លោក ហ៊ុន សែន ប្រកាស​បន្ត​គាំទ្រ​ចិន​ពេញ​ទំហឹង ប៉ុន្តែ​អ្នក​វិភាគ​ស្នើ​ឲ្យ​ប្រយ័ត្ន​ការ​ថ្លែង​ជា​សាធារណៈ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក Wang Yi រដ្ឋមន្ត្រីក្រសួងការបរទេសចិន នៅក្នុងអំឡុងពិធីប្រគល់-ទទួល «ពហុកីឡដ្ឋានមរតកតេជោ» ដែលជាជំនួយឥតសំណងរបស់ចិន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១។

នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការ​បរទេស​ចិន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ប្រកាស​បន្ត​គាំទ្រ​ប្រទេស​ចិន​យ៉ាង​ពេញ​ទំហឹង ប៉ុន្តែ​ការ​ថ្លែង​ជា​សាធារណៈ​បែប​នេះ​ត្រូវ​បាន​អ្នក​វិភាគ​មួយ​ចំនួន​ស្នើ​ឲ្យ​មេដឹកនាំ​ប្រទេស​មាន​ការ​ប្រុង​ប្រយ័ត្ន ដោយ​សារ​វា​បង្ហាញ​ភាព​លម្អៀង​ទៅ​កាន់​ប្រទេស​ចិន។

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​អាទិត្យ បាន​ប្រាប់​ទៅ​ប្រជាជន​កម្ពុជា​ថា​លោក​មិន​មាន​កំហុស​អ្វី​នោះ​ទេ ដោយ​គ្រាន់​តែ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ចិន ដែល​លោក​ថា​ទំនាក់​ទំនង​នេះ គឺ​ដើម្បី​បាន​ផល​ប្រយោជន៍​សម្រាប់​ប្រជាជន​កម្ពុជា។

លោក​ ហ៊ុន សែន​ ថ្លែង​ថា៖ «តើ​ខ្ញុំ​មាន​កំហុស​ទេ នៅ​ពេល​ដែល​ខ្ញុំ​ទៅ​[មាន]​ទំនាក់​ទំនង​ជាមួយ​នឹង​មិត្ត​ចិន ហើយ​បាន​មក​នូវ​សមិទ្ធ​ផល​បែប​នេះ?»។

លោក​បាន​ថ្លែង​បែប​នេះ នៅ​ចំពោះ​មុខ​រដ្ឋមន្រ្តី​ការបរទេស​ចិន និង​ជា​ទីប្រឹក្សារដ្ឋ លោក Wang Yi ដែល​បាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា រយៈ​ពេល​២​ថ្ងៃ គឺ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​កញ្ញា ដោយ​មាន​ការ​ចុះ​ហត្ថលេខា​លើ​ជំនួយ​ឥត​សំណង​ប្រមាណ​២៧០​លាន​ដុល្លារ​អាមេរិក។

នៅ​ក្នុង​ពិធី​ប្រគល់-ទទួល«​ពហុ​កីឡដ្ឋាន​មរតក​តេជោ»​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ចិន​ក្នុង​តម្លៃ​ប្រមាណ​១៥០​លាន​ដុល្លារ​អាមេរិក លោក ហ៊ុន សែន​ បាន​ថ្លែង​ថា​ ដោយ​សារ​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ចិន ទើប​កម្ពុជា​ទទួល​បាន​ពហុកីឡដ្ឋាន​សម្រាប់​រៀបចំ​ស៊ីហ្គេម​នៅ​ឆ្នាំ​២០២៣ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ប្រទេស​ផ្សេង​ទៀត ដែល​មាន​ផ្លូវ​ថ្នល់​ជាង​២​ពាន់​គីឡូ​ម៉ែត្រ​ និង​ស្ពាន​ឆ្លង​ទន្លេ​មេគង្គ​មួយ​ចំនួន។

ដំណើរ​ទស្សនកិច្ច​របស់​លោក Wang Yi មក​កម្ពុជា​និង​ប្រទេស​បី​ទៀត​នៅ​អាស៊ី គឺ​វៀតណាម សិង្ហបុរី និង​កូរ៉េ​ខាង​ត្បូង កើត​ឡើង​ក្នុង​គ្រាសហរដ្ឋ​អាមេរិក​បង្កើន​ទំនាក់​ទំនង​ជាមួយ​អាស៊ាន ​គឺ​បន្ទាប់​ពី​មាន​ដំណើរ​ទស្សន​កិច្ច​របស់​អនុ​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ប្រទេស​វៀតណាម និង​សិង្ហបុរី កាល​ពី​ខែ​សីហា។ ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​នា​ពេល​នេះ ក៏​ធ្វើ​ឡើង​មុន​ពេល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​នៅ​ឆ្នាំ​២០២២​ខាង​មុខផង​ដែរ។

កាល​ពី​ថ្ងៃ​អាទិត្យលោក ហ៊ុន សែន បាន​ថ្លែង​ថា​ ទំនាក់​ទំនង​កម្ពុជានិង​ចិន បាន​បន្សល់​ទុក​តាំង​ពី​ជំនាន់​ព្រះ​បាទ​នរោត្តម​សីហនុ ហើយ​រូប​លោក​ផ្ទាល់​នឹងបន្ត​រក្សា​ទំនាក់​ទំនង​ល្អ​នេះ។

លោក​បញ្ជាក់​ថា​៖«បន្ទាប់​ពី​ព្រះអង្គ​ទៅ នៅ​មានព្រះ​រាជ​បុត្រ​របស់​ព្រះ​អង្គ​កំពុង​គ្រង​រាជ្យ​សព្វ​ថ្ងៃ គឺ​ព្រះ​បាទ​បរមនាថ នរោត្តម ​សីហមុនី ក៏​ដូច​ជា​កូន​ចៅ​របស់​ព្រះអង្គ រួម​មាន​រូបខ្ញុំ​ផង​ដែរ ​បន្ត​អនុវត្ត​នយោបាយ​ចិន​[តែ]​មួយ និង​បន្ត​នូវ​ការ​គ្រប់​គ្រង​ទំនាក់​ទំនង​ដ៏​ល្អ​នេះ​បន្ថែម​ទៀត»។ ​

បន្ថែម​ពី​នេះ លោក​ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ថា​កម្ពុជា​លម្អៀង​ទៅ​ចិន ហើយ​ថា​កុំ​«មើល​មក​កម្ពុជា​នៅ​ក្នុង​ក្រសែ​ភ្នែក​មិន​ត្រឹមត្រូវ»។ លោក​អះអាង​ថា​កម្ពុជា​ ក៏​ស្វាគមន៍​ជំនួយ​ពី​ប្រទេស​ផ្សេង​ទៀ​តដែរ​ ហើយ​មិន​យក​ប្រទេស​ណា​ជា​សត្រូវ​នោះ​ទេ។

លោក​ថ្លែង​ថា៖ «ពិត​ហើយ​កម្ពុជា មិន​ដែល​ទាត់​ចោល​ជំនួយ​អ្នក​ណា​ទាំង​អស់ គេ​មិន​ត្រូវ​និយាយ​អំពី​បញ្ហា​កម្ពុជា​លម្អៀង​ទៅ​ចិន​ទេ ព្រោះ​កម្ពុជា​ក៏​មិន​ដែល​បាន​ទាត់​ចោល​ជំនួយ​អ្នក​ណា​ទាំងអស់ ហើយ​ក៏​មិន​ដែល​ប្រាប់​យក​អ្នក​ណា​ធ្វើ​ជា​សត្រូវ​ដែរ»។

នៅ​ក្នុង​ពិធី​ប្រគល់​និង​ទទួល«ពហុកីឡដ្ឋាន​មរតក​តេជោ» លោក Wang Yi ក៏​បាន​ថ្លែង​សរ​សើរ​អំពី​ទំនាក់​ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ជា​«​មិត្ត​ដែក​ថែប​» និង​«មិត្តភាព​ដ៏​ជ្រាល​ជ្រៅ​បំផុត»។ រដ្ឋមន្រ្តី​ការបរទេស​ចិន​រូប​នោះ​ក៏​បាន​ប្រកាស​ថាប្រទេស​ចិន​នឹង​ផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជា​ជន​កម្ពុជា​ និង​សង្ឃឹម​ថា​កម្ពុជា​នឹង​បន្ត​រីក​ចម្រើន។

លោក​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា៖ «ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន​សុទ្ធ​តែ​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍។ យើង​កំពុង​តែ​កសាង​សហគមន៍​វាសនា​រួម ហើយ​ប្រទេស​ចិន​នឹង​អនុវត្ត​កុង​សង់​ស៊ីស​របស់​មេដឹកនាំ​ប្រទេស​ទាំងពីរ ជួយ​ប្រទេស​កម្ពុជា លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន និង​ផ្តល់​ផល​ប្រយោជន៍​កាន់​តែ​ច្រើន​ជូន​ដល់​ប្រជាជន​ប្រទេស​កម្ពុជា»។

លោក ប៉ា ចន្ទរឿន ប្រធាន​វិទ្យាស្ថាន​ប្រជាធិប​តេយ្យ​កម្ពុជា បាន​ថ្លែង​ថា​ប្រជាពលរដ្ឋ​សាទរ​នៅ​ពេល​ថ្នាក់​ដឹកនាំ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ប្រទេស​ដទៃ​ទៀត​លើ​ពិភព​លោក តែ​ធ្វើ​យ៉ាង​ម៉េច​កុំ​ឲ្យ​ទំនាក់​ទំនង​ផ្អៀង​ទៅ​ម្ខាង ក្នុង​ពេល​មហា​អំណាច​កំពុង​ប្រកួត​ប្រជែង​គ្នា ដូច​ប្រវត្តិសាស្ត្រ​កម្ពុជា​បាន​បង្ហាញ​រួច​មក​ហើយ។

លោក​ថ្លែង​ថា៖ «នៅ​ពេល​ដែល​ថ្នាក់​ដឹកនាំ​ថ្លែង​ជា​សាធារណៈ​អំពី​ការ​ប្តេជ្ញា ឬ​ក៏​ជំហរ​លក្ខណៈ​ជា​មិត្ត​ភាព​ដែក​ថែប​បែប​នេះ តិច​ឬ​ក៏​ច្រើន សម្រាប់​រឿង​បច្ចេកទេស​នយោបាយ អាច​មើល​ឃើញ​ពី​ភាព​លម្អៀង ឬ​ក៏​ការ​ទន់​ទោរ​ទៅ​លើ​ចិន​កាន់​តែ​ខ្លាំ​ងមែន​ទែន​ហើយ​បាទ»។

ចំណែក​លោក សេង សារី អ្នក​វិភាគ​នយោបាយ​នៅ​ប្រទេស​កម្ពុជា បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ប្រទេស​លោក​ខាង​លិច​ក៏​បាន​ជួយ​កម្ពុជា​ផង​ដែរ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ ដែល​កសាង​មូល​ដ្ឋាន​គ្រឹះ​នៅ​កម្ពុជា។ លោក​បន្ត​ថា​ការ​ប្រើ​ប្រាស់​សារ​បែប​នេះ មិន​ចំណេញ​ដល់​ប្រទេស​កម្ពុជា​នោះ​ទេ ដោយ​សារ​វា​អាច​ធ្វើ​ឲ្យ​ម្ចាស់​ជំនួយ​ផ្សេង​ទៀត​អន់​ចិត្ត។

លោក​ថ្លែង​ថា៖ «ក្នុង​នាម​យើង​មេដឹក​នាំ​ម្នាក់ ទោះ​បី​យើង​ដឹង​ថា​យើង​ពឹង​ចិន ឬ​ក៏​មួយ​រយៈ​ចុង​ក្រោយ​នេះ ជំនួយ​ចិន​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​រាប់​ពាន់​គីឡូ​ក៏​ដោយ ក៏​ប៉ុន្តែ​យើង​មិន​គួរ​ទៅ​ថ្លែង​ក្តែង​ៗ​ជា​សាធារណៈ បង្ហាញ​ពី​ការ​ពឹង​ពាក់​ទៅ​លើ​ចិន​១០០%អញ្ចឹង​ទេ។ អា​ហ្នឹង​ជា​ទស្សនៈ​របស់​ខ្ញុំ»។

លោក សេង សារី បន្ត​ថា​ប្រជាពលរដ្ឋ​ក៏​នឹង​មានចម្ងល់​អំពី​ការ​គ្រប់​គ្រង​ថវិកា​ជាតិ ដែល​គួរ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​សាង​សង់​ផ្លូវ​ថ្នល់​នានា។

លោក​ប្រាប់​វីអូអេ​ថា៖ «វា​ឆ្លុះ​បញ្ចាំង​អំពី​រឿង​ពលរដ្ឋ​ចេះ​តែ​ឆ្ងល់​ថា​បើ​មិន​មាន​ចិន មិន​មាន​ផ្លូវ​ថ្នល់​កម្ពុជា ចុះ​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ ការ​លក់​រ៉ែ លក់​អី​ហ្នឹង តើ​លុយ​ហ្នឹង​ទៅ​ណា យក​មក​ធ្វើ​អី។ បើ​មិន​យក​មក​អភិវឌ្ឍ​ប្រទេស​ជាតិ យក​មក​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាតិ​ហ្នឹង ថា​តើ​លុយ​ហ្នឹង​ទៅណា?»។

លោក អៀ សុផល អ្នក​តាម​ដាន​នយោបាយ​កម្ពុជានិង​ជា​ព្រឹទ្ធ​បុរស​រង​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍន៍​នៅ​សាកល​វិទ្យា​ល័យ ​Arizona State University បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ ពិត​ណាស់​ហើយ​ថា​ទំនាក់​ទំនង​កម្ពុជា​ចិន បន្សល់​ទុក​តាំង​ពី​ជំនាន់​ព្រះ​បាទ​នរោត្តម​សីហនុ ដែល​បាន​បំពេញ​ទស្សន​កិច្ច​នៅ​ប្រទេស​ចិន ប៉ុន្តែ​នាយក​រដ្ឋមន្ត្រី​ប្រហែល​ជា​ភ្លេច​ថា​ទំនាក់​ទំនង​នេះ ដូច​ជា​បង​ប្អូន​រួម​អាវុធ​[brothers-in-arms] អំឡុង​សម័យ​ខ្មែរ​ក្រហម ដែល​កាល​នោះ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា​ ចិន​ជា​«ឫស្ស​គល់​នៃ​បញ្ហា​ទាំង​អស់​ដែល​ជា​បិសាច​នៅ​កម្ពុជា»។

លោក​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា៖ «ច្បាស់​ណាស់ អ្វីៗ​បាន​ផ្លាស់​ប្តូរ ហើយ​ឥឡូវ​នេះ លោក​[ហ៊ុន សែន] និយាយ​ថា''បើ​ខ្ញុំ​មិន​ពឹង​ចិន តើ​ខ្ញុំ​ពឹង​អ្នក​ណា''»?

សៀវភៅ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​នៃ​សម័យ​សាធារណ​រដ្ឋ​ប្រជា​មានិត​កម្ពុជា កាល​ពី​ខែ​មេសា ឆ្នាំ​១៩៨៤ ស្តីពី«ឧក្រិដ្ឋកម្ម​របស់​អ្នក​កាន់​អំណាច​ចិន​ចំពោះ​កម្ពុជា»​បាន​រិះគន់​ប្រទេស​ចិន​ក្នុង​ការ​គាំទ្រ​ខ្មែរ​ក្រហម។ សៀវ​ភៅ​នោះ​សរសេរ​ថា៖ «បើ​គ្មាន​ការ​គាំទ្រ​ពី​ចិន ពួក​ប្រល័យ​ពូជ​សាសន៍​ប៉ុល ពត មិន​អាច​បង្ក​ឡើង​នូវ​ឧក្រិដ្ឋ​កម្ម​ដ៏​រន្ធត់​ដូច​នេះ​មក​លើ​ប្រជាជាតិ​កម្ពុជា​បាន​ទេ...»។

សៀវភៅ​នេះ​បញ្ជាក់​បន្ថែម​ថា៖ «ប្រជា​ជន​កម្ពុជា​នឹង​ចងចាំ​ជា​និច្ច​ហើយ​ជា​រៀង​រហូត​នូវ​ឧក្រិដ្ឋកម្ម​របស់​បន​ប្រល័យ​ពូជ​សាសន៍ និង​ចៅ​ហ្វាយ​របស់​ពួកវា គឺ​បន​ប្រតិកិរិយា​ចិន។ ...ប្រជា​ជន​កម្ពុជា​ប្តេជ្ញា​ប្រឆាំង​តប​យ៉ាង​ដាច់​ខាត​ចំពោះ​គោល​នយោបាយ​អមិត្ត​របស់​អ្នក​កាន់​អំណាច​ចិន តែ​ប្រជាជន​កម្ពុជា​នៅ​តែ​គោរព​ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ចំណង​មិត្តភាព​ជា​ប្រពៃណី​ជាមួយ​ប្រជា​ជន​ចិន​ជា​បង​ប្អូន»៕