លោក​ ​ហ៊ុន សែន​ ​ប្រកាសធ្វើ​ជា​មេ​​ភ្នាល់​ ​១​សង​១០០​ថា​ បក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ​ចោល

រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​ទៅ​កាន់​​កម្មករ​រោងចក្រ​ អំឡុងពេល​ទស្សនកិច្ច​ទៅ​កាន់​រោងចក្រ​មួយ​ នៅ​ជាយ​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំ​២០១៧។

នៅ​ថ្ងៃ​ពុធនេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ប្រកាស​ឲ្យ​មាន​ការ​ភ្នាល់​ពី​មនុស្ស​ម្នា​ រួម​ទំាង​អ្នក​វិភាគ​តាម​តុ​កាហ្វេ​ ​ចំពោះ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះជាតិ​ ​នៅថ្ងៃ​ទី១៦​ ​ខែ​វិច្ឆិកា​ខាង​មុខ​ ជា​ពេល​ដែល​តុលាការ​កំពូល​បើក​សវនាការលើ​បណ្តឹង​រំលាយ​គណបក្ស​ជំទាស់​ ​ដែល​គេ​ស្គាល់​ថា​ ​ជា​គូប្រជែង​ដ៏ធំ​តែ​មួយ​គត់​របស់​លោក​ ​ហ៊ុន សែន ក្នុង​ពេល​បោះឆ្នោត​ជាតិ​ ឆ្នាំ​២០១៨។

ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កម្មករ​ ​នៅខណ្ឌ​ដង្កោ​ ​រាជធានី​ភ្នំពេញ​ ​លោក​ ​ហ៊ុន សែន​ ​ដែល​កាន់អំណាច​ជាង​៣០​ឆ្នាំ ​បានបង្ហាញ​ពី​ជំនឿ​ចិត្ត​ដដែលៗ​ថា គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​ ​បើទោះជា​គណបក្ស​ប្រឆាំងនេះ​អះអាង​ផ្ទុយ​ពី​ការ​គិត​របស់​លោក​ក៏​ដោយ។​ ​លោក​បន្ថែមថា​ ​យោង​តាម​ផ្លូវ​ច្បាប់​ ​និង​ទង្វើ​របស់​គណបក្ស​ប្រឆាំងដែល​មិន​ដាក់​ឯកសារ​ ​និង​មេធាវី​ដើម្បី​តតាំង​ក្តី​នៅ​តុលាការ​កំពូល​នោះ​ ​លោក​ប្រកាសភ្នាល់ជាមួយ​អ្នក​នៅ​តាម​ហាង​គុយទាវ​ ​និង​ហាង​កាហ្វេ​នានា​ថា​ លោក​ហ៊ាន​ភ្នាល់​១សង១០០​ ​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​បាន​រំលាយ។​

លោក​ ​ហ៊ុន សែន ដ៏​មាន​អំណាច​បញ្ជាក់​ថា៖​

«គេ​ថា ​អត់ទេ ​អត់​មាន​រំលាយ​ទេ។​ ​ឥឡូវចាក់​ភ្នាល់​ទៅ!​ ​បើ​រំលាយ​ស៊ី​តែ​ ១​ទេ​ ​បើ​អត់​រំលាយ​សង​១០០។​ អ្នក​ណា​ចាញ់​យក​មក​ទារ​ពី​ខ្ញុំ»។

នេះ​មិនមែន​ជា​លើកទី​មួយ​ទេ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​កម្ពុជា​ប្រកាស​ឲ្យ​មានការ​ភ្នាល់​ជា​សាធារណៈ​ ដោយ​មាន​ការ​ភ្នាល់​ដាក់​លុយ​ ​ស្រប​ពេល​ដែល​កម្ពុជា​បាន​ប្រកាស​បិទការ​លេង​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ​ទូទាំង​ប្រទេស។​ ​កន្លង​មក​ លោក​ ​ហ៊ុន សែន​ ​បាន​ភ្នាល់​ការប្រដាល់​អន្តរជាតិ​ ​ការ​ភ្នាល់​ថា​ លោក​ ​ដូណាល់ ត្រាំ​ ​នឹង​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក​ ​ព្រមទាំង​ការ​ភ្នាល់​ផ្សេងៗ​មួយ​ចំនួន​ទៀត។​

​ការ​ថ្លែងអំពី​ជំនឿ​ចិត្ត​ដដែលៗ​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ធ្វើ​ឡើង​ខណៈ​ដែល​តុលាការ​កំពូល​ប្រកាស​បើក​សវនាការ​លើ​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះជាតិ​ ​នៅ​ថ្ងៃ​ទី១៦​ ​ខែវិច្ឆិកាខាង​មុខ​ ​តាម​ការ​ប្តឹងរបស់​ក្រសួង​មហា​ផ្ទៃដែលប្តឹង​សុំ​ឲ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដោយ​ចោទ​ថា ​គណបក្ស​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​បរទេស​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​បច្ចុប្បន្ន។​ ​

ថ្មីៗ​នេះ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​អំពាវ​នាវ​ជាច្រើន​ដង​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​និង​បណ្តាញ​ទូរទស្សន៍​ក្នុង​ស្រុក​នានា​ដែល​ស្និទ្ធ​នឹង​លោក​ ​ឲ្យ​មន្រ្តី​គ្រប់ជាន់​ថ្នាក់​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​មក​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក។​

សមាជិក និង​មន្ត្រី​សំខាន់ៗ​នៃគណបក្ស​ប្រឆាំង​មួយ​ចំនួន​បន្ត​ប្រកាសឲ្យ​មានការ​រួប​រួម​គ្នា​ ​និង​ថា រដ្ឋាភិបាល​របស់​លោក ​ហ៊ុន សែន​ ​នឹង​មិន​អាច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដូច​ការ​លើក​ឡើង​នោះ​ទេ។

លោក​ ​សុន ឆ័យ​ ​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​ ​និង​ជា​អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ ​ប្រាប់​ ​VOA​ ​ថា ​លោក​នាយក​រដ្ឋមន្រ្តី​ ដែល​មាន​អំណាច​ក្នុងការ​ដឹកនាំ​ប្រទេស​ ​អាច​រំលាយ​គណបក្ស​ប្រឆាំង​បាន​គ្រប់​ពេល​ ​ប្រសិន​បើ​លោក​ពិត​ជាមាន​បំណង​ចង់​រំលាយ។ លោក​បន្ថែម​ថា គណ​បក្សប្រឆាំង​មិន​បាន​ដាក់​ឯកសារ​ ​និង​មិន​បាន​ត្រៀម​មេធាវី​ ដើម្បី​តតាំង​ក្តីក្នុង​សំណុំ​រឿង​រំលាយ​គណបក្សសង្គ្រោះ​ជាតិ​នៅថ្ងៃ​ទី​១៦​ ​ខែ​វិច្ឆិកាខាង​មុខនេះ​ទេ​ ​ដោយ​លោក​នៅ​តែ​រំពឹង​ថា​ ​ ​គណបក្ស​សង្គ្រោះជាតិនឹង​មិន​អាច​ត្រូវ​បាន​រំលាយ​ដូច​ការ​លើកឡើង​របស់​លោក​ ហ៊ុន សែន​ ឡើយ។​

លោក​ ​សុន ឆ័យ​ ​បញ្ជាក់​ថា៖​

«យើង​ចាំ​មើល​ថា​ ​តើ​តុលាការ​កំពូល​នឹង​ចាត់​វិធានការរបៀប​យ៉ាងម៉េច​ក្នុង​ការ​កាត់​សេចក្តី​នេះ។​ ​ ដូច​បាន​ជម្រាប​ខាង​ដើម យើង​ចង់​ឃើញ​តុលាការ​កំពូល​ ​យ៉ាង​ហោច​ណាស់​ ​ត្រូវតែមាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​វិនិច្ឆ័យ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​ ​ដែល​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ​ដ៏​ច្រើននេះ​ ចៀស​វាង​ការ​សម្រេច​ចិត្ត​ណាមួយ​ដែល​មិន​សមស្រប ​មិន​ឆ្លុះ​បញ្ចាំង​ការណ៍​ពិត​ ដែល​នាំ​ទៅ​ដល់​បញ្ហា​សង្គម​កាន់តែ​ធ្ងន់ធ្ងរ»។

រូបឯកសារ៖ លោក សុន ឆ័យ ប្រធាន​ក្រុម​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ស្នាក់ការ​កណ្តាល​គណបក្សសង្គ្រោះជាតិ នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧។ (កាន់ ​វិច្ឆិកា/VOA)

បន្ទាប់ពី​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់​ខ្លួន​ និង​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ កាលពី​ដើម​ខែ​កញ្ញា​ ​ស្រប​ពេល​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រឈម​នឹង​ការ​រំលាយ​ដោយ​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ ​ក្រោយ​រង​ការ​ចោទ​ថា​ ​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​ក្បត់ជាតិ​នោះ​ ​គេ​ឃើញ​ក្រុម​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ជាង​ពាក់​កណ្តាល​ ​និង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ទៀត​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​បន្តបន្ទាប់។​

បើតាម​លោក​ ​សុន ឆ័យ ​រហូត​មក​ដល់​ពេល​នេះ ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ ៥៥​រូប​ ​មាន​តែ​ ១៨​រូប​ប៉ុណ្ណោះ​ដែល​កំពុង​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ ​ចំណែក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ចំនួន​ជាង​ ៥០​នាក់​ក្នុងចំណោម ៥០០៧​នាក់នៅទូទាំង​ប្រទេស​ ​បានចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច។​ ​លោក​បន្ថែម​ថា​ ​អ្នក​ដែល​សម្រេច​ចុះ​ចូល​ទាំង​នោះ​នឹង​ត្រូវ​លុប​ឈ្មោះ​ចេញពី​គណបក្ស​សង្គ្រោះជាតិ។​

លោក​ ​សូ ចន្ថា​ ​សាស្រ្តាចារ្យ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​ លើក​ឡើង​ថា ​ការ​ប្រកាសពីជំនឿ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្រ្តី​ថា​ គណ​បក្ស​ប្រឆាំង​នឹង​ត្រូវ​រំលាយ​នោះគឺជា ​វោហា​សាស្ត្រធ្វើ​ឲ្យ​សមាជិក​គណ​បក្ស​ប្រឆាំង​បាក់​ទឹក​ចិត្ត ​ដើម្បីទាក់ទាញពួកគេ​ឲ្យមកចូល​រួម​ជាមួយ​គណបក្ស​ខ្លួន ​ហើយលោក​ថា អ្នកដែលចាកចេញ​ពី​គណបក្ស​មួយ​ទៅ​គណបក្ស​មួយ​ទៀត​ដើម្បី​ផល​ប្រយោជន៍បុគ្គល​ គឺ​តែង​បាត់​សំឡេង​ក្នុង​ឆាក​នយោបាយនៅពេល​អនាគត។

លោក​ ​សូ ចន្ថា​ ​បន្ថែម​ថា​ ​ការយក​ករណី​រំលាយ​គណបក្ស​ប្រឆាំង​មកធ្វើ​ជាល្បែង​ភ្នាល់​ជា​សាធារណៈបែប​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​កម្សោយ​របស់​មេដឹកនាំ​ ​និង​ថា​ ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​ភាពរបស់​តុលាការ​ក្នុង​ការ​កាត់​សេចក្តី។​

​លោកសូ ចន្ថា​ ​មាន​ប្រសាសន៍​ថា៖​

«វា​ជា​ការ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​អស់​ជំនឿ​ទៅ​លើ​អ្នក​នយោបាយ​ផង​ទីមួយ។​ ​ទីពីរ​ ​ធ្វើ​ឲ្យ​ស្ថានភាព​នយោ​បាយ​នៅ​កម្ពុជា​កាន់​តែ​តានតឹង​ឡើង​ទៀត​ផង។​ ​ហើយ​ចំណុច​ទីបី​ ​ការ​ប្រកាស​ភ្នាល់​បែប​នេះគឺ ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ឯករាជ្យ​ភាពរបស់​តុលាការ​នៅកម្ពុជា​ ​ដែល​តុលាការ​នៅ​កម្ពុជា​ត្រូវ​ទទួលរងការ​រិះ​គន់​ពី​សាធារណ​ជន​ថា ​ជា​តុលាការ​ដែល​មិន​ឯករាជ្យ​ ​ហើយស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ទៀត​ផង»។​

ចាប់​តាំង​ពី​មាន​ការ​ចាប់​ខ្លួន​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ ​និង​ការ​ត្រៀម​រំលាយ​គណ​បក្ស​ប្រឆាំងដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​នោះ​ ​អង្គការ​សង្គម​ស៊ីវិល​ ​ស្ថាប័ន​ជាតិ​ និង​អន្តរ​ជាតិ​ជា​ច្រើន​បាន​រិះគន់​រដ្ឋាភិបាល​លោក​ ​ហ៊ុន សែន​ ​ជាបន្ត​បន្ទាប់។​ ​ពួកគេ​បាន​បង្ហាញ​ពី​ការ​បារម្ភ​ថា ​ដំណើរ​ការ​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជាឈាន​ទៅ​រក​ភាព​ខ្ទេចខ្ទី​ ​ហើយ​ថា​ ​ការ​រំលាយ​គណ​បក្ស​ប្រឆាំង​នឹង​ជះ​ឥទ្ធិពល​ដល់​ដំណើរ​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០១៨​ ខាង​មុខ។​

សភា​អឺរ៉ុប​ក៏​បាន​ព្រមាន​ផ្ដាច់​ជំនួយ​ ​និងផ្ដាច់​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​ដោយសារ​ការ​ធ្លាក់​ដុនដាប​នៃ​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា។​ ​ចំណែក​សមាជិក​ព្រឹទ្ធ​សភា​សហ​រដ្ឋ​អាមេរិក​ក៏​បាន​ព្រមាន​មិន​ផ្ដល់​ទិដ្ឋាការ​ដល់​មន្ត្រី​កម្ពុជា​មួយ​ចំនួន​ ដែល​ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ ​និង​បាន​ដាក់​ឱសាន​វាទ​ ​ឲ្យ​មាន​ការ​ដោះលែង​លោក​ ​កឹម សុខា​ ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​៩​ ​ខែវិច្ឆិកា​ខាង​មុខ។​

ទោះ​ជា​យ៉ាង​ណា​ ​ទាំង​លោក​នាយក​រដ្ឋ​មន្ត្រី​ ​ហ៊ុន សែន​ ​និង​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ ​បាន​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​អនុវត្ត​ទៅតាម​ច្បាប់​ ​និង​ថា​ ​ពួកគេ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ព្រមាន​ណា​មួយ​របស់​បរទេស​នោះ​ទេ៕