នាយក​រដ្ឋមន្ត្រី​កម្ពុជា​ស្នើ​ដល់​អាជ្ញាធរ​និង​ពលរដ្ឋ​បង្កើន​ការ​កម្ចាត់​គ្រឿង​ញៀន

គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក​ ​ហ៊ុន សែន​ ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ទទួល​បន្ទុក​លុប​បំបាត់​ការ​ជួញដូរ​ ​និង​ប្រើប្រាស់​គ្រឿង​ញៀន​ ​និង​ពល​រដ្ឋខ្មែរ​ ​រួម​ទាំង​ក្រុម​សិល្បៈ​ផង​ បង្កើន​ការ​ខិតខំ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ ​និង​លើក​កម្ពស់​ការ​យល់​ដឹង​បន្ថែម​អំពី​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​គ្រឿង​ញៀន។​ ​នេះ​បើ​យោង​សារ​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ដែល​ ​VOA​ ​បាន​ទទួល​នៅ​សប្តាហ៍​នេះ។​

សារ​លិខិត​របស់​លោក​ ​ហ៊ុន សែន​ ​ដែល​បាន​ធ្វើ​ឡើង​ដើម្បី​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន​ នាថ្ងៃ​ទី២៦​ ​ខែ​មិថុនា​នេះ​ បាន​ស្នើ​ឲ្យ​បន្ត​ប្រើប្រាស់​ពាក្យ​ស្លោក​ ​«ចូលរួម​ទាំង​អស់​គ្នា​ ​ដើម្បី​ជីវិត​ ​និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន»​ ​ព្រោះ​ថា​ មាន​តែ​ការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​ទេ ​ទើប​បញ្ហា​គ្រឿង​ញៀន​អាច​ដោះស្រាយ​បាន​ដោយ​ជោគ​ជ័យ។

លោក​ ​ហ៊ុន សែន​ ​បាន​ពន្យល់​ពី​សារៈ​សំខាន់​នៃ​ការ​ចូលរួម​នោះ​ថា៖

«ការ​ចូលរួម​ទាំង​អស់​គ្នាគឺ​មាន​ន័យ​ថា​ ត្រូវ​មាន​ការ​ចូលរួម​ចាប់តាំង​ពី​បុគ្គល​ម្នាក់ៗ ​ក្រុម​គ្រួសារ​នីមួយៗ​ ​សហគមន៍​ រហូត​ដល់​អង្គភាព​ ក្រសួង​ ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​ ហើយ​ធ្វើ​ការ​ព្រមៗ​គ្នា​ ​ទៅតាម​តួនាទី​ និង​ភារ​កិច្ច​ពាក់ព័ន្ធ ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល។​ ​ក្នុង​នោះ​ ​អង្គភាព​ដែល​ពាក់​ព័ន្ធ​នឹង​ការ​អនុវត្ត​ច្បាប់​ ​យក​ចិត្ត​ទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់​ និង​ជាប់​ជា​ប្រចាំ ​ដោយ​កាន់​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ»។​

ទាក់ទិន​ការ​ចូលរួម​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ​និង​ក្រុម​អ្នក​សិល្បៈ​នោះ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​ស្នើ​ឲ្យ​ពួកគេ​បន្ត​ចូល​រួម​ជួយ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ បញ្ជូន​សារ​អប់រំ​ស្តី​ពី​បញ្ហា​គ្រឿង​ញៀន​ឲ្យ​បាន​កាន់តែ​សកម្ម​ផុស​ផុល​ថែម​ទៀត ​ដើម្បី​ឲ្យប្រជា​ពលរដ្ឋ​កម្ពុជា​ ពិសេស​ក្រុម​គោល​ដៅ​ជា​យុវជន​ បាន​យល់​ដឹង​ ​ចេះ​ការពារ​ខ្លួន​ និង​ចូលរួម​ចំណែក​ក្នុង​ការ​ការពារ​សហគមន៍​ពី​ផល​ប៉ះពាល់​ ​និង​គ្រោះ​ថ្នាក់​ដែល​បណ្តាល​មក​ពី​គ្រឿង​ញៀន។​

បញ្ហា​គ្រឿង​ញៀន​នៅ​តែ​ជា​បញ្ហា​ចម្បង​ ​ដែល​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​របស់​អាជ្ញាធរ​កម្ពុជា​ និង​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ខាង​សេដ្ឋកិច្ច​ ​និង​សង្គម​ដល់​ប្រជារាស្ត្រ​នៃ​ប្រទេស​នេះ។​ ​កាល​ពី​ខែ​មេសា​ ជនជាតិ​ចិន​តៃវ៉ាន់​២​នាក់​ និង​ជនជាតិ​ខ្មែរ​២នាក់​ ត្រូវ​បាន​ចោទ​ប្រកាន់​ ​និង​បញ្ជូន​ទៅ​តុលាការពី​បទ​ជួញដូរ​គ្រឿង​ញៀន​ ​ក្រោយ​អាជ្ញាធរ​កម្ពុជា​ឃាត់​ខ្លួន​ជន​ទាំង​នេះ​ ​ជាមួយ​គ្រឿង​ញៀន​កែ​ច្នៃ​ជិត​២៧​គីឡូក្រាម។​

យោង​តាម​សារ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ បញ្ហា​គ្រឿង​ញៀន​នេះ ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ក្នុង​ឆ្នាំ​២០១៨​នេះ​ ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ អប់រំ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ផល​ប៉ះពាល់​ និង​គ្រោះ​ថ្នាក់​នៃ​គ្រឿងញៀន​ដល់​ប្រជា​ពលរដ្ឋ​បាន​ចំនួន​ប្រមាណ​១៦០.០០០​នាក់​ ​បាន​ផ្តល់​ការ​ព្យាបាល​ ​និង​ស្តារ​នីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿង​ញៀន​បាន​ចំនួន​៧០៥៦​នាក់​ ​បានបង្ក្រាប​បទល្មើស​បាន​ចំនួន​២៨៧០​ករណី​ ​និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​៥៧០២​នាក់។​

ដោយ​ឡែក​នៅ​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ ​ឆ្នាំ​២០១៨នេះ​ ​នាយ​ឧត្តម​សេនីយ៍​ ​កែរ គឹមយ៉ាន​ ​ឧប​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជាប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ​បាន​ចូលរួម​ប្រារព្ធ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀន ​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ប្រធាន​បទ​ ​«ចូល​រួម​ទាំង​អស់​គ្នា​ ដើម្បី​ជីវិត​ និង​សហគមន៍​យើង​គ្មាន​គ្រឿង​ញៀន»។​ ​នេះបើ​យោង​តាម​សុន្ទរកថា​របស់​នាយ​ឧត្តម​សេនីយ៍​ កែរ គឹមយ៉ាន​ ដែល​ ​VOA​ ​បាន​ទទួល​នៅ​រសៀល​ថ្ងៃ​អង្គារ​នេះ។​

សុន្ទរកថា​របស់លោក​ ​កែរ គឹមយ៉ាន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា៖ «ស្ថានភាព​ ​និង​និន្នាការ​នៃ​ការ​ផលិត​ ​ការ​ចរាចរ​ ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់​ នៅ​ក្នុង​តំបន់​ និង​នៅ​លើ​សកល​លោក​ ​មិន​មាន​ការ​ថយចុះ​នោះ​ទេ ​ហើយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ បញ្ហា​នេះ​កាន់​តែមាន​លក្ខណៈ​រាលដាល​ កាន់​តែ​ស្មុគស្មាញ​ឡើង​ និង​បាន​ប្រែ​ក្លាយ​ជា​បញ្ហា​ប្រឈម​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ»។​

លោក កែរ គឹមយ៉ាន​ ​បាន​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​រឹបអូស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​បាន​ចំនួន​៩៣​គីឡូក្រាម រួម​ទាំង​កញ្ឆា​ក្រៀម​១៩៩​ក្រាម រក​ឃើញ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​៩៣៦៤​នាក់​ និង​បាន​ផ្តល់​ការ​ព្យាបាល​ និង​ស្តារ​នីតិ​សម្បទា​ ដល់​អ្នក​ញៀន​គ្រឿង​ញៀន​ចំនួន​៧០៥៦​នាក់​គឺ​ស្មើ​នឹង​៧៥,៣៥​ភាគរយ​នៃ​អ្នក​ប្រើ​ប្រាស់​និង​អ្នក​ញៀន​គ្រឿង​ញៀន។​

នាយ​ឧត្តម​សេនីយ៍ ​មាស វរិទ្ធ​ អគ្គ​លេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​មាន​ប្រសាសន៍​ប្រាប់​ ​VOA​ ​នៅថ្ងៃ​អង្គារ​នេះ​ថា​ និន្នាការ​នៃ​ការ​ចរាចរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​គឺ​មិន​មាន​ភាព​ថមថយ​នោះ​ទេ។​

លោក​ថ្លែង​ថា៖

«បញ្ហា​គ្រឿង​ញៀន​ មិន​មាន​សកម្មភាព​ថយ​ចុះ​ទេ រួម​ទាំង​ការ​ដំាដុះ​ ការ​ផលិត​ និង​ការ​ប្រើ​ប្រាស់​ ហើយ​យើង​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រឿង​ញៀន​ប្រភេទ​ថ្មី​ថែម​ទៀត​ផង។​ ហើយ​អីចឹង​ អ្វី​ដែល​ឯកឧត្តម​នាយឧត្តម​សេនីយ៍​ ​កែរ គឹមយ៉ាន​ ​ឧប​នាយករ​ដ្ឋ​មន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​លោក​បាន​ថ្លែង​ គឺជា​ភាពត្រឹម​ត្រូវ»។​

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ បច្ចុប្បន្ន​នេះ​ ពិភពលោក​បាន​កំណត់​ឧក្រិដ្ឋជន​បួន​ក្រុម​ធំៗ​ ដែល​នៅ​បន្ត​ការ​ផលិត​ និង​ចែកចាយ​គ្រឿង​ញៀន​នេះ​ ​គឺ​ទីមួយ​ក្រុម​ឧក្រិដ្ឋ​ជន​ម៉ិកស៊ីកូ​ ​ទីពីរ​ក្រុម​ឧក្រិដ្ឋ​ជន​អ៊ីរ៉ង់​ ​ទីបី​ក្រុម​ឧក្រិដ្ឋ​ជន​អាហ្វ្រិក​ និង​ទីបួន​ក្រុម​ឧក្រិដ្ឋ​ជន​ដែល​មាន​សញ្ជាតិ​ចិន។​ ការណ៍​នេះ​តម្រូវ​ឲ្យ​កម្ពុជា​ត្រូវ​បង្កើន​វិធានការ​ថ្មីៗ​ដើម្បី​ឆ្លើយតប​នឹង​សកម្មភាព​ជំនួញ​ខុស​ច្បាប់​ក្នុង​បញ្ហា​គ្រឿងញៀន​នេះ។​

«ក្រុម​នេះ​គឺ​ជា​មុខ​សញ្ញា​ដែល​យើង​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ ពាក់​ព័ន្ធ​ទៅ​នឹង​អ្វីដែល​ពួកគាត់​បាន​ធ្វើ​ ​ធ្វើ​ដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ឆ្លង​កាត់​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ពាក់​ព័ន្ធ​នឹង​ពួក​ដែល​មាន​សញ្ជាតិ​ហ្នឹង​ ជាមួយ​នឹង​មុខ​សញ្ញា​ដែល​យើង​មាន​តម្រុយ​សង្ស័យ​ ពាក់​ព័ន្ធ​នឹង​ការ​ងារ​អនុវត្ត​ច្បាប់​ យើង​បន្ត​ធ្វើការ​តាម​ដាន​ស៊ើប​អង្កេត​ ​ដើម្បី​ទប់​ស្កាត់​កុំ​ឲ្យ​គាត់​រៀបចំ​គម្រោង​ក្នុង​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ពី​តំបន់​ផលិត​ទៅ​រក​ទីផ្សារ​នៃ​ការ​ប្រើប្រាស់»។​

លោក ​យង់ គឺមអេង​ នាយក​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ មាន​ប្រសាសន៍​ថា​ ​កំណែ​ទម្រង់​សំខាន់ៗ​ពីរ​អាច​នឹង​ត្រូវ​ធ្វើឡើង​ជា​បន្ទាន់​ ដើម្បី​បន្ថយ​ការ​រីក​សាយ​ភាយ​នៃ​ចំនួន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ ​ពោល​គឺ​ការ​ច្របាច់​បញ្ចូល​គ្នា​នៃ​ការងារ​របស់​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​ក្រសួង​មហា​ផ្ទៃ​ ​និង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ ​ហើយ​និង​ការ​ផ្តល់​ភារកិច្ច​ ​និង​បណ្តុះ​បណ្តាញ​ជំនាញ​វិភាគ​សារធាតុ​ញៀន​ ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​បង្ក្រាប​ការ​ជួញ​ដូរ​គ្រឿង​ញៀន​នៅ​ថ្នាក់​មូលដ្ឋាន​តែ​ម្តង។​

«នៅ​ថ្នាក់​មូលដ្ឋាន​នេះ​ ​គឺ​គួរ​តែ​មាន​ក្រុម​ការងារ​ដែល​រឹងមាំ​បាទ​ អាច​ទាំង​ប៉ូលិស​ ទាំង​អាជ្ញាធរ​ឃុំ​ ធ្វើការ​ជាមួយ​គ្នា​ឲ្យស្អិត​រមួត ​បាទ​ ​ហើយ​ដែល​ឃុំ​ហ្នឹង​គួរ​តែមាន​សមត្ថកិច្ច​ធំ​នៅ​ក្នុង​ការ​ដឹក​នាំ​ ការ​បង្ក្រាប​គ្រឿង​ញៀន​នេះ​ បាទ។ ​អាហ្នឹង​បាន​អាច​ទៅរួច​ ​ហើយ​ ជាពិសេស​ គឺ​អាជ្ញាធរ​ស្រុក​ អាជ្ញាធរ​អីហ្នឹង​បាទ។ ប៉ុន្តែ​ដែល​ខ្ញុំ​ចង់​ផ្តោត​ ​ទៅ​លើ​សំខាន់​គឺ​សមត្ថ​កិច្ច​របស់​ឃុំ​តែហ្មង»។​

មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​បាន​បន្ត​ថា​ ការ​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​ឡើង​វិញ​នៃ​មណ្ឌល​ស្តារ​នីតិសម្បទា​ អាច​ជា​ផ្នែក​មួយ​នៃការ​កាត់​ផ្តាច់​បណ្តាញ​ចែក​ចាយ​គ្រឿង​ញៀន។ ​លោក​បាន​ផ្តល់​ក្តី​បារម្ភ​ថា​ យុវជន​ខ្មែរ​អាច​នឹង​ប្រឈម​នឹង​វិបត្តិ​ញៀន​ថ្នាំ​នេះ ​ប្រសិន​បើ​រដ្ឋាភិបាល​ខក​ខាន​មិន​បាន​ត្រៀម​ផែនការ​មាន​ប្រសិទ្ធ​ភាពជាង​មុន​ ដើម្បី​កម្ចាត់​ចោល​ការ​ចរាចរ​ ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នេះ។​

«អ្នក​ដែល​មិន​ទាន់​ប្រឡូក​នៅ​ក្នុង​គ្រឿង​ញៀន​ហ្នឹង​ គឺ​ជា​ពួក​ដែល ​ជា​អ្នក​ដែល​ក្រុម​ដែល​ងាយ​រង​គ្រោះ​ហើយ​បាទ​ ​ព្រោះថា​ បើ​សិន​ជា​ទប់​ស្កាត់​មិន​ទាន់​ទេ​គឺ​នឹង​មាន​អ្នក​ដែល​រង​គ្រោះ​ ធ្លាក់​ខ្លួន​ទៅប្រើ​ប្រាស់​គ្រឿង​ញៀន​ហ្នឹង​ច្រើន​ទៅ​ទៀត​បាទ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ឈឺ​ចាប់​របស់​គ្រួសារ​ ​ក៏​ដូច​ជា​ការ​ប្រឈម​របស់​សង្គម​ផង​ដែរ ​បាទ»។​

បើ​តាម​របាយ​ការណ៍​ក្នុង​ឆ្នាំ​២០១៧​ ​សមត្ថ​កិច្ច​បាន​បង្ក្រាប​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន​ជាង៨០០០​ករណី​ ក្នុង​នោះ​ សមត្ថ​កិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ជិត​១៨០០០​នាក់​ ចាប់​យក​គ្រឿង​ញៀន​សរុប​ចំនួន​ជិត​៣០០​គីឡូក្រាម​ និង​មាន​អ្នកប្រើ​ប្រាស់​សរុប​ចំនួន​ជាង​១៤០០០​នាក់៕