លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃច័ន្ទ បានអំពាវនាវឲ្យមានការបែងចែកវ៉ាក់សាំងដោយសមធម៌ និងកុំយកវ៉ាក់សាំងជាឧបករណ៍នយោបាយ ខណៈកម្ពុជាជាប្រទេសដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩បានច្រើនជាងប្រទេសផ្សេងទៀតដែលជាសមាជិកអាស៊ាន។
នៅក្នុងសារថ្លែងទៅកាន់សន្និបាតប្រចាំឆ្នាំលើកទី៧៧របស់UN-ESCAPស្តីពី«ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក» ដែលធ្វើតាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែមេសា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គម្លាតនៃការទទួលបានវ៉ាក់សាំងនៃប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍន៍ បង្កជា«ហានិភ័យ»និង«រាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់និងសាកល។ លោកបានអំពាវនាវដល់ប្រទេសមួយចំនួន«កុំប្រមូលទិញវ៉ាក់សាំងលើសតម្រូវការរបស់ខ្លួន»និង«សូមកុំឲ្យប្រើប្រាស់វ៉ាក់សាំងជាឧបករណ៍នយោបាយ»។
លោក ហ៊ុន សែន មានប្រសាសន៍ថា៖ «កម្ពុជាសូមគូសបញ្ជាក់ពីសារៈសំខាន់នៃភាពបន្ទាន់នៃការបែងចែកនិងប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រកបដោយសមធម៌និងថ្លៃសមរម្យ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍»។
បើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ាន កម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដល់ប្រជាពលរដ្ឋរបស់ខ្លួនច្រើនជាងប្រទេសផ្សេង ដែលរហូតមកដល់ពេលនេះ បានប្រមាណ១លាន៣សែននាក់ ទាំងអ្នកចាក់លើកទីមួយនិងលើកទីពីរបញ្ចូលគ្នា។ ចំនួននេះស្មើប្រមាណ៨%នៃប្រជាជនកម្ពុជាសរុបជាង១៦លាននាក់។ រដ្ឋាភិបាលកម្ពុជាបានប្រកាសថា គោលដៅនៃការចាក់វ៉ាក់សាំងដល់ប្រជាជន គឺមានជាង១០លាននាក់។ នេះបើតាមការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងមក។
វ៉ាក់សាំងដែលកម្ពុជាកំពុងប្រើប្រាស់ភាគច្រើន គឺវ៉ាក់សាំងស៊ីណូហ្វាម(Sinopharm) ដែលផលិតដោយរដ្ឋចិន និងស៊ីណូវ៉ាក់ (Sinovac) ដែលផលិតដោយក្រុមហ៊ុននៅប្រទេសចិន។ វ៉ាក់សាំងទាំងនោះ កម្ពុជាទទួលបានជំនួយឥតសំណងពីរដ្ឋាភិបាលចិន និងទិញពីក្រុមហ៊ុនចិន ដោយមានការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីរដ្ឋាភិបាលចិន ដែលជា«មិត្តដែកថែប»របស់កម្ពុជា។ ប្រទេសចិនក៏បានសន្យាថានឹងជួយកម្ពុជាបន្ថែមទៀតសម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
ក្រោមយន្តការកូវ៉ាក់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ប្រទេសកម្ពុជាទើបតែទទួលបានវ៉ាក់សាំងជាង៣០ម៉ឺនដូសក្នុងចំណោមជាង១លានដូស ដែលអាចចាក់មនុស្សបានជាង១៥ម៉ឺននាក់។ គេមិនទាន់ដឹងនៅឡើយថាតើវ៉ាក់សាំងក្រោមយន្តការកូវ៉ាក់នឹងត្រូវបញ្ជូនមកកម្ពុជាលើកទីពីរនៅពេលណានោះទេ ខណៈពិភពលោកកំពុងខ្វះវ៉ាក់សាំង ហើយប្រទេសឥណ្ឌាដែលផលិតវ៉ាក់សាំង ហើយបញ្ជូនមកកម្ពុជាក្រោមយន្តការកូវ៉ាក់នេះ កំពុងប្រឈមនឹងការឆ្លងខ្លាំង ដោយមានមនុស្សជាង៣០ម៉ឺននាក់ឆ្លងក្នុងមួយថ្ងៃ និងស្លាប់ជាង២ពាន់នាក់ក្នុងមួយថ្ងៃ។
រូបឯកសារ៖ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានប្រគល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនឱសថចិន Sinopharm ដល់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១។
នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ វ៉ាក់សាំងស៊ីណូហ្វាមចំនួន៤០ម៉ឺនដូសទៀត ដែលជាជំនួយរបស់ចិន ក៏នឹងត្រូវបញ្ជូនមកកម្ពុជាផងដែរ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានចាក់វ៉ាក់សាំងច្រើនជាងបណ្តាប្រទេសផ្សេងៗទៀត ដោយសារទំនាក់ទំនងជិតស្និទ្ធិជាមួយប្រទេសចិនដែលផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ប្រព័ន្ធទិន្នន័យ Our World in Data របស់សាកលវិទ្យាល័យ Oxford បង្ហាញថាបើគិតជាអត្រាអ្នកចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជន ប្រទេសសិង្ហបុរីចាក់វ៉ាក់សាំងបានអត្រាខ្ពស់ជាងគេ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន គឺប្រមាណ២៦%។ កម្ពុជាចាក់បានប្រមាណ៨% គឺលើសឥណ្ឌូណេស៊ី ដែលចាក់បានប្រមាណ៥% ហ្វីលីពីន ថៃ វៀតណាមនិងឡាវ ដែលចាក់មិនទាន់បាន១%ផង។
នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូណេស៊ីដ្បិតតែមានអត្រាចាក់រួចរាល់នៅទាបជាងកម្ពុជានិងសិង្ហបុរី តែប្រទេសមួយនេះ ចាក់បានក្នុងទំហំជាក់ស្ដែងច្រើនជាងគេ បើគិតពីចំនួនដូសនិងចំនួនប្រជាជនដែលបានចាក់ ពោលគឺមានបណ្ដាជនជាតិឥណ្ឌូណេស៊ីជិត១២លាននាក់ហើយដែលបានទទួលវ៉ាក់សាំង ក្នុងចំណោមប្រជាជនសរុបជាង២៧០លាននាក់។
លោក ឯម សុវណ្ណារ៉ា អ្នកអត្ថាធិប្បាយនយោបាយនៅកម្ពុជា មានប្រសាសន៍ថា ពីដំបូងឡើយ ប្រជាពលរដ្ឋកម្ពុជាមានភាពស្ទាក់ស្ទើរលើប្រសិទ្ធភាពវ៉ាក់សាំងរបស់ប្រទេសចិន ដោយសារមិនទាន់មានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក ប៉ុន្តែក្រោយមកដោយសារមានការឆ្លងទ្រង់ទ្រាយធំក្នុងព្រឹត្តិការណ៍២០កុម្ភៈ ចរន្តនៃការចាក់វ៉ាក់សាំងបានកើនឡើងខ្លាំង។ លោកបន្តថាកម្ពុជាធ្វើបានប្រសើរសម្រាប់ចំនួនអ្នកចាក់វ៉ាក់សាំងច្រើនបើធៀបនឹងប្រទេសផ្សេង ប៉ុន្តែលោកជំរុញឲ្យមានការតាមដានប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំងនេះ។
លោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា៖ «ខ្ញុំគិតថាយន្តការនៃការចាក់ ជំហានយើងធ្វើបន្ទាន់ៗ ពុំទាន់បានគិតរឿងឲ្យបានស៊ីជម្រៅ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការចាក់ ការប្រើប្រាស់វ៉ាក់សាំងហ្នឹងនៅឡើយទេ ព្រោះយើងទទួលរបស់ចិន វាអត់ទាន់អង្គការសុខភាពពិភពលោកទទួលស្គាល់ផងហ្នឹង។ ទីពីរទាក់ទងនឹងមធ្យោបាយផ្ទៀងផ្ទាត់ គេហៅថាសាកល្បងតេស្តមើលប្រសិទ្ធភាព ឬក៏អ្នកដែលប្រើប្រាស់ហើយហ្នឹងថាតើប៉ុន្មានភាគរយអីហ្នឹង យើងអត់មានកម្លាំង ឬក៏ទិន្នន័យគ្រប់គ្រាន់នៅក្នុងការបញ្ជាក់ថាយើងមានប្រសិទ្ធភាពនៃការប្រើប្រាស់វ៉ាក់សាំងកម្រិតណាៗនៅឡើយទេ»។
លោកបន្តថាប្រទេសចិននឹងជួយកម្ពុជាបន្ថែមទៀត ប្រសិនបើត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោកបណ្ឌិត អ៊ា សុផល ដែលជាសាស្ត្រាចារ្យនៃមហាវិទ្យាល័យ Occidental College ក្នុងទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក មានប្រសាសន៍ថា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដល់ប្រជាជនប្រមាណ១លាន៣សែន ក្នុងចំណោមប្រជាជនប្រមាណ១៦លាន៥សែននាក់ គឺប្រមាណ៨% ដែលលោកថាជារឿងល្អមួយ ដែលលើសប្រទេសសមាជិកអាស៊ាន លើកលែងតែប្រទេសសិង្ហបុរីប៉ុណ្ណោះ។
លោកបណ្ឌិត អ៊ា សុផល ប្រាប់ VOA តាមសារអ៊ីមែលនៅថ្ងៃអង្គារនេះថា៖ «ខ្ញុំជឿថាអាជ្ញាធរ[កម្ពុជា]នឹងមានអំនួតអំពីការចាក់នេះ ដោយសារតែប្រទេសចិនដែលជាបងប្អូនបានជួយ»។ លោកបន្តថាការបិទខ្ទប់ទីក្រុងភ្នំពេញនាពេលនេះ នាំឲ្យមានបញ្ហាអាក្រក់នៃអសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
គួរបញ្ជាក់ថាចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ដែលមានរយៈពេលជាង២ខែមកហើយ រហូតដល់ថ្ងៃអង្គារនេះ កម្ពុជារកឃើញករណីឆ្លងសរុបជាង១ម៉ឺននាក់ ហើយមានករណីស្លាប់ប្រមាណ៨០នាក់៕