នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅព្រឹកថ្ងៃអង្គារនេះ បានស្នើសុំទៅកាន់លោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា ឲ្យជួយសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីសង្កាត់ជ្រោយចង្វាររាជធានីភ្នំពេញទៅកាន់ឃុំស្វាយជ្រុំ ខេត្តកណ្តាល។
នៅក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវលេខ២និងលេខ២២លោក ហ៊ុន សែនបានថ្លែងនៅក្នុងពិធីបើកការដ្ឋាននោះថាតំបន់ស្វាយជ្រុំនិងអរិយក្សត្រកំពុងក្លាយជាទីក្រុងរណបថ្មីមួយ ដូច្នេះតម្រូវការស្ពានដែលចាំបាច់យ៉ាងខ្លាំង ហើយកម្ពុជាមិនទាន់មានស្ពានមិត្តភាពរវាងកម្ពុជានិងកូរ៉េនៅឡើយទេ។
លោកបានមានប្រសាសន៍ថា៖ «យើងកម្ពុជាមានស្ពានមិត្តភាពជប៉ុនកម្ពុជាហើយ មានស្ពានមិត្តភាពចិនកម្ពុជាហើយ ក៏ប៉ុន្តែវានៅខ្វះស្ពានមិត្តភាពកម្ពុជាកូរ៉េ»។
លោកបន្តថា៖ «អ៊ីចឹងខ្ញុំបានស្នើឲ្យឯកឧត្តមប្រធានាធិបតីកូរ៉េ មូន ជេអ៊ីន ពិចារណាជួយកសាងស្ពាននៅកន្លែងណាមួយ ហើយបើយើងគ្រោងទុក គឺស្ពានតភ្ជាប់ជ្រោយចង្វារទៅស្វាយជ្រុំរបស់ខេត្តកណ្តាល ទៅស្វាយជ្រុំ ម្តុំត្រង់ហ្នឹង»។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានស្នើដូចគ្នានេះទៅកាន់ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក មូន ជេអ៊ីន អំឡុងទស្សនកិច្ចរបស់លោកកាលពីសប្តាហ៍មុន។ លោកបានបន្តថាការចម្លងអ្នកដំណើរតាមទូកដរឬសាឡាងនៅក្នុងរាជធានីភ្នំពេញគួរតែបញ្ចប់។
«យើងចង់បញ្ចប់ស្ថានភាពនៃការឆ្លងនៅក្បែរៗក្រុងរបស់យើង មិនចាំបាច់មានសាឡាងឬទូកដរថែមទៀតទេ»។
លោក វ៉ាស៊ឹម សូរិយា អ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានប្រាប់វីអូអេនៅរសៀលថ្ងៃអង្គារនេះថា ក្រសួងមិនទាន់មានព័ត៌មានច្បាស់លាស់ថាស្ពានឆ្លងកាត់ទន្លេមេគង្គពីសង្កាត់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំនេះ នឹងចាប់ផ្តើមពេលណានោះទេ ដោយសារគម្រោងសាងសង់នេះត្រូវការការសិក្សាពីមួយឆ្នាំទៅមួយឆ្នាំកន្លះបន្ថែមទៀត។
«យើងអត់ទាន់មានគម្រោងណាឲ្យច្បាស់ថាចាប់ផ្តើមសាងសង់ពេលណាទេ ព្រោះត្រូវការសិក្សាសិន»។
រដ្ឋាភិបាលកម្ពុជាគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទៅកាន់ឃុំស្វាយជ្រុំក្នុងខេត្តកណ្តាលនោះជាច្រើនឆ្នាំមកហើយ ហើយក្រុមហ៊ុនឯកជនចិនបានសិក្សាពីគម្រោងសាងសង់នេះប៉ុន្តែផ្អាកទៅវិញដោយសារតែរកឃើញថាអស់ការចំណាយច្រើន។ នេះបើយោងតាមអ្នកនាំពាក្យរបស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។
«កន្លងមកយើងមានការសិក្សាប៉ុន្តែការសិក្សារបស់ក្រុមហ៊ុនចិន បន្ទាប់មកការសិក្សារបស់ចិន អ៊ីចឹងទៅណា។ តែអត់ទាន់មានការសិក្សារបស់កូរ៉េទេ អ៊ីចឹងបើយើងសុំទៅកូរ៉េទាល់តែកូរ៉េខ្លួនឯងជាអ្នកសិក្សា»។
បើយោងតាមការថ្លែងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹកថ្ងៃអង្គារនេះ កញ្ចប់ថវិកាជំនួយរបស់កូរ៉េខាងត្បូងមកកម្ពុជាក្នុងឆ្នាំ ២០១៩ ដល់ ២០២៣ គឺមានចំនួន ៧០០លានដុល្លារអាមេរិក។ ហើយគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គពីសង្កាត់ជ្រោយចង្វារទៅកាន់ឃុំស្វាយជ្រុំនៃខេត្តកណ្តាលអាចនឹងត្រូវចំណាយអស់ពី ៤០ ទៅ៥០លានដុល្លារអាមេរិក។
លោក វ៉ាស៊ឹម សូរិយា បញ្ជាក់ថាកញ្ចប់ថវិកាសម្រាប់សាងសង់ស្ពានមួយនេះមានកម្រិត ដោយសារតែភាគីកូរ៉េមិនអាចផ្តល់ជាជំនួយឥតសំណងសុទ្ធបានទេ៕