អតីតនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានស្នើឱ្យអាជ្ញាធរកម្ពុជាសហការជាមួយអាជ្ញាធរវៀតណាមតាមរកអ្នកដែលរិះគន់លោកតាមឃ្លីបវីដេអូមួយចំនួនលើបណ្តាញសង្គមតិកតុក ដែលលោកសង្ស័យថា ទំនងជាអាចមានការពាក់ព័ន្ធរឿងព្រែកជីកហ្វូណនតេជោ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោកហ៊ុន សែន។
ព្រែកជីកហ្វូណនតេជោកំពុងក្លាយជាចំណុចរសើបមួយនៅក្នុងទំនាក់ទំនងរដ្ឋាភិបាលទីក្រុងភ្នំពេញ និងរដ្ឋាភិបាលទីក្រុងហាណូយ ដោយភាគីវៀតណាមបានវាយតម្លៃជាបន្តបន្ទាប់ថា ព្រែកនោះអាចនឹងក្លាយជាច្រកចេញចូលរបស់កងទ័ពចិន ដែលផ្ទុយពីការអះអាងរបស់កម្ពុជា ដែលថា ព្រែកដែលមានប្រវែង១៨០គីឡូម៉ែត្រនេះនឹងធ្វើឱ្យកម្ពុជាលែងពឹងផ្អែកខ្លាំងលើវៀតណាម ក្នុងការដឹកទំនិញចេញចូលប្រទេសនេះតាមផ្លូវទឹក។
នៅក្នុងការអត្ថាធិប្បាយលើបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន សែន បានបង្ហាញភាពភ្ញាក់ផ្អើល ក្រោយបានឃើញជនជាតិវៀតណាមមួយចំនួនធំធ្វើការរិះគន់លោកចំៗក្នុងឃ្លីបវីដេអូចំនួន ៤ ដែលលោកបានបង្ហោះនៅលើតិកតុក។
បើតាមសារដែលបានបង្ហោះកាលពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៤ លោក ហ៊ុន សែនបានលើកឡើងថា លោកមិនស្គាល់អត្តសញ្ញាណជនជាតិវៀតណាមដែលរិះគន់លោកនោះទេ ហើយលោកក៏មិនទាន់បានដឹងអំពីមូលហេតុនៅពីក្រោយការរិះគន់នោះដែរ តែលោកមានមន្ទិលថា វាអាចកើតឡើង ក្រោយលោកនិយាយរឿងព្រែកជីកហ្វូណនតេជោ។
លោកថ្លែងថា៖ «ខ្ញុំមិនប្រាកដថា វៀតណាមនេះជាអ្នកណា? វៀតណាមនៅក្នុងប្រទេសវៀតណាមឬវៀតណាមនៅក្រៅប្រទេសដែលមានខ្លះប្រឆាំងរដ្ឋាភិបាលវៀតណាម ឬអាណិកជនវៀតណាមនៅកម្ពុជា ឬបងប្អូនខ្មែរក្រោមដែលមានគណនីតិកតុកនិងចេះវាយអក្សរវៀតណាមផងនិងចេះអានអក្សរខ្មែរផង»។
លោកបន្ថែមថា លោកមិនបានចោទប្រកាន់ថ្នាក់ដឹកនាំវៀតណាមថា ប្រើប្រាស់មនុស្សឱ្យចូលមកជេរប្រមាថលោកនោះទេ ហេតុនេះទើបលោកស្នើសុំកិច្ចសហការស្រាវជ្រាវពីភាគីវៀតណាមដើម្បីវែកមុខជនឆ្លៀតឱកាសបង្កសកម្មភាពបំបែកបំបាក់ទំនាក់ទំនងកម្ពុជា និងវៀតណាម។
ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ទូច សុខៈ ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា មន្រ្តីជំនាញនៃក្រសួងមហាផ្ទៃកំពុងតែពិនិត្យ និងសិក្សាស្រាវជ្រាវទៅតាមនីតិវិធីដើម្បីស្វែងរកជនដែលបង្កការរំខានដល់ថ្នាក់ដឹកនាំកម្ពុជាតាមរយៈបណ្តាញសង្គម។
លោកថ្លែងថា៖ «ក្រសួងមហាផ្ទៃគឺបានឃើញហើយមន្ត្រីជំនាញក៏បានទទួលនូវសាររបស់លោក ហើយកំពុងតែពិនិត្យសិក្សាដើម្បីធ្វើកិច្ចការងារតាមជំនាញ តាមនីតិវិធីជាបន្តបន្ទាប់ ដែលយើងមិនទាន់អាចនិយាយបានអំពីលទ្ធផលនៅឡើយទេបាទ»។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាបានទេ នៅថ្ងៃចន្ទនេះ។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក គិន ភា យល់ថា ការរិះគន់របស់ជនជាតិវៀតណាមមួយក្ដាប់តូចនេះគឺជាឥរិយាបថដែលមើលស្រាលលើអធិបតេយ្យភាពកម្ពុជា ហើយវាក៏អាចធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសដែលមានភូមិផងរបងជាមួយគ្នាទាំងពីរនេះផងដែរ។
លោកប្រាប់វីអូអេថា៖ «សារទាំងអស់នេះវាបង្ហាញពីភាពច្រឡោងខាមរបស់ប្រជាជនវៀតណាមមួយក្ដាប់តូចនោះដែលមិនគោរពទៅនឹងអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ ពួកគេខ្វះចំណេះដឹងប្រវត្តិសាស្រ្ដអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ»។
មុនពេលមានប្រតិកម្មនឹងការរិះគន់របស់ពលរដ្ឋវៀតណាមមួយចំនួននេះ លោក ហ៊ុន សែន បានបកស្រាយកាលពីពេលថ្មីៗនេះថា ព្រែកជីកហ្វូណនជា «គំនិតផ្តួចផ្តើមរបស់កម្ពុជាសុទ្ធសាធ» ហើយលោកស្នើឱ្យឈប់យកកម្ពុជាមកប្រើប្រាស់ក្នុងភូមិសាស្រ្តនយោបាយ ដែលលោកថា មានទំនោរប្រឆាំងនឹងចិន។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ប្រាប់វីអូអេថា ការបញ្ចេញមតិរិះគន់របស់ពលរដ្ឋវៀតណាមមួយចំនួននៅលើគណនីតិកតុករបស់លោក ហ៊ុន សែន កើតឡើង ដោយសារពួកគេមើលឃើញថា គម្រាងព្រែកជីកនេះមិនផ្ដល់ប្រយោជន៍ដល់វៀតណាម ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់ពួកគេ។
លោកថ្លែងថា៖ «ការយល់ឃើញរបស់ខ្ញុំដូចជាអត់មានបញ្ហាអីទេ ព្រោះគេនិយាយជារឿងរបស់គេ។ យើងវាអត់បានផលប្រយោជន៍ទៅលើគេ គេនិយាយអ៊ីចឹងហើយ»។
ដោយឡែកក្នុងជំនួបមួយជាមួយឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក សុខ ចិន្តាសោភា បានអំពាវនាវឱ្យរដ្ឋាភិបាលទីក្រុងហាណូយផ្តល់កិច្ចសហការធ្វើការស្រាវជ្រាវដើម្បីកំណត់ អត្តសញ្ញាណជនដែលបានប្រើប្រាស់បណ្តាញសង្គមមករិះគន់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីទប់ស្កាត់ការប៉ុនប៉ងណាមួយសំដៅបំផ្លាញចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ។
ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមថា ចាំបាច់ត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នមានសមត្ថកិច្ចរបស់ប្រទេសទាំងពីរ ដើម្បីធ្វើការស្រាវជ្រាវរកជនដែលនៅពីក្រោយសកម្មភាពទាំងនោះឱ្យបាន។ នេះបើតាមអង្គភាពព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល។
គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៦-២០១៧ លោក ហ៊ុន សែន ក៏ធ្លាប់ត្រូវបានមនុស្សជាង ២.០០០ នាក់ចូលមករិះគន់លោកតាមបណ្តាញសង្គមហ្វេសប៊ុកផងដែរ ដោយក្នុងនោះមានម្នាក់ជាលេខាបក្សស្រុកពាក់ព័ន្ធរឿងសមុទ្រចិនខាងត្បូង ប៉ុន្តែបានស្ងាត់ទៅវិញ ក្រោយលោកប្រាប់អគ្គលេខាបក្សវៀតណាម ងៀង ហ្វូចុង ឱ្យធ្វើអន្តរាគមន៍ក្នុងរឿងនោះ។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន។
គម្រោងព្រែកជីកហ្វូណនដែលក្រុមហ៊ុនចិនវិនិយោគក្នុងតម្លៃទឹកប្រាក់ប្រមាណ ១.៧០០ លានដុល្លារ នឹងមានការតភ្ជាប់ពីទន្លេមេគង្គទៅឆ្នេរសមុទ្រក្នុងខេត្តកែប នឹងកាត់បន្ថយការដឹកជញ្ជូនទំនិញតាមកំពង់ផែវៀតណាម ប្រមាណ ៧០%។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រែកជីកនេះ។
លោក ហ៊ុន សែន បានជំរុញរដ្ឋាភិបាលថ្មីដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កូនប្រុសរបស់លោក ឱ្យបើកការដ្ឋានព្រែកជីកហ្វូណននេះឱ្យបានឆាប់ដើម្បីបញ្ឈប់ការរិះគន់៕