លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យសិស្សនិងនិស្សិតកម្ពុជាដែលកំពុងតែសិក្សានៅសហរដ្ឋអាមេរិកកុំអាលវិលត្រឡប់មកប្រទេសវិញក្នុងគ្រាដែលមានការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩។
ការអំពាវនាវរបស់ថ្នាក់ដឹកនាំកម្ពុជាបានធ្វើឡើងក្នុងពេលដែលមានសិស្សនិងនិស្សិតកម្ពុជាមួយចំនួនកំពុងស្វះស្វែងរកវិធីវិលត្រឡប់ទៅប្រទេសវិញក្នុងពេលដែលការឆ្លងជំងឺកូវីដ១៩ ដែលបង្កឡើងដោយវីរុសកូរ៉ូណាកើនឡើងយ៉ាងច្រើននៅសហរដ្ឋអាមេរិក។
នៅក្នុងកម្មវិធីជួបជុំជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅរាជធានីភ្នំពេញកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងថា៖
«…ខ្ញុំទទួលបានព័ត៌មានមួយថា និស្សិតខ្មែរ១២នាក់នឹងវិលមកពីសហរដ្ឋអាមេរិកដែលកំពុងតែសម្របសម្រួលដោយស្ថានទូត។ ទៅសួររឿងហ្នឹងឡើងវិញទៅប្រាក់សុខុន (រដ្ឋមន្ត្រីក្រសួងការបរទេស) ថាវាយ៉ាងម៉េច? ហេតុអីបានជាត្រូវមកនៅពេលហ្នឹង? តើអាមេរិកបណ្តេញចេញឬយ៉ាងម៉េចឬយើងមកខ្លួនឯង? ឥឡូវសុំអង្វរកកុំមក។ សូមនៅទីនោះតែម្តងទៅហើយអាចស្នាក់នៅស្ថានទូត»។
ស្ថានទូតកម្ពុជាប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោនបានអំពាវនាវកាលពីថ្ងៃអាទិត្យដល់និស្សិតខ្មែរដែលកំពុងតែសិក្សានៅសហរដ្ឋអាមេរិកឱ្យមកទាក់ទងដើម្បីជួយសម្រួលបើសិនជាពួកគេជួបការលំបាកក្នុងការរៀបចំដំណើរវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ។
ស្ថានទូតបានបន្ថែមនៅក្នុងសេចក្តីជូនដំណឹងថាចំណាត់ការនេះគឺដើម្បីគិតគូរដល់សុវត្ថិភាពជាចម្បងរបស់និស្សិតទាំងនោះដោយសារតែ «កន្លងមកទាំងសាលាក៏ដូចជាSponsor មួយចំនួនបានសម្រេចបញ្ចប់វគ្គ/កម្មវិធីសិក្សា និងតម្រូវឱ្យសិស្ស-និស្សិតបរទេសត្រឡប់ទៅប្រទេសខ្លួនវិញឱ្យបានឆាប់បំផុតដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩ ដល់សិស្ស-និស្សិតទាំងនោះ ក៏ដូចជាដើម្បីជៀសវាងករណីការឃុំខ្លួននៅមួយកន្លែង ការរិតត្បិតសេរីភាពដើរហើរ ឬការបិទជើងយន្តហោះជាដើម»។
រហូតមកដល់ល្ងាចថ្ងៃច័ន្ទគឺមានសិស្សនិងនិស្សិតចំនួន១២នាក់ដែលមានស្រី៦នាក់និងប្រុស៦នាក់បានទាក់ទងស្ថានទូតដើម្បីជួយសម្រួលដំណើរវិលត្រឡប់។ ពួកគេនឹងចាកចេញពីសហរដ្ឋអាមេរិកហើយវិលទៅកម្ពុជាវិញតាមជើងយន្តហោះផ្សេងៗគ្នា គឺចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី២ខែមេសា។ នេះបើតាមការបញ្ជាក់តាមហ្វេសប៊ុករបស់ស្ថានទូត។
សិស្សនិងនិស្សិតទាំងនោះកំពុងសិក្សានៅតាមគ្រឹះស្ថានអប់រំជាច្រើនរបស់សហរដ្ឋអាមេរិកដូចជានៅរដ្ឋអ៊ីលីណយ រដ្ឋថិនណេស៊ី និងរដ្ឋផិនស៊ីលវេនៀជាដើម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យល់ថា ការវិលត្រឡប់របស់ពួកគេគឺនឹងនាំគ្រោះថ្នាក់ចំពោះក្រុមគ្រួសារនិងប្រទេសកម្ពុជា។
«យើងអង្វរក្មួយៗទាំងនោះឱ្យផ្អាកការវិលត្រឡប់ ហើយបន្តការរៀនតាមអនឡាញទៅព្រោះថាបើមកតើមកតាមច្រកណា? មកសុទ្ធតែតាមដែនដីដែលមានហានិភ័យខ្ពស់។ មិននាំជំងឺចូលស្រុកទេ? អីចឹងបានសេចក្តីថាមុននេះខ្ញុំក៏មិនជម្លៀសនិស្សិតចេញពីចិន។ ឥឡូវក៏មិនជម្លៀសនិស្សិតចេញពីប្រទេសទាំងអស់»។
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហរដ្ឋអាមេរិកបានបញ្ជាក់ប្រាប់វីអូអេនៅថ្ងៃពុធថា ដំណឹងដែលលោកទទួលបានគឺនិស្សិតទាំងនោះមិនបានចាកចេញពីសហរដ្ឋអាមេរិកទេ ដោយសារតែជើងយន្ដហោះត្រូវបានលុបចោល។
ស្ថានទូតក៏បានអំពាវនាវដល់សិស្សនិស្សិតកម្ពុជាដែលមានបំណងបន្តការស្នាក់នៅឬមិនអាចធ្វើដំណើរបានដោយសារតែហេតុផលផ្សេងៗឱ្យមានការប្រុងប្រយ័ត្ន ការពារខ្លួននិងជៀសវាងការជួបជុំគ្នានិងការចេញទៅក្រៅហើយឱ្យគោរពតាមបទបញ្ជានិងគោលការណ៍ណែនាំតាមរដ្ឋនីមួយៗដែលពួកគេស្នាក់នៅ។
ពលរដ្ឋអាមេរិកាំងជាង៥០ភាគរយដែលរស់នៅតាមរដ្ឋធំៗយ៉ាងហោចណាស់ចំនួន១៣ត្រូវបានហាមឃាត់មិនឱ្យចាកចេញពីលំនៅដ្ឋាន ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា។ ក្នុងចំណោមនោះមានរដ្ឋញូវយ៉ក កាលីហ្វញ៉ា អូហៃយោ និងញ៉ីវជឺស៊ី។
សហរដ្ឋអាមេរិកមានអ្នកឆ្លងវីរុសកូរ៉ូណាសរុបចំនួនជាង៦០.០០០នាក់នៅគ្រប់រដ្ឋទាំងអស់បើគិតត្រឹមថ្ងៃពុធនិងមានអ្នកស្លាប់ជាង៨០០នាក់។ ក្នុងខណៈពេលដែលនៅទូទាំងពិភពលោកមានអ្នកឆ្លងជាង៤៥០.០០០នាក់និងស្លាប់ជាង២០.០០០នាក់ដែលភាគច្រើននៅប្រទេសអ៊ីតាលី ចិន និងអេស្ប៉ាញ។ នេះបើតាមតួលេខដែលប្រមូលដោយសាកលវិទ្យាល័យសុខាភិបាលJohns Hopkins។
រដ្ឋាភិបាលកម្ពុជាបានហាមឃាត់ពលរដ្ឋដែលមកពីប្រទេសមួយចំនួនក្នុងនោះមានសហរដ្ឋអាមេរិក បារំាង អ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញនិងអ៊ីរ៉ង់ជាដើមប៉ុន្តែមិនបានហាមឃាត់អ្នកមកពីប្រទេសចិនដែលជាប្រភពដើមនៃមេរោគនេះទេ ហើយបានស្នើឱ្យអ្នកដែលធ្វើដំណើរមកពីក្រៅប្រទេសត្រូវនៅដោយឡែកពីគេចំនួនពីរសប្តាហ៍។
ប្រទេសកម្ពុជាមានអ្នកឆ្លងវីរុសកូរ៉ូណាចំនួន៩៦នាក់ដែលរួមមានទេសចរជនជាតិបារាំងនិងអង់គ្លេសផងដែរ៕