លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យប្រជាពលរដ្ឋបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជានៅឆ្នាំក្រោយនេះ ដែលលោកអះអាងថាដើម្បីរក្សាសន្តិភាព។
លោក ហ៊ុន សែន អំពាវនាវបែបនេះនៅក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ដែលធ្វើឡើងនៅក្នុងស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។
លោកថ្លែងថាគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រច្រើនសន្ធឹកសន្ធាប់នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៥ ខែមិថុនា ដែលគណបក្សនេះនឹងបន្តគ្រប់គ្រងឃុំសង្កាត់ស្ទើរតែទាំងអស់នៅទូទាំងប្រទេស។
លោក ហ៊ុន សែន ថ្លែងថា៖ «ហើយសង្ឃឹមថាបងប្អូននឹងផ្តល់ឱកាសសម្រាប់គណបក្សប្រជាជននៅក្នុងការបោះឆ្នោតនៅឆ្នាំ២០២៣ នាពេលខាងមុខនេះ»។
បើតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង៥លាន ៣សែនសំឡេង ឬស្មើ៧៤,៣២%នៃចំនួនសំឡេងឆ្នោតសរុប និងទទួលបានអាសនៈចំនួន៩.៣៧៦ អាសនៈ ក្នុងនោះមេឃុំ១.៦៤៨នាក់ ជំទប់ទីមួយចំនួន១.៦១៨នាក់ និងជំទប់ទីពីរចំនួន២៦១នាក់។ ប៉ុន្តែគណបក្សប្រឆាំងមួយចំនួនបានអះអាងអំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ហើយបានលើកឡើងពីភាពមិនទុកចិត្តលើស្ថាប័នរៀបចំការបោះឆ្នោត។
លោក ហ៊ុន សែន បន្ថែមថា ការបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតឱ្យខ្លួនឯង ដើម្បីរក្សាសេចក្តីសុខ សន្តិភាព និងការអភិវឌ្ឍ។
លោកបន្ថែមថា៖ «ចាំដល់ពេលបាត់សន្តិភាព ទើបនាំគ្នាស្រែករកសន្តិភាព ពិបាកណាស់»។
កាលពីឆ្នាំ២០១៧ មុនការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៤ និងមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨ លោក ហ៊ុន សែន ធ្លាប់អះអាងថា បើគណបក្សប្រជាជនកម្ពុជាមិនបន្តកាន់អំណាច នោះប្រទេសនឹងមានសង្រ្គាម។ ការថ្លែងនេះត្រូវបានគណបក្សប្រឆាំងចាត់ទុកជាសារគំរាមមួយដល់អ្នកបោះឆ្នោត។
លោកថ្លែងកាលនោះថា៖ «វាជាចំណុចដែលខ្ញុំត្រូវតែនិយាយថា សង្គ្រាមវានឹងកើត ខ្ញុំនៅតែអះអាងដាច់ខាតលើរឿងនេះ ប្រសិនបើគណបក្សប្រជាជនមិនបន្តការគ្រប់គ្រងអំណាចនោះទេ»។
គួរបញ្ជាក់ថាការបោះឆ្នោតថ្នាក់ជាតិជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នឹងត្រូវធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គេមិនទាន់ដឹងនៅឡើយទេថាតើការបោះឆ្នោតមួយនេះ នឹងមានវត្តមានគណបក្សសង្គ្រោះជាតិវិញដែលត្រូវបានរំលាយនៅឆ្នាំ២០១៧ និងវត្តមានរបស់មេដឹកនាំបក្សប្រឆាំងចូលរួមប្រកួតប្រជែងឬយ៉ាងណាទេ៕