លោក​ហ៊ុន សែន បោះបង់​បំណង​កែ​រដ្ឋធម្មនុញ្ញ​ ​ដាក់​ទោស​ប្រហារ​ជីវិត

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងពិធីសម្ពោធគម្រោងការពារទឹកជំនន់ក្រោមការឧបត្ថម្ភពីប្រទេសជប៉ុន នៅរាជធានីភ្នំពេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩។

លោក​ហ៊ុន សែន​ បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ​កម្ពុជា​មិន​ចាំបាច់​កែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដាក់​ទោស​​ប្រហារ​ជីវិត​ លើ​អ្វី​ដែល​លោក​យល់​ថា​ ជា​អំពើតិរច្ឆាន​ ពោល​គឺ​ការណ៍​ដែល​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួន​ឯង​​ ឬ​ក៏​ជីតា​បង្កើត​រំលោភ​ចៅស្រី​របស់​ខ្លួន​ឯង​ជាដើម។

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក​ហ៊ុន សែន​ នៅថ្ងៃ​ច័ន្ទ​នេះ​ បាន​ប្រកាស​បោះបង់​ចោល​គំនិត​គិត​ចង់​កែប្រែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​បើក​ផ្លូវ​ឲ្យ​មាន​ការ​ដាក់​ទោស​ប្រហារ​ជីវិត​ ទៅលើ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ។

ថ្លែង​នៅក្នុង​ពិធីចែក​សញ្ញា​ប័ត្រ​មួយ​ធ្វើ​ឡើង​ ក្នុង​រាជធានី​ភ្នំពេញ​ លោក​ហ៊ុន សែន​ បាន​លើក​ឡើង​ថា​ ការ​សម្រេច​ប្តូរ​ជំហរ​មិនកែ​រដ្ឋធម្មនុញ្ញ​របស់​លោក​កើតមាន​ឡើង​ ក្រោយ​មាន​ប្រតិកម្ម​ពី​អ្នកវិភាគ​មួយចំ​នួន​ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ ដែល​បាន​ផ្តល់​មតិ​ផ្សេងៗ​គ្នា ទាក់ទិន​នឹង​ការ​ដាក់​ទោសប្រហារជីវិត។

លោក​បាន​ចាត់ទុក​ការ​បញ្ចេញ​មតិរបស់​លោក​អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ មេធាវី​ការពារ​សិទ្ធិមនុស្ស​លោក​សុខ សំអឿន​ និង​លោក​សុខ ទូច​ ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា ថាជាការ​ត្រឹម​ត្រូវ។

លោក​នាយក​រដ្ឋ​មន្ត្រី​ក៏បាន​ផ្តល់​ការ​យល់​ឃើញថា​ ការ​ដាក់​ទោស​ប្រហារ​ជីវិត​ គឺ​មិនឆ្លើយតប​នឹង​ស្ថាន​ភាព​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។

លោក​ហ៊ុន សែន ​ថ្លែង​យ៉ាង​ដូច្នេះ​៖

«ចំណុច​ដែល​លោក​សុខ សំអឿន​ លោក​អ៊ូ វីរៈ​ ហើយ​និង​លោក​សុខ ទូច​ បាន​លើក​ឡើង​ ខ្ញុំ​ព្រះករុណា​គិត​ថា​ មតិនេះ​ គឺ​ត្រូវ​ ព្រោះ​ប្រសិន​បើមានការ​ប្រហារ​ជីវិត​ ភាន់​ច្រឡំ​ណាមួយ​កើត​ឡើង​ គឺ​ជា​គ្រោះថ្នាក់​ធំ​ណាស់​ទៅវិញ​ទេ​ នេះ​គឺជា​រឿង​ដែល​ជា​ស្ថានភាពមួយមិន​ស្រប​ជាមួយ​បរិបទ​ដែល​ប្រទេស​របស់​យើង​ បាន​ដើរ​មក​ដល់​តំណាក់​កាល​នេះ​ ដែល​ខ្ញុំព្រះករុណា​ ខ្ញុំ​យល់​ថា​ ប្រសិនបើ​មាន​ការ​ថ្លោះធ្លោយ​ណាមួយ​កើត​ឡើង​ នៅ​ក្នុង​ការ​កាត់​ទោស​ប្រហារ​ជីវិត​ អ្នក​ដែល​ស្លាប់​ទៅ​នោះ​ ស្រាប់តែ​សើរើ​ រឿង​ក្តី​ត្រឡប់​មក​វិញ​ គ្នា​អត់​មាន​ទោស​អីសោះ​ ឯ​ជា​មនុស្ស​ស្លាប់​បាត់​ទៅ​ហើយ​ អ៊ីចឹង​រឿង​នេះ​ គឺជា​រឿង​មួយ​អាណោច​អាធម​លើស​ពី​អ្វី​ដែល​យើង​គិតដល់»។

លោក​ហ៊ុន សែន​ បាន​ថ្លែង​បន្ថែម​ទៀត​ថា​ ​កម្ពុជា​មិន​ចាំបាច់​កែ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ដាក់​ទោសប្រហារ​ជីវិត​ លើ​អ្វី​ដែល​លោក​យល់​ថា​ ជា​អំពើតិរច្ឆាន​ ពោល​គឺ​ការណ៍​ដែល​ឪពុក​បង្កើត​រំលោភ​កូនស្រី​ខ្លួន​ឯង ឬ​ក៏​ជីតា​បង្កើត​រំលោភ​ចៅស្រី​របស់​ខ្លួន​ឯង​ជាដើម។

«ខ្ញុំ​ព្រះករុណា​ខ្ញុំ​គិត​ថា​ មិន​មាន​ការ​ចាំបាច់ដើម្បី​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ ដើម្បី​នឹង​ការ​ ការ​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ទេ​ តែ​ត្រូវ​យក​វិធានការ​ព្រមៗ​ជាមួយ​នឹង​វិធានការ​អប់រំ​ សីលធម៌​ក្នុង​សង្គម​ ដើម្បី​កាត់​បន្ថយ​ ឬ​ឈាន​ទៅ​បញ្ចប់​ ដែល​មិនមែន​គ្រាន់​តែ​ជា​បញ្ហា​ រវាង​រំលោភ​បំពាន​ រវាង​ឪពុក​ទៅ​លើ​កូន​ ជីតា​ទៅលើ​ចៅ​ ឪពុក​មា​ ទៅ​លើ​ក្មួយ​ បង​ទៅ​លើ​ប្អូន​ទេ​ ក៏ប៉ុន្តែ​កាត់​បន្ថយ​ទាំង​អស់​នូវ​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ»។

កាល​ពីថ្ងៃ​អាទិត្យ​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញ​បំណង​ចង់​បង្កើត​ឱ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ប្រហារ​ជីវិត​អ្នក​រំលោភ​កុមារី​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​ឯង។

ការ​លើកឡើង​នេះ​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋមន្ត្រី​និង​ភរិយា​បាន​ចុះ​ទៅ​សួរ​សុខទុក្ខ​កុមារី​ និង​យុវតី​នៅ​ក្នុង​អង្គការ​ជួយ​ស្ត្រី​រង​គ្រោះ​មួយ​ដែល​មាន​ឈ្មោះ​ថា អាហ្វេស៊ីប។

កុមារី​និង​យុវតី​ដែល​អង្គការ​អាហ្វេស៊ីប​មើល​ថែ​ គឺ​សុទ្ធ​តែ​ជា​ជនរង​គ្រោះ​ដោយ​សារ​ការ​រំលោភ។ លោកហ៊ុន សែន​ បាន​ចាត់​ទុក​ជនល្មើស​ថា​មាន​«ធាតុតិរច្ឆាន‍» ​ដែល​មិនគួរ​ត្រូវ​បាន​អត់ឱន​ឱ្យ​ទេ​ ជាពិសេស​ក្នុង​ករណី​ជនល្មើស​ជា​ជីតា​ ឪពុក​និង​ឪពុក​មា​បង្កើត​របស់​ជន​រងគ្រោះ។

បន្ថែម​លើ​ការអធិប្បាយ​របស់​លោក​នៅ​ចំពោះមុខ​ក្រុម​និស្សិត​នាថ្ងៃច័ន្ទ​នេះ លោក​ហ៊ុន សែន​ ក៏បាន​ផ្តល់​ការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ដោយ​បាន​ពណ៌នា​ថា​ សំណើ​កែប្រែ​រដ្ឋធម្មនុញ​អំពី​ការ​ដាក់​ទោស​ប្រហារជីវិត​ គឺ​មិន​អាច​ស្នើ​ដោយ​នាយក​រដ្ឋមន្រ្តី​តែ​ម្នាក់ឯង​ ឬ​ដោយ​សមាជិក​រដ្ឋសភា​បាន​ឡើយ​ ប៉ុន្តែ​គឺ​អាច​ធ្វើ​បាន​តាមរយៈ​ការ​សុំ​ធ្វើ​ប្រជាមតិ​នៅ​ទូទាំង​ប្រទេស​តែ​ម្តង។

លោក​ហ៊ុន សែន បាន​ថ្លែង​បន្តទៀតថា​ តាមពិត​ទៅ ​កម្ពុជា​បាន​លុបចោល​ «ទោស​ប្រហារ​ជីវិត»​ តាំង​ពី​ជំនាន់​អតីត​រដ្ឋកម្ពុជា​ ដែល​ពេល​នោះ​កម្ពុជា​បាន​ផ្លាស់​ប្តូរ​ពី​ សាធារណរដ្ឋ​ប្រជា​មានិត​កម្ពុជា។

ដោយ​បាន​សម្រេច​ច្រាន​ចោល​ការ​អនុញ្ញាត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិតនេះ លោក​ហ៊ុន សែន ​បាន​សម្រេច​ដាក់​ចេញ​នូវ​វិធានការ​សំខាន់ៗ​ពីរ៖

«ទីមួយ​ បង្កើន​ការ​អប់រំ ដោយ​បញ្រ្ជាប​គុណធម៌ សីលធម៌​ កុំឲ្យ​ពលរដ្ឋ​ធ្វើ​ និង​ប្រ​ព្រឹត្ត​អំពើបាប​តាម​បែប​តិរច្ឆាន​ ដែល​សង្គម​ទាំង​មូល​ត្រូវតែ​ចូលរួម​ទាំងអស់​គ្នា។ ទីពីរ​ ត្រូវ​តែ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់ឲ្យ​បាន​តឹង​រឹង​និង​ម៉ឺងម៉ាត់​បំផុត​ចំពោះ​អំពើ​តិរច្ឆាន​នេះ ដោយផ្តន្ទា​ទោស​យ៉ាង​ធ្ងន់​បំផុត ដើម្បី​កាត់​បន្ថយ​ នឹង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ចោល​ទាំងស្រុង​នៅ​នូវ​អំពើ​តាម​បែប​តិរច្ឆាន​នេះ​ពី​សង្គម​ជាតិ​យើង»។

លោក​អំ សំអាត​ ប្រធាន​ការិយាល័យ​បច្ចេកទេស​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) ​ប្រាប់​ VOA ​នៅ​ថ្ងៃច័ន្ទ​នេះ​ថា​ ការ​អនុវត្ត​ច្បាប់​ដែល​នៅ​មាន​ចន្លោះ​ប្រហោង​ច្រើន​ក្នុង​ប្រទេស​មិនអាច​ឲ្យ​កម្ពុជា​ មាន​ច្បាប់​កាត់​ទោស​ប្រហារ​ជីវិត​នោះ​ទេ។

លោក​ថា​ កម្ពុជា​ក៏​ជាប់​កិច្ច​សន្យា​ជាមួយ​សហភាព​អឺរ៉ុប​ និង​សហរដ្ឋ​អាមេរិក​ ក្នុងការ​គោរព​សិទ្ធិ​មនុស្ស​ ដើម្បី​ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រព័ន្ធ​ឋានៈ​អនុគ្រោះពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទំនិញ។​

មន្ត្រី​សិទ្ធិ​មនុស្ស​រូបនេះ​អះអាង​ថា​ រដ្ឋធម្មនុញ្ញ​ដែល​ហាម​មិន​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ មិនអាច​ត្រូវ​បាន​គេកែ​ចុះឡើង​តាម​តែ​អំពើ​ចិត្ត​នោះឡើយ​ ហើយ​អ្វី​ដែល​រដ្ឋាភិបាល​ត្រូវកែនោះ​ គឺ​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ និង​ការ​បន្ត​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌។

«កាលៈទេសៈ​នៃ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​ អំពី​តុលាការ​មិន​ទាន់​ធានា​ឯករាជ្យ​ភាព​ ច្បាប់​មិន​ទាន់​រឹងមាំ​បច្ចុប្បន្ន​យើង​មាន​បញ្ហា​ EBA ​GSP​ របស់​សហរដ្ឋ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​ ដែល​នៅ​ក្នុង​ហ្នឹង​គឺ​ គេឲ្យ​កម្ពុជា​យើង​ សា្តរ​ឡើងវិញ​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ អ៊ីចឹង​បើសិន​ជា​ យើង​កែប្រែ​រដ្ឋធម្មនុញ្ញ​ ឲ្យ​មាន​ទោស​ប្រហារជីវិត​ អាហ្នឹង​គឺ​វាចូល​ក្នុង​ចំណាត់​ថ្នាក់​មួយ​ ដែល​គេ​មាន​ការ​កត់​សម្គាល់​ ហើយ​និងរិះគន់​បន្ថែមទៀត​ផង​ដែរ»។

រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា​ដែល​បាន​ធ្វើឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៣​បាន​លុប​ចោល​ទោស​ប្រហារ​ជីវិត​ ហើយ​មាន​តែ​ការ​ដាក់​ទោស​មួយ​ជីវិត​ប៉ុណ្ណោះ។

ក្នុង​រយៈ​ពេល៩ខែ​ក្នុង​ឆ្នាំ២០១៨​ មាន​ការរំលោភ​ស្ត្រី​និង​កុមារ​ចំនួន​១១០​ករណី​ហើយ​ក្នុង​ឆ្នាំ​២០១៧​ ការរំលោភ​និង​សម្លាប់​ជន​រង​គ្រោះ​មាន​រហូត​ដល់​១៤៧​ករណី​ក្នុង​នោះ​ជនរង​គ្រោះ​ចំនួន​៦នាក់​ត្រូវ​បាន​សម្លាប់​ក្រោយ​ពី​ការរំលោភ​ហើយ។ នេះ​បើ​តាម​ការ​រក​ឃើញ​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ។

អង្គការ​លីកាដូ​បញ្ជាក់​ថា​កត្តា​ក្រីក្រ​ដែល​បង្ខំ​ឱ្យ​ឪពុក​ម្តាយ​ត្រូវ​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​លំនៅដ្ឋាន​ហើយ​ទុក​កុមារី​រង​គ្រោះ​ទាំងនោះ​នៅ​ជាមួយ​នឹង​សាច់​ញាតិ៕