លោក​ ហ៊ុន សែន​ ស្នើ​សភា​ឲ្យ​តែង​តាំង​កូន​ប្រុស​ប្រធាន​តុលាការ​កំពូល​ជា​រដ្ឋ​មន្ត្រី​កសិកម្ម

រូបឯកសារ៖ លោក ឌិត ទីណា អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ថ្លែង​ក្នុង​សន្និសីទ​ស្តីពី​ការបំភ្លឺ​ជូន​គណៈ​កម្មការ​ទី​១០​នៃ​រដ្ឋសភា​នៅ​ក្រសួងរ៉ែ និង​ថាមពល​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/វីអូអេ)

លោកនាយករដ្ឋមន្ត្រី ​ហ៊ុន សែន បាន​ស្នើ​បេក្ខភាព​មួយរូប​ជាកូនប្រុស​របស់​ប្រធាន​តុលាការ​កំពូល​គឺ​ លោក​ ឌិត ទីណា​ ឱ្យ​កាន់​តំណែង​ជារដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ​ ជំនួស​រដ្ឋមន្ត្រី​ចាស់ លោក ​វេង សាខុន ដែល​ត្រូវ​បញ្ឈប់​ពី​តួនាទី​កាល​ពីថ្ងៃ​សៅរ៍​សប្តាហ៍​មុន​។

លោក​ ឌិត ទីណា​ ដែល​ជា​កូនប្រុស​របស់​លោក ​ឌិត មុន្ទី នឹង​ក្លាយជារដ្ឋមន្ត្រីវ័យ​ក្មេង​មួយរូប​ទៀត​ បន្ទាប់ពី​ លោក ​សាយ សំអាល់​ ប្រសិនបើ​លោក​ត្រូវ​រដ្ឋសភា​ផ្តល់​សេចក្តី​ទុក​ចិត្ត​ឱ្យកាន់​ការងារ​ជា​រដ្ឋមន្ត្រី​កសិកម្ម​នោះ​។ លោក​ សាយ​ សំអាល់ បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន គឺ​ជា​កូន​ប្រុស​ប្រធាន​ព្រឹទ្ធសភា​ លោក សាយ ឈុំ​។

បើតាម​លិខិត​មួយច្បាប់​ចុះថ្ងៃទី​៨ ខែតុលា​ លោក ហ៊ុន សែន​ បាន​ស្នើ​ លោក​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ អនុញ្ញាត​ឱ្យមានការ​រៀប​ចំការ​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​របស់​រដ្ឋ​សភា​លើការ​បំពេញ​បន្ថែម​ សមាសភាព​សមាជិក​នៃ​រាជ​រដ្ឋា​ភិបាល​ដល់លោក ​ឌិត ទីណា ដែល​ជាមន្ត្រីជាន់​ខ្ពស់​ក្រសួងរ៉ែ និងថាមពលជារដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់​ និងនេសាទ​។

ការ​ស្នើ​សុំ​របស់ ​លោក ​ហ៊ុន សែន ដាក់​លោក ​ឌិត ទីណា​ ជា​រដ្ឋមន្ត្រីកសិកម្មនេះ​ ​ធ្វើ​ឡើង​កាលពីថ្ងៃសៅរ៍​ គឺ​ក្នុង​ថ្ងៃ​តែ​មួយ​ដែល​ លោក ហ៊ុន​ សែន ​បាន​បញ្ចប់​មុខ​តំណែង​លោក ​វេង សាខុន ​ដែល​ទើប​បញ្ចប់​បេសកកម្ម​ការងារ​នៅ​ទ្វីប​អឺរ៉ុប​។ ​

អ្នក​នាំ​ពាក្យ​រដ្ឋសភា​ លោក​ ឡេង ប៉េងឡុង​ ថ្លែង​ថា​ សភា​បាន​ទទួល​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែ​មិនទាន់​មានការ​កំណត់​ថ្ងៃ​ប្រជុំ​ទៅលើ​សំណើ​តែង​តាំង​ លោក ​ឌិត​ ទីណា​ នៅឡើយទេ​ ដោយរង់​ចាំ​ការ​សម្រេច​របស់​គណៈអចិន្ត្រៃយ៍​សភា​ជា​មុន​សិន។

លោកប្រាប់​វីអូអេ​នៅថ្ងៃ​អង្គារនេះថា៖ «បាទចូលហើយ​បាទ​ ប៉ុន្តែអត់​ទាន់​ដាក់​ជូន​អចិន្ត្រៃយ៍​។ អចិន្ត្រៃយ៍​មិន​ទាន់​សម្រេច​ផង»។ ​

លោក​ ឌិត ទីណា​ ដែល​បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពលសុំ​មិន​ទាន់​ផ្តល់​ការ​អត្ថាធិប្បាយ​ដោយថា​ ការ​ស្នើ​បេក្ខភាពរបស់​លោកកំពុងធ្វើ​តាម​នីតិវិធី​របស់​រដ្ឋាភិបាល​ និង​រដ្ឋសភា​។ វីអូអេ​ព្យាយាម​សុំការ​អត្ថាធិប្បាយ​ពី​ លោក វេង សាខុន​ តាមសំណួរផ្ញើ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ​តែមិន​មានកា​រឆ្លើយ​តប​នៅថ្ងៃ​អង្គារ​នេះ។

ប្រធានសមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា​ (CCFC) លោក​ថេង សាវឿន យល់​ថា​ ការ​ផ្លាស់​ប្តូ​រក្បាល​ម៉ាស៊ីន​នៅក្រសួង​កសិកម្ម នឹង​មិន​ធ្វើ​ឱ្យ​មាន​ភាពខុសប្លែក​គ្នា​ក្នុង​ការ​ពង្រឹង​វិស័យ​កសិកម្មទេ​ បើសិនរដ្ឋាភិបាលមិន​ព្រម​ធ្វើ​ការ​កែទម្រង់​របៀប​ធ្វើការ​ងារ​ និង​បន្ថែម​ទុន​វិនិយោគ​លើ​វិស័យ​សំខាន់​មួយ​នេះ។

លោក​ថ្លែង​ថា៖ «ទោះបី​មាន​ការ​ផ្លាស់​ប្តូរ​មនុស្ស​ ឬក៏អ្នក​ទទួល​ខុសត្រូវ​ក៏ដោយ​ ក៏ប៉ុន្តែ​បើយើង​មិន​មានការ​ផ្លាស់​ប្តូរ​ជាយុទ្ធសាស្ត្រ​ក្នុងការ​ធ្វើ​ការ​កំណែទម្រង់​ប្រព័ន្ធ​កសិកម្ម​ប្រកប​ដោយ​អភិបាលកិច្ច​ ពិសេស​ធ្វើ​ការ​ដាក់​ជា​ធនធាន​ថវិកា​ជាតិ វិនិយោគ​ឱ្យ​បាន​ច្រើន​ទៅលើ​វិស័យ​កសិកម្ម​ទេ​ បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន»។

បើតាម​លោក​ ថេង សាវឿន អតីតរដ្ឋមន្ត្រីកសិកម្ម​ លោក ​វេង សាខុន​ ខកខាន​មិន​បាន​ជួយ​ពលរដ្ឋ​ក្នុងការ​ដោះស្រាយ​បញ្ហា​ទីផ្សា​រ​ផលិតផល​កសិកម្ម ដែល​ធ្វើ​ឱ្យកសិករ​ខ្លះ​ត្រូវធ្វើចំណាកស្រុកដើម្បីគេចពី​ម្ចាស់​បំណុល​ ​ហើយ​លោកក៏ខកខាន​មិន​បាន​ដោះ​ស្រាយ​បញ្ហា​ខ្វះ​ទឹក​ដល់​កសិករដើម្បី​បង្កបង្កើនផល​ផងដែរ។

ការ​ដក​តំណែង​ លោក​ វេង សាខុន កើត​ឡើងក្រោយ​ជិត​មួយឆ្នាំ​ដែល​រដ្ឋមន្ត្រីកសិកម្ម​រូបនេះ​បាន​រង​ការ​ស្តី​បន្ទោស​ធ្ងន់​ៗ​ពី លោក​ ហ៊ុន សែន ថា​មិនសូវ​មានការ​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ផ្សេង​ទៀត​ នៅ​ពេល​ធ្វើ​ការ​ដោះ​ស្រាយ​បញ្ហាមួយ​ចំនួន​ដែលមាន​ភាព​ប្រទាក់​ក្រឡា​គ្នា។ ​

ថ្លែង​នៅ​ក្នុង​កម្មវិធី​បិទសន្និបាត​បូកសរុប​ការងា​រប្រចាំឆ្នាំរបស់​ក្រសួង​មហាផ្ទៃ​កាលពី​ចុង​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ លោក ​ហ៊ុន សែន​ ថ្លែងនៅចំមុខ​ លោក ​វេង សាខុន និង​ក្រុមមន្ត្រី​កម្ពុជា​ឯទៀត​ថា​ លោក​ វេង សាខុន​ ជា​រដ្ឋមន្ត្រីដែល​ខ្វះ​កិច្ចសហការ​ នៅ​ពេល​ដោះស្រាយ​បញ្ហា​ការ​រារាំង​មិន​ឱ្យ​នាំ​ចូល​ជ្រូក​រស់​មក​ផ្គត់ផ្គង់​ក្នុង​ប្រទេស​។

លោក​ ហ៊ុន សែន ​ថ្លែង​ថា​៖ «ក្នុង​ចំណោម​រដ្ឋមន្ត្រី​ ខ្ញុំ​សុំ​ចង្អុល​បង្ហាញ​ថា​ ក្នុងចំណោម​រដ្ឋមន្ត្រីគឺ​រដ្ឋមន្ត្រី​ដែល​មិន​ព្រម​សហការ​ជាមួយ​អ្នកដទៃ​ គឺ​រដ្ឋមន្ត្រីកសិកម្ម​ហ្នឹង​ឯង​ ​អាហ្នឹង​ខ្ញុំ​និយាយ​ចង្អុល​មុខ​ឱ្យ​ត្រង់​អ៊ីចឹងម៉ង​។ រដ្ឋមន្ត្រី​កសិកម្ម​អត់​សូវ​សហការ​ជាមួយ​រដ្ឋមន្ត្រី​ណា​ទាំង​អស់​»។

យ៉ាងណាក៏ដោយ​នៅ​ក្នុង​ពិធីចែកសញ្ញាបត្រ​ដល់​និសិ្សត​មួយក្នុង​ទីក្រុងភ្នំពេញ​នៅ​ថ្ងៃ អង្គារ​នេះ​ លោក​ ហ៊ុន សែន ​បាន​ប្រាប់​ក្រុមមន្ត្រីរដ្ឋាភិបាល​ថា លោកបានសម្រេច​តែងតាំង​ លោក ​វេង សាខុន ​ជារដ្ឋមន្ត្រី​អម​នាយករដ្ឋមន្ត្រី​ ក្រោម​ហេតុផ​ល​ថា​ លោក វេង សាខុន​ ជាមន្ត្រី​របស់​គណបក្ស​កាន់​អំណាច​យូរ​មក​ហើយ៕