែរ៕